×

​កញ្ញា​ ​ឡុង​ ​មរកត​ ​ម្ចាស់​ពានរង្វាន់​ ​«​អ្នកដឹកនាំ​ក្នុង​អាជីព​ដំបូង​»​ ​ប្រចាំ​ឆ្នាំ​២​០​២​៣​

NEWS 9 months ago
 
 

          ​ការ​អភិ​រក្ស​ជី​វ​ចម្រុះ​ ​គឺជា​ការងារ​ថែរក្សា​ការពារ​ធនធានធម្មជាតិ​ ​តាមរយៈ​ការ​សិក្សាស្រាវជ្រាវ​ ​បង្កើត​ជាគោល​នយោបាយ​ ​ឬ​យុទ្ធនាការ​នានា​ ​និង​ការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ជី​វ​ចម្រុះ​ទាំងឡាយ​ឱ្យ​ជនរួមជាតិ​ទាំងអស់​បាន​ដឹង​ ​ហើយក៏​បាន​ស្គាល់​អំពី​គុណសម្បត្តិ​ ​ព្រមទាំង​គុណវិបត្តិ​របស់​វា​។​ ​ស្រប​ទៅតាម​មូលហេតុ​ខាងលើ​នេះ​ ​បាន​ទាក់ចិត្ត​ឱ្យ​យុវនារី​មួយ​រូប​ស្ម័គ្រចិត្ត​ធ្វើការ​ដោយ​ប្រើ​បេះដូង​ក្នុង​វិស័យ​អភិ​រក្ស​ជី​វ​ចម្រុះ​ ​បរិស្ថាន​ ​និង​សប្បុរស​ធម៌​ ​រហូត​ទទួល​បាន​នូវ​ពានរង្វាន់​ ​«​Marsh​ ​Award​»​ ​ក្នុង​ប្រភេទ​ ​ភាពជា​អ្នកដឹកនាំ​ក្នុង​អាជីព​ដំបូង​ (​អាជីព​ជា​អ្នក​អភិ​រក្ស​)​។​

          ​កញ្ញា​ ​ឡុង​ ​មរកត​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នកឈ្នះ​ពានរង្វាន់​ ​Marsh​ ​Award​s ​រូប​នេះ​បាន​បង្ហើប​ប្រាប់​មកកាន់​សូវ​រី​ន​ថា​ “​ពានរង្វាន់​នេះ​ ​បាន​មកពី​ការ​ប្ដេជ្ញា​ចិត្ត​ ​និង​ការ​តាំងចិត្ត​យ៉ាង​មុតមាំ​ទៅលើ​វិស័យ​ជី​វ​ចម្រុះ​ផ្ទាល់​តែម្ដង​។​” ​យោង​តាម​សេចក្ដី​ស្រលាញ់​ចំពោះ​សត្វ​ ​កញ្ញា​ចាប់ផ្ដើម​មានចិត្តចង់​ធ្វើការ​ជា​អ្នក​អភិ​រក្ស​នៅពេលដែល​កញ្ញា​ទៅលេង​សួនសត្វ​ភ្នំ​តា​ម៉ៅ​ដំបូង​នៅ​ឆ្នាំ​ ​២​០​១​៣​ ​ហើយ​ពេល​នោះ​កញ្ញា​បានឃើញ​សត្វ​ខ្លា​ ​និង​សត្វ​ផ្សេងៗ​ទៀត​ដែល​សុទ្ធ​សឹង​ជា​សត្វ​ដែល​ត្រូវ​បាន​គេ​ជួយ​ស​ង្រ្គោះ​ពី​ការ​ជួញ​ដូរ​ ​សម្លាប់​ ​និង​យកទៅ​ធ្វើ​សត្វ​ចិញ្ចឹម​ជាដើម​។​ ​បន្ទាប់ពី​ពេល​នោះ​មក​ ​កញ្ញា​បាន​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ឱ្យ​អង្គការ​មួយ​ដែល​ធ្វើការ​នៅ​ភ្នំ​តា​ម៉ៅ​ស្ដីពី​ ​ការលូតលាស់​របស់​កូន​ខ្លាឃ្មុំ​នៅ​ក្នុង​សួនសត្វ​ភ្នំ​តា​ម៉ៅ​ផ្ទាល់​តែម្ដង​។​ ​លុះដល់​ឆ្នាំ​ ​២​០​២​០​ ​ដោយ​ទទួលរង​នូវ​ជំងឺ​បាក់ទឹកចិត្ត​ ​កញ្ញា​ចាប់ផ្តើម​ដើរលេង​បោះតង់​តាម​ព្រៃ​ភ្នំ​ជាមួយ​មិត្តភក្តិ​ ​ដើម្បី​លម្ហែ​អារម្មណ៍​។​ ​ហើយក៏​មានដំណើរ​ក​ម្សាន្ត​ទៅ​កោះ​មួយ​ជាមួយនឹង​អង្គការ​ដែល​ធ្វើការ​ស្ដីពី​ការ​អភិ​រក្ស​ធនធាន​ជលផល​សមុទ្រ​នៅ​ខេត្ត​កែប​។​ ​កញ្ញា​បាន​លើកឡើង​ថា​ “​វា​ជា​លើកទីមួយ​ដែល​ខ្ញុំ​រៀន​ហែលទឹក​ ​និង​រៀន​ជ្រមុជ​ទៅ​ក្នុង​សមុទ្រ​។​ ​គ្រានោះ​ហើយដែល​ខ្ញុំ​បានឃើញ​ផ្កាថ្ម​ ​និង​ត្រី​មេអំបៅ​ជាលើកដំបូង​។​ ​ហើយ​អ្នក​នៅ​ទីនោះ​គេ​បាន​ប្រាប់​ខ្ញុំ​អំពី​អត្ថប្រយោជន៍​របស់​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​សមុទ្រ​ ​ផល​ប៉ះពាល់​ ​និង​ការ​គំរាមកំហែង​ពី​សកម្មភាព​របស់​មនុស្ស​ ​ចំពោះ​ធនធាន​សមុទ្រ​ផង​ដែរ​។​ ​ខ្ញុំ​ចាប់ផ្តើម​ស្រាវជ្រាវ​បន្ថែម​ពី​រឿង​ទាំង​អស់ហ្នឹង​ ​ហើយក៏​បាន​ដាក់ពាក្យ​ជា​អ្នក​ហាត់​ការ​នៅ​អង្គការ​អភិ​រក្ស​បរិស្ថាន​ ​«​Fauna​ & ​Flora​»​ ​នៅដើម​ឆ្នាំ​២​០​២​១​។​ ​ខ្ញុំ​ក៏បាន​ទៅ​រៀន​ជ្រមុជ​ទឹក​រហូតដល់​ចប់​ ​៣​ ​ក​ម្រិ​ត​ (​Rescue​ ​Diver​)​។​” ​ទន្ទឹម​នឹង​នេះ​ ​កញ្ញា​សង្កត់ធ្ងន់​ថា​ ​ការងារ​ចម្បង​ក្នុង​វិស័យនេះ​ ​គឺ​ចុះ​ធ្វើ​ការស្រាវជ្រាវ​តាមដាន​ជម្រក​សមុទ្រ​ដូចជា​ជម្រក​ផ្កាថ្ម​ ​និង​ស្មៅ​សមុទ្រ​ជាដើម​។​ ​បន្ថែម​ពី​នោះ​ ​កញ្ញា​ក៏​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ ​ដោយធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ ​ភាគី​ពាក់ព័ន្ធ​សម្រាប់​ការ​បង្កើត​តំបន់​ការពារ​ ​ព្រមទាំង​ការ​ផ្សព្វផ្សាយ​អប់រំ​ផង​ដែរ​។​

          ​ផលប្រយោជន៍​មហាសាល​ដែល​សមុទ្រ​ផ្តល់​ឱ្យ​ជីវិត​នៅ​លើ​ផែនដី​នេះ​ ​វា​ជា​រឿង​មិនសូវ​មាន​អ្នកដឹង​ច្រើន​នោះ​ឡើយ​ ​ហើយ​បញ្ហា​ដែល​សមុទ្រ​កំពុង​ប្រឈម​ក៏​ជា​រឿង​ដែល​មិនសូវ​ជា​មាន​អ្នក​យកចិត្តទុកដាក់​ប៉ុន្មាន​ដែរ​។​ ​ជម្រក​សមុទ្រ​ដូចជា​ ​ផ្កាថ្ម​ ​ស្មៅ​សមុទ្រ​ ​និង​ ​ព្រៃ​កោងកាង​ ​បាន​ផ្តល់​គុណ​តម្លៃ​យ៉ាង​សម្បើម​មកដល់​ប្រជាជន​កម្ពុជា​ ​ទាំង​បរិស្ថាន​ ​សេដ្ឋកិច្ច​ជាតិ​ ​ទេសចរណ៍​ ​និង​ជីវភាព​សហគមន៍​មូលដ្ឋាន​ផង​ដែរ​។​ ​ប៉ុន្តែ​ធនធាន​ទាំងនោះ​ក៏​កំពុង​រងគ្រោះ​ពី​ការ​បំផ្លិចបំផ្លាញ​ពី​សកម្មភាព​របស់​មនុស្ស​ ​និង​ធម្មជាតិ​ ​ក៏​ព្រោះតែ​ការយល់​ដឹង​អំពី​បញ្ហា​ទាំងនេះ​ជា​សាធារណៈ​នៅ​មាន​ក​ម្រិ​ត​នៅឡើយ​។​ ​កញ្ញា​បាន​បញ្ចេញមតិ​ថា​ “​សម្រាប់​ខ្ញុំ​ផ្ទាល់​ ​ខ្ញុំ​ចង់​ចូល​រួមចំណែក​ផ្តល់​ឥទ្ធិពល​វិជ្ជមាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​បាន​ក្នុង​ការ​ការពារ​ថែរក្សា​ជម្រក​សមុទ្រ​ ​ក៏ដូចជា​ធនធាន​ជី​វ​ចម្រុះ​ដទៃទៀត​។​ ​ក្នុង​នោះ​មាន​ដូចជា​ ​សិក្សា​បន្ថែម​ដើម្បី​យល់​ដឹង​ពី​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ទាំងនោះ​ឱ្យ​បាន​កាន់តែ​ច្រើន​ ​ការស្រាវជ្រាវ​ចងក្រង​ជា​ឯកសារ​ ​ចែករំលែក​ចំណេះ​ដឹង​ ​និង​លើក​ក​ម្ពស់​ការយល់​ដឹង​ជា​សារ​ធា​ណៈ​អំពី​កិច្ចការពារ​ជី​វ​ចម្រុះ​ ​និង​បរិស្ថាន​។​”

          ​តើ​ការងារ​ជា​អ្នក​អភិ​រក្ស​ជី​វ​ចម្រុះ​នេះ​មានផល​ពិបាក​អ្វីខ្លះ​ចំពោះ​កញ្ញា​? ​កញ្ញា​ឆ្លើយ​ថា​ “​ដោយសារ​វា​ជា​ការងារ​ដែល​ខ្ញុំ​ស្រលាញ់​ ​ដូចនេះ​ហើយ​វា​មិនសូវ​ជា​មានផល​ពិបាក​ច្រើន​ប៉ុន្មាន​ទេ​ក្រៅពី​ភាព​ហត់នឿយ​ដោយសារ​ត្រូវ​រង​ក​ម្ដៅ​ថ្ងៃ​ ​និង​ហែលទឹក​ច្រើន​ ​ជិះទូក​លើ​សមុទ្រ​យូរ​ម៉ោង​ ​ហើយ​ពេលខ្លះ​ជួប​ព្យុះភ្លៀង​ ​និង​រលក​ធំ​ៗ​ ​ដោយ​តម្រូវ​ឱ្យ​គេង​លើ​ទូក​ ​ឬ​បោះតង់​នៅ​លើ​កោះ​ ​ដែល​វា​អាច​មាន​ការលំបាក​តិចតួច​ក្នុងនាម​ជា​មនុស្ស​ស្រី​។​”

          ​ជាចុងក្រោយ​កញ្ញា​ ​ឡុង​ ​មរកត​ ​សូម​លើកទឹកចិត្ត​ឱ្យ​សាធារណជន​ទាំងអស់​ជួយ​ចូលរួម​ក្នុង​ការពារ​ថែរក្សា​ធនធានធម្មជាតិ​ ​ជី​វ​ចម្រុះ​ ​មិនថា​លើគោក​ ​ក្នុង​ព្រៃ​ ​ទន្លេ​ ​និង​សមុទ្រ​នោះ​ឡើយ​ ​ព្រោះ​គ្រប់​ឋានប្រព័ន្ធ​ទាំងអស់​សុទ្ធសឹងតែ​មាន​តម្លៃ​។​ ​ជាពិសេស​ ​តាមរយៈ​ការចូលរួម​ផ្សព្វផ្សាយ​ចែករំលែក​ចំណេះ​ដឹង​ ​ការ​មិន​គាំទ្រ​ ​និង​ឈប់​ទទួលទាន​សាច់​សត្វព្រៃ​ ​ឬ​សកម្មភាព​ទាំងឡាយ​ដែល​មានការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ ​ព្រមទាំង​ចូលរួម​កាត់បន្ថយ​សំណល់​ផ្លា​ស្ទិ​ក​ជាដើម​។​ “​ត្រូវ​ចងចាំ​ថា​ ​ធនធានធម្មជាតិ​ទាំងអស់​ជា​របស់យើង​គ្រប់គ្នា​ ​ហើយ​យើង​ទាំងអស់​គ្មា​ក៏​ជា​ឫសគល់​នៃ​បញ្ហា​។​ ​ដូច្នេះ​ហើយ​ ​ទាល់តែ​មាន​ការចូលរួម​ការពារ​ពី​គ្រប់​ផ្នែក​គ្រប់​វិស័យ​ ​ទើប​យើង​អាច​ធានា​ចំពោះ​ភាព​យូរអង្វែង​នៃ​ធនធានធម្មជាតិ​នៅ​ថ្ងៃ​អនាគត​ប្រកបដោយ​និរន្តរភាព​ ​សម្រាប់​បន្សល់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់យើង​ផង​ដែរ​។​” ​កញ្ញា​បាន​លើកឡើង​៕​

Article​ ​by​ N​I​ C​H​AN​N​I​K​A


SUGGESTIONS