×

យុវតី​ ​គា​ ​ឆរីតា​ ​សិស្ស​ឆ្នើម​លេខ១​ ​ផ្នែក​គណិតវិទ្យា​កម្រិត​សកលលោក​

NEWS one year ago
 
 

            ​យុវតី​ ​គា​ ​ឆរីតា​ ​មាន​អាយុ​ ​១៥ឆ្នាំ​ ​ជា​សិស្ស​កំពុង​សិក្សា​ថ្នាក់ទី១០​ ​នៃ​សាលា​ឯកជន​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ។​ ​ថ្មីៗ​នេះ​ ​ឆរីតា​ ​បាន​ទទួល​ជ័យ​លាភី​ជា​សិស្ស​ឆ្នើម​លេខ​១​ផ្នែក​គណិតវិទ្យា​ ​ដោយ​ការប្រកួតប្រជែង​ក្នុងចំណោម​សិស្ស​មកពី​៤២​ប្រទេស​លើ​សកលលោក។​

            ​​មុន​ឈាន​ដល់​ការ​ទទួល​បាន​ជ័យ​លាភី​ជា​សិស្ស​ឆ្នើម​លេខ១​នេះ​ ​មែនទែន​ទៅ​ ​ឆរីតា​ ​ធ្លាប់​បាន​ចូលរួម​ប្រកួត​ជា​សិស្ស​ពូកែ​ទាំង​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើនលើក​រួចមក​ហើយ​ ​ដោយ​ក្នុងរយៈពេល​ជាង​១ឆ្នាំ​ប៉ុណ្ណោះ​ ​សិស្ស​ឆ្នើម​រូប​នេះ​ ​អាច​ទទួល​បាន​មេដាយ​ ​និង​ពានរង្វាន់​រហូតដល់​ទៅ​៤០គ្រឿង​ជាង​ឯណោះ។​ ​តួយ៉ាង​ ​ការ​ប្រឡង​ជា​សិស្ស​ពូកែ​ទូទាំង​រាជធានី​បាន​លេខ​៣​ ​ប្រឡង​ ​Math kangaroo ​បាន​លេខ​១​ ​និង​មេដាយ​មាស​ ​ការ​ប្រឡង​ UCMAS ​ទទួល​បាន​ជ័យ​លាភី​ជាច្រើន​រហូត​ទទួល​បាន​អាហារូបករណ៍​ទៅ​ប្រឡង​នៅ​ប្រទេស​ម៉ាឡេស៊ី​កម្រិត​អន្តរជាតិ​ ​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ ​រួមទាំង​ការប្រកួត​ជាច្រើន​ទៀត​ជាមួយ​លទ្ធផល​ដ៏​ល្អ​ផងដែរ។​

            ​​ក្នុង​ការ​ប្រឡង​ទទួល​បាន​ជ័យលាភី​នេះ​ ​តើ​ ​ឆរីតា​ ​បាន​រៀន​ត្រៀម​អ្វីខ្លះ​មុន​ពេល​ប្រឡង? ​យុវតី​រូប​នេះ​ ​ឆ្លើយតប​ទាំង​មិន​លាក់លៀម​ “ខ្ញុំ​មិនបាន​រៀន​ត្រៀម​ ​ឬ​រៀន​ធ្វើ​លំហាត់​អ្វី​សម្រាប់​ការ​ប្រឡង​នោះ​ទេ​ ​តែ​គឺ​ខ្ញុំ​រៀន​ត្រៀម​ជាប្រចាំ​ទៅលើ​ការសិក្សា​ទូទៅ​ ​ទោះបី​មិន​មានការ​ប្រឡង​ក៏ដោយ​ ​ដូចជា​កា​រៀន​ធ្វើ​លំហាត់​គណិតវិទ្យា​អូឡាំព្យា​ពី​វិញ្ញាសា​ចាស់ៗ​ចម្រុះ​ ​ការសិក្សា​លើ​ទម្រង់​លំហាត់​ ​និង​ការ​ដោះស្រាយ​ ​ការស្រាវជ្រាវ​ផ្សេងៗ​ជាដើម។​”

            ​​តើ​ការ​ប្រឹងប្រែង​រៀន​រហូត​ក្លាយ​ជា​សិស្ស​ពូកែ​បែប​នេះ​ ​តើ​មាន​អ្វី​ដែល​ជា​ឧបសគ្គ​សម្រាប់​ប្អូន​ដែរ​ឬទេ? “​ការលំបាក​តែងតែ​មាន​សម្រាប់​ខ្ញុំ។​ ​ខ្ញុំ​ទទួលស្គាល់​ថា​លំហាត់​គណិតវិទ្យា​អូ​ឡាំ​ព្យា​ឬ​លំហាត់​ដែល​សាលា​មិនធ្លាប់​បាន​បង្រៀន​គឺ​ពិតជា​លំបាក​ក្នុង​ការ​ដោះស្រាយ។​ ​ខ្ញុំ​ក៏​ធ្លាប់​បាក់ទឹកចិត្ត​រាល់​ពេល​ដោះស្រាយ​មិន​ចេញ​ ​តែ​ពេល​នោះ​ខ្ញុំ​តែង​គិតដល់​ចំណុច​ចាប់ផ្តើម​ដែល​ខ្ញុំ​ខំប្រឹង​ ​ទើប​ខ្ញុំ​មាន​កម្លាំងចិត្ត​បន្ត​ទៀត​ ​ហើយ​ព្យាយាម​រក​ដំណោះស្រាយ​ ​សួរ​លោកគ្រូ​អ្នក​គ្រូ​ ​ឬ​សិក្សាស្រាវជ្រាវ​បន្ថែម​រហូត​អាច​ដោះស្រាយ​បាន​។​” ​សិស្ស​ឆ្នើម​រូប​នេះ​បាន​លើកឡើង។​

            ​​នា​ពេល​ខាងមុខនេះ​ ​គា​ ​ឆរីតា​ ​ក៏​នឹង​ត្រៀម​ចេញទៅ​ប្រកួត​ជាច្រើន​ទៀត​ ​រួម​មាន​ ​ការ​ប្រកួត​បញ្ញាវន្ត​អន្តរជាតិ​នៅ​សហរដ្ឋអាមេរិក​នៅ​ខែ​១​១​ ​ឆ្នាំ​២​០​២​៣​ ​ការ​ប្រឡង​ UCMAS ​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ខែ​១​២​ ​បន្ទាប់មក​ត្រូវ​បន្ត​ទៅ​ប្រកួត​អូ​ឡាំ​ព្យា ​STEAM​ ​AHEAD​ នៅប្រទេសឥណ្ឌូនេស៊ី ​និង​កម្មវិធី​ប្រកួត​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើន​ទៀត​។​

            ​តាមរយៈ​ការ​បោះជំហាន​ចូលរួម​ប្រកួត​កន្លងមក​ ​ឆ​រី​តា​ ​ក៏បាន​ចែករំលែក​គន្លឹះ​រៀនសូត្រ​ដែរ​ថា​ “ក្នុងនាម​ជា​សិស្ស​ពូកែ​មួយ​រូប​ ​ខ្ញុំ​មិន​គិតថា​យើង​ត្រូវតែ​រៀន​រហូត​នោះ​ទេ​ ​ទោះបីជា​ការ​រៀន​ជា​ចំណុច​មួយ​ដ៏​សំខាន់​ដែល​ជួយ​អភិវឌ្ឍ​ចំណេះ​ដឹង​ ​តែ​ពេលខ្លះ​យើង​ក៏​ត្រូវ​មាន​ពេល​សម្រាប់​ខ្លួនឯង​ ​ដកឃ្លា​ពី​អ្វី​ដែល​យើង​បាន​ខិតខំ​ ​ដើម្បី​បន្ធូរ​អារម្មណ៍​កុំ​ឱ្យ​មាន​ភាព​តានតឹង​ឬ​មាន​សម្ពាធ។​ ​តែ​ត្រូវតែ​រៀន​តាម​ផែនការ​ដែល​យើង​បាន​កំណត់​សម្រាប់​ខ្លួនឯង​ ​ថា​ម៉ោង​ណា​យើង​ត្រូវតែ​រៀន​ ​ម៉ោង​ណា​យើង​សម្រាក​ ​ទៅតាម​កាលវិភាគ​ឱ្យ​បាន​ទៀត​ទាត់។​ ​ហើយ​គន្លឹះ​ដែល​សំខាន់​នោះ​គឺ​យើង​ត្រូវ​ពេញចិត្ត​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ ​បើ​យើង​ស្រលាញ់​មុខវិជ្ជា​ណាមួយ​យើង​ត្រូវ​រៀន​ពី​មុខវិជ្ជា​នោះ​ ​ទោះបី​មិន​ចេះស្ទាត់​ ​តែ​បើ​យើង​ព្យាយាម​មិន​បោះបង់​ ​រៀន​មូលដ្ឋាន​គ្រឹះ​នៃ​មុខវិជ្ជា​នោះ​ ​វា​មាន​ភាព​ងាយស្រួល​សម្រាប់​យើង​នៅ​ពេលណា​មួយ​មិនខាន”៕

Article by SOUNG SOKSAN


SUGGESTIONS