«ជាបវរកញ្ញាត្រូវស្អាតទាំងអាកប្បកិរិយា និងមានចំណេះដឹង មិនមែនពឹងផ្អែកលើសម្រស់តែម៉្យាងនោះទេ»
NEWS 5 years ago ទស្សនិកជនទាំងឡាយប្រហែលជាបានជ្រាបពីព័ត៌មានខ្លះៗរួចមកហើយថា បវរកញ្ញាកម្ពុជា ប៉ូ គឹមថេងសុធីតា បានចូលរួមក្នុងការប្រកួតក្នុងកម្មវិធី Miss Asia Pacific International Cambodia 2019 ដែលកន្លងទៅថ្មីៗស្ថិតក្នុងប្រទេសភីលីពីនហើយមែនទេ? ជាការពិតណាស់ នេះគឺជាកិត្តិនាមដ៏សំខាន់មួយទៀតដែលបវរកញ្ញាកម្ពុជា ជាច្រើនរូបបានឈានជើងចូលប្រឡងលើឆាកអន្តរជាតិ ដើម្បីផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរយើង។
ក្រោយពីការប្រកួតបវរកញ្ញា Miss Asia Pacific International Cambodia 2019 បានកន្លងផុតទៅថ្មីៗនេះ ប៉ូ គឹមថេងសុធីតា ជាបវរកញ្ញាអាស៊ីប៉ាស៊ីហ្វិក មានស្រុកកំណើតក្នុងរាជធានីភ្នំពេញ ដែលពោរពេញទៅដោយសមត្ថភាព និងមានទេពកោសល្យខ្ពស់ដែលទាក់ទងនឹងការដើរម៉ូដ និងមានឆ្លាតវៃផងដែរ។ ជាមួយគ្នានេះកញ្ញាបានរំឭកនូវអនុស្សាវរីយ៍ខ្លះៗ តាំងពីកញ្ញានៅកុមារភាពដែលកញ្ញាបានជាប់ចិត្តនឹងវិស័យនេះជាពន់ពេក តួយ៉ាង កញ្ញាតែងដើរត្រាប់តាមតារាបង្ហាញម៉ូដជានិច្ចរាល់ពេលដែលមានការចាក់ផ្សាយនូវកម្មវិធីទាក់ទងនឹងការបង្ហាញម៉ូដជាតិ ឬអន្តរជាតិ ។ ជាមួយនឹងកិច្ចសម្ភាសន៍បវរកញ្ញាមានសម្បុរស្រស់ស្រអែម បង្កប់មន្តស្នេហ៍ មានកម្ពស់១ម៉ែត្រ៧៥សង់ទីម៉ែត្រម្នាក់នេះមានវាចាដ៏ស្រទន់ដូច្នេះថា «កាលពីក្មេងៗ ខ្ញុំមិនត្រឹមតែមើលកម្មវិធីដែលទាក់ទងនឹងអ្វីដែលខ្ញុំចូលចិត្តនោះទេ ប៉ុន្តែខ្ញុំតែងអានសៀវភៅរាល់ពេល មិនថាប្រភេទសៀវភៅអ្វីនោះទេ»។ ប៉ូ គឹមថេងសុធីតា បានបន្ត «រហូតមកដល់ពេលនេះខ្ញុំនៅតែបន្តទម្លាប់ចាស់របស់ខ្ញុំដដែល ពិសេស ខ្ញុំតែងចំណាយពេលទស្សនាកម្មវិធីដែលទាក់ទងនឹងការប្រកួតរបស់ខ្ញុំ»។
Image Courtesy: LUX RAYUTH
ទន្ទឹមនឹងកិច្ចសម្ភាសន៍ជាមួយនឹង សូវរីន បវរកញ្ញាឆ្នើមដែលមានសម្រស់ដ៏អំណោយផលពីធម្មជាតិ សុធីតា បានបង្ហើបនូវគន្លឹះសំខាន់ៗមួយចំនួនកំឡុងការប្រកួតដូច្នេះថា «ការប្រកួតដែលខ្ញុំបានចូលរួមនេះ មិនមែនជាការប្រកួតសម្រស់ធម្មតានោះទេ ប៉ុន្តែចំណេះដឹងទូទៅដូចជា វប្បធម៌ ប្រពៃណី ភាសា ទំនួលខុសត្រូវលើភារកិច្ច ភាពអត់ធ្មត់ គឺត្រូវបានគណៈកម្មការតាមវិនិច្ឆ័យពិន្ទុគ្រប់ជំហានតែម្តង ចឹងហើយខ្ញុំចង់ប្រាប់ទៅប្រិយមិត្តថា ការប្រឡងបវរកញ្ញាមិនមែនជាការប្រឡងសម្រស់តែម៉្យាងនោះទេ»។ ជាក់ស្តែង ប្រសិនបើយើងរំឭកពីព្រឹត្តិការណ៍នៃការប្រកួតកន្លងទៅយើងនឹងសង្កេតឃើញថា សកម្មភាពរបស់ បវរកញ្ញា សុធីតា ពិតជាមានការយកចិត្តទុកដាក់ខ្ពស់ ព្យាយាមខិតខំអស់ពីកម្លាំងកាយទៅលើវិញ្ញាសារនីមួយៗយ៉ាងខ្លាំង ដើម្បីដណ្តើមយកឈ្នះជ័យលាភី និងកិត្តិយសសម្រាប់ប្រទេសជាតិផងដែរ។
ជាចុងក្រោយ បវរកញ្ញាអាស៊ីប៉ាស៊ីហ្វិក ២០១៩ (Miss Asia Pacific International Cambodia 2019)ប៉ូ គឹមថេងសុធីតា មានមតិផ្ញើទៅកាន់សិស្សប្អូនជំនាន់ក្រោយដូច្នេះថា «ការប្រឡងបវរកញ្ញាមិនមែនពឹងផ្អែកតែសម្រស់ម៉្យាងគ្រប់គ្រាន់នោះទេ ប៉ុន្តែក្នុងនាមជាបវរកញ្ញាម្នាក់ត្រូវមានទេពកោសល្យ ភាពប៉ិនប្រសប់ និងភាពអត់ធ្មត់យ៉ាងខ្លាំង ទើបអាចទទួលបានជ័យលាភីក្នុងការប្រកួត ហេតុនេះប្អូនៗដែលចង់ក្លាយជាបវរកញ្ញា គួរតែព្យាយាម និងពង្រឹងសា្មរតីរបស់ខ្លួនឲ្យរឹងទើបអាចទទួលជ័យលាភី»៕
Article by PAN SIVLY
Image Courtesy: LUX RAYUTH