×

លោកស្រី​ ​នុត​ ​សម្ផស្ស​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​L​S​V​ ​INDUSTRY (ក្រុមហ៊ុនសាប៊ូអូកា OKA)

NEWS 7 months ago
 
 

           ទ​ស្សនៈ​ចាស់​បុរាណ​ខ្មែរ​ “​កូនស្រី​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​” ​បាន​ដើរ​ក្នុង​ចរន្ត​បដិបក្ខ​នឹង​ត​ថ​ភាព​ខ្សែ​ ​ជីវិត​របស់​សហគ្រិន​ស្រ្តី​ខ្មែរ​ក្នុង​សម័យ​បច្ចុប្បន្ន​ដែល​កំពុង​ប្រឡូក​ក្នុង​វិ​ស័យ​ការងារ​យ៉ាង​សស្រាក់សស្រាំ​ទាំង​ក្នុង​ផ្ទៃ​ប្រទេស​និង​នៅ​លើឆាកអន្តរជាតិ​មិនចាញ់​សមត្ថភាព​បុរស​ភេទ​ឡើយ​។​ ​ជាក់ស្តែង​ ​លោកស្រី​ ​នុត​ ​សម្ផស្ស​ ​បាន​ជម្នះ​នូវ​រាល់​ពាក្យ​ទិតៀន​រិះគន់​អវិជ្ជមាន​ទាំងឡាយ​នៅ​ជុំវិញ​ខ្លួន​ហើយ​ចំណាយ​ពេល​ជាង​មួយ​ទសវត្សរ៍​ដើម្បី​ ​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​របស់​ខ្លួន​ពី​ការ​ចាប់ផ្តើម​អាជីវកម្ម​លក្ខណៈ​គ្រួសារ​រហូត​ក្លាយ​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​ឧស្សាហកម្ម​ក្នុងស្រុកដ៏​ឆ្នើម​មួយ​រូប​ដែល​មានការ​ទទួលស្គាល់​ជាបន្តបន្ទាប់​ពី​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នានា​ ​ព្រមទាំង​កំណើន​ទំនុក​ចិត្ត​ពីសំណាក់​បណ្តា​អតិថិជន​ប្រើប្រាស់​ទាំង​នៅ​ក្នុង​រាជធានី​និង​នៅ​តាម​បណ្តា​ខេត្ត​។​

           ក្នុងនាម​ជា​កុ​ល​ស្រ្តី​ខ្មែរ​ជំនាន់​ក្រោយ​មួយ​រូប​ដែល​មាន​ទឹកចិត្ត​ឈឺចាប់​ចង់​ជម្នះ​នូវ​សម្តី​ប​ន្ទុ​ច​បង្អាប់​ពី​ ​មជ្ឈដ្ឋាន​បរទេស​ដែល​មិន​ជឿ​ថា​ខ្មែរ​មាន​សមត្ថភាព​អាច​បង្កើត​ផលិតផល​ឧស្សាហកម្ម​ដោយខ្លួនឯង​បាន​ ​លោក​ ​ស្រី​ ​នុត​ ​សម្ផស្ស​ ​បាន​ប្រែក្លាយ​ក្តី​ឈឺចាប់​នេះ​ឱ្យ​ក្លាយ​ជា​ផ្លែផ្កា​ពិតប្រាកដ​សម្រាប់​វឌ្ឍនភាព​វិ​ស័យ​ឧស្សាហកម្ម​ ​ជាតិ​តាមរយៈ​ការ​ខិតខំ​ស្រាវជ្រាវ​បង្កើត​រូបមន្ត​ផលិតផល​សម្ភារ​អនាម័យ​ប្រើប្រាស់​ក្នុង​ផ្ទះ​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ ​ជាទូទៅ​ថា​«​សាប៊ូ​អូ​កា​»​ ​។​ ​រំ​ព្ញ​ក​អំពី​ប្រវត្តិ​អាជីវកម្ម​សាប៊ូ​អូ​កា​នេះ​ ​លោកស្រី​អគ្គ​នាយិកា​មានប្រសាសន៍​បញ្ជាក់​ថា​ ​លោកស្រី​បាន​ចាប់ផ្តើម​បើក​អាជីវកម្ម​លក្ខណៈ​គ្រួសារ​​​ដែល​ត្រូវ​ចំណាយ​ដើមទុន​ខ្ទង់​ត្រឹម​ ​៤​០​០​០​-​៥​០​០​០​ដុល្លារ​ ​ហើយ​ចេះតែ​វិវត្ត​រហូត​ក្លាយ​ជា​ឧស្សាហកម្ម​ពេញលេញ​ដូច​បច្ចុប្បន្ន​។​ ​ក្រុមហ៊ុន​ ​L​S​V​ ​Industry​ ​បាន​ចាប់ផ្តើម​ផ្គត់​ ​ផ្គង់​ផលិតផល​សាប៊ូ​ម៉ាក​យីហោ​ ​អូ​កា​ ​តាំងពី​ឆ្នាំ​២​០​១​៣​មក​ម្ល៉េះ​ ​គិត​មកដល់​សព្វថ្ងៃ​មាន​អាយុកាល​ជាង​ ​១​០​ ​ឆ្នាំ​ ​ហើយ​ ​បើ​រាប់​ញ្ចូ​ល​ទាំង​ពេល​ដែល​ចាប់ផ្តើម​ស្រាវជ្រាវ​អភិវឌ្ឍ​ផលិតផល​និង​សិក្សា​ផ្នែក​ទី​ផ្សារ​ផង​នោះ​។​

           ការ​ចាប់ផ្តើម​ដំបូង​កាលពី​ទសវត្សរ៍​មុន​មាន​ការលំបាក​ដោយសារ​ប្រជាជន​ខ្មែរយើង​ជំនាន់​នោះ​ពុំទាន់​ឱ្យ​តម្លៃ​ផលិតផល​ជាតិ​ហើយ​ថែមទាំង​ដាក់​ងារ​ឱ្យ​ផលិតផល​ទាំងនោះ​ថា​ ​«​របស់​ភ្នំពេញ​»​ ​បង្កប់​ន័យ​ថា​ ​ជា​ផលិតផល​ ​ធ្វើ​ក្នុងស្រុក​មាន​ស្តង់​ដារ​ខុស​ដាច់​ពី​ផលិតផល​នាំចូល​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​លោកស្រី​នៅតែ​រក្សា​គោលជំហរ​ក្នុង​ ​ការ​បង្កើត​ជម្រើស​ផលិតផល​ថ្មី​សម្រាប់​អ្នកប្រើប្រាស់​ជ្រើសរើស​ ​បន្ថែម​លើ​វត្តមាន​ផលិតផល​បរទេស​ដែល​ដាក់​ ​លក់​យ៉ាង​គគ្រឹកគគ្រេង​នៅ​លើ​ទី​ផ្សារ​។​ ​ជោគជ័យ​ផ្នែក​អាជីវកម្ម​របស់​លោកស្រី​មិនមែន​ជា​សុបិន​និម្មិត​នោះ​ទេ​ ​ព្រោះ​ក្រៅពី​មានបំណង​ធ្វើ​វា​ ​លោកស្រី​បាន​រៀបចំផែនការ​ហិរញ្ញវត្ថុ​ ​ផែនការ​អភិវឌ្ឍ​គុណភាព​ផលិតផល​ ​ផែនការ​ ​ទី​ផ្សារ​ ​ផែនការ​គ្រប់គ្រង​ធនធានមនុស្ស​ ​ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ឧស្សាហកម្ម​ ​និង​ចំណេះ​ជំនាញ​បន្ថែម​ជាច្រើន​ ​ទៀត​ដើម្បី​ឆ្លើយតបនឹង​សន្ទុះ​រីក​ចម្រើន​នៃ​សង្គមជាតិ​ក៏ដូចជា​ប​ម្រែ​ប​ម្រួ​ល​តម្រូវ​ការ​អ្នកប្រើប្រាស់​ជាក់ស្តែង​។​ ​គុណ​តម្លៃ​របស់​ផលិតផល​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​នូវ​ការ​គាំទ្រ​ដល់​សព្វថ្ងៃ​គឺ​ ​តម្លៃ​ ​គុណភាព​ ​និង​សោ​ភ​ណ​ ​ភាព​នៃ​កា​រវេច​ខ្ចប់​។​ ​សាប៊ូ​អូ​កា​ជា​ផលិតផល​ដែល​អាច​បោក​ជម្រះ​បាន​ស្អាត​ល្អ​ ​មិន​កាត់​ដៃ​ ​មិន​រោល​ ​រមាស់​កន្ទួល​ ​លើ​ស្បែក​ ​ហើយ​មាន​ក្លិនក្រអូប​ប្រហើរ​។​ ​ជាពិសេស​ ​ក្រុមហ៊ុន​មាន​គោលការណ៍​ព្យាយាម​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ដែល​មានស្រាប់​ឱ្យ​អស់ពី​លទ្ធភាព​ ​ដូចជា​ ​ទឹកឃ្មុំ​ ​អង្ករដំណើប​ ​និង​ក្រូចឆ្មារ​ ​ជាដើម​។​

           ជា​លទ្ធផល​ ​រហូត​មកដល់ពេលនេះ​ ​ក្រុមហ៊ុន​ ​L​S​V​ ​Industry​ ​ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​សង្កាត់​គោក​ឃ្លា​ង​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​បាន​នូវ​ការនាំចេញ​ផលិតផល​សំខាន់​ៗ​ចំនួន​បី​ប្រភេទ​នៅ​លើ​ទី​ផ្សារ​ក្នុងស្រុក​ ​រួម​មាន​ ​ផលិតផល​ប្រើប្រាស់​ក្នុង​ផ្ទះ​ (​សាប៊ូ​បោក​ស​ម្លៀ​ក​បំពាក់​ ​ទឹកក្រអូប​បន្ទន់​ស​ម្លៀ​ក​បំពាក់​ ​សាប៊ូ​លាងចាន​) ​ផលិតផល​ថែរក្សា​រាងកាយ​ (​សាប៊ូ​កក់សក់​ ​សាប៊ូ​ដុស​ខ្លួន​) ​និង​ផលិតផល​គ្រឿង​ស​ម្អា​ង​មួយ​ចំនួន​ទៀត​ផង​។​ ​លើស​ពី​នេះ​ ​ក្រុមហ៊ុន​ក៏​ធ្លាប់​ទទួល​បាន​ពានរង្វាន់​និង​វិញ្ញា​បន​ប​ត្រ​ទទួលស្គាល់​គុណភាព​គួរ​ឱ្យ​កត់​សម្គាល់​ដែរ​ ​តួយ៉ាង​ ​ពានរង្វាន់​ផលិតភាព​ ​និង​វិញ្ញា​បន​ប​ត្រ​ជោគជ័យ​កម្មវិធី​ ​«​ស​៥​»​ (​T​h​e​ 5s ​Method​o​log​y​) ​នៅ​ក្នុង​សហគ្រាស​ផលិតកម្ម​ពី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​, ​ពានរង្វាន់ ASEAN Outstanding Woman Entrepreneur ​និងពានរង្វាន់ ASEAN Women Entrepreneur Network​។​ ​ទន្ទឹម​នឹង​ជោគជ័យ​អាជីវកម្ម​ ​លោកស្រី​ក៏​តែងតែ​ចូល​រួមចំណែក​ជួយការ​ងារ​សង្គម​ជា​ញឹកញាប់​។​ ​ជាក់ស្តែង​ ​លោកស្រី​បាន​ផលិត​ទឹក​លាងដៃ​សម្លាប់​មេរោគ​ចែក​ជូន​ប្រជាពលរដ្ឋ​ ​ស្ថាប័នរដ្ឋ​ ​និង​អង្គការ​ក្នុងស្រុក​មួយ​ចំនួន​ដោយ​ឥត​គិតថ្លៃ​ ​ក្នុង​គោលបំណង​ចូលរួម​លើកស្ទួយ​សុខភាព​សាធារណៈ​ក៏ដូចជា​សកម្មភាព​សប្បុរស​ធម៌​ក្នុង​សង្គម​ស្រប​ពេល​ដែល​ប្រទេស​យើង​កំពុង​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​ កូ​វី​ដ​១​៩​កាលពី​ពេល​កន្លងទៅ​។​

           ជាចុងក្រោយ​ ​លោកស្រី​សូម​ផ្តែផ្តាំ​ដល់​អ្នក​ដែល​មានបំណង​ចង់​ក្លាយ​ជា​សហគ្រិន​ឲ្យ​លើកទឹកចិត្ត​ខ្លួន​ ​ឯង​កុំ​ភ័យខ្លាច​នឹង​ការ​ចាប់ផ្តើម​ដើម្បីអ្វី​ដែល​ខ្លួន​ស្រឡាញ់​។​ ​ម្យ៉ាង​វិញទៀត​ ​ដើម្បី​ក្លាយ​ខ្លួន​ជា​ថ្នាក់​ដឹកនាំ​គំរូ​មួយ​រូប​ ​យើង​ត្រូវ​ស្វែងយល់​ពី​អ្វី​ដែល​យើង​ចង់​ធ្វើ​ឱ្យ​បាន​ច្រើន​ ​ទោះបី​មិន​អនុវត្ត​ផ្ទាល់​ក៏ដោយ​ ​ព្រោះ​អ្នកដឹកនាំ​ត្រូវ​ណែនាំ​ ​និង​ផ្តល់​ដំណោះស្រាយ​ឱ្យ​ក្រុម​ការងារ​គ្រប់​ផ្នែក​គ្រប់ជាន់ថ្នាក់​ ​ជាពិសេស​ត្រូវ​បង្កើត​បរិយាកាស​កន្លែង​ការងារ​ឱ្យ​ដូច​ផ្ទះ​ទី​២​សម្រាប់​ពួកគាត់​៕​

Article​ ​by​ ​SO​V​R​IN


SUGGESTIONS