×

ទស្សនកិច្ចស្ថាបត្យកម្ម​ដ៏ពិសិដ្ឋ​នៃទី​ក្រុង​បុរាណ​បាហ្គាន​របស់ភូមា​

TRAVEL & LIVING 6 years ago
 
 

          ស្ថាបត្យកម្ម​ដែល​ត្រូវ​បាន​សាងសង់​កាល​ពី​រាប់រយ​ឆ្នាំមុន​គឺ​ជា​ភស្តុតាង​ដ៏​ពិសិដ្ឋ​ដែល​បន្សល់​ទុក​ដល់​មនុស្ស​សម័យ​ថ្មី​រៀនសូត្រ​ពី​កិត្យានុភាព​នៃ​ជាតិសាសន៍​នីមួយៗ។​ ចន្លោះ​សតវត្សរ៍​ទី៩​ដល់​ទី១៣​ ប្រាសាទ​តូចធំ​ និង​វត្ត​អារាម​ជាង​មួយម៉ឺន​កន្លែង​ត្រូវ​បាន​សាងសង់​ឡើង​ ដើម្បី​បង្ហាញ​ពី​ភាព​រុងរឿង​របស់​អាណាចក្រ​បុរាណ​នៃ​ប្រទេស​ភូមា។​ បណ្តុំ​ប្រាសាទ​នៅ​ប្រទេស​ភូមា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ថាបត្យកម្ម​សាសនា​ធំមួយ​ ក្នុង​ចំណោម​ប្រាសាទ​បុរាណ​ដទៃ​ទៀត​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍។​ មិន​តែ​ប៉ុណ្ណោះ​ ប្រទេស​ភូមា​ក៏​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​សំបូរ​ទៅ​ដោយ​ទីអារាម​ដ៏​ច្រើន​ដែល​បច្ចុប្បន្ន​ទីអារាម​មួយ​ចំនួន​បាន​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ។​ នៅ​ក្នុង​អត្ថបទ​នេះ​ យើង​នឹង​រៀបរាប់​អំពី​ទីតាំង​ទេសចរណ៍​សំខាន់ៗ​ដែល​អ្នក​មិន​គួរ​រំលង​នៅ​ពេល​ទៅ​ទស្សនកិច្ច​ បាហ្គាន​ ដែល​ជា​ទីក្រុង​បុរាណ​របស់​ប្រទេស​ភូមា។

          ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​សេដ្ឋកិច្ច​ យាំងហ្គន​តាម​រយៈ​រថយន្ត​ក្រុង​នៅ​ពេល​យប់​ ដែល​ត្រូវ​ចំណាយ​ពេល​ប្រមាណ​៩ម៉ោង​ កាត់​តាម​ផ្លូវ​ដែល​មាន​ទេសភាព​បែប​ជនបទ​ យើង​នឹង​ទៅ​ដល់​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​ភូមា​ ដែល​ជា​តំបន់​ទេសចរណ៍​ល្បីល្បាញ​ប្រចាំ​ប្រទេស​នេះ។​ បាហ្គាន​ (Bagan)​ គឺ​ជា​ទីក្រុង​បុរាណ​របស់​ភូមា​ ដែល​មាន​អាយុ​កាល​រាប់ពាន់​ឆ្នាំមក​ហើយ​ និង​មាន​ទីតាំង​ស្ថិត​នៅ​បណ្តោយ​ដង​ទន្លេ​អាយ៉េយ៉ាវ៉ាឌី​ (Ayeyarwady)​ ដែល​បុព្វបុរសភូមា​ បាន​កសាង​ប្រាសាទ​តូចធំ​ច្រើន​ជាង​១ម៉ឺន​ប្រាសាទ​នៅ​ពាសពេញ​ផ្ទៃដី។​ យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​សណ្ឋាគារ​ Aureum​ Palace​ Resort​ ដែល​ជា​កន្លែង​ស្នាក់​របស់​យើង​សិន​ មុន​នឹង​ទៅ​ទស្សនា​បណ្តុំ​ប្រាសាទ​ដែល​គេ​ស្ងើច​សរសើរ​តៗ​គ្នា។​ ដោយ​សារ​តែ​កន្លែង​ដែល​យើង​ស្នាក់ស្ថិត​នៅ​កៀក​បំផុត​នឹង​តំបន់​ប្រជុំ​ប្រាសាទ​ ទើប​យើង​មាន​ឱកាស​បាន​ឃើញ​ប្រាសាទ​តូចធំ​យ៉ាង​ច្រើន​ តាំង​ពី​នៅ​ក្នុង​បរិវេណ​សណ្ឋាគារ​ និង​នៅ​បរិវេណ​ក្បែរៗ​នេះ។​ ពេល​វេលា​ដែល​ភ្ញៀវ​ទេសចរ​ចូលចិត្ត​ទស្សនា​ប្រាសាទ​គឺ​ពេល​ព្រឹក​ ដើម្បី​ទស្សនា​ប្រាសាទ​នាពេល​ថ្ងៃរះ​​ និង​ពេល​រសៀល​ចាប់​ពី​ម៉ោង​៣រសៀល​ដល់​ម៉ោង​៦ល្ងាច​ ដើម្បី​ទស្សនា​ប្រាសាទ​នៅ​ពេល​ថ្ងៃ​រៀបលិច​ ដែល​ជា​ទស្សនីយភាព​ពណ៌​មាស​ដ៏​ទាក់​ភ្នែក។​ មិន​បង្អង់​យូរ​ យើង​រូតរះ​រៀបចំ​ខ្លួន​ចេញ​ពី​ទស្សនា​ប្រជុំ​ប្រាសាទ​ដទៃ​ទៀត​ភ្លាម​ ដើម្បី​ឲ្យ​ទាន់​ពេល​វេលា​ថ្ងៃ​រៀបលិច​ ដែល​ជា​ពេល​វេលា​ល្អ​សម្រាប់​ការ​ទស្សនា​ប្រាសាទ។

          ដោយ​គ្រាន់​តែ​ប្រាប់​អ្នក​បើកបរ​ ឬ​មគ្គទេសក៍​អំពី​ Old Bagan​ ពួក​គេ​នឹង​នាំ​អ្នក​ទៅ​តំបន់​ដែល​លាតសន្ធឹង​នៅ​លើ​ផ្ទៃដី​ប្រមាណ​៥គីឡូម៉ែត្រការ៉េ​ ដែល​មាន​ប្រាសាទ​តូចធំ​ដែល​នៅ​សេស​សល់​មក​ទល់​បច្ចុប្បន្ន​ ប្រមាណ​ជាង​២០០០ប្រាសាទ​ស្ថិត​នៅ​ជា​បណ្តុំ។​ ផ្លូវ​ធ្វើ​ដំណើរ​ស្ងប់ស្ងាត់​ មិន​មាន​សម្លេង​រំខាន​ពី​ចរាចរណ៍​កកកុញ​ដូច​នៅ​ក្នុង​ទីក្រុង​ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ពី​ភាព​តានតឹង​នៃ​ជីវភាព​ប្រចាំថ្ងៃ​មួយ​កម្រិត។​ ប្រមាណ​១៥នាទី​ពី​កន្លែង​ដែល​យើង​ស្នាក់​នៅ​ យើង​ក៏​ពើបប្រទះ​នឹង​ប្រាសាទ​តូចៗ​នៅ​អមសង​ខាង​ផ្លូវ​ជា​ហូរហែ​ ជា​សញ្ញា​ប្រាប់​ថា​យើង​បាន​មក​ដល់​ប្រជុំ​ប្រាសាទ​នៃ​ តំបន់​បាហ្គាន​ហើយ។​ យើង​មិន​អាច​ដើរ​មើល​គ្រប់​ប្រាសាទ​ទាំង​អស់​បាន​ទេ​ ត្បិត​ប្រាសាទ​ខ្លះ​តូច​ខ្លះធំ​ ហើយ​ប្រាសាទ​មួយ​ចំនួន​មាន​ទម្រង់​ស្រដៀង​ឬ​ដូច​គ្នា​តែម្ដង​ ដូច្នេះ​យើង​ក៏​ជួល​រទេះសេះ​ដែល​អាច​ជិះ​បាន​រហូត​ដល់​៣នាក់​ ឬ​អ្នក​អាច​ជួល​ម៉ូតូជិះ​មើល​តាម​ផ្លូវ​តូចៗ​ដែល​មាន​ប្រាសាទ​ស្ថិត​នៅ​អម​សងខាង​តែម្ដង​ ហើយ​យើង​អាច​ចុះ​មើល​នៅ​ប្រាសាទ​ណា​ដែល​យើង​ពេញ​ចិត្ត។​ បច្ចុប្បន្ន​នេះ​ ក៏​មាន​ប្រជាជន​មួយ​ចំនួន​ប្រកប​របរ​ធ្វើ​ស្រែចំការ​នៅ​លើដី​ទំនេរ​ដែល​នៅ​ជាប់​នឹង​ប្រាសាទ​មួយ​ចំនួន​ផង​ដែរ​ ដែល​យើង​អាច​មើល​ឃើញ​ផល​ដំណាំ​របស់​ពួកគាត់​ នៅ​តាម​ផ្លូវ​ដែល​យើង​ជិះ​កាត់​ទៅ​មើល​ប្រាសាទ​ ញ៉ាំង​ឲ្យ​ការ​ទស្សនា​ប្រាសាទ​កាន់​តែ​ប្លែក​ភ្នែក។

           ដោយ​ឡែក​ ភ្ញៀវ​ទេសចរ​ដែល​បាន​ឃើញ​បណ្តុំ​ប្រាសាទ​ជា​ច្រើន​ដូច្នេះ​ ប្រាកដ​ជា​មាន​បំណង​ចង់​ផ្តិត​យក​រូបភាព​នៃ​បណ្តុំ​ប្រាសាទ​ជា​មិនខាន​ដែល​អ្នក​ត្រូវ​ឈរ​នៅ​លើ​ទីខ្ពស់​ដើម្បី​ផ្តិត​យក​រូបភាព​បាន​ល្អ។​ នៅ​ក្នុង​បរិវេណ​សណ្ឋាគារ​ Aureum​ Palace​ Hotel​ មាន​ប៉ម​ខ្ពស់​តែ​មួយគត់​នៅ​តំបន់​បាហ្គាន​ ដែល​មាន​ឈ្មោះ​ថា​ Nan​ Myint​ View​ Tower​ ដែល​អាច​មើល​ឃើញ​ប្រាសាទ​ជា​ច្រើន​ពី​កំពូលប៉ម​ រួម​ទាំង​ប្រាសាទ​តូចៗ​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​សណ្ឋាគារ​ផ្ទាល់​តែម្ដង។​ ប៉មខ្ពស់​នេះ​ទាក់ទាញ​អ្នក​ស្រលាញ់​ការ​ថត​រូប​ជា​ច្រើន​ ជា​ពិសេស​អ្នក​ដែល​តែង​តាម​ប្រមាញ់​ទេសភាព​ប្រាសាទ​រួម​ជា​មួយ​នឹង​បាឡុង​ខ្យល់​សម្រាប់ជិះ​មើល​ប្រាសាទ​ពី​លើ​អាកាស​ជា​ពិសេស​នៅ​ពេល​ព្រឹក​ព្រលឹម​ ដែល​ជា​ទូទៅ​ មាន​អ្នក​ទៅ​រង់​ចាំ​ផ្តិត​យក​រូបភាព​បាឡុង​ហោះ​ពី​លើ​ប្រាសាទ​តាំង​ពី​ម៉ោង​៥ព្រឹក។

          ក្រៅ​ពី​ទស្សនា​បណ្តុំប្រាសាទ​ដែល​ជា​គោលដៅ​ទេសចរណ៍​ធំជាង​គេ​នៅ​ក្នុង​តំបន់​ បាហ្គាន​ យើង​ក៏​បាន​ចូល​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​ដទៃ​ទៀត​ដែល​មាន​អាយុ​កាល​ចំណាស់ៗ​រហូត​ដល់​ជាង​មួយពាន់ឆ្នាំ។​ ប្រាសាទ​ដាម៉ាយ៉ាងជី​ (Dhammayangyi)​ គឺ​ជា​ប្រាសាទ​ធំជាង​គេ​នៅ​ក្នុង​ចំណោម​ប្រាសាទ​នានា​នៅ​តំបន់​ បាហ្គាន។​ ពេល​ទៅ​ដល់​យើង​នឹង​បាន​ឃើញ​ប្រជាជន​ភូមា​ លក់​ផ្កាភ្ញី​នៅ​ខាង​មុខ​ក្លោងទ្វារ​ប្រាសាទ​ ដែល​មិន​បង្ក​ការ​រំខាន​ដល់​អ្នក​ទស្សនា​នៅ​ក្នុង​ទីស្ងប់ស្ងាត់​នៃ​ប្រាសាទ​នេះ​ឡើយ។​ អ្វី​ដែល​ទាក់ភ្នែក​យើង​ជាង​គេ​ គឺ​ផ្កា​ច្រើន​ប្រភេទ​ដែល​ប្រជាជន​ភូមា​ប្រើប្រាស់​សម្រាប់​ថ្វាយ​ព្រះ​ដែល​រួម​មាន​ផ្កា​ព្រលិត​ និង​ផ្កា​រំចង់​ផងដែរ។

          យើង​ដោះ​ស្បែក​ជើង​ទុកមុន​ដើរ​ចូល​ប្រាសាទ​តាម​ច្បាប់​ទម្លាប់​នៃ​ការ​គោរព​សាសនា​របស់​ប្រជាជន​ភូមា​ រួច​ទើប​ដើរ​ចូល​ទៅ​ទស្សនា​ក្នុង​បរិវេណ​ប្រាសាទ​វិញម្ដង។​ ប្រាសាទ​នេះ​មាន​ពណ៌​ក្រហម​ព្រឿងៗ​ ធ្វើ​ឡើង​ពី​ឥដ្ឋ​ មាន​រាង​ស្រដៀង​នឹង​ពីរ៉ាមីត​ ដែល​ធំក្រោម​ស្តួច​នៅ​កំពូល​ ប៉ុន្តែ​មាន​បន្ថែម​នូវ​ក្បូរក្បាច់​សំបូរ​បែប។​ មគ្គទេសក៍​របស់​យើង​បាន​ដំណាល​ថា​ ប្រាសាទ​ Dhammayangyi​ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ស្តេច​ Narathu​ ដើម្បី​ឧទ្ទិស​ដល់​បិតា​ដែល​សោយទិវង្គត​ ដោយ​ការ​ធ្វើ​គុត​ដោយ​ស្តេច​ Narathu ដើម្បី​ដណ្តើម​រាជ្យ។​ យើង​ទស្សនា​ប្រាសាទ​នេះ​មួយ​ជុំ​ រួច​ក៏​រួតរះ​ឆ្ពោះ​ទៅ​គោល​ដៅ​មួយ​ទៀត​ ដែល​មគ្គទេសក៍​បាន​ប្រាប់​យើង​ជា​មុន​ថា​ ប្រាសាទ​នោះ​ជា​ប្រាសាទ​ដែល​ស្អាត​ជាង​គេ​នៅ​ក្នុង​ចំណោម​ប្រាសាទ​ទាំង​ឡាយ​នៅ​ក្នុង​តំបន់​បាហ្គាន។

          ក្លោងទ្វារ​ធ្វើ​ឡើង​ពី​ឈើ ​​មាន​ក្បូរក្បាច់​ដូច​ជា​ដំបូល​ស្រួច​មាន​ភាព​ចំណាស់​បន្តិច​ ប៉ុន្តែ​មិន​មាន​សភាព​ទ្រុឌទ្រោម​ឡើយ។​ នៅ​លើ​ក្លោងទ្វារ​នេះ​មាន​សរសេរ​ភាសា​ភូមា​នៅ​ខាង​លើ​ និង​ភាសា​អង់គ្លេស​នៅ​ខាង​ក្រោម​ ដែល​អាន​ថា​អាណាន់ដាផាយ៉ា​ (Ananda​ Phaya)​ ដែល​ជា​ស្ថាបត្យកម្ម​ប្រាសាទ​ពី​បុរាណ​ដែល​ស្អាត​ជាង​គេ​ក្នុង​តំបន់​នេះ។​ អ្នក​លក់​វត្ថុ​អនុស្សាវរីយ៍​ក៏​ដូច​ជា​សម្លៀកបំពាក់​ប្រពៃណី​ភូមា​ ឈរ​កាន់​ផលិតផល​របស់​ខ្លួន​ឈូរ​ឈរ​នៅ​ខាង​មុខ​ក្លោងទ្វារ​ចូល​ដូច​សព្វ​មួយដង​ ដោយ​សារ​ប្រាសាទ​នេះ​គឺ​ជា​ប្រាសាទ​មួយ​ ដែល​ជា​គោល​ដៅ​ទេសចរណ៍​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​ និង​អន្តរជាតិ។

          យើង​ដើរ​ទស្សនា​បរិវេណ​ខាង​ក្រៅ​នៃ​ប្រាសាទ​នេះ​មុន​ ដើម្បី​មើល​ឲ្យ​ច្បាស់​ពី​ស្ថាបត្យកម្ម​ដ៏​ពិសិដ្ឋ​នេះ។​ ប្រាសាទ​ដែល​មាន​ពណ៌​ស​ និង​កំពូល​ពណ៌​មាស​ មាន​អាយុ​កាល​ប្រមាណ​មួយពាន់ឆ្នាំ​ដូច​ប្រាសាទ​មុនៗ​ដែរ​ ប៉ុន្តែ​ប្រាសាទ​នេះ​មាន​ការ​រចនា​ល្អិតល្អន់​ជាង​ប្រាសាទ​ដទៃ​ទៀត។​ កំពូល​ប្រាសាទ​មាន​ពណ៌​មាស​លេចធ្លោ​ អម​ជា​មួយ​នឹង​កំពូល​តូចៗ​ជា​ច្រើន​នៅ​ជុំវិញ​ចំនួន​៧ជាន់។​ ត្បិត​តែ​មាន​អាយុ​កាល​ច្រើន​ឆ្នាំ​ពិតមែន​ ប៉ុន្តែ​ប្រាសាទ​នេះ​នៅ​តែ​មាន​សភាព​ថ្មីស្រឡាង​ ដោយ​សារ​មាន​ការ​ថែទាំ​ជា​ប្រចាំ ​ក៏​ដូច​ជា​ការ​លាប​ពណ៌​សាជាថ្មី។​ ផ្ទៃ​ខាង​ក្នុង​នៃ​ប្រាសាទ​នេះ​មាន​ជញ្ជាំង​៣ជាន់​ ដែល​រាល់ជញ្ជាំង​នៅ​តាម​ជាន់​នីមួយៗ​មាន​បង្កប់​ដោយ​បដិមា​ព្រះពុទ្ធ​រាប់ពាន់អង្គ​ ដោយ​អង្គ​ខ្លះ​មាន​ធ្វើ​ពី​លោហៈ​មាន​តម្លៃ​ដូច​ជា​មាស​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រាសាទ​នេះ​ក៏​ជា​ទីសក្ការៈ​ដ៏​ល្បីល្បាញ​មួយ​ផង​ដែរ​ ដោយ​មាន​បដិមា​ព្រះពុទ្ធ​ធ្វើ​អំពើ​ឈើ​ និង​ស្រោប​ដោយ​ពណ៌​មាស ដែល​មាន​កំពស់​រហូត​ដល់​ជិត​១០ម៉ែត្រ​នៅ​គ្រប់​ទិស​ទាំង​៤​នៃ​ប្រាសាទ​ដែល​ប្រជាជន​ភូមា​តែង​មក​បួងសួង​សុំ​សេចក្តី​សុខ។

         រយៈ​ពេល​២ថ្ងៃ​នៅ​តំបន់​បាហ្គាន​ពិត​ជា​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​ការ​ទស្សនា​គ្រប់​ប្រាសាទ​បុរាណ​របស់​ភូមា។ ដោយ​ពេល​វេលា​មាន​កំណត់​ យើង​បញ្ចប់​ការ​ទស្សនា​តំបន់​ទេសចរណ៍​សំខាន់ៗ​នៃ​តំបន់​ បាហ្គាន​ តែ​ត្រឹម​ប៉ុណ្ណឹង​ ប៉ុន្តែ​យើង​សង្ឃឹម​ថា​នឹង​បាន​ត្រលប់​ទៅ​វិញ​ម្ដង​ទៀត​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​ទស្សនា​ប្រាសាទ​ និង​ទីអារាម​ដទៃទៀត​ ដើម្បី​ស្វែង​យល់​ពី​ប្រវត្តិសាស្រ្ត​​ និង​វប្បធម៌​ស្រស់​បំព្រង​របស់​ជនជាតិ​ភូមា៕

Article by VA SONYKA


SUGGESTIONS