×

ពី​ក្រោយ​​ការ​ពិត​ស្ថាបនិក​​ ​និង​សហ​ស្ថាបនិក​នៃ​ហាង«​កាហ្វេ​មួយ​»

NEWS 4 years ago
 
 

          ខុស​ពី​ហាង​កាហ្វេ​ដទៃ​ដែល​មាន​ការរចនា​ប្លែកៗ​ ​ស៊ីវិល័យ​ ​និង​ពោរពេញ​ទៅ​ដោយ​ទំនោរ​​និយម​ខ្ពស់​ ​«​ហាង​កាហ្វេ​មួយ​»​ ​ជា​កាហ្វេ​ស្ថិតនៅ​ក្នុង​ប្លុក​នៃ​បុរី​ប៉េង​ហ៊ួ​ត​បឹង​ស្នោ​រ​ ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ដែល​មាន​ការរចនា​បែប​សាមញ្ញ​ អេ​ឡេ​ហ្គង់ ​និង​ពោរពេញ​ទៅ​ដោយ​បរិយាកាស​ស្រស់បំព្រង​បាន​ទាក់ចិត្ត​អតិថិជន​ស្ទើរតែ​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​មកកាន់​ទីនេះ​ ​ដើម្បី​ទទួលទាន​នូវ​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​ពី​កាហ្វេ​ដែល​បម្រើ​នូវ​ទីនេះ​។

          ជំនួប​ពិភាក្សា​ជាមួយនឹង​ស្ថាបនិក​ ​និង​សហ​ស្ថាបនិក​នៃ​ហាង​ ​«​កាហ្វេ​មួយ​»​ ​លោក​ ​សេង​ ​ពិសិដ្ឋ​ ​និង​លោក​ ​ណុប​ ​កក្កដា​ ​ដែល​ជា​អតីត​ជ័យ​លា​ភី​នៃ​ការប្រកួតប្រជែង​ឆុងកាហ្វេ​ថ្នាក់​ជាតិ​បានឲ្យ​ដឹងផង​ដែរ​ថា​ «​កាហ្វេ​មួយ​»​ ​មានវត្តមានក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង​ជិត​២​ឆ្នាំ​មក​ហើយ​ ​រីឯ​ ​«​កាហ្វេ​មួយ​»​ ​ជា​ឈ្មោះ​ដែល​តំណាង​ឲ្យ​ទំនៀមទម្លាប់​នៃ​ការប្រើប្រាស់​សម្តី​សំដៅ​ក្នុង​ការរស់នៅ​ប្រចាំ​របស់​ប្រជាជន​ខ្មែរ​ច្រើន​និយម​ប្រើប្រាស់​ពាក្យ​ថា​ ​«​មួយ​»​ ​តួយ៉ាង​ ​សុំ​ទឹក​មួយ​ ​កាហ្វេ​មួយ​ ​ជាដើម​។​ ​ទន្ទឹម​នឹង​កិច្ចពិភាក្សា​ ​លោក​ ​សេង​ ​ពិសិដ្ឋ​ ​ដែល​ជា​ស្ថាបនិក​នៃ​ហាង​កាហ្វេ​នេះ​បាន​បង្ហើប​ពី​ជីវប្រវត្តិ​របស់​ខ្លួន​ត្រួត​ៗ​យ៉ាង​ដូច្នេះ​ដែរ​ថា​ ​នា​អំឡុង​ឆ្នាំ​២​០​១​៥​ ​លោក​គ្រាន់តែ​ជា​អ្នក​លក់​កាហ្វេ​ម្នាក់​តាម​ចិញ្ចើម​ផ្លូវ​តែប៉ុណ្ណោះ​ ​លោក​បាន​បញ្ជាក់​ដូច្នេះ​ថា​ ​«​នា​អំឡុង​ពេល​នោះ​ ​កាហ្វេ​កំពុង​និយម​ខ្លាំង​ ​ជាពិសេស​ ​កាហ្វេ​តាម​រទេះ​ដែល​ច្រើន​និយម​លក់​នៅ​តាម​ដង​ផ្លូវ​ ​វត្តបទុមវតី​ជាដើម​ ​ជាពិសេស​ ​កាហ្វេ​រទេះ​ ​ខ្ញុំ​ឃើញ​គេ​លក់ដាច់​ ​និង​ចំណេញ​ណាស់​ ​ខ្ញុំ​ក៏​លក់​តាម​គេ​ដែរ​ ​ប៉ុន្តែ​ខ្ញុំ​គ្មាន​ចេះ​អី​ទេ​»​។​ ​នា​អំឡុង​ឆ្នាំ​២​០​១​៦​ ​អ្នក​បន្ទាយ​មានជ័យ​ម្នាក់​នេះ​បាន​ផ្លាស់ប្តូរ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​សៀមរាប​ ​ដើម្បី​ស្វែងរក​នូវ​បទពិសោធន៍​ថ្មីៗ​បន្ត​ទៀត​ ​តួយ៉ាង​ ​លោក​ជា​អតីត​បុគ្គលិក​ក្រៅ​ម៉ោង​ម្នាក់​នៃ​ហាង​កាហ្វេ​ឯកជន​មួយ​កន្លែង​ ​ដោយ​ការងារ​នេះ​ពុំសូវ​ជា​ផ្តល់​នូវ​ចំណូល​ ​និង​មាន​ស្ថេរ​ភាព​យូ​រលោក​បាន​ចាប់ផ្តើម​សិក្សា​ពី​ការ​ឆុងកាហ្វេ​ដោយ​ម៉ាស៊ីន​លើក​ទី​១​នា​ពាក់កណ្តាល​ឆ្នាំ​២​០​១​៦​ ​បន្ទាប់មក​នា​អំឡុង​ឆ្នាំ​២​០​១​៧​ ​ស្ថាបនិក​រូប​នេះ​បាន​ចូលរួម​ការប្រកួតប្រជែង​ឆុងកាហ្វេ​លំដាប់​ថ្នាក់​ជាតិ​ ​និង​បាន​ឈាន​មកដល់​វគ្គ​ផ្តាច់​ព្រ័ត្ត ​រហូតមកដល់​អំឡុង​ឆ្នាំ​២​០​១​៨​ ​លោក​ ​ពិសិដ្ឋ​ ​បាន​ទទួល​នូវ​ជ័យ​លា​ភី​ពាន់​រង្វាន់​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ឆុងកាហ្វេ​លំដាប់​ថ្នាក់​ជាតិ​ផង​ដែរ​។

​ ​លោក​ ​សេង​ ​ពិសិដ្ឋ​

​          ចំណែក​ឯ​សហ​ស្ថាបនិក​នៃ​ហាង​កាហ្វេ​មួយ​ ​លោក​ ​ណុប​ ​កក្កដា​ ​ជា​អ្នក​ខេត្ត​បាត់​ដំបង​ ​ដែល​ជា​អតីត​និស្សិត​នៃ​តិច​ណូ​បាត់​ដំបង​វិញ​ ​មិន​ខុស​ពី​ ​លោក​ ​ពិសិដ្ឋ​ ​ប៉ុន្មាន​នោះ​ដែរ​ ​តួយ៉ាង​ ​លោក​ ​កក្កដា​ ​ជា​អតីត​សន្តិសុខ​ម្នាក់​នៃ​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង​ដែល​ការងារ​នេះ​អាច​ធ្វើឲ្យ​លោក​អាច​​​រក​ប្រាក់​ក​ម្រៃ​សម្រាប់​ផ្គត់ផ្គង់​ការសិក្សា​ ​សម្ភារ​ប្រើប្រាស់​ចំ​បាច់​មួយ​ចំនួន​ ​ដែល​មិន​ប៉ះពាល់​ដល់​ការសិក្សា​របស់​លោក​។​ ​ទន្ទឹម​នឹង​នេះ​ផង​ដែរ​ ​សហ​ស្ថាបនិក​វ័យ​២​៥​ឆ្នាំ​ម្នាក់​នេះ​បាន​បង្ហាញ​ឲ្យដឹង​ផង​ដែរ​ថា​ ​ដោយសារតែ​ជីវភាព​មិនសូវ​ធូរធារ​ ​និង​តម្រូវ​ការ​កាន់តែ​ខ្ពស់​បាន​ធ្វើឲ្យ​លោក​ចាប់ផ្តើម​ស្វែងរក​ការងារ​មួយ​កន្លែង​ទៀត​ ​ដូច្នេះ​មានន័យ​ថា​ ​ក្នុងមួយថ្ងៃ​លោក​ត្រូវធ្វើ​ការ​ចំនួន​ពីរ​ផ្នែក​ពោល​មួយ​ផ្នែក​ជា​អ្នកធ្វើ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ ​និង​មួយផ្នែកទៀត​ជា​សន្តិសុខ​។​ ​ថ្វី​ដ្បិតតែ​ ​បម្រើ​ការងារ​ពីរ​វេ​ណ​ក្នុងមួយថ្ងៃ​ក៏ដោយ​ ​ប៉ុន្តែ​សហ​ស្ថាបនិក​ម្នាក់​នេះ​នៅតែ​មិន​រួញរា​នូវ​គោលដៅ​របស់​ខ្លួន​ឡើយ​។​ ​ជាក់ស្តែង​ ​លោក​ ​កក្កដា​ ​ជា​អ្នក​ឆុងកាហ្វេ​ម្នាក់​ដែល​មាន​ក្តី​ប្រាថ្នា​ចូលរួម​ការប្រកួតប្រជែង​លំដាប់​ថ្នាក់​ជាតិ​នា​រាជធានី​ភ្នំពេញ​ ​ដើម្បី​ទទួលយក​បទពិសោធន៍​ថ្មីៗ​ទាក់ទង​នឹង​ការ​ឆុងកាហ្វេ​បន្ថែម​នា​អំឡុង​ឆ្នាំ​២​០​១​៦​ ​មក​ម៉្លេះ ​ប៉ុន្តែ​ ​លោក​ត្រូវ​បាន​ខកខាន​ការចូលរួម​ប្រកួត​នេះ​ ​រហូតមកដល់​ឆ្នាំ​២​០​១​៧​ ​កម្មវិធី​ដដែល​បាន​បង្ហាញខ្លួន​សារ​ជាថ្មី​ម្តងទៀត​ដែល​ជា​ឱកាស​ដ៏​អំណោយផល​សម្រាប់​លោក​ក្នុង​ការ​បង្ហាញ​ទេពកោសល្យ​ ​និង​សមត្ថភាព​របស់​ខ្លួន​ទៅកាន់​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​។​ ​សហ​ស្ថាបនិក​ម្នាក់​នេះ​ ​បាន​លើកឡើង​ថា​ ​«​រាល់​ការងារ​ដែល​ខ្ញុំ​ធ្វើ​ទាំងអស់​សមាជិក​គ្រួសារ​ពុំសូវ​គាំទ្រ​ប៉ុន្មាន​នោះ​ទេ​ ​ទោះបីជា​ខ្ញុំ​មិនបាន​ស្នាក់​នៅ​ជាមួយ​គាត់​ក៏ដោយ​ ​ដូច​ដែរ​គាត់​បាន​និយាយ​ថា​ ​រៀន​មេកានិច​សោះ​ ​ទៅ​ឆុងកាហ្វេ​ទៅវិញ​ ​ហើយ​នា​ពេល​នោះ​ដែរ​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​នរណា​ម្នាក់​គាំទ្រ​នូវ​អ្វី​ដែល​ខ្ញុំ​កំពុងតែ​ធ្វើ​នោះ​ទេ​ ប៉ុន្តែ​ម្តាយធម៌​របស់​ខ្ញុំ​គាត់​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ធ្វើអ្វី​ទៅ​តាមដែល​ខ្លួន​ស្រឡាញ់​ ​ហើយ​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​រឹត​តែ​ចង់​ធ្វើអ្វី​ដែល​ខ្ញុំ​ស្រឡាញ់​។​»​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ ​ក៏បាន​បន្ត​ផង​ដែរ​ថា​ ​«​នៅ​ក្នុង​ឧបសគ្គ​សុទ្ធសឹងតែ​ជា​ឱកាស​ដែល​អាច​ធ្វើឲ្យ​យើង​ក្លាយ​ជា​មនុស្ស​រឹង​មាំ​ជាង​មុន​ ​គិត​ច្រើនជាង​មុន​ ​និង​មាន​ដំណោះស្រាយ​ជាង​មុន​ ​ហេតុនេះ​ប្រសិនបើ​យើង​ស្រឡាញ់​នូវ​អ្វីមួយ​ ​យើង​គួរតែ​ធ្វើ​វា​ ​ទោះបី​វា​លំបាក​បន្តិច​មែន​ ​ប៉ុន្តែ​ភាព​លំបាក​ទាំងអស់​នោះ​នឹង​ធ្វើឲ្យ​ខ្លួន​យើង​អភិវឌ្ឍ​ ​និង​ផល​ដ៏​ល្អ​មួយ​»​។​

លោក​ ​ណុប​ ​កក្កដា

          គួរ​ជម្រាប​ផង​ដែរ​ថា​ ​ស្ថាបនិក​ ​និង​សហ​ស្ថាបនិក​នៃ​ហាង​ ​«​កាហ្វេ​មួយ​»​ ​ជា​អតីត​នៃ​បេក្ខជន​ជ័យ​លា​ភី​នៃ​កម្មវិធី​ការ​ប្រកួត​ឆុងកាហ្វេ​ថ្នាក់​ជាតិ​ ​ហើយ​អ្នក​ទាំងពីរ​បាន​ចាប់ផ្តើម​អាជីវកម្ម​របស់​ខ្លួន​នា​អំឡុង​ឆ្នាំ​​២​០​១​៨​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​អ្នក​ទាំងពីរ​មិន​ត្រឹមតែ​ជា​ម្ចាស់​នៃ​ហាង​ ​«​កាហ្វេ​មួយ​»​ ​នោះ​ទេ​ ​ប៉ុន្តែ​ក៏​ជា​ម្ចាស់​នៃ​ហាង​កាហ្វេ​មួយ​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប​ផង​ដែរ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS