«លោក ឌី សាវុទ្ធី» ចុងភៅដ៏មានសក្តានុពលក្នុងវិស័យអាហារលើជំនាញម្ហូបអ៊ីតាលី
NEWS one year agoPasta គឺជាមុខម្ហូបមួយប្រភេទក្នុងចំណោមមុខម្ហូបផ្សេងទៀតដែលយើងអាចសម្គាល់បានថាជាមុខម្ហូបបែបអ៊ីតាលី។ ខណៈមុខម្ហូបប្រភេទនេះក៏ជាមុខម្ហូបមួយដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជាយើងក្នុងពេលបច្ចុប្បន្នផងដែរ។ ថ្ងៃនេះដែរ សូវរីន បានជំនួបជាមួយចុងភៅមានជំនាញលើម្ហូបអ៊ីតាលីមួយរូប ដែលជាកូនខ្មែរអាមេរិកកាំង គឺ លោក ឌី សាវុទ្ធី ជាម្ចាស់ភោជនីយដ្ឋានមួយដែលមានឈ្មោះថា Pacific Pasta Co.។
ជាកូនខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិកតាំងពីកុមារភាព ប្រឡូកក្នុងវិស័យម្ហូបអាហារអស់រយៈពេលជាង២០ឆ្នាំ ជាចុងភៅម្នាក់ដែលបានបម្រើការងារក្នុងភោជនីយដ្ឋានតូចធំ និងសណ្ឋាគារលំដាប់អន្តរជាតិជាច្រើនកន្លងមក ទាំងនៅសហរដ្ឋអាមេរិក និងប្រទេសអ៊ីតាលី មានបទពិសោធន៍ទាំងលើមុខម្ហូបបែបបារាំង ជប៉ុន អាមេរិក អ៊ីតាលី លោក ឌី សាវុទ្ធី បានបង្កើនចំណេះដឹង រៀនសូត្រអំពីរូបមន្តមុខម្ហូប ជាពិសេសវិជ្ជាជីវៈសំខាន់ៗក្នុងផ្ទះបាយ។ ទាំងនេះហើយ ដែលនាំឱ្យចុងភៅដ៏មានទេពកោសល្យរូបនេះ ទទួលបានបទពិសោធន៍ជាច្រើន និងធ្វើឱ្យលោកបានដឹងច្បាស់ថា ម្ហូបអ៊ីតាលីគឺជាចំណូលចិត្តរបស់លោក។
មូលហេតុដែលនាំឱ្យលោកវិលត្រឡប់មកចាប់ផ្តើមអាជីវកម្មរបស់លោកក្នុងប្រទេសកម្ពុជាវិញ លោកបានបង្ហើបប្រាប់សូវរីនថា ក្នុងអំឡុងពេលមួយលោកបានមកលេងប្រទេសកម្ពុជា បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាបច្ចុប្បន្នមានការរីកចម្រើនជឿនលឿន និងអភិវឌ្ឍជាងពីមុន ជាពិសេសក្នុងការបើកជំហរទទួលយកវប្បធម៌របស់ប្រទេសលោកខាងលិចក្នុងវិស័យម្ហូបអាហារ។ ដោយមានចំណូលចិត្តលើមុខម្ហូបអ៊ីតាលី និងចង់ស្វែងរកប្រភេទម្ហូបនេះនៅភ្នំពេញ ប៉ុន្តែលោកមិនទទួលបានរសជាតិដូចអ្វីដែលលោកចង់បាននោះឡើយ។ ទាំងនេះហើយដែលជាមូលហេតុនាំឱ្យលោកសម្រេចចិត្តបើកហាងលក់ជាប្រភេទម្ហូបអ៊ីតាលី អ្វីដែលសំខាន់លោកជាអ្នកធ្វើ Pasta ដោយផ្ទាល់ដៃ។ បើនិយាយពីរសជាតិជាតិវិញ ម្ចាស់ហាងរូបនេះបានបញ្ជាក់ថា គ្រប់មុខម្ហូបនៅទីនេះ លោកបានចម្អិនយ៉ាងយកចិត្តទុកដាក់គ្រប់ដំណាក់កាលដើម្បីទទួលបានមុខម្ហូបមួយដែលមានរសជាតិដើមបែបអ៊ីតាលី១០០%តែម្តង។ លើសពីនេះ លោកបានគិតគូរទៅដល់អ្នកទទួលទាន ដោយចម្អិនមិនបន្ថែមស្ករ ការប្រើប្រាស់គ្រឿងផ្សំល្អៗ មិនប៉ះពាល់ដល់សុខភាព។ អ្វីដែលសំខាន់គឺរសជាតិនៃ Pasta ដែលធ្វើថ្មីភ្លាមៗជារៀងរាល់ថ្ងៃ តាមកម្រិតស្តង់ដា មានអនាម័យដោយមិនប្រើប្រាស់ Pasta កញ្ចប់ស្រាប់ឡើយ។
ជាការពិត ស្របជាមួយនឹងចំណូលចិត្តរបស់ខ្លួនក្នុងការចម្អិនម្ហូប បទពិសោធន៍ដែលទទួលបានក្នុងវិស័យនេះ ការចាប់ផ្តើមអាជីវកម្មដែលខ្លួនស្រលាញ់ អ្វីដែលជាគោលដៅរបស់ចុងភៅវ័យ៤៥ឆ្នាំរូបនេះ ផលចំណេញមិនមែនជាកត្តាចម្បងសម្រាប់រូបលោកឡើយ។ “អ្វីដែលខ្ញុំចង់បានគឺការបញ្ជាក់ពីភាពវិជ្ជមាន និងភាពរីករាយរបស់អតិថិជនពេលទទួលទានម្ហូបអាហាររបស់ខ្ញុំ។ ការចែករំលែកនូវមុខម្ហូបដ៏ឆ្ងាញ់ពិសេស ការផ្តល់នូវសេវាកម្មដ៏ល្អ គឺជាគំរូ និងកត្តាសំខាន់នៅក្នុងសង្គម ក៏ដូចជាអ្វីដែលខ្ញុំចង់បានពិតប្រាកដ។ ហើយខ្ញុំនឹងនៅតែបន្តរក្សាភាពវិជ្ជមានទាំងនេះ បន្តហ្វឹកហាត់រៀនសូត្របន្ថែមដើម្បីក្លាយជាអ្នកដឹកនាំល្អ និងជាគំរូល្អក្នុងសង្គមនៃវិស័យម្ហូបអាហារនៅលើទឹកដីកំណើតរបស់ខ្ញុំ ព្រោះវិស័យនេះក៏ជាកត្តារួមផ្សំមួយដ៏សំខាន់ដែលអាចជួយទាក់ទាញដល់ភ្ញៀវទេសចរផងដែរ។” លោក ឌី សាវុទ្ធីបានលើកឡើង និងបន្ថែមថា គ្រប់មុខម្ហូបនៅទីនេះ ថ្វីបើបម្រើជាមុខម្ហូបបែបអឺរ៉ុប គ្រឿងផ្សំនាំចូលពីក្រៅប្រទេស ប៉ុន្តែមិនមានតម្លៃថ្លៃឡើយគឺមានតម្លៃសមរម្យចាប់ពី៥ដុល្លារឡើងទៅតែប៉ុណ្ណោះ ហើយអតិថិជនអាចទទួលបាននូវរសជាតិឆ្ងាញ់ មានគុណភាព និងអនាម័យ។
គួរបញ្ជាក់ដែរថា ហាង Pacific Pasta Co. បើកទទួលស្វាគមន៍អតិថិជនជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ១០យប់ ដែលមានទីតាំងស្ថិតនៅក្នុងផ្សារ khalandale Mall បឹងកក់៕
Article by SOUNG SOKSAN