×

យុវ​ត​ន្រ្តី​ករ​ខ្មែរ​១​៣​រូប​កំពុង​ពួតដៃគ្នា​ប្រគំ​ចងក្រង​វីដេអូ​ឯកសារ​ស្តីពី​តន្រ្តី​ម​ហោរី​ព្រះរាជទ្រព្យ​

NEWS 3 years ago
 
 

​          យុវជន​ ​ណុប​ ​សម្បូរ​មី​ ​ប្រធាន​ក្រុម​ត​ន្រ្តី​មហោរី​ព្រះរាជទ្រព្យ​ ​«​មនោ​ហា​រា​»​ ​បាន​ពន្យល់​ប្រាប់​សូវ​រី​ន​ថា​ ​ពាក្យ​ថា​ ​«​មហោរី​»​ ​បាន​ក្លាយមកពី​ពាក្យ​ ​«​មនោ​ហារ​»​ (​មនោ​ហា​រា​(​ប្រុស​) ​មនោ​ហារី​(​ស្រី​)) ​ដែល​ជា​ឈ្មោះ​ក្រុម​នេះ​ ​គឺជា​ពាក្យ​សំ​ស្រ្កឹ​ត​មានន័យ​ថា​ ​អ្នក​បម្រើ​នៅ​តាម​ប្រាសាទ​ដែល​មាន​ភារកិច្ច​លេងភ្លេង​។​ ​ហើយ​ពាក្យ​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​សិលាចារឹក​ K​៤​០​០​ ​ក្នុង​ស​.​វ​ទី​៩​ ​I​C ​លេខ​៦​ ​បន្ទាត់​ទី​ ​៨​៥​ ​និង​នៅ​ប្រាសាទ​ប្រែរូប​ក្នុង​សិលាចារឹក​ K​៨​០​៦​ ​ស​.​វ​ ​ទី​១​០​ឯកសារ​ជំនុំ​សិលា​ចារឹក​​លេខ​១​ ​បន្ទាត់​ទី​៩​៨​ ​បាន​ប្រើ​ក្នុង​អត្ថន័យ​កាព្យឃ្លោង​ "​កវី​មនោ​ហារ​"​។​ ​«​មនោ​ហា​រា​»​ ​ត្រូវ​បាន​រៀបចំ​បង្កើត​ឡើង​នៅ​អំឡុង​ដើមខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​ដោយក្រុម​អតីត​សិស្ស​-​និស្សិត​សាលា​មធ្យម​ ​វិចិត្រ​សិល្បៈ ​និង​ ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ (RU​F​A​) ​ក្នុង​គោលបំណង​ធំ​ៗ​ចំនួន​ពីរ​ ​គឹ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​ ​«​វង់​ត​ន្រ្តី​ខ្មែរ​ ​រដូវ​កាល​ទី​២​»​ ​រៀបចំ​ឡើង​ដោយ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង​ ​សហការ​ជាមួយ​ស្ថា​នី​យ៍​ទូរទស្សន៍​បាយ័ន​ (B​T​V​) ​និង​ ​ដើម្បី​បង្កើត​ជា​វីដេអូ​ឯកសារ​ស្តីពី​ទម្រង់​ភ្លេងមហោរី​ព្រះរាជទ្រព្យ​ខ្មែរយើង​ពី​បុរាណ​ដែល​អាច​នឹង​ប្រឈម​មុខនឹង​ការ​បាត់បង់​ប្រសិនបើ​ខ្វះ​ការស្រាវជ្រាវ​អភិ​រក្ស​ឡើងវិញ​ដោយ​ ​កម្លាំង​យុវជន​ជំនាន់​ក្រោយ​។​

​          ​ប្រធាន​ក្រុម​ដដែល​បានឲ្យ​ដឹង​ថា​ ​ក្រុម​ត​ន្រ្តី​នេះ​កាលពីដើម​ឡើយ​ ​មាន​សហ​ស្ថាបនិក​ចំនួន​បី​រូប​ ​គឺ​ ​ណុប​ ​សម្បូរ​មី​ (​អ្នក​ផ្តួចផ្តើម​គំនិត​) ​យុវជន​ ​ហាក់​ ​តុលា​ ​និង​ ​យុវជន​ ​មឿន​ ​ចន្ធី​ ​ជា​អនុប្រធាន​ទី​១​ ​និង​ ​ទី​២​ ​ដែល​សុទ្ធ​សឹង​ជា​សិស្ស​ច្បង​សិស្ស​ប្អូន​នឹងគ្នា​មកពី​សាកលវិទ្យាល័យ​ជាមួយគ្នា​។​ ​ក្រោយមក​ ​ក្នុងរយៈពេល​ត្រឹមតែ​មួយ​ស​ប្តាហ៍ ​យុវជន​ទាំង​បី​រូប​បាន​ប្រមូលផ្តុំ​បាន​សមាជិក​បន្ថែម​ជាបន្តបន្ទាប់​រហូត​គ្រប់​ចំនួន​១​៣​រូប​បង្កើត​បានជា​ក្រុម​ត​ន្រ្តី​នេះ​ឡើង​ ​ដែល​ពួកគេ​ម្នាក់ៗ​មាន​តួនាទី​ផ្សេងៗ​គ្នា​ ​ក្នុង​នោះ​រួម​មាន​ ​ណុប​ ​សម្បូរ​មី​ (​អ្នក​ចម្រៀង​) ​តត​ ​សីហា​ (​ទ្រខ្មែរ​ ​ឬ​ ​ទ្រ​ខ្សែ​បី​) ​ចាន់​ ​រតនា​ (​ទ្រអ៊ូ​) ​សំ​ ​វ​ឌ្ឍនៈ (​ចាប៉ី​ដង​វែង​) ​តត​ ​ឆ​័​យា​ (​តាខេ​ ​ឬ​ ​ក្រពើ​) ​មឿន​ ​ចន្ធី​ (​ខ្លុយ​) ​ហាក់​ ​តុលា​ (​រនាតឯក​) ​សេន​ ​ចំរើន​ (​រនាតធុង​) ​កេត​ ​វិសាល​(​រនាត​ថោ​ង​ ​ឬ​ ​រនាតដែក​) ​សុភ័ក្រ​ ​សេង​ហុង​ (​គងវង់​តូច​) ​ហេង​ ​រ​័ត្ន​ធា​ (​គងវង់​ធំ​) ​ពូក​ វិច្ឆ័​យ​ (​ស្គរ​ថូន​ ​រម​នា​) ​និង​ ​សុខ​ ​រាជ​ (​ឈិង​) ​។​ ​ជា​កត្តា​សត្យានុម័ត​ ​វង់ភ្លេង​ព្រះរាជទ្រព្យ​នេះ​មាន​ទៅដល់​១​៦​មុខ​ ​ប៉ុន្តែ​ដោយសារ​បរិ​បទ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ ​សិល្បករ​ពុំអាច​ជួបជុំគ្នា​លើស​ពី​១​៥​នាក់​នោះ​ឡើយ​។​ ​ដូចនេះ​ ​ទើប​ក្រុម​មនោ​ហា​រា​សម្រេច​ចិត្ត​លើកឡើង​ត្រឹមតែ​១​៣​ឧបករណ៍​ ​និង​អ្នក​ចម្រៀង​ម្នាក់​មក​បង្ហាញ​ជូន​សាធារណជន​ទាំងឡាយ​ឲ្យបាន​ស្គាល់​។​

​          គួរ​បញ្ជាក់​ថា​ ​នៅ​ក្នុង​សៀវភៅ​ប្រពៃណី​ខ្មែរ​ ​ចម្លង​ចេញពី​ឯកសារ​ក្រុមជំនុំ​ទំនៀមទម្លាប់​ខ្មែរ​ (​ព្រះរាជក្រឹត្យ​លេខ​១​២​ ​ចុះ​ថ្ងៃ​ទី​ ​២​៥​ ​ខែ​មករា​ ​ឆ្នាំ​១​៩​៣​៤​) ​ភាគ​១​ ​បោះពុម្ព​នៅ​ឆ្នាំ​២​០​១​៨​ ​គាំទ្រ​ដោយ​ ​គណៈកម្មការ​ជាតិ​យូ​ណេស្កូ​កម្ពុជា​ ​ត្រង់​ប្រជុំ​បទភ្លេង​បែប​របស់​លោកគ្រូ​ ​បាន​ ​តេង​ ​ក្នុង​ក្រុមភ្លេង​ព្រះរាជទ្រព្យ​ឧកញ៉ា​ទេព​ពិ​ទូរ​ ​ក្រ​សេ​ម​ ​ត្រង់​ទំព័រ​៩​០​ ​បាន​សរសេរ​រៀបរាប់​​អំពី​គ្រឿងប្រដាប់​ភ្លេងមហោរី​មាន​ដូចជា​ ​រនាតឯក​ ​រនាតដែក​ ​រនាតធុង​ ​គង​ធំ​ ​ទ្រ​ខ្សែ​៣​ ​ទ្រអ៊ូ​ ​ទ្រ​ដួង​ ​ឬ​ទ្រឆែ​ ​ខ្លុយ​ ​ចាប៉ី​ដង​វែង​ ​តាខេ​ឯក​ ​កណ្តាល​ ​ធុង​ ​ថូន​ ​រម​នា​ ​ក្រាប​ភួង​ ​និង​ ​ឈឹង​ ​រួម​ជា​១​៦​។​ ​ប្រធាន​ក្រុម​មនោ​ហា​រា​បាន​បញ្ជាក់​ថា​ ​ឧបករណ៍​នៃ​ត​ន្រ្តី​មហោរី​ព្រះរាជទ្រព្យ​មាន​លក្ខណៈ​ខុស​ពី​ត​ន្រ្តី​មហោរី​ដែលគេ​ប្រគំ​ធម្មតា​ក្នុង​សម័យនេះ​ ​ត្រង់ថា​ ​ត​ន្រ្តី​មហោរី​ព្រះរាជទ្រព្យ​មានការ​រួមបញ្ចូល​រវាង​ឧបករណ៍​ត​ន្រ្តី​ពិណពាទ្យ​ ​និង​ ​ឧបករណ៍​ភ្លេងការ​ ​តួយ៉ាង​ ​ការប្រើប្រាស់​ទ្រ​ខ្សែ​បី​និង​ចាប៉ី​ដង​វែង​ ​ដែល​ត​ន្រ្តី​មហោរី​ធម្មតា​មិន​មាន​ប្រើ​ឡើយ​។​ ​រីឯ​ការ​ប្រគំ​ទៀតសោត​ ​ក៏មាន​លក្ខណៈ​ខុសគ្នា​ដែរ​ ​ពោល​គឺ​មហោរី​ព្រះរាជទ្រព្យ​មាន​បែបផែន​យឺត​មិន​លោត​ញាប់​ដូច​មហោរី​ធម្មតា​ដែល​ទំនើប​ជាង​នោះ​ទេ​។​ ​ការ​​រៀបរាប់​​បង្ហាញ​ ​និង​ស្រាវជ្រាវ​ចងក្រង​ឡើងវិញ​របស់​ក្រុម​ខាងលើ​នេះ​គឺ​អាស្រ័យ​លើ​ឯកសារ​យោង​គោល​ចំនួន​បី​ ​គឺ​សៀវភៅ​ ​«​មរតក​តន្ត្រី​ខ្មែរ​»​ ​ដោយ​អ្នក​គ្រូ​ ​កែវ​ ​ណា​រុំ​ ​សៀវភៅ​ ​«​វង់ភ្លេងខ្មែរ​»​ ​ដោយ​លោកគ្រូ​ ​ហ៊ុន​ ​សារិន​ ​និង​សៀវភៅ​ ​«​ប្រពៃណី​ខ្មែរ​»​ ​ចម្លង​ចេញពី​ឯកសារ​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​ភាគ​១​ ​ដោយ​គណៈកម្មការ​ជាតិ​យូ​ណេស្កូ​កម្ពុជា​ជា​មូលដ្ឋាន​គ្រឹះ​ ​គួបផ្សំ​នឹង​ការ​ប្រមូល​រូបភាព​ឯកសារ​ចាស់ៗ​ ​និង​ការសាកសួរ​ព័ត៌មាន​បន្ថែម​ពីសំណាក់​សា​ស្រ្តាចារ្យ តូរ្យ​ត​ន្រ្តី​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។​

​          “​ក្រុម​ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ ​គឺ​ទិសដៅ​រួមគ្នា​តែមួយ​ ​ធ្វើអ្វី​ដែល​ទាក់ទង​នឹង​សិល្បៈ​ត​ន្រ្តី​បុរាណ​ឲ្យ​កាន់តែ​រីក​ចម្រើន​ ​និង​ ​មាន​សុ​ក្រិត​ភាព​ ​កុំឲ្យ​មាន​ភាព​រ​ញ៉េ​រ​ញ៉ៃ ​គឺ​រៀន​តាម​លំដាប់លំដោយ​។​សិល្បៈ​ត​ន្រ្តី​បុរាណ​ដែល​ស្ទើរតែ​បាត់បង់​ ​គួរតែ​មាន​វត្តមាន​ ​មានព្រលឹង​ ​មិន​អាច​បាត់បង់​ត្រឹមហ្នឹង​ទេ​! ” ​។​

​          ​កន្លងមក​ ​ក្រុម​នេះ​ធ្លាប់​ចេញ​វីដេអូ​ចំនួន​ពីរ​លើករួច​មក​ហើយ​នៅ​លើ​បណ្តាញ​សង្គម​ ​ប៉ុន្តែ​សព្វថ្ងៃ​ក្រុម​នេះ​ក៏​កំពុង​ត្រៀម​ខ្លួន​ថត​វីដេអូ​ឯកសារ​ស្តីពី​បទភ្លេង​របាំ​ចំនួន​បី​ (​ភ្លេង​មេ​) ​គឺ​ ​បទ​ព្រះថោង​ ​បទ​សា​រ៉ា​ក់​បូ​រ៉ុ​ង​ ​បទ​បាវ​លុត​ ​និង​ ​បទ​មេលឹម​ ​ឲ្យត្រឹមត្រូវ​តាម​ក្បួនខ្នាត​ពីសម័យ​ដើម​កុំឲ្យ​បាត់បង់​។​ ​យុវជន​ ​ណុប​ ​សម្បូរ​មី​ ​បាន​បកស្រាយ​ថា​ ​ទោះបីជា​ត​ន្រ្តី​ទាំងអស់​នេះ​កាលពីបុរាណ​កាល​ខ្មែរ​ប្រើ​តែ​ក្នុង​ទម្រង់​ស​ក្ការៈ​ក្នុង​ព្រះបរមរាជវាំង​ ​ប៉ុន្តែ​ក្នុង​បរិ​បទ​បច្ចុប្បន្ន​ ​ដើម្បីឲ្យ​វប្បធម៌​បុរាណ​កាន់តែ​សាយភាយ​ទូលំទូលាយ​ ​ត​ន្រ្តី​មហោរី​ព្រះរាជទ្រព្យ​នេះ​អាច​​​យកមក​សម្តែង​ក្នុង​កម្មវិធី​មួយ​ចំនួន​បាន​ដែរ​ ​ដូចជា​ ​កម្មវិធី​ទទួល​គណៈប្រតិភូ​ជាតិ​និង​អន្តរជាតិ​ ​កម្មវិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ ​និង​ ​កំដរ​បរិយាកាស​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​ ​ជាដើម​។​ ​ជាចុងក្រោយ​ ​តំណាង​ក្រុម​ទាំងមូល​ ​សម្បូរ​មី​ ​បាន​លើកទឹកចិត្ត​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ងាក​មក​មើល​វប្បធម៌​-​អរិយធម៌​របស់​ខ្មែរយើង​ ​ឈាន​ទៅ​រកការ​អភិ​រក្ស​និង​អភិវឌ្ឍ​បន្ថែម​ឲ្យបាន​គង់វង្ស​ជានិរន្តរ៍​៕​

Article by SRIN SOKMEAN


SUGGESTIONS