×

ភិរម្យ​វោហា​រ ​លោកតា​ ​ប្រា​ជ្ញ​ឈួន​ ​មួយ​ជីវិត​ដើម្បី​ចាប៉ី​ដង​វែង​ដែល​កូនខ្មែរ​មិន​គួរ​បំភ្លេច​ឡើយ​

NEWS 3 weeks ago
 
 

          «​ទូក​ទៅ​ ​កំពង់​នៅ​»​ ​លោកតា​ប្រា​ជ្ញ​ឈួន​ ​ភិរម្យ​វោហារ​ ​ស្តេច​ចាប៉ី​ដង​វែង​ដ៏​ល្បី​រន្ទឺ​ទូទាំង​ប្រទេស​កម្ពុជា​និង​ជាម​រត​ក​ដ៏​មានតម្លៃ​បំផុត​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​បាន​លាចាក​លោក​ហើយ​កាលពី​យប់​ឈាន​ចូល​ថ្ងៃទី១៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​វេលា​ម៉ោង​ ​១​:​៣០​ ​ក្នុង​ជន្មាយុ​ ​៨២​ ​ឆ្នាំ​។​ ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​បច្ចុប្បន្ន​សព​របស់​លោកតា​ ​ប្រាជ្ញ​ ​ឈួន​ ​បាន​តម្កល់​នៅក្នុង​វត្ត​បុ​ទុម​ ​វតី​ ​នៃ​រាជធានី​ភ្នំពេញ​។​ ​ឈ្លៀ​ត​ក្នុង​ឱកាស​នេះ​ផង​ដែរ​សូ​វរីន​ ​សូម​សង្ខេប​ប្រវត្តិ​ខ្លះ​ៗ​នៃ​ ​ភិរម្យ​វោហា​ចាប៉ី​ដង​វែង​ខ្មែរ​ដ៏​ល្បីល្បាញ​ដូចតទៅ​៖​

          ​លោកតា​ ​ប្រា​ជ្ញ​ឈួន​ ​ប្រសូត​នៅ​ឆ្នាំ​ ​១៩៣៦​ ​នៅ​ភូមិ​សម៉​ក្រោម​ ​ឃុំ​ខ្វាវ​ ​ស្រុក​ទ្រាំង​ ​ខេត្តតាកែវ​ ​ក្នុង​ត្រកូល​គ្រួសារ​កសិករ​មួយ​ដែល​មាន​បិតា​នាម​ ​ប្រាជ្ញ​អូន​ ​(​ជា​កសិករ​ផង​ ​ជា​សិប្បករ​ផលិត​ក្បឿង​ផង​)​ ​និង​មាតា​នាម​ ​ច្រឹង​ ​ភា​។​ ​លោកតា​មាន​បងប្អូន​បង្កើត​ចំនួន​ ​៦នាក់​ ​(​ប្រុស​ ​៥នាក់​ ​ស្រី​ម្នាក់​)​ហើយ​លោកតា​ផ្ទាល់​គឺជា​កូនពៅ​គេ​ក្នុងចំណោម​បងប្អូន​ទាំងអស់​។​ ​កាលពី​កុមារភាព​ ​លោកតា​ ​ធ្លាប់​បាន​សិក្សា​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​វត្ត​សម៉​វត្តី​ ​នៅ​ឯ​ស្រុកកំណើត​ផ្ទាល់​។​ ​ជាអកុសល​លោកតា​បាន​ធ្លាក់ខ្លួន​ពិការ​ភ្នែក​ដោយសារ​ជំ​ងឺ​កញ្ច្រិ​លតាំ​ង​ពី​វ័យ​ ​៧ឆ្នាំ​ ​មក​ម្ល៉េះ​។​ ​ក្រោយមក​ក្នុង​អាយុ​ប្រហែល​ ​១២​-​១៣​ ​ឆ្នាំ​ ​លោកតា​ចាប់ផ្តើម​ចេះ​លេងភ្លេង​ការ​ ​ចេះ​កូតទ្រ​និង​ដេញចាប៉ី​ក្នុង​ពេល​តំណាលគ្នា​តែម្តង​។​ ​ជា​កិត្តិយស​ដ៏​ធំធេង​ក្នុង​សិល្បៈ​របស់​លោកតា​ ​ដែល​បាន​ចូលរួម​ជា​បេក្ខជន​ក្នុង​ការប្រកួត​ប្រជែង​ជ្រើសរើស​សិល្បករ​ចាប៉ី​ដង​វែង​ក្នុង​កម្មវិធី​សមាជជាតិ​កាលពី​ឆ្នាំ​ ​១៩៦២​ ​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​មហោឡារិក​នៅ​វាល​ព្រះមេ​រុ​នៃ​ក្រុងភ្នំពេញ​។​ ​ក្នុង​កម្មវិធី​នោះ​ ​លោក​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ​១​ ​ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ចំនួន២០នាក់​ ​មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​នានា​។​ ​ក្រោយមក​លោកតា​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​បម្រើការ​ងារ​នៅ​វិទ្យុជាតិ​ក្រុងភ្នំពេញ​ដែល​ស្ថិតនៅ​ក្រោម​ការដឹកនាំ​ចាត់ចែង​របស់​លោក​ ​ឌុច​ ​ស៊ី​ឌឹម​ ​ចាងហ្វាង​វិទ្យុជាតិ​ជំនាន់​នោះ​។​ ​នៅ​ទីនោះ​ ​លោកតា​បាន​ច្រៀង​ចាប៉ី​រឿង​ថត​ផ្សាយ​តាមវិទ្យុ​ជាតិ​រហូតដល់​មាន​កិត្តិសព្ទ​ល្បី​រន្ទឺ​ ​សុសសាយ​ពេញ​ផ្ទៃ​ប្រទេស​ ​ថែមទាំង​បាន​ប្រាស្រ័យ​ទាក់ទង​រួមការ​ងារ​ជាមួយ​សិល្បករ​នានា​ដែល​បាន​ទៅ​ថត​សំឡេង​នៅ​វិទ្យុជាតិ​ ​ដូចជា​អធិរាជ​សំឡេង​មាស​ ​ស៊ិន​ស៊ីសាមុត​ ​លោក​មាស​ ​សា​ម៉ន​ ​លោក​ ​សុស​ម៉ាត់​ ​ជាដើម​។​ ​រហូតមកដល់​សម័យ​សាធារណរដ្ឋ​ខ្មែរ​ ​ដែល​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ​ ​លន់​ ​នល់​ ​លោកតា​នៅតែ​បន្ត​អាជីព​ដដែល​នៅ​វិទ្យុជាតិ​ ​ក៏ប៉ុន្តែ​គ្រានោះ​នៅពេល​ថត​ផ្សាយ​ចាប៉ី​ ​គេ​គិតជា​ប្រាក់ខែ​ឲ្យ​លោកតា​វិញ​ ​លែង​គិតជា​សេ​អង់​ដូចមុន​ហើយ​ពោល​គឺ​លោកតា​ទទួល​បាន​ទឹកប្រាក់​ ​៣០០០រៀល​ ​ដែល​ជា​ប្រាក់កម្រៃ​មានកម្រិត​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​។​ ​លោក​ ​បាន​បោះបង់​អាជីព​សិល្បៈ​ទាំងស្រុង​នៅក្នុង​សម័យ​ខ្មែរ​ ​បី​ឆ្នាំ​ ​ប្រាំបី​ខែ​ ​ម្ភៃ​ថ្ងៃ​ ​ដោយ​លោក​បាន​ចាកចេញ​ពី​ក្រុងភ្នំពេញ​ ​ត្រលប់​ទៅកាន់​ស្រុកកំណើត​របស់​លោក​វិញ​។​ ​បើ​ទោះបីជា​លោក​ពិការ​យ៉ាងណាក៏ដោយ​ ​ក៏​លោក​ត្រូវ​បាន​គេ​បង្ខំឲ្យ​ប្រើ​កម្លាំង​ពលកម្ម​ ​ដេរ​ស្លឹកត្នោត​ ​និង​ជាន់​បាយជ្រូក​ ​(​២០ត្បាល់​ក្នុង​មួយថ្ងៃ​)​។​ ​ក្រោយ​ ​ថ្ងៃ​រំដោះ​ ​៧​ ​មករា​ ​ឆ្នាំ​ ​១៩៧៩​ ​លោកតា​ត្រូវ​បានខាង​ក្រសួង​ស្នើរ​ ​ឲ្យ​ចូល​បម្រើការ​នៅ​វិទ្យុជាតិ​ដដែល​វិញ​។​ ​ពិតប្រាកដ​ណាស់​ដែល​លោកតា​ ​ប្រាជ្ញ​ ​ឈួន​ ​អាច​ច្រៀង​ចាប៉ី​រឿង​ជាច្រើន​រឿង​ដូចជា​៖​ ​រឿង​ព្រះ​លក្សិ​ណ​វង្ស​នាង​ព្រា​ហ្ម​កេសរ​ ​រឿង​ស័ង្ខសិល្ប៍ជ័យ​ ​រឿង​វរវង្ស​សូរ​វង្ស​ ​រឿង​សុវណ្ណ​សាម​ ​រឿង​មហាជន​ក​ ​រឿង​រាមកេរ្តិ៍​ ​រឿង​ទុំ​ទាវ​ ​រឿង​សូ​ផា​ត​ ​រឿង​កុលាប​ប៉ៃលិន​ ​រឿង​ផ្កា​ស្រពោន​-​ល​-​។​ ​លោកតា​ភិរម្យ​ប្រា​ជ្ញ​ឈួន​ ​មិន​ត្រឹមតែ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ប្រទេស​ប៉ុណ្ណោះទេ​ ​ក៏ប៉ុន្តែ​លោក​ក៏​មាន​ប្រជាប្រិយ​ភាព​ល្បី​រហូតដល់​ឆាក​អន្តរជាតិ​រហូត​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​សម្តែង​នៅ​ស្រុកក្រៅ​មួយចំនួន​រួមមាន​ ​សហរដ្ឋអាមេរិក​ ​(​ចំនួន​ពីរ​ដង​)​ ​ប្រទេស​បារាំង​ ​(​ចំនួន​បីដង​)​ ​និង​ប្រទេស​សិង្ហបុរី​ ​(​ចំនួន​មួយ​លើក​)​ផង​ដែរ​។​ ​លោកតា​មានកូន​បង្កើត​ចំនួន​ប្រាំ​នាក់​ ​(​សុទ្ធតែ​ប្រុស​ទាំងអស់​)​ ​និង​មាន​ភរិយា​ឈ្មោះ​ ​កែវ​ព្រីង​ ​ដែល​មាន​ស្រុកកំណើត​ជាមួយគ្នា​ ​(​ភរិយា​មុន​ស្លាប់​នៅ​ឆ្នាំ​ ​២០០៤​ ​ដោយសារ​ជំងឺ​)​។​ ​លោកតា​ធ្លាប់​បាន​ទទួល​គ្រឿង​ឥស្សរិយ​សកា​រងា​រ​ដោយ​ទទួល​បាន​ប័ណ្ណសរសើរ​ចំនួន​ ​១០​ ​ក្រោយពី​ឆ្នាំ​ ​១៩៧៩​ ​តួយ៉ាង​ការ​ប្រកាសនីយ​ប័ត្រ​គ្រឿង​ឥស្សរិយ​សមុ​នី​សា​រា​ភ័​ណ្ឌ​ ​ថ្នាក់​អស្សឫទ្ធិ​ក្នុង​ ​ឆ្នាំ​ ​២០០១​ ​និង​ប័ណ្ណសរសើរ​របស់​សមាគម​សិល្បករ​ខ្មែរ​ ​ឆ្នាំ​ ​២០១១​-​ល​-​៕​

Article​ ​by​ ​SRIN​ ​SOKMEAN​ ​&​ ​KEO​ ​SONG



SUGGESTIONS