×

«ហត្ថានារី» ផ្តល់​ឱកាស​ការងារ​ដល់​កសិករ​ទីជនបទ​អាច​រក​កម្រៃ​បាន​យ៉ាង​ងាយ​ស្រួល

NEWS 3 years ago
 
 

            ការ​គាំទ្រ​ផលិតផល​ធ្វើ​ដោយដៃ​កាន់តែ​មាន​ទី​ផ្សារ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ដែល​នេះ​ជា​កត្តា​មួយ​បង្ហាញ​ថា​ប្រជាជន​ខ្មែរ​ងាក​មក​ចាប់ផ្តើម​ផ្តល់​តម្លៃ​ទៅលើ​ផលិតផល​ក្នុងស្រុក​ជាបន្តបន្ទាប់​ ​បើ​ទោះបីជា​ផលិតផល​នោះ​មាន​តម្លៃ​ខ្ពស់​ក៏ដោយ​។​ ​ជាក់ស្តែង​ ​ផលិតផល​ថែរក្សា​សុខភាព​សម្រស់​ ​ប្រភេទ​តែ​ធម្មជាតិ​ ​ឬ​ទៀន​ក្រអូប​ ​សុទ្ធតែ​ជា​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​និយម​ប្រើប្រាស់​ ​និង​រៀបចំ​វេច​ខ្ចប់​ធ្វើជា​កាដូ​អនុ​ស្សាវរីយ៍​ដ៏​ស្រស់​ស្អាត​ថែមទៀត​។​ ​ដោយឡែក​ ​តាមរយៈ​គណនី​ទំព័រ​បណ្តាញ​សង្គម​មួយ​ឈ្មោះថា​ ​«​ហត្ថា​នារី​»​ ​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​មានការ​ផ្សព្វផ្សាយ​យ៉ាងសកម្ម​ពី​អត្ថប្រយោជន៍​ ​ក៏ដូចជា​ការ​គាំទ្រ​ផលិតផល​ធម្មជាតិ​ដែល​ជា​សមិទ្ធផល​ប្រមួល​បាន​ពី​កសិករ​ក្នុងស្រុក​ស្ថិតនៅ​តាម​តំបន់​ដាច់ស្រយាល​ ​ឬ​តាម​ទី​ជនបទ​នានា​ជាដើម។

            ជំនួប​ជាមួយនឹង​ ​កញ្ញា​ ​ភាព​ សុថុ​ន​ ​នាម​ក្រៅ​ ​វ៉ាន់​ចាន់​ ​ជា​អ្នកមាន​ស្រុកកំណើត​នៅ​ក្នុង​ខេត្ត​ ​បន្ទាយ​មានជ័យ​ ​បាន​បញ្ចប់​ការសិក្សា​ផ្នែក​គីមី​ចំណីអាហារ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (សាលា​តិច​ណូ) ​ជា​​ស្ថាបនិកា​ ​«ហត្ថានារី»​ ​បាន​បង្ហើប​ពី​គោលគំនិត​ចម្បង​របស់​ខ្លួន​ក្នុង​ការ​បង្កើត​អាជីវកម្ម​អន​ឡា​ញ​នេះ​ ​ក៏​ព្រោះតែ​មាន​ទំនាក់ទំនង​នឹង​បទពិសោធន៍​នៃ​ជីវិត​ដែល​កញ្ញា​ត្រូវ​ប្រឈម​មុខ​ជាមួយនឹង​បញ្ហា​ជាច្រើន​ឥតឈប់ឈរ​តាំងពី​កុមារភាព​មក​ម្ល៉េះ។​ ​«ហត្ថានារី»​ ​ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ខែ​មករា​ ​ឆ្នាំ២០១៩​ ​និង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ក្នុង​ខែ​មិថុនា​ដែល​មាន​ចក្ខុវិស័យ​ ​ក៏ដូចជា​បេ​ស​សកម្ម​មួយ​ចំនួន​ផ្តោត​លើ​ការ​គាំទ្រ​ដំណាំ​របស់​អ្នកភូមិ​អាច​​​រក​ប្រាក់​ក​ម្រៃ​មួយ​ចំនួន​តាមរយៈ​ការ​បញ្ជា​រ​ទិញ​របស់​ហត្ថា​នារី​ផ្ទាល់​តែម្តង​។​ ​កញ្ញា​ ​វ៉ាន់​ចាន់​ ​បាន​បង្ហាញ​ ​សូវ​រី​ន​ ​យ៉ាង​ដូច្នេះ​ថា​ ​«​បច្ចុប្បន្ន​ហត្ថា​នារី​ផ្តោត​សំខាន់​លើ​ប្រភេទ​តែ​ធម្មជាតិ​ចំនួន​៩​ប្រភេទ​ដូចជា​៖​ ​តែ​ស្លឹកគ្រៃ​ ​តែ​ស្លឹកគ្រៃ​លាយ​រំដេង​ស្លឹក​ក្រូច​ ​តែ​ល្មៀត​ ​តែ​ខ្ញី​ ​តែ​ផ្កា​អម​តៈ ​តែ​ផ្កា​ឡេវ​អាវ​ ​តែ​ផ្កា​ម្ជូរព្រឹក​ ​តែ​ព្នៅ​ ​និង​តែ​ស្លឹក​តើយ​ ​មួយវិញទៀត​ ​ពួកយើង​កំពុង​សិក្សា​លើ​ប្រភេទ​តែ​ចំនួន​២០ប្រភេទ​បន្ថែម​ទៀត​ដែល​អាច​នឹង​ក្នុង​អំឡុង​ខែវិច្ឆិកា​ខាងមុខនេះ​»​។​ ​ជា​ការពិត​ណាស់​ ​ការ​ទទួលទាន​ ​«តែ»​ ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ ​តួយ៉ាង​ ​ដូចជា​ប្រភេទ​តែ​ស្លឹកគ្រៃ​លាយ​រំដេង​ស្លឹក​ក្រូច​ ​តែ​ផ្កា​អម​តៈ ​តែ​ខ្ញី​ ​និង​តែ​ម្ជូរព្រឹក​ ​ដែល​មានមុខ​ងារ​កាត់បន្ថយ​សម្ពាធ​ឈាម​ ​បង្ការ​ការ​កើតជំងឺ​ទឹកនោម​ផ្អែម​ ​ជួយ​ឲ្យ​ឆ្អឹង​ ​និង​ធ្មេញ​រឹង​មាំ​ ​និង​ផ្តល់​វីតាមីន​ C ​ជួយ​ល់​ការរំលាយអាហារ​ ​កាត់បន្ថយ​បញ្ហា​រលាក​សន្លាក់​ ​បង្កើន​ប្រព័ន្ធ​ភាព​សុំា ​ក៏ដូចជា​ជួយ​ចរន្ត​ឈាម​ឲ្យ​រត់​ស្រួល​ ​និង​បង្ការ​ពី​ជំងឺ​មហារីក​មួយ​ចំនួន​ថែមទៀត​។​ ​ថ្វី​ដ្បិតតែ​ ​ហត្ថា​នារី​ ​ផ្តោត​សំខាន់​ទៅលើ​ប្រភេទ​តែ​ធម្មជាតិ​ក៏​ពិតមែន​ ​ប៉ុន្តែ​នៅ​ទីនេះ​ក៏មាន​ផលិតផល​ផ្សេងៗ​ទៀត​ដូចជា​៖​ ​ក្រែម​ជំនួយ​ដំណេក​ ​ទឹក​ឃ្មុំ​ធម្មជាតិ​ ​ប្រភេទ​ទៀន​ក្រអូប​ ​ឬ​សម្ភារ​ប្រើប្រាស់​សម្រាប់​ធ្វើការ​វេច​ខ្ចប់​ដែល​ពុំ​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ។​

​            ស្ថាបនិកា​ ​ហត្ថា​នារី​ ​កញ្ញា​ ​ភាព​ សុថុ​ន​ ​នាម​ក្រៅ​ ​វ៉ាន់​ចាន់​ ​ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​ ​«ហត្ថា​នារី​ ​នៅតែ​បន្ត​លើកទឹកចិត្ត​ប្រជាជន​ខ្មែរ​គាំទ្រ​ផលិតផល​ក្នុងស្រុក​ឲ្យបាន​កាន់តែ​ច្រើន​ ​មួយវិញទៀត​ ​ហត្ថា​នារី​ ​ក៏​សង្ឃឹម​ថា​ពួកយើង​ទាំងអស់គ្នា​នៅតែ​បន្ត​ចូលរួម​កាត់បន្ថយ​នៃ​ការប្រើប្រាស់​​ប្លាស្ទិក​ឲ្យបាន​ច្រើនជាង​នេះ​បន្ថែម​ទៀត​ដែល​វា​ជា​ចំណែក​មួយ​ធ្វើឲ្យ​បរិស្ថាន​កាន់តែ​មាន​សោភ័ណ​ភាព​ ​និង​មាន​ភាព​ស្រស់បំព្រង​ផង​ដែរ»៕​

Article​ ​by​ ​Pan​ S​i​v​l​y​

Image Courtesy: ភាព​ សុថុ​ន


SUGGESTIONS