បើយើងនិយាយពីសិល្បៈគឺមានភាពទូលំទូលាយណាស់ វាមានច្រើនទម្រង់ លាយឡំទៅដោយការច្នៃប្រតិដ្ឋ គំនិតបង្កើតថ្មីគ្មានទីបញ្ចប់។ ជាក់ស្តែង សិល្បករខ្មែរមួយរូបដែលបានចូលរៀននៅសាកលវិទ្យាល័យវិចិត្រសិល្បៈតាំងពីក្មេងរហូតដល់រៀនបញ្ចប់បរិញ្ញាបត្រ រៀន និងរស់នៅជាមួយសិល្បៈពហុជំនាញច្រើនទម្រង់ទាំងបុរាណ និងសម័យ រហូតមានជំនាញបង្កើតបានជាសិល្បៈបែបសម័យថ្មី រសជាតិថ្មី តែឈរលើរចនាបថមូលដ្ឋានរបស់ដូនតាយើង។
លោក អ៊ុក ជឹមវិចិត្រ
លោក អ៊ុក ជឹមវិចិត្រ ឬត្រូវបានគេស្គាល់លោកលើបណ្តាញសង្គមថា Vichet Peace Arts ។ លោកគឺជាវិចិត្រករពហុជំនាញមួយរូបពោរពេញដោយសមត្ថភាព ពោលគឺលោកចេះទាំងគូរគំនូរគ្រប់ប្រភេទ ការធ្វើចម្លាក់ ហើយបច្ចុប្បន្នលោកចាប់អារម្មណ៍ និងផ្តោតទៅលើការងារច្នៃដែកដែលត្រូវបានគេបោះបង់ចោលមកធ្វើរូបសិល្បៈសម្រាប់តាំងលម្អដ៏មានតម្លៃ។ លោក វិចិត្រ បានចាប់យកជំនាញនេះតាំងពីអំឡុងឆ្នាំ២០០០ជាង ដោយមានរោងជាងតូចមួយក្នុងផ្ទះ រហូតបានបង្កើតរោងជាងសមល្មមមួយ និងលោកបានបណ្តុះបណ្តាលក្រុមការងារច្នៃរូបសិល្បៈនេះរហូតមកដល់បច្ចុប្បន្ន។ លោកបានបង្ហើបអំពីគោលបំណងសំខាន់ជាងគេដែលោកសម្រេចជ្រើសយកជំនាញច្នៃរូបសិល្បៈនេះ គឺចង់ឱ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជារបស់យើងទាំងអស់គ្នា តាមរយៈរូបសិល្បៈ និងទទួលបានការកោតសសើរពីការច្នៃប្រតិដ្ឋសម័យថ្មីនេះដែលជាស្នាដៃកូនខ្មែរឱ្យបានច្រើន។ ជាក់ស្តែង ស្នាដៃរបស់លោកមិនត្រឹមតែត្រូវបានគេទទួលស្គាល់នៅក្នុងប្រទេសប៉ុណ្ណោះទេ តែក៏មានគេជាវយកទៅបរទេសជាច្រើនប្រទេស រហូតដល់សហរដ្ឋអាមេរិច ដោយដាក់តាំងបង្ហាញសា្នដៃសិល្បៈរបស់លោកនៅក្នុងសារមន្ទីរមួយនៃ University of Michigan (UMMA) ជាចម្លាក់រូបអប្សរាកាច់បំផ្លាញកាំភ្លើង។ រូបចម្លាក់សិល្បៈនេះជារូបមួយក្នុងចំណោមរូបសិល្បៈផ្សេងទៀតដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំងលើស្នាដៃរបស់លោក។
Image Coutesy : VICHET PEACE ARTS
ចំពោះការច្នៃរូបសិល្បៈនេះ លោកបានបង្ហើបអំពីគំនិតនៃការច្នៃម៉ូតនីមួយៗ ដោយវិចិត្រកររូបនេះបានដក់ស្រង់ពីស្នាដៃដូនតាខ្មែរយើង ការស្រមើស្រមៃដោយធ្វើយ៉ាងណាឱ្យមានភាពច្នៃប្រតិដ្ឋមិនច្រំដែលមកបង្កើតជារូបសិល្បៈថ្មីមួយមិនចម្លងពីគេ តែនៅរក្សាកេរមរតកដូនតាជានិច្ច។ ទន្ទឹមនឹងនេះ វត្ថុធាតុដើមសំខាន់ៗលោកបានជ្រើសរើសយកមកធ្វើ តួយ៉ាង ដែកគ្រប់ទម្រង់ចាស់ថ្មី គ្រឿងបន្លាស់ផ្សេងៗជាចម្បង មានឈើ ថ្ម ស៊ីម៉ង់តិ៍ និងរបស់របរជាច្រើនទៀតដែលគេបោះចោល។ ថ្វីបើគ្រាន់តែជាដែក ឬរបស់ដែលគេមិនត្រូវការមែនពិត តែលោក វិចិត្រ បានកែច្នៃធ្វើឱ្យរបស់ទាំងនោះប្រែក្លាយមកជាវត្ថុដ៏មានតម្លៃ។ “គុណតម្លៃនៃរូបសិល្បៈនីមួយៗ គឺត្រូវបានច្នៃម៉ូតថ្មីជានិច្ច ហើយមានតែមួយប៉ុណ្ណោះ ទុកកាន់តែយូរកាន់តែមានតម្លៃទ្វេដង ព្រោះវាកើតចេញពីសិល្បករដែលល្បីឈ្មោះមានជំនាញច្បាស់លាស់ រាប់តាំងពីការចេញម៉ូត ការជ្រើសរើសគ្រឿងបង្គុំ អ្វីដែលសំខាន់គឺមិនចម្លងពីគេឡើយ។” សិល្បករ អ៊ុក ជឹមវិចិត្រ បានលើកឡើង។ បើនិយាយពីដំណាក់កាលធ្វើវិញ ត្រូវឆ្លងកាត់ច្រើនដំណាក់កាល រួមទាំងការអត់ធ្មត់ ការសិក្សាស្រាវជ្រាវ ការរៀបចំវត្ថុធាតុដើម ការចេះរៀបចំក្រុមការងារដែលមានជំនាញត្រូវនឹងរូបសិល្បៈនីមួយៗ ជាពិសេសពេលធ្វើមានរយៈពេលយូរ ព្រោះទម្រាំបានសម្រេចរូបនីមួយៗគឺត្រូវគិតគូរពីបច្ចេកទេសការងារពាក់ព័ន្ធសុខភាព និងសុវត្ថិភាពផងដែរ។ ស្របជាមួយគ្នានេះ វាក៏មានផលលំបាកតាំងពីចាប់ផ្តើមធ្វើរហូតដល់បញ្ចប់ ដោយត្រូវរកវត្ថុធាតុដើមមកដាក់បញ្ចូលគ្នាឱ្យសមស្អាត ការកែតម្រូវច្រើនដង ទម្រាំផ្គុំត្រូវស្អាតដូចអ្វីដែលយើងចង់បាន។ ចំណែកតម្លៃវិញគឺអាស្រ័យទៅតាមរូបសិល្បៈនីមួយៗ ជាក់ស្តែងមានតម្លៃចាប់ពី ៥០ដុល្លារ រហូតដល់១០០០០០ដុល្លារ ផ្អែកទៅតាមអ្វីដែលធ្លាប់ធ្វើកន្លងមក។ តែយ៉ាងណាស្នាដៃទាំងនេះពិតជាស័ក្តិសមនឹងតម្លៃ ព្រោះសា្នដៃផុសចេញពីគំនិតច្នៃប្រតិដ្ឋពោរពេញដោយសិល្បៈ ហើយគ្រប់ដំណាក់កាលគឺត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ និងធ្វើដោយដៃយ៉ាងប្រុងប្រយ័ត្ន។
Image Coutesy : VICHET PEACE ARTS
ងាកមកជ្រាបអំពីជីវប្រវត្តិរបស់សិល្បកររូបនេះវិញ លោក អ៊ុក ជឹមវិចិត្រ មានវ័យ៤២ឆ្នាំ មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាជំនាញសូនរូបបែបទំនើបនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ២០០៦។ នៅឆ្នាំ២០០៣ និង២០០៤ លោកជានិស្សិតខ្មែរមួយរូបដែលបានបង្កើតកម្រងសិល្បៈសន្តិភាពនៅកម្ពុជាដែលបានឧបត្ថម្ភដោយសហភាពអឺរ៉ុបក្នុងរូបភាពការទប់ស្កាត់អាវុធធុនតូច និងអាវុធធុនស្រាលនៅកម្ពុជា។ នេះជាចំណុចស្នូលនៃការអភិវឌ្ឍស្នាដៃសិល្បៈរបស់លោក រហូតដល់បច្ចុប្បន្នស្នាដៃរបស់លោកបានដាក់តាំងតាមស្ថាប័នទាំងសាធារណៈ និងឯកជនមួយចំនួនជុំវិញពិភពលោក។ បច្ចុប្បន្នលោកជាមន្រ្តីរាជការ និងជាសាស្រ្តាចារ្យមួយរូបដែលបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៕
Article by SOUNG SOKSAN