×

សិល្បៈ​នៃ​ការរៀបចំ​សោភ័ណ​ភាព​ម្ហូបអាហារ​ក្នុង​សង្គម​ខ្មែរ

NEWS 4 years ago
 
 

            “​អាហារ​” ​គឺជា​គ្រឿង​សម្រាប់​បរិភោគ​ច​ម្អែ​ត​អាត្មា​ ​ភោជន​ ​។​ ​រីឯ​ “​សោភ័ណ​ភាព​” ​សំដៅ​ដល់​ ​ភាព​ល្អ​, ​ភាព​ហ្មត់ហ្មង​។​ ​ដូចនេះ​ សិល្បៈ​នៃ​ការរៀបចំ​សោភ័ណ​ភាព​ម្ហូបអាហារ​ ​មានន័យ​ថា​ សិល្បៈ​នៃ​ការ​តុបតែង​លម្អ​ម្ហូបអាហារ​ឲ្យ​ល្អ​ស្អាត​ត្រចង់​ដែល​ប្រជាជន​ខ្មែរយើង​ធ្លាប់​បាន​អនុវត្ត​ក្នុង​សង្គម​រស់នៅ​ជាក់ស្តែង​។​ សិល្បៈ​នៃ​ការរៀបចំ​តុបតែង​ម្ហូបអាហារ​របស់​ខ្មែរយើង​មាន​លក្ខណៈ​ទូលំទូលាយ​សម្បូរ​បែប​ ​ប៉ុន្តែ​នៅ​ក្នុង​ ​អត្ថបទ​នេះ​ ​យើង​ផ្តោត​ទៅលើ​បី​ចំណុច​ ​គឺ​ ​ការ​ប្រើ​ភា​ជ​ន៍​ដាក់​ម្ហូប​ ​ការ​ប្រើ​បន្លែ​-​ផ្លែឈើ​លម្អ​លើ​ម្ហូប​ ​និង​ការរៀបចំ​ម្ហូប​ដាក់ឲ្យ​មាន​របៀបរៀបរយ​។​ ​យើង​សូម​លើក​ឧទាហរណ៍​ហាង​ “​​ម្លិះ​នំបញ្ចុកសៀមរាប​” ​ដែល​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅលើ​សោភ័ណ​ភាព​អាហារ​ប្រពៃណី​របស់​ខ្មែរ​គឺ​ ​នំបញ្ចុក​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ផលិតផល​ស្នូល​ចំបង​របស់​ភោជនីយដ្ឋាន​នេះ​។​

            ​ចំពោះ​ការ​ប្រើ​ភា​ជ​ន៍ ​ហាង​នេះ​បាន​ប្រើប្រាស់​ការរៀបចំ​តាម​បែប​ប្រពៃណី​ខ្មែរ​ឲ្យ​ស័ក្តិសម​ទៅ​នឹង​ប្រភេទ​អាហារ​ជាក់ស្តែង​ ​ពោល​គឺ​ ​ប្រើ​ភា​ជ​ន៍​បុរាណ​ម្យ៉ាង​ដែល​ខ្មែរយើង​ហៅថា​ ​ស្ពក​ (​ថាស​ឈើ​ ​ឬ​ ​តុ​ឈើ​សម្រាប់​ថ្កល់​ចាន​ដាក់​ភោជនាហារ​: ​ម្ហូបមួយស្ពក​) ​សម្រាប់​ដាក់​នំបញ្ចុក​ ​ប្រើ​កន្តាំង​សម្រាប់​ទ្រ​ឆ្នាំង​ទឹក​សម្ល​ ​និង​ប្រើ​ត្រក​ប្ញស្សី​ស​ម្រាក់​ដាក់​បន្លែ​របោយ​។​ ​ទន្ទឹម​នឹង​នេះ​ ​ហាង​ក៏បាន​ច្នៃ​ត្រឡោកដូង​ធ្វើជា​ចាន​ដាក់​ម្ទេស​ ​និង​ ​ក្រូចឆ្មារ​ ​ផង​ដែរ​ ​ដែល​កាល​ពីសម័យ​ដើម​ ​ត្រឡោកដូង​នេះ​ច្រើនតែ​ប្រើ​ជំនួស​កា​សម្រាប់​ដងទឹក​ហូប​ ​ឬ​ ​ប្រើ​ជា​ចាន​សម្រាប់​ឆី​បាយ​ចំពោះ​គ្រួសារ​​​ដែល​មាន​វណ្ណៈ​តូច​ទាប​។​ ​ម្យ៉ាង​វិញទៀត​ ​ស្លឹក​ចេក​ស្រស់​ត្រូវ​បាន​ប្រើ​កាច់​ជា​កន្ទោង​ចុង​ស្រួច​សណ្ឋាន​ជា​ក្បាច់​ធ្មេញត្រី​សម្រាប់​តម្រៀប​ព័ទ្ធជុំវិញ​ស្ពក​នំបញ្ចុក​ដើម្បី​បង្កើន​សោភ័ណ​ភាព​ទ្វេ​ដង​បន្ថែម​លើ​ការ​ប្រើ​ភា​ជ​ន៍​បែប​បុរាណ​។​ ​ក្រៅពី​នេះ​ ​ការ​ឆ្លាក់​មើម​ការ៉ុត​ជា​រូប​ផ្កា​លម្អ​លើ​អាហារ​ក៏​មិន​ត្រូវ​បាន​រំលង​នោះ​ដែរ​។​ ​ចំណុច​ចុងក្រោយ​នោះ​គឹ​ ​ការរៀបចំ​របៀបរៀបរយ​នៃ​បន្លែ​របោយ​នំបញ្ចុក​។​ ​ត្រង់​ចំណុច​នេះ​ ​របោយ​តាម​បែប​ប្រពៃណី​ ​ដូចជា​ ​ត្រសក់​ ​សណ្តែកបណ្តុះ​ ​សណ្តែកកួរ​ ​ត្រ​យ៉ូ​ង​ចេក​ ​ផ្កា​កំប្លោក​ ​ផ្កា​ស្នោ​រ​ ​ស្លឹក​ក្ទម្ពទេស​ ​ជាដើម​ ​ត្រូវ​បាន​រៀបចំ​សម្រិតសម្រាំង​ទៅតាម​ពណ៌​ ​តាម​ប្រភេទ​បន្លែ​នីមួយៗ​ (​បន្លែ​ស្លឹក​ ​បន្លែ​ផ្កា​…) ​យ៉ាង​ស្រស់​ឆើត​ទាក់​ភ្នែក​គួរឲ្យ​ចង់​ទទួលទាន​។​

Image Courtesy: Mlis Panha

            អ្នកនាង​ ​ម្លិះ​ ​ចាន់​ថ្លា​ ​ម្ចាស់​ហាង​ “​​ម្លិះ​នំបញ្ចុក​​សៀមរាប​” ​ដែល​មាន​ស្វាមី​ជា​អ្នកស្រុក​ពួក​ ​ខេត្ត​សៀម​ ​រាប​ ​បាន​ពន្យល់​ពី​មូលហេតុ​ទាក់ទង​នឹង​ការរៀបចំ​ម្ហូបអាហារ​តាម​បែប​ខាងលើ​ថា​ ​ក្រៅពី​ការ​ចង់​លើកស្ទួយ​នំបញ្ចុក​ដែល​ជា​អាហារ​ប្រពៃណី​បែប​សាមញ្ញ​មាន​វត្តមាន​ស្ទើរ​គ្រប់កន្លែង​ទូទាំង​ប្រទេស​កម្ពុជា​តាំងពី​សម័យ​រឿងព្រេង​ធន​ញ្ជ័​យមក​នោះ​ ​ក៏ដូចជា​ចង់​បង្ហាញ​នូវ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​នៃ​នំបញ្ចុក​ស្រូប​ទឹក​ផ្អែម​ (​ឬ​ទឹក​អំ​ព្រឹក​) ​ប្រចាំ​ខេត្ត​សៀមរាប​ឲ្យ​ប្រជាជន​ទីក្រុង​បាន​ស្គាល់​នោះ​ ​អ្នកនាង​និង​ស្វាមី​ក៏​ចង់​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​តាមរយៈ​សម្ភារ​ប្រពៃណី​យក​ពី​សហគមន៍​ជនបទ​តាម​ខេត្ត​នានា​ដែល​ហាង​នេះ​បាន​យកមក​ច្នៃ​ប្រតិដ្ឋ​ប្រើប្រាស់​តុបតែង​លម្អ​សោភ័ណ​ភាព​ម្ហូបអាហារ​ជូន​អតិថិជន​ឲ្យ​មើលទៅ​ល្អ​ទាំងព្រម​ ​គួបផ្សំ​នឹង​បរិយាកាស​ហាង​ដ៏​សែន​មនោ​រម្យ​បែប​បុរាណ​ខ្មែរ​នោះ​ផង​។​ ​អ្នកនាង​បាន​សង្កត់ធ្ងន់​ថា​ “​សោភ័ណ​ភាព​ដើរតួ​សំខាន់​សម្រាប់​សេវាកម្ម​ម្ហូបអាហារ​ ​ជាពិសេស​ ​ការ​ផ្សព្វផ្សាយ​លក់​លើ​ប្រព័ន្ធ​អន​ឡា​ញ​សព្វថ្ងៃ​។​ ​នៅ​ពេល​គេ​ពង្រីក​រូប​ (​អាហារ​) ​មើល​ ​ឃើញ​ស្អាត​ ​ហើយ​មាន​អនាម័យ​ទៀត​ ​យើង​ប្រៀប​ដូចជា​បាន​សម្ភាសន៍​ជាប់​ ​short​list​ ​អ៊ីចឹង​ដែរ​! ​ពួកគាត់​នឹង​បន្ត​អញ្ជើញ​មក​សាកល្បង​នៅ​ហាង​” ​។​

            ​អ្នកនាង​បាន​បញ្ជាក់​បន្ថែម​ថា​ ​ពាក្យ​ថា​ “​សោភ័ណ​ភាព​” ​មិនមែន​សំដៅ​លើ​ត្រឹមតែ​ម្ហូបអាហារ​នោះ​ទេ​ ​សូម្បីតែ​ការ​រៀបចំខ្លួនប្រាណ​ក្នុង​ជីវភាពរស់នៅ​ក៏​ជា​សោភ័ណ​ភាព​ដែល​យើង​ទាំងអស់គ្នា​សុទ្ធតែ​ត្រូវការ​ខានមិនបាន​។​ ​យ៉ាងណាមិញ​ ​សោភ័ណ​ភាព​ម្ហូបអាហារ​ជា​ចំណុច​ដំបូង​ដែល​យើង​មើលឃើញ​ ​ជា​ចំណុច​ទាក់ចិត្ត​ ​ពោល​គឺ​គ្រាន់តែ​បើក​គម្រប​ឃើញ​ម្ហូបអាហារ​រៀបចំ​បាន​ស្អាត​ធ្វើឲ្យ​គ្រប់គ្នា​ចង់​សាក​រសជាតិ​បាត់​ទៅ​ហើយ​។​ ​ដូចនេះ​ហើយ​ ​ទើប​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​សេវាកម្ម​ម្ហូបអាហារ​ ​ហាង​របស់​អ្នកនាង​តែងតែ​ផ្តោត​សំខាន់​ទៅលើ​គោលការណ៍​ ​រសជាតិ​ ​សុខភាព​-​អនាម័យ​ ​និង​ ​សោភ័ណ​ភាព​ ​ជាប្រចាំ​។​ ​ជាចុងក្រោយ​ ​អ្នកនាង​សូម​សំណូមពរ​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​អាជីវកម្ម​ម្ហូបអាហារ​ទាំងអស់​បង្កើន​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​រៀបចំ​តុបតែង​ផលិតផល​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ពី​អតិថិជន​ទាំងឡាយ​ក៏ដូចជា​ចូល​រួមចំណែក​លើក​ក​ម្ពស់​មុខមាត់​នៃ​សិល្បៈ​ដ​ណ្តាំ​ស្ល​របស់​ប្រទេសជាតិ​ផង​ដែរ​៕​

Article by SRIN SOKMEAN

Image Courtesy: Mlis Panha


SUGGESTIONS