«Smateria បង្កើតខូឡិកហ្សិនសម្ភារប្រើប្រាស់ថ្មីនៃការលេងស្ទីលបែបសាមញ្ញអេឡេហ្គង់»
NEWS 4 years agoប្រសិនបើអ្នកនឹកឃើញដល់សម្ភារប្រើប្រាស់បែបកែច្នៃដែលមិនប៉ះពាល់ដល់បរិស្ថាន អ្នកប្រាកដជានឹកគិតដល់សម្ភារមួយចំនួនដែលបានច្នៃពីកាកសំណល់ជាក់ជាមិនខាន តួយ៉ាង កាតាប ឬកាបូបស្ពាយ គ្រឿងតុបតែងកាយដែលបានច្នៃពីការ៉ុង ក្រណាត់ ថង់ប្លាស្ទិក ឬជ័រ ជាដើម។ ក្រៅពីកាកសំណល់នានាទាំងនោះ អ្នកច្នៃម៉ូដសម្ភារប្រើប្រាស់ច្រើននាក់កំពុងមមាញឹក្នុងការស្វែងរកនូវគោលគំនិតថ្មីៗក្នុងការបង្កើតសម្ភារប្រើប្រាស់ដែលអាចនឹងមានការផ្លាស់ប្តូរដូចជា៖ ការផ្លាស់ប្តូរនូវទម្រង់ ឬវត្ថុធាតុនៃការរចនាសម្ភារ ការប្រើប្រាស់ពណ៌ ឬតម្លៃផងដែរ។
ស្ថិតក្នុងរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវលេខ៥៧ នៃសង្កាត់បឹងកេងកង ដែលជាទីកន្លែងដំបូងនៃការចាប់ផ្តើមមានវត្តមានជាផ្លូវការរបស់ Smateria បានបង្កើតឡើងក្នុងកំឡុងឆ្នាំ២០០៦។ ស្ថាបនិកាជនជាតិអ៊ីតាលីពីររូប មានឈ្មោះ Jennifer Morellato និង Elisa Lion ដែលអ្នកទាំងពីរបានឃើញនូវសក្តានុពលដ៏ច្រើននៃប្រទេសកម្ពុជា ទើបធ្វើឲ្យអ្នកទាំងពីរបានរួមសហការគ្នាបង្កើតនូវស្លាកយីហោនេះឡើង។ ជាពិសេស គោលគំនិតចម្បងសំខាន់បំផុតរបស់អ្នកទាំងពីរនោះគឺជួយដល់ស្ត្រីខ្មែរអាចរកប្រាក់កម្រៃដោយខ្លួនឯង រចនាម៉ូដនានាដោយពុំប្រើប្រាស់នូវវត្ថុធាតុដែលប៉ះពាល់ដល់បរិស្ថាន និងជាផ្នែកមួយដែលអាចបង្រៀនដល់ប្រជាជនខ្មែរមួយចំនួនដោយមានការយកចិត្តទុកដាក់ចំពោះលើការប្រើប្រាស់សម្ភារកែច្នៃទៀតផង។
ជំនួបជាមួយនឹងស្ថាបនិកា Elisa បានឲ្យដឹងផងដែរថា ម៉ូដសម្ភារជាច្រើនដែល Smateria បានច្នៃនោះសុទ្ធសឹងតែជាការរចនាចេញពីម៉ូដដ៏ពេញនិយមរស់រវើកនៃប្រទេសអ៊ីតាលី និងទំនោរម៉ូដរបស់ប្រពៃណីខ្មែររួមបញ្ចូល ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់មានទំនុកចិត្តក្នុងការតុបតែងខ្លួនទោះបីជាកាលៈទេសៈណាក៏ដោយ។ ជាមួយគ្នានេះ Elisa បានលើកឡើងថា «ពួកយើងមិនត្រឹមតែធ្វើឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលនោះទេ ប៉ុន្តែពួកយើងក៏បានធ្វើឲ្យអ្នកប្រើប្រាស់នៅតែមានភាពដក់ជាប់ជាមួយនឹងសម្ភារដែលគេបានជាវពី Smateria ពោលគឺពួកយើងមានការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព ដូច្នេះអ្នកប្រើប្រាស់នឹងមានទំនុកចិត្តខ្ពស់»។ មិនត្រឹមតែប៉ុណ្ណោះ Jennifer ក៏បានបង្ហាញឲ្យដឹងដូច្នេះថា សម្រាប់ឆ្នាំ២០២០ ថ្មីនេះ Smateria បានបង្កើតនូវខូឡិកហ្សិនថ្មីដែលកាន់តែមានភាពទាក់ទាញជាងឆ្នាំមុនៗសព្វមួយដង ជាក់ស្តែង សម្ភារប្រើប្រាស់កែច្នៃទាំងអស់នេះបានបង្កើតឡើងជាមួយនឹងពណ៌ចម្រុះដែលមិនប្រកាន់វ័យឡើយ។
Image Courtesy: SMATERIA
គួរជម្រាបផងដែរថា Smateria នឹងមានគម្រោងក្នុងការបន្ថែមនូវម៉ូដផ្សេងៗទៀតដែលស្រដៀងទៅនឹងការរចនានៃម៉ូដប្រទេសអ៊ីតាលីផងដែរ។ យ៉ាងណាមិញ Jennifer បានលើកឡើងដូច្នេះថា «ពួកយើងនឹងធ្វើឲ្យអ្នកគាំទ្រទទួលបាននូវបទពិសោធន៍ថ្មីដែលគេពុំធ្លាប់មានពីមុនមក យើងក៏សង្ឃឹមថាប្រជាជនកម្ពុជាទាំងអស់គាំទ្រនូវផលិតផលក្នុងស្រុកឲ្យកាន់តែច្រើនជាងនេះទៅទៀត ហើយនេះមិនមែនមានន័យថាអ្នកទាំងអស់គ្នាគាំទ្រ Smateria តែមួយនោះទេ៕»
Article by PAN SIVLY