×

សហគ្រិន​ពីរ​រូប​បង្កើត​វេប​សាយ​ដើម្បី​ស្វែងរក​ការងារ​និង​ឱកាស​ឲ្យ​ជនពិការ

NEWS 5 years ago
 
 

​            ដោយ​សម្លឹង​មើលឃើញ​ថា​ ​ជន​ពិការ​អាច​មាន​សមត្ថភាព​លើស​ពី​ការ​ប្រកបមុខរបរ​វិជ្ជាជីវៈ​ធម្មតា​ ​បាន​ជំរុញ​ឲ្យ​ស្ថាបនិក​គេហទំព័រ​ពីរ​រូប​បង្កើត​នូវ​គំនិត​មួយ​ដើម្បី​បើកឱកាសឲ្យ​ជន​ពិការ​អាច​ចូលរួម​ការងារ​ដូច​ប្រជាពលរដ្ឋ​ធម្មតា​នៅក្នុង​ក្រុមហ៊ុន​ឯកជន​ ​និង​ស្ថាប័ន​មួយចំនួន​ផង​ដែរ​។​ ​នេះ​ជា​ការ​សហការ​គ្នា​រវាង​អ្នក​ដែល​ធ្លាប់​បម្រើការ​ងារ​ពិការភាព​ជា​យូរឆ្នាំ​ ​លោក​ ​សុខ​ចាន់​ ​ចំណាប់​ ​និង​ អ្នកស្រី​ ​ត្រេង​ ​គុយ​ឆេង​ ​ជា​ជន​ដែល​មាន​អវយវៈ​មិនធម្មតា​ ​គឺជា​សហ​ស្ថាបនិក​របស់​ ​Inclusion​។​ ​«​Inclusion​»​គឺជា​គំនិត​នវានុវត្តន៍​មួយ​ដែល​ត្រូវ​បាន​គណៈកម្មការ​ផ្តល់​តម្លៃ​ខ្ពស់​ក្នុង​ការប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ ​គំនិត​អាជីវកម្ម​ថ្មី​ដើម្បី​ជួយ​សង្គម​ ​ដែល​ធ្វើឲ្យ​ពួកគេ​អាច​ឈ្នះ​ប្រាក់​រង្វាន់​រហូតដល់​បី​ពាន់​ដុល្លារ​ខណៈ​ដែលគេ​ជឿជាក់​ថា​នេះ​ជា​គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​សង្គម​។​

​            ការបង្កើត​ឱកាស​ឲ្យ​ជន​ពិការ​នេះ​នឹង​ធ្វើឡើង​តាមរយៈ​គេហទំព័រ​មួយ​ដែល​ក្រុមហ៊ុន​ឯកជន​នានា​ ​និង​ស្ថាប័ន​ការងារ​ជាមួយនឹង​ជន​ពិការ​អាច​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន​យ៉ាង​ងាយស្រួល​។​ ​គេហទំព័រ​ ​Inclusion​ ​គ្រោង​នឹង​ដាក់ឲ្យ​ដំណើ​ការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ​០៣​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​ដែល​ជា​ថ្ងៃ​ទិវា​នៃ​ជន​ពិការ​តែម្តង​។​ ​គម្រោង​ ​Inclusion​ ​នេះ​មិនគ្រាន់​តែ​ភ្ជាប់​ទំនាក់ទំនង​ ​រវាង​ក្រុមហ៊ុន​ ​និង​ជន​ពិការ​នោះ​ឡើយ​ ​ក៏ប៉ុន្តែ​ ​Inclusion​ ​ក៏​ជា​កន្លែង​ហ្វឹកហាត់​បណ្តុះបណ្តាល​ជំនាញ​ ​និង​ក្រមសីលធម៌​ ​ដោយមាន​ការ​សហការ​ជាមួយនឹង​អង្គការ​នានា​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ផង​ដែរ​។​ ​

អ្នកស្រី​ ​ត្រេង​ ​គុយ​ឆេង

​            អ្នកស្រី​ ​ត្រេង​ ​គុយ​ឆេង​ ​បាន​បញ្ជាក់​ថា​ ​Inclusion​ ​មាន​ទំនាក់ទំនង​ជាមួយនឹង​អង្គការ​ ​និង​ស្ថាប័ន​នានា​ ​ដែលគេ​នឹង​ផ្តល់​ជាវ​គ្គ​បណ្ដុះបណ្ដាល​បន្ថែម​ទៀតផង​។​ ​លោក​ ​សុខ​ចាន់​ ​ចំណាប់​ ​បាន​បន្ថែម​ ​ជន​ពិការ​មិន​ត្រូវការ​អាណិត​ពី​យើង​នោះ​ទេ​ ​ក៏ប៉ុន្តែ​ពួកគេ​ត្រូវការ​ឱកាស​ដើម្បីឲ្យ​ពួកគេ​អាច​បញ្ចេញ​សមត្ថភាព​ ​និង​ភាពជា​អ្នកដឹកនាំ​ដូច​មនុស្ស​ធម្មតា​ផង​ដែរ​។​ ​ដូច្នេះ​ក្រុមហ៊ុន​ដែល​ទទួលយក​ជន​ពិការ​ដើម្បី​ធ្វើការ​គួរតែ​សម្លឹង​មើលឃើញ​ពី​សមត្ថភាព​របស់​ពួកគេ​ ​ជៀស​ជាង​គ្រាន់តែ​ជា​ការ​អាណិត​ស្រលាញ់​។​ ​ជន​ពិការ​អាច​ធ្វើអ្វី​បាន​ច្រើនជាង​អ្វី​ដែល​មនុស្ស​ទូទៅ​ឃើញថា​គ្រាន់តែ​ការ​ប្រកបមុខរបរ​វិជ្ជាជីវៈ​ធម្មតា​ជាដើម​។​ ​លោក​ ​សុខ​ចាន់​ ​ចំណាប់​ ​៖​ ​«​យើង​ចង់​ប្តូរ​បរិបទ​សង្គម​មួយ​ឲ្យ​គេ​មើលឃើញ​នូវ​សមត្ថភាព​ជន​ពិការ​លើស​ពី​ការ​ប្រកបមុខរបរ​វិជ្ជាជីវៈ​ ​និង​ការ​អាណិតអាសូរ​។​»​ ​

លោក​ ​សុខ​ចាន់​ ​ចំណាប់

​            ត្រលប់​ទៅ​ម្ខាងទៀត​ ​inclusion​ ​ក៏​នឹង​ផ្តល់​ជា​ប្រឹក្សា​ ​និង​ពិភាក្សា​ជាមួយនឹង​ក្រុមហ៊ុន​ ​និង​ស្ថាប័ន​ផ្សេង​ៗ​ ​ដែល​មានបំណង​ចង់​ផ្តល់​ឱកាស​ឲ្យ​ជន​ពិការ​អាច​បញ្ចេញ​សមត្ថភាព​ឲ្យ​ត្រូវ​ ​និង​ស័ក្​ត​សមជា​មួយ​នឹង​ជំនាញ​ដែល​ជន​ពិការ​មាន​។​ ​ជាមួយនឹង​តម្រូវការ​នៃ​ធនធាន​ ​និង​ផ្តល់​ឲ្យបាន​នូវ​ ​គុណភាព​នៃ​ចំណេះដឹង​ ​Inclusion​ ​ក៏​គ្រោង​នឹង​បង្កើត​ជា​ថ្នាក់​សម្រាប់​បង្រៀន​បន្ថែម​ដោយ​ផ្ទាល់​ទៅកាន់​ជន​ពិការ​ដើម្បីឲ្យ​ក្លាយជា​ធនធាន​មួយ​ក្នុង​ការ​បំពេញការងារ​ដោយ​ឆន្ទៈ​ទៀតផង​។​ ​អ្នកស្រី​ ​ត្រេង​ ​គុយ​ឆេង​ ​៖​ ​«​យើង​ចង់​ឲ្យ​ជន​ពិការ​បាន​ស្គាល់​ខ្លួនឯង​ជាមុន​សិន​ ​ឲ្យ​គាត់​ដឹង​ថា​គាត់​ចូលចិត្ត​អ្វី​ហើយ​អាច​ធ្វើអ្វី​បាន​ខ្លះ​»​។​ ​នេះ​ជា​គំនិត​ដ៏​ល្អ​មួយ​ដែល​ជួយ​បើកផ្លូវ​ឲ្យ​ជន​ពិការ​អាច​បញ្ចេញ​ឲ្យអស់​នូវ​សមត្ថភាព​ ​និង​អាច​ប្រកួតប្រជែង​ភាព​ប៉ិនប្រសប់​របស់​ខ្លួន​នៅក្នុង​ស្ថាប័ន​ការងារ​មួយ​ប្រកបដោយ​ចីរភាព​និង​ភាតរភាព​រវាង​ក្រុមការងារ​ទាំងមូល​នៅកន្លែង​ការងារ​ផង​ដែរ​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS