×

វណ្ណកម្ម​ថ្មី​ ​«​វចនានុក្រម​ភាសាខ្មែរ​បច្ចុប្បន្ន​ភាគ​ទី​១​»​ ​ដោយ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ព្រុំ ម៉ល់

NEWS 3 years ago
 
 

           ​គម្រោង​«​បច្ចុប្បន្ន​កម្ម​វចនានុក្រម​ខ្មែរ​»​ត្រូវ​បាន​រៀបចំ​ឡើង​ដោយក្រុម​អ្នក​អក្សរសាស្ត្រ​និង​សង្គមសាស្ត្រ​នៃ​រាជ​បណ្ឌិត្យ​ ​សភា​កម្ពុជា​និង​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ហើយ​ជា​លទ្ធផល​ស្ថាប័ន​នេះ​បាន​សម្រេច​ចេញផ្សាយ​វចនានុក្រម​ភាសាខ្មែរ​បច្ចុប្បន្ន​ ​ភាគ​ទី​១​ (​ក​-​ន​) ​បោះពុម្ព​លើក​ទី​១​ ​ជា​ផ្លូវការ​ ​ក្នុង​ឆ្នាំ​២​០​២​១​ ​នេះ​ ​ដើម្បី​លើក​ក​ម្ពស់​ការ​អភិ​រក្ស​និង​អភិវឌ្ឍ​អក្សរ​សា​ស្រ្ត​ជាតិ​នៅ​ពេល​បច្ចុប្បន្ន​។​ ​យោង​តាម​ផ្នែក​ខាងក្នុង​នៃ​វចនានុក្រម​ដែល​ទើប​បោះពុម្ព​ថ្មី​នេះ​ ​គម្រោង​នេះ​មាន​គណៈកម្មការ​ដែល​មាន​ឯកឧត្តម​កិត្តិ​បរិរក្ស​បណ្ឌិត​ ​គាត​ ​ឈ​ន់ ​ជា​ប្រធាន​គម្រោង​ ​និង​ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ព្រុំ ម៉ល់ ​ជា​ប្រធាន​ក្រុម​ការងារ​ ​និង​ទីប្រឹក្សា​សំខាន់​ៗ​ចំនួន​៤​រូប​ទៀត​ ​គឺ​ ​លោកជំទាវ​បណ្ឌិតសភា​ចារ្យ ​ខ្លូត​ ​ធីតា​ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​ស៊ន​ ​សំណាង​ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​សុខ​ ​ទូច​ ​និង​ ​លោក​បណ្ឌិត​សា​ស្រ្តាចារ្យ ធុ​យ​ ​ចាន់​ធួន​។​

           ចំពោះ​គោលបំណង​នៃ​ការរៀបចំ​គម្រោង​ ​ឯកឧត្តម​កិត្តិ​បរិរក្ស​បណ្ឌិត​ ​គាត​ ​ឈ​ន់ ​បាន​មានប្រសាសន៍ថា​ ​«​ខ្ញុំ​បាន​សង្កេតឃើញ​ថា​ ​វចនានុក្រម​រៀបចំ​ដោយ​សម្តេច​ព្រះសង្ឃ​រាជ​ ​ជួន​ ​ណា​ត​ ​បោះពុម្ព​គ្រា​ទី​៥​ (​ភាគ​ទី​១​នៅ​ឆ្នាំ​១​៩​៦​៧​ ​និង​ភាគ​ទី​២​នៅ​ឆ្នាំ​១​៩​៦​៨​) ​មាន​អាយុកាល​ជាង​៥​០​ឆ្នាំ​ហើយ​។​ ​ដោយ​ភាសាខ្មែរ​ចេះតែ​វិវត្ត​មិនឈប់ឈរ​នោះ​ ​ការ​និយាយ​ស្តី​ក៏មាន​ប​ម្រែ​ប​ម្រួ​ល​គួរ​ជាទី​កត់​សម្គាល់​ហើយ​ ​ពាក្យ​ថ្មីៗ​ជាច្រើន​សន្ធឹកសន្ធាប់​ក៏​ត្រូវ​បាន​ប្រើប្រាស់​លើស​ពី​ពាក្យ​ដែល​មានស្រាប់​ក្នុង​វចនានុក្រម​របស់​ព្រះអង្គ​; ​ដូច្នេះ​ខ្ញុំ​គិតថា​ ​ការ​ប​ន្ស៊ី​គ្នា​រវាង​វចនានុក្រម​និង​ភាសាខ្មែរ​បច្ចុប្បន្ន​ជា​ការចាំបាច់​ ​ដើម្បី​បម្រើ​សេចក្តីត្រូវ​ការ​នៅ​ពេល​បច្ចុប្បន្ន​»​។​

           ​ស្រប​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ ​ហេង​ ​វី​រិទ្ធិ​ ​ប្រធាន​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​បណ្ឌិតសភា​ចារ្យ​នៃ​រាជ​បណ្ឌិត្យ​ ​សភា​កម្ពុជា​ ​បាន​សម្តែង​មតិគាំទ្រ​ថា​ ​«​ខ្ញុំ​គិតថា​ ​គ្រប់​ភាសា​ ​មានការ​វិវត្ត​តាមសម័យ​កាល​ ​ភាសាខ្មែរ​ក៏​ដូចគ្នា​។​ ​ដូច្នេះ​ការ​ធ្វើ​បច្ចុប្បន្នភាព​ ​ជា​កិច្ចការ​ដែល​ត្រូវ​គិតគូរ​ឲ្យ​ស្របតាម​ការ​រីកចំរើន​ផ្នែក​ភាសាខ្មែរ​ ​តែ​ក៏​មិន​មានន័យ​ថា​បោះបង់​របស់​ដែល​មាន​ហើយ​នោះ​ទេ​។​ ​បច្ចុប្បន្ន​ ​សំណេរ​ភាសាខ្មែរ​គឺ​ត្រូវ​សរសេរ​យោង​តាម​វចនានុក្រម​របស់​សម្ដេច​សង្ឃរាជ​ ​ជួន​ ​ណា​ត​ ​ហើយ​អក្ខរាវិរុទ្ធ​ដែល​មាន​ក្នុង​វចនានុក្រម​ភាសាខ្មែរ​បច្ចុប្បន្ន​ដែល​ទើបនឹង​ចេញ​នេះ​ ​ក៏​សរសេរ​ផ្អែក​តាម​វចនានុក្រម​របស់​សម្ដេច​សង្ឃរាជ​ ​ជួន​ ​ណា​ត​ ​ដូចគ្នា​ដែរ​។​»​

           ​លោក​បាន​បន្ថែម​ថា​ ​ពាក្យ​ថ្មីៗ​ជាច្រើន​ដែល​មាន​ប្រើ​ក្នុង​ពេល​បច្ចុប្បន្ន​ ​ដែល​មិន​មាននៅ​ក្នុង​វចនានុក្រម​របស់​សម្ដេចព្រះសង្ឃរាជ​ ​ជួន​ ​ណា​ត​ ​ត្រូវ​ដាក់បញ្ចូល​ក្នុង​វចនានុក្រម​ភាសាខ្មែរ​បច្ចុប្បន្ន​។​ ​ពាក្យ​មួយ​ចំនួន​ដែល​ប្រើ​នៅ​ក្នុង​បរិ​បទ​សម័យកាល​មុន​ឬក៏​អាច​និយាយ​ថា​ពាក្យ​នោះ​លែង​មាន​ប្រើ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ក៏​មិន​ដាក់បញ្ចូល​នៅ​ក្នុង​វចនានុក្រម​បច្ចុប្បន្ន​ដែរ​។​

           ​«​សម្រាប់​ខ្ញុំ​ក្នុងនាម​ជា​គ្រូបង្រៀន​ម្នាក់​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ ​ចំពោះ​ការ​ចេញផ្សាយ​នូវ​វចនានុក្រម​ថ្មី​របស់​រាជបណ្ឌិត្យសភា​កម្ពុជា​។​ ​ពិត​ណាស់​ ​ភាសា​មិន​អាច​ឈប់​នៅ​ទ្រឹង​មួយ​កន្លែង​នោះ​ទេ​។​ ​វា​តែងតែ​វិវត្ត​ទៅតាម​ការ​ប្រែប្រួល​របស់​សង្គម​។​ ​ដូច្នេះ​ពាក្យ​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​។​ ​ម្ល៉ោះ​ហើយ​ ​វា​ជា​ភាព​ចាំបាច់​មួយ​ ​បើ​យើង​មិន​ចងក្រង​ឡើង​ទេ​នោះ​ ​នាំ​ឱ្យ​មនុស្ស​មួយ​ចំនួន​ពុំអាច​ស្វែងរក​ន័យ​របស់​ពាក្យ​ថ្មីៗ​នោះ​បាន​។​ ​ប៉ុន្តែ​យើង​ឃើញ​ថា​ការ​បោះពុម្ព​នេះ​ហាក់​នៅ​មាន​ភាព​ចង្អៀត​ពុំទាន់​ដល់ដៃ​អ្នក​សិក្សា​ទូទៅ​នៅឡើយ​។​ ​យើង​សង្ឃឹម​ថា​នឹង​មានការ​បោះពុម្ព​ឱ្យ​ទូលំទូលាយ​ដល់​សាធារណជន​»​ ​លោក​ ​ជក់​ ​សុភា​ ​គ្រូបង្រៀន​អក្សរ​សា​ស្រ្ត​ខ្មែរ​នៅ​សាលា​ជំនាន់​ថ្មី​ ​ព្រែក​លៀប​ ​បាន​លើកឡើង​។​

           ​​«​[…] ​វា​មិន​មាន​អ្វី​ជា​ការប្រទាញប្រទង់​ ​និន្នាការ​វចនានុក្រម​ចាស់​ ​វចនានុក្រម​ថ្មី​នោះ​ទេ​។​ ​វចនានុក្រម​ប្រទេស​គេ​តែងតែ​ធ្វើ​បច្ចុប្បន្នភាព​ជារឿយៗ​ដើម្បី​បន្ថែម​ពាក្យ​ថ្មីៗ​ដែលគេ​បង្កើត​ក្នុង​ការ​សង​ភាសា​អ្វីមួយ​»​ ​គ្រូបង្រៀន​ដដែល​បាន​បញ្ជាក់​។​

           ​ក្រៅពី​មជ្ឈដ្ឋាន​អ្នក​អក្សរ​សា​ស្រ្ត​ខ្មែរ​ខាងលើ​ ​អ្នកនាង​ ​ជ័យ​ ​សុធា​វី​ ​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​មួយ​នៅ​ក្រុងភ្នំពេញ​ ​ក៏បាន​បង្ហាញ​សុទិដិ្ឋ​និយម​ដែរ​ថា​ ​នាង​យល់ស្រប​ខ្លះ​ដែរ​ ​ពីព្រោះ​មាន​បច្ចុប្បន្នភាព​នៃ​អក្ខរាវិរុទ្ធ​ជាច្រើន​ ​ហើយ​មិនសូវ​មាន​មនុស្ស​ច្រើន​ដែល​ពឹងផ្អែក​លើ​វចនានុក្រម​ចាស់​នោះ​ទេ​ ​នៅ​ពេល​ពួកគេ​ពិនិត្យ​អក្ខរាវិរុទ្ធ​។​ ​លើស​ពី​នេះ​ (​វចនានុក្រម​) ស៊េ​រី​ថ្មី​អាច​នឹង​កាន់តែ​ផ្តល់​ភាព​ងាយស្រួល​ ​និង​ ​សាមញ្ញ​ល្មម​យើង​ប្រើប្រាស់​ ​ប៉ុន្តែ​ប្រភព​នៃ​ពាក្យ​ក្នុង​នោះ​គួរតែ​ត្រូវ​បាន​ដាក់​ក្រេ​ឌីត​ឲ្យបាន​ច្បាស់លាស់​ត្រឹមត្រូវ​។​

           ​«​​សរុប​ឲ្យ​ខ្លី​ ​នាងខ្ញុំ​គាំទ្រ​ ​ពីព្រោះ​នៅ​ពេល​ខ្ញុំ​ឆែក​វចនានុក្រម​ ​ជួន​ ​ណា​ត​ ​ជួនកាល​ខ្ញុំ​ភ័ន្ត​ច្រឡំ​ចំពោះ​អត្ថន័យ​ ​និង​អក្ខរាវិរុទ្ធ​ខ្លះ​ដែរ​។​ ​ច្បាប់​ជា​សៀវភៅ​(​Hard copy​)​ដែល​ខ្ញុំ​មាន​គឺ​មិន​ត្រូវ​បាន​រៀបរៀង​រចនា​ស​ម្ព័ន្ធ​ល្អ​ប៉ុន្មាន​នោះ​ទេ​។​ ​ប៉ុន្តែ​ប្រសិនបើ​ក្រសួង​អប់រំ​ ​ឬ​ ​កម្មវិធី​ប្រកួត​អក្សរ​សិល្ប៍​នានា​ ​តម្រូវ​ឲ្យ​យក​វចនានុក្រម​ចាស់​ជាគោល​ ​នោះ​ខ្ញុំ​នឹង​ប្រើ​វចនានុក្រម​ ​ជួន​ ​ណា​ត​។​ ​ទោះបីជា​យ៉ាងណា​ ​ក៏​ខ្ញុំ​នៅតែ​គាំទ្រ​ការ​បោះពុម្ព​ថ្មី​ដែរ​។​ ​»​

           ​គួរ​កត់​សម្គាល់​ថា​ ​ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ព្រុំ ម៉ល់ ​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​វចនានុក្រម​ភាសាខ្មែរ​បច្ចុប្បន្ន​នេះ​ជា​អ្នកប្រាជ្ញ​មានចំណេះ​ដឹង​ជ្រៅជ្រះ​ម្នាក់​ខាង​ភាសា​។​ ​គាត់​ជា​អតីតប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ​ ​និង​ជា​បណ្ឌិត​សភា​ចារ្យ​ស្ថាបនិក​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ដែល​កំពុង​បន្ត​ខិតខំ​រៀបចំ​វចនានុក្រម​ភាគ​២​ទៀត​។​ ​ក្រុម​អ្នកជំនាញ​បាន​ចំណាយ​ពេល​ចាប់តាំង​ពី​អំឡុង​ឆ្នាំ​២​០​១​៧​មក​ ​ទម្រាំតែ​អាច​ផលិត​វចនានុក្រម​ភាសាខ្មែរ​បច្ចុប្បន្ន​ភាគ​ទី​១​ ​នេះ​បាន​។​ ​វចនានុក្រម​នេះ​មាន​ក​ម្រាស់​ជិត​៤​០​០​ទំព័រ​ ​និង​មាន​មេពាក្យ​ជាង​ ​៧​,​៤​ ​ពាន់​ពាក្យ​៕​

Article by SRIN SOKMEAN


SUGGESTIONS