លោក ប៉ោយ ឈុនលី ពីអ្នកចូលចិត្តគំនូរជីវចលក្លាយជាផលិតកភាពយន្តមួយរូបនាខេត្តបាត់ដំបង
NEWS 4 years agoគំនូរជីវចលត្រូវបានពេញនិយមក្នុងការផលិតវីដេអូពាណិជ្ជកម្ម វីដេអូអប់រំខ្លីៗ និងភាពយន្តវែងៗដែលគេអាចចាក់បញ្ចាំងក្នុរោងភាពយន្តនៅទូទាំងពិភពលោក។ នៅកម្ពុជាយើងដែលជាប្រទេសកំពុងអភិវឌ្ឍន៍ឯណេះវិញ វិស័យគំនូរជីវចលហាក់កំពុងស្ទុះឡើងជាបណ្ដើរៗ តាមរយៈការយុវជនសម័យបច្ចេកវិទ្យាបន្ដិចម្ដងៗផងដែរ។ ជាមួយគ្នានេះដែរ គេក៏នៅមិនទាន់ដឹងច្បាស់នៅឡើយថា វិស័យគំនូរជីវចលនេះបានជ្រាបចូលមកប្រទេសកម្ពុជាតាំងពីពេលណាមក ហើយតើកូនខ្មែររូបណាដែលចាប់ផ្តើមនូវជំនាញដ៏កម្រនេះមុនគេនោះនៅឡើយ?
ជំនួបជាមួយនឹង លោក ប៉ោយ ឈុនលី ជាគ្រូបង្រៀននៃវិស័យគំនូរជីវចលមួយរូប លោកគឺជាកូនខ្មែរដែលបានចាប់ផ្តើមនូវជំនាញវីដេអូតុក្កតាដែលមានចលនានេះដំបូងគេបង្អស់បន្ទាប់ពីប្រទេសកម្ពុជាបានឆ្លងផុតសម័យសង្រ្គាមដ៏រាំរ៉ៃជាច្រើនសតវត្សរ៍រួចមក។ លោក ប៉ោយ ឈុនលី កើតនៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ១៩៨៣ នៅទឹកដីនៃខេត្តបាត់ដំបង។ លោកចាប់ផ្តើមប្រឡូកចូលវិស័យសិល្បៈគំនូរនៅឆ្នាំ ១៩៩៨ នៅសាលាអង្គការហ្វារពន្លឺសិល្បៈដែលមានទីតាំងនៅស្រុកកំណើតរបស់លោកតែម្ដង។ ដោយមានការណែនាំពីសំណាក់អ្នកថតរូបជនជាតិខ្មែរអាមេរិកកាំងមួយរូបដែលបានមកទស្សនកិច្ចនៅសាលារបស់លោកនោះលោក ប៉ោយឈុនលី ក៏បានចាប់ផ្តើមរៀនស្វែងយល់ និងស្វ័យសិក្សានូវជំនាញគំនូរជីវចលនេះនៅឆ្នាំ ២០០២។ ខុសប្លែកពីអ្វីដែលលោកបានរៀនដៅយការគូរគំនូរមួយសន្លឹកធម្មតា ក៏ប៉ុន្តែលោកត្រូវគូររូបដដែលៗ និងមានកាយវិការខុសគ្នាបន្តិចៗជាច្រើនសន្លឹកផ្គុំចូលគ្នាដើម្បីអាចបង្កើតបានជាវីដេអូ តុក្កតាដែលមានរយៈពេលខ្លីមួយ។ នាឆ្នាំ ២០០៦ លោកក៏បានស្គាល់មិត្តភក្តិម្នាក់មកពីប្រទេសបារាំងមកជួយបង្រៀនទាំងថ្ងៃ ទាំង យប់ រយៈពេលមួយខែ ខណៈដែលជំនាញនេះត្រូវការពេលវេលាយូរដើម្បីរៀនសូត្រ។ បន្ទាប់មកនាឆ្នាំ ២០០៧ លោក ប៉ោយ ឈុនលី ក៏ចាប់ផ្តើមបើកថ្នាក់បង្រៀនជំនាញ គំនូរជីវចលនេះនៅសាលាហ្វារពន្លឺសិល្បៈតែម្ដងដោយកាលនោះលោកបានប្រមូលក្មេងៗផ្តើមពីសិស្សបីនាក់ រហូតកើនដល់ ដប់បួននាក់។ បង្រៀនផង រៀនខ្លួនឯងផង លោកបានជួយដល់អតីតសាលារបស់លោកទទួលបានគម្រោងជាច្រើនពីអង្គការ និងស្ថាប័នមួយចំនួនជាមួយនឹងកូនសិស្សផងដែរ។ រៀនដោយខ្លួនឯង មិនគ្រប់គ្រាន់ឡើយ សម្រាប់បុរសដែលមានមុខមាត់ស្រដៀងនឹងកីឡាប្រដាល់លំដាប់ពិភពលោកជនជាតិហ្វីលីពីន ម៉ានី ប៉ាកគីអៅ ម្នាក់នេះ ដូច្នេះហើយទើបលោកបានសម្រេចបន្តការសិក្សាជំនាញមួយនេះនៅសាលា Ecole Pivaut ប្រទេសបារាំងឲ្យលម្អិតនិងស៊ីជម្រៅបន្ថែមទៀតពីឆ្នាំ ពីរពាន់ដប់ ដល់ ឆ្នាំពីរពាន់ដប់បួន។
ការខិតខំប្រឹងប្រែង ជាមួយនឹងសេចក្តីស្រលាញ់ចេញពីចិត្តមិនបានធ្វើឲ្យលោកខកបំណងនោះឡើយ ក៏ប៉ុន្តែវាបានផ្តល់នូវផ្លែផ្កាដ៏ល្អប្រសើរមួយសម្រាប់លោក រហូតបានឈ្នះនូវពានរង្វាន់ក្របីមាស ពីកម្មវិធីប្រកួតភាពយន្តខ្នាតខ្លីមួយដែលមានឈ្មោះថា “Cambofest short film” នៅឆ្នាំ ២០០៧។ ភាពយន្តខ្នាតខ្លីនេះមានចំណងជើងថា “ ក្មេងតូចញ៉ាំទឹកមិនស្អាត” ជារឿងអប់រំនិយាយអំពីគុណវិបត្តិនៃការពិសារទឹកមិនស្អាត ហើយក៏ជាភាពយន្តគំនូរជីវចលតែមួយគត់ក្នុងចំណោមភាពយន្តជាច្រើនទៀតដែលបានចូលរួមប្រកួតជាមួយគ្នា។ ភាពជោគជ័យនេះបានជម្រុញទឹកចិត្ត លោកឲ្យបន្តដំណើរទៅមុខទៀត ជាមួយនឹងក្តីសង្ឃឹមនិងជំនឿទុកចិត្តលើខ្លួនឯង ដែលធ្វើឲ្យលោកអាចផលិតបានជាង ម្ភៃ វីដេអូ ទាំងភាពយន្តអប់រំខ្នាតខ្លី និងវីដេអូឯកសារផ្សេងៗក្រោមគម្រោងរបស់អង្គការនិងស្ថាប័ននានាផងដែរ។ បន្តិចម្ដងៗ លោកក៏បានវិវដ្ដខ្លួនជា គ្រូខាងតែងនិពន្ធ និងជាផលិតករភាពយន្តទៀតផង។ បច្ចុប្បន្ន លោក ប៉ោយ ឈុនលី មានស្ទូឌីយោ ផលិតគំនូរជីវចលផ្ទាល់ខ្លួនមួយឈ្មោះ “Poy Studio” ដែលកំពុងតែដំណើរការផលិតគំនូរជីវចលជាច្រើនជូនអតិថិជន។ ដំណើរជីវីតការងារ របស់លោក ប៉ោយ ឈុនលី មិនបានបញ្ឈប់ត្រឹមនេះឡើយ ក៏ប៉ុន្តែមហិច្ចតាក្នុងការផលិតភាពយន្តគំនូរជីវចលខ្នាតធំដែលអាចចាក់បញ្ចាំងក្នុងរោងភាពយន្ត ក៏ដូចជាទទួលបានគម្រោងធំៗពីក្រៅប្រទេស តែងតែដាស់អារម្មណ៍ក្នុងក្តីសុបិន្តរបស់លោកជានិច្ចកាល។ ការតស៊ូជាមួយនឹងជីវិតការងារជាមួយនឹងគំនូរជីវចលបាននាំឲ្យលោកជួបនូវរស់ជាតិគ្រប់បែបយ៉ាងទាំង ផ្អែម ល្វីង ជូរចត់ បានធ្វើឲ្យភរិយារបស់លោកមានគំនិតចង់ផលិតជាខ្សែភាពយន្តមួយដែរ ក៏ប៉ុន្តែសម្រាប់ ឈុនលី វិញ នៅតែគិតថានេះមិនទាន់ដល់កម្រិតជោគជ័យល្អប្រសើរនៅឡើយ។
ដំណើរខ្សែជីវិតក្នុងវិស័យការងាររបស់លោក ប៉ោយ ឈុនលី ហាក់បានបង្រៀនទៅដល់យុវជនជំនាន់ក្រោយឲ្យចេះតស៊ូ អត់ធ្មត់ នៅក្នុងអាជីពរបស់ខ្លួន។ បើទោះបីជាយើងពូកែនិងបានឆ្លងកាត់យ៉ាងណា ក៏ប៉ុន្តែចំណេះដឹងសាលា នៅតែមិនអាចរំលងបាន ប្រសិនបើយើងឈាងចាប់នូវចំណេះនិងជំនាញមួយយ៉ាងពិតប្រាកដ៕
Article by SOVRIN