×

ឃុន គីមសួគ៌ បោះ​បង់​អាជីព​វិស្វករ​មក​ក្លាយ​ជា​អ្នក​ច្នៃម៉ូ​ដល្បី​ឈ្មោះ​នៅ​កម្ពុជា​

NEWS 4 years ago
 
 

          មិន​មែន​ជា​និស្ស័យ​តែ​ជា​កត្តា​កាលៈទេសៈ​ដែល​ជំរុញ​ឲ្យ​កើត​ចិត្ត​ស្រឡាញ់​បាន​ធ្វើ​ឲ្យ​អតីត​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​ លោក ឃុន គីមសួគ៌ សម្រេចចិត្ត​បញ្ចប់​អាជីព​ជាស្ថាបត្យករ​ទាំងស្រុង​ ហើយ​ងាក​មក​ក្រសោប​ចំណេះ​ជំនាញ​ថ្មី​រហូត​ក្លាយ​ជា​អ្នក​ច្នៃម៉ូដ​ដ៏​មាន​ទេព​កោសល្យ​និង​មាន​ទីផ្សារ​ខ្ពស់​នៅ​ក្នុង​វិស័យ​ច្នៃ​ម៉ូដ​កម្ពុជា​។ «ពី​តូច​មិន​ធ្លាប់​គិត​ថា​ចង់​ក្លាយជា​អ្នក​ច្នៃម៉ូដ​ឬជាង​កាត់​ដេរ​អីនោះទេ​  ក្តី​ស្រមៃ​គឺ​ចង់​ក្លាយ​ជា​អ្នក​រៀប​ចំ​ដេគ័រ​ឆាក​ អ្នក​ដឹក​នាំ​កម្មវិធី​ ឬ​អ្នក​ដឹក​នាំ​រឿង​ដែល​វា​ផ្ទុយ​ស្រឡះ​ពី​ជំនាញ​ដែល​រៀន​ទៅទៀត​»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ឃុន គីមសួគ៌​ដែល​ជា​អ្នក​ច្នៃម៉ូដ​ ជា​ជាងដេរ​ និង​ជា​ស្ថាបនិក​ស្លាក​យីហោ​ «KimS»។

          ​ចាប់​កំណើត​ក្នុង​គ្រួសារ​ជីវភាព​មធ្យម​ដែល​មាន​ឪពុក​បម្រើការងារ​ជា​មន្ត្រីយោធា​និង​ម្តាយ​ជា​ស្ត្រីមេផ្ទះ​ លោក ឃុន គីមសួគ៌ មាន​បង​ប្អូន​ចំនួន​៤នាក់​ ប្រុស៣ស្រី១ លោក​ជា​កូន​ច្បង​និងមាន​ស្រុក​កំណើត​នៅ​ទី​ក្រុង​ភ្នំពេញ​។ នៅឆ្នាំ ២០០៣ លោក​បាន​បញ្ចប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិស្វករ​សំណង់​នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​​បច្ចេកទេស​​ បន្ទាប់​មក​បាន​ចូល​បម្រើការងារ​ជា​វិស្វករ​នៅ​ក្រុមហ៊ុន​ឯកជន​មួយរយៈ​ពេល​ប្រមាណ៣ឆ្នាំ​ ហើយ​ក៏​សម្រេចចិត្ត​បោះបង់​អាជីព​ចោលវិញ​ទាំង​ស្រុង​ដោយ​ហេតុ​ការងារ​ខាង​សំណង់​មាន​ផលវិបាក​ច្រើន​ហត់​ផង​ក្តៅផង​នឿយ​ទាំង​កម្លំាង​កាយ​និង​កម្លាំងចិត្ត​។ គ្រាលា​ចាក​ពីវិស័យ​សំណង់​លោក​បាន​ងាក​មក​ជួយ​ការងារ​ប្អូនស្រី​ដែល​ប្អូន​ស្រីរ​បស់​លោក​មាន​ហាង​កាត់​ដេរ​តូច​មួយ​ក្នុង​រាជធានីភ្នំពេញ​។ ដោយប្អូន​ស្រី​របស់​លោក​យល់​ឃើញ​ថា​ចង់​ឲ្យ​បង​ប្រុស​ចាប់ជំនាញ​ដូច​ខ្លួន​ ប្អូនស្រី​ក៏​បាន​ផ្តល់​ជា​មតិយោបល់​ដល់​លោក​ឲ្យ​រៀន​ចាប់​ជំនាញ​ខាង​កាត់​ដេរ​សម្លៀក​បំពាក់​បុរស​ដើម្បី​គួប​ផ្សំគ្នា​តម្រូវ​អតិថិជន​ទាំង​ពីរ​ភេទ​ផងដែរ​។ កត្តា​ជំរុញ​ពី​ប្អូនស្រី​ផង​ ម្យ៉ាង​បំណាច់​នឹង​ជ្រុល​បោះបង់​អាជីព​ហើយ​នោះ ​លោក​បាន​ប្តេជ្ញា​ថាគួរ​តែ​មាន​អាជីព​អ្វីថ្មី​មួយ​សម្រាប់​ខ្លួនឯង​។ ជាក់​ស្តែង​ លោក​បាន​ប្រមើល​មើល​កន្លែង​រៀន​តាម​ហាង​កាត់​ដេរល្បីៗ​ជា​ច្រើន​ ប៉ុន្តែ​ដើម្បី​បាន​ជំនាញ​ច្បាស់លាស់​លោក​បាន​សម្រេច​ចិត្តចូល​សិក្សា​ផ្នែក​ហ្វេហ្សិន​ឌីហ្សាញ​នៅ​សាកលវិទ្យាល័យ​លីម​កុកវីង​ ដោយ​សិក្សាឆ្នាំទី១​នៅ​ស្រុកខ្មែរ​ និង​បន្ត​ពី​ឆ្នាំទី២​រហូត​ដល់​ឆ្នាំ​បញ្ចប់​នៅ​ឯ​ប្រទេសម៉ាឡេស៊ី​។

          កំឡុង​ពេល​សិក្សា​នៅ​ក្រៅ​ប្រទេស​ លោក ឃុន គីមសួគ៌ ទទួល​បាន​បទពិសោធន៍​យ៉ាង​ច្រើន​ពីការ​ច្នៃម៉ូដ​ លោក​បាន​ចូល​រួម​កម្មវិធី​ហ្វេហ្សិន​នានា​ ជួប​អ្នក​ច្នៃម៉ូដ​បរទេសល្បីៗ​ ចូលរួម​កម្មវិធី​សង្គម​ និង​ការ​តាំង​ពិព័រណ៍​ហ្វេហ្សិន​លក្ខណៈ​អន្តរជាតិ​ជា​ហូរហែ ​ដែល​សំខាន់​នៅ​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​ធ្វើ​ខូឡិកហ្សិន​សម្រាប់​សារ​ណា​ថ្នាក់​បរិញ្ញាបត្រ​ លោក​ទទួល​បាន​បណ្ណ​សរសើ​រពី​សាលា​ទៅ​លើ​ខូឡិកហ្សិន​របស់​លោក​ដែល​មាន​គំនិត​ច្នៃប្រតិដ្ឋ​ជាង​គេ​ទៀត​ផង​។

          ក្រោយ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ២០១៣ ​លោក​បាន​ផ្តើម​អាជីព​ជា​អ្នកច្នៃម៉ូដ​ដោយ​ដំបូង​ឡើយ​ច្នៃសម្លៀកបំពាក់​ផ្តើម​ចេញ​ពី​អ្នកផ្ទះ ​អ្នក​ជិត​ខាង ​មិត្តភក្តិ និងបន្ត​ពីម្នាក់​ទៅម្នាក់​ទៀត​រហូត​ល្បីល្បាញ​មាន​ហាង​ផ្ទាល់ខ្លួន​ក្រោម​ស្លាក​យីហោ​ KimS មក​ដល់​សព្វថ្ងៃ​។  អ្នក​ច្នៃម៉ូដវ័យ​ ៤០ឆ្នាំរូប​នេះ​លើក​ឡើងថា​ ដើម​ហេតុ​នៃ​ការ​ចាប់​អាជីព​ច្នៃម៉ូដនេះ​មិនមែន​ជា​ចំណង់​ចំណូល​ចិត្ត​របស់​លោក​នោះទេ ​ប៉ុន្តែ​វា​កើត​ឡើង​ដោយ​សារ​កាលៈទេសៈ​ការងារ​រួមគ្នា​នឹង​កត្តា​ជំរុញ​ពី​ប្អូនស្រី​របស់​លោក​ផងដែរ​។ ពេល​ដែល​លោក​ចូល​រៀនកាន់​តែ​ជ្រៅ​លោកកាន់​តែ​ស្រឡាញ់​ជំនាញ​ច្នៃម៉ូដ​កាន់​តែ​ខ្លាំង​ ខណៈ​ពី​តូច​មក​លោក​ក៏​មាន​ចំណូល​ចិត្ត​ខាង​សិល្បៈ​គំនូរ​ដែល​ផ្តល់​ជាទុន​ក្នុង​ការ​គូរម៉ូដ​ផងដែរ​។

          ដើរ​លើ​វិស័យ​ច្នៃម៉ូដ​ប្រមាណ​ជិត​មួយ​ទសវត្សរ៍ ​​​ថ្វីដៃ​ច្នៃម៉ូដ​របស់​លោក​  ឃុន គីមសួគ៌ មិន​ត្រឹមតែ​ត្រូវ​ចិត្ត​ពី​មហាជន​ទូទៅ​ប៉ុណ្ណោះទេ ​ជា​មួយគ្នា​នេះ​ក៏​មាន​ទីផ្សារ​ពី​សំណាក់​តារា​បង្ហាញម៉ូដ​ តារាចម្រៀង​ និងតារាសម្តែង​ជួរ​មុខ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ផងដែរ​។ បើ​និយាយ​ពី​ស្ទីល​ច្នៃម៉ូដ​ផ្ទាល់ខ្លួន​ អ្នក​ច្នៃម៉ូដ​ផ្តោត​លើ​ការ​ធ្វើ​សម្លៀកបំពាក់​ឈុត​រាត្រី​សមោលសរ​រូបនេះ​បង្ហើបថា​ «ស្ទីលរបស់ខ្ញុំគឺសាមញ្ញ ស្រស់ស្អាត អេឡេហ្គង់ និងមើលទៅថ្លៃថ្នូរ»។ ដើម្បី​បង្កើត​ម៉ូដច្នៃប្រតិដ្ឋ​ទាំងនេះ​ លោក​រមែង​ប្រមូល​គំនិត​ពី​ការ​មើល​ខូឡិក​ហ្សិន​តាម​រដូវកាល​របស់​ម៉ាក​អន្តរជាតិល្បីៗ​ និង​ខ្លះទៀត​ស្រង់​ពី​ធម្មជាតិ​ជុំវិញខ្លួន​រួម​ទាំង​ស្ថាបត្យកម្ម​នានា​មក​បង្កើត​ម៉ូដថ្មី​ជារ​បស់ខ្លួន​។

 

           យ៉ាងណាមិញ ​ថ្វីដ្បិត​បច្ចុប្បន្ន​អ្នកច្នៃម៉ូដ​ ឃុន គីមសួគ៌ មមាញឹក​យ៉ាង​ណាក្តី​ ប៉ុន្តែ​លោក​បង្ហើប​ថា​លោក​នឹង​ឆ្លៀត​ធ្វើ​ខូឡិកហ្សិន​ថ្មី​មួយ​ទៀត​សម្រាប់​យក​ទៅ​ដើរ​បង្ហាញម៉ូដ​ក្នុង​កម្មវិធី​ហ្វេហ្សិន​ Phnom Penh Designer Week ឆ្នាំ ២០២០ ខណៈកន្លង​មក​លោកក៏​ធ្លាប់​យក​ខូឡិកហ្សិន​របស់​ខ្លួន​ទៅ​បង្អើល​នៅក្នុង​កម្មវិធី​នេះ​៤ទៅ៥ដង ព្រមទាំង​កម្មវិធី​ Cambodia Fashion Illumination ផងដែរ៕ 

Article by HEMSOKKHIM


SUGGESTIONS