×

ក្រុម​យុវជន​ ​Color​ ​Wheel​ ​សហការ​ផលិត​គំនូរជីវចល​ខ្មែរ​រហូត​ជាប់​ជ័យ​លា​ភី​ថ្នាក់​ជាតិ​

NEWS 7 days ago
 
 

           ​បើ​និយាយ​ដល់​គំនូរជីវចល​ ​ឬ​ ​ភាពយន្ត​តុក្កតា​ដែល​បញ្ចាំង​នៅ​ស្រុកខ្មែរ​កន្លងមក​ភាគច្រើន​ជា​ស្នាដៃ​ផលិត​របស់​បរទេស​ ​ប៉ុន្តែ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ស្ថា​នី​យ៍​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​រៀបចំ​ ​ផលិតកម្ម​វិធី​ប្រឡងប្រជែង​ស្នាដៃ​គំនូរជីវចល​និង​វីដេអូ​ខ្នាត​ខ្លី​ថ្នាក់​ជាតិ​ដើម្បី​ឈាន​ទៅ​ប្រកួតប្រជែង​ដណ្តើម​ជ័យ​លា​ភី​ថ្នាក់​អា​ស៊ីក្នុង​កម្មវិធី​ធំ​ឈ្មោះថា​ ​Dig​iCon​6 ​ASIA​ ​របស់​ប្រទេស​ជប៉ុន​។​ ​សម្រាប់​ឆ្នាំ​២​០​២​០​កន្លងទៅ​នេះ​ ​ស្នាដៃ​របស់​សហ​ផលិតករ​ខ្មែរ​បី​រូប​ ​ក្រោម​ចំណងជើង​ថា​ ​«​ថ្ងៃនេះ​សម្រាប់​ថ្ងៃស្អែក​»​ ​ត្រូវ​បាន​ប្រកាស​ជា​គំនូរជីវចល​ជ័យ​លា​ភី​ថ្នាក់​ជាតិ​ ​ដែល​បាន​ប្រគល់​ពានរង្វាន់​ ​និង​ ​ប្រកាសនីយបត្រ​ក្រោមអធិបតីភាព​របស់​ ​ឯកឧត្តម​ ​ខៀវ​ ​កា​ញា​រី​ទ្ធ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ព័ត៌មាន​ ​និង​ ​លោកជំទាវ​ ​គួរ​ជាទី​មោទកភាព​។​

          ​ក្រុម​ដែល​ទទួល​បាន​ជ័យ​លា​ភី​នេះ​មានឈ្មោះ​ថា​ ​ក្រុម​ ​Color​ ​Wheel​ ​ដែល​មាន​សមាជិក​សរុប​ចំនួន​បី​រូប​ ​គឺ​ ​លោក​ ​ភេទ​ ចា ​មាន​តួនាទី​ជា​វិចិត្រករ​ ​លោក​ ​អ៊ុំ​ ​សិលា​វិចិត្រ​ ​ជា​ផលិតករ​គំនូរជីវចល​ ​និង​ ​លោក​ ម៉ិ​ច​ ​សត្យា​ ​ជា​អ្នក​កាត់ត​សំឡេង​។​ ​យោង​តាម​ការ​ផ្តល់​បទសម្ភាសន៍​របស់​លោក​ ​ភេទ​ ចា ​វ័យ​៣​០​ ​ឆ្នាំ​ ​មកពី​ខេត្ត​ត្បូងឃ្មុំ​ ​តំណាង​ក្រុម​ ​Color​ ​Wheel​ ​ក្រុម​លោក​បាន​ចំណាយ​ពេល​ប្រមាណ​ពីរ​ខែ​ ​ផលិត​វីដេអូ​មួយ​នេះ​ឡើង​ដើម្បី​ចូលរួម​ប្រកួត​កម្មវិធី​ខាងលើ​នេះ​។​ ​លោក​ផ្ទាល់​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ផលិត​វីដេអូ​ដើម្បី​ចូលរួម​ ​ព្រោះ​លោក​បាន​ដឹង​ពី​កម្មវិធី​នេះ​តាំងពី​ឆ្នាំ​២​០​១​៩​មក​ម្ល៉េះ​ ​ប៉ុន្តែ​ត្រូវ​ខក​ខានមិនបាន​ចូលរួម​ ​ហើយ​ត្រូវ​រង់ចាំ​អស់​ ​រយៈពេល​មួយ​ឆ្នាំ​ ​ទើប​មានឱកាស​បាន​ចូលរួម​។​

          ​មូលហេតុ​ដែល​ជំរុញចិត្ត​លោក​ឲ្យ​បង្កើត​ជា​ក្រុម​ចូលរួម​ប្រកួត​គឺ​ដោយសារ​ការ​គូរ​ជា​ជំនាញ​ដែល​លោក​ស្រឡាញ់​ ​ទោះបីជា​លោក​មិនបាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ជា​ផ្លូវការ​ពី​វា​ក៏ដោយ​។​ ​ត្រង់​ចំណុច​នេះ​ ​លោក​បាន​បញ្ជាក់​ថា​ ​លោក​ជា​អតីត​និស្សិត​បរិញ្ញាបត្រ​រង​មកពី​វិទ្យាស្ថាន​ស៊ី​តិ​ក​ (​SET​E​C) ​ឯកទេស​ស្ថាបត្យកម្ម​ ​។​ ​លុះដល់​ពេល​លោក​ធ្វើការ​ ​លោក​ក៏បាន​ទាក់ទង​មិត្ត​រួមការ​ងារ​ពីរ​នាក់​ទៀត​ដែល​មាន​សមត្ថភាព​ផ្សេងៗ​គ្នា​មក​សហការ​គ្នា​បង្កើត​វីដេអូ​ ​«​ថ្ងៃនេះ​សម្រាប់​ថ្ងៃស្អែក​»​ ​នេះ​តែម្តង​ ​តាមរយៈ​ការរំលែក​ម៉ោង​ការងារ​ខ្លះ​ ​និង​ការប្រជុំ​តាម​អន​ឡា​ញ​ ​ទាំង​មិនបាន​ជួបគ្នា​ប្រជុំ​ខាងក្រៅ​ផ្ទាល់​សូម្បីតែ​ម្តង​ទាល់តែសោះ​។​ ​ទោះបីជា​យ៉ាងណា​ ​ក្នុងមួយថ្ងៃ​លោក​ត្រូវ​ចំណាយ​ពេល​បួន​ម៉ោង​ក្នុង​ការ​គូរ​។​  ​«​ថ្ងៃនេះ​សម្រាប់​ថ្ងៃស្អែក​»​ ​ត្រូវ​បាន​ធ្វើឡើង​ដោយសារតែ​ក្រុម​លោក​​​មាន​ទឹក​ចិត្តស្រឡាញ់​ធម្មជាតិ​ ​ហើយ​ចង់​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ​ទៅកាន់​មហាជន​។​ ​សាច់រឿង​និយាយ​អំពី​ក្មេងស្រី​ជនបទ​ម្នាក់​ឈ្មោះ​ ​ភា​រី​ ​ដែល​បាន​ទៅ​មើល​គោ​ ​ហើយ​ទទួលរង​ឥទ្ធិពល​អាកាសធាតុ​ក្តៅ​ហួតហែង​។​ ​នាង​បាន​ព្យាយាម​ដាំ​កូនឈើ​ម្តង​ហើយ​ម្តងទៀត​ ​ទោះបី​មិនបាន​ជោគជ័យ​លើកដំបូង​ក៏ដោយ​។​ ​នៅ​ពេល​មេឃ​ភ្លៀង​ ​កូនឈើ​ដែល​នាង​ដាំ​បាន​រស់​លូតលាស់​ឡើង​។​ ​នាង​ថែមទាំង​បាន​ជួយ​ណែនាំ​ក្មេងៗ​ក្នុង​ភូមិ​ឲ្យ​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ដើមឈើ​និង​ចូលរួម​ដាំ​ទាង​អស់​គ្នា​។​ ​ជា​លទ្ធផល​ ​ពួកគេ​ទទួល​បាន​ភូមិ​ដែល​ពោរពេញ​ដោយ​បរិយាកាស​ធម្មជាតិ​គួរឲ្យ​ចង់​រស់នៅ​។​

          ​គួរ​បញ្ជាក់​ថា​ ​លក្ខ​ន្តិកៈ​នៃ​ការចូលរួម​ប្រកួត​គំនូរជីវចល​ក្នុង​កម្មវិធី​ ​Cam​bo​d​i​a​ ​Dig​iCon​6 ​ឆ្នាំ​២​០​២​០​ ​នេះ​ ​គឺ​ វីដេអូ​ត្រូវ​មាន​រយៈពេល​មិន​លើស​ពី​៥​នាទី​ ​ផលិត​ដោយក្រុម​ដែល​មាន​សមាជិក​វ័យ​ក្រោម​ ​៣​០​ឆ្នាំ​ ​មិន​លើស​ពី​៣​នាក់​ ​ហើយ​ត្រូវ​បង្កប់​សារ​អប់រំ​សង្គម​។​ ​គំនូរជីវចល​ចូលរួម​ត្រូវ​បាន​បែងចែក​ជា​៣​ប្រភេទ​ ​ក្នុង​នោះ​រួម​មាន​ ​ប្រភេទ​ 2​D​, 3​D​ ​និង​ ​Stop​ ​Animation​។​ ​ដោយឡែក​ ​រឿង​ខាងលើ​ស្ថិត​ក្នុង​ប្រភេទ​គំនូរជីវចល​ 2​D​។​ ​រីឯ​គណៈកម្មការ​ដាក់​ពិន្ទុ​មាន​ចំនួន​៤​រូប​ ​ដែល​ក្នុង​នោះ​មាន​មួយ​រូប​ជា​អ្នកជំនាញ​ជនជាតិ​ជប៉ុន​។​ ​លក្ខណៈ​ពិសេស​ដែល​ជនជាតិ​ជប៉ុន​បាន​ស្ញើ​ច​សរសើរ​ចំពោះ​ស្នាដៃ​ក្រុម​នេះ​ ​គឺ​ ​មាន​លក្ខណៈ​អត្តសញ្ញាណ​ខ្មែរ​ ​និង​ ​គំនូរ​មាន​ភាព​ទាក់ទាញ​និង​ពណ៌​ស្រស់​ស្អាត​។​ “​សម្រាប់​ការ​ទទួល​បាន​ជ័យ​លា​ភី​មួយ​នេះ​ ​គឺ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ជា​ខ្លាំង​ហើយក៏​មិន​នឹកស្មាន​ថា​ខ្ញុំ​អាច​ទទួល​ជ័យ​លា​ភី​នេះ​នោះ​ទេ​។​ ​ហើយក៏​សូម​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ​ ​បើ​ស្រឡាញ់​ផ្នែក​នេះ​ ​សូម​ព្យាយាម​រៀន​ ​មិនថា​នៅ​សាលា​ ​ឬ​រៀន​ដោយខ្លួនឯង​នោះ​ ​ព្រោះ​ខ្លួនខ្ញុំផ្ទាល់​គឺ​រៀន​តាម​វីដេអូ​លើ​បណ្តាញ​Inter​net​ ​និង​ ​Y​ou​tube​ ​ដែរ​ទេ​ ​ហើយ​ជាពិសេស​ត្រូវ​តាមដាន​ ​Face​book​ ​Page​ ​Cam​bo​d​i​a​ ​Dig​icon​6 ​ដើម្បី​ទទួល​ពត៌មាន​ផ្សេង​អំពី​គំនូរជីវចល​ ​ឬ​ ​ការ​ប្រកួត​នេះ​ផង​ដែរ​ ​អរគុណ​ច្រើន​ ​ជូនពរ​សំណាងល្អ​គ្រប់​ៗ​គ្នា​” ​លោក​ ​អ៊ុំ​ ​សិលា​វិចិត្រ​ ​សហ​ផលិតករ​បាន​លើកឡើង​។​

          ​ក្រុម​ជ័យ​លា​ភី​ទទួល​បាន​ពានរង្វាន់​ ​ប្រកាសនីយបត្រ​ជ័យ​លា​ភី​ ​ប្រាក់​រង្វាន់​ចំនួន​១​លាន​២​សែន​រៀល​ ​ប្រាក់ឧបត្ថម្ភ​ចំនួន​ ​៤​០​០​,​០​០​០​រៀល​ ​ពី​ឯកឧត្តម​រដ្ឋ​ម​ន្រ្តី ​និង​ ​ប្រាក់ឧបត្ថម្ភ​ចំនួន​ ​៤​០​០​,​០​០​០​រៀល​ទៀត​ ​ពី​លោកជំទាវ​។​ ​ក្រៅពី​ក្រុម​ជ័យ​លា​ភី​លេខ​១​ថ្នាក់​ជាតិ​ ​ក៏​នៅ​មាន​ក្រុម​ជ័យ​លា​ភី​កិត្តិយស​ផ្សេងទៀត​ ​គឺ​ ​ជ័យ​លា​ភី​កិត្តិយស​រូបភាព​ ​បាន​ទៅលើ​ក្រុម​ទេព​រុក្ខៈ ​ជ័យ​លា​ភី​កិត្តិយស​ផ្នែក​គំនិត​ ​បាន​ទៅលើ​ក្រុម​ ​Man​g​a​ ​Khmer​ ​ជ័យ​លា​ភី​កិត្តិយស​ផ្នែក​សាច់រឿង​ ​បាន​ទៅលើ​ក្រុម​ ​Long​ K​i​m​hen​g​ ​និង​ ​ជ័យ​លា​ភី​កិត្តិយស​ផ្នែក​ប្រជាប្រិយភាព​ ​បាន​ទៅលើ​ក្រុម​ ​KID​O​Z​A​៕​

Article by SRINSOKMEAN


SUGGESTIONS