×

គង់​ ញ៉េ ​សិស្ស​ចាប៉ី​ដង​វែង​លេចធ្លោ​ម្នាក់​របស់​ព្រឹទ្ធាចារ្យ​ ​គង់​ ណៃ ​ដែល​អាច​ច្រៀង​លាយ​ភាសាបរទេស​

NEWS 2 weeks ago
 
 

           ចាប៉ី​ដង​វែង​ជា​ទម្រង់​សិល្បៈ​វប្បធម៌​អរូបី​បុរាណ​ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ​នៅ​ក្នុង​ ​ប្រទេស​ក្ពុ​ជា​។​ ​ពាក្យ​ថា​ ​ចាប៉ី​ ​ក្លាយមកពី​ពាក្យ​សំ​ស្រ្កឹ​ត​ថា​ ​ច​ក្ឆ​ប៉ី​ ​ហើយ​ត្រូវ​បាន​បុព្វបុរស​ខ្មែរយើង​ប្រើ​ ​ប្រាស់​ប្រគំ​ក្នុង​វង់ភ្លេង​មួយ​ចំនួន​ ​រួម​មាន​ ​វង់ភ្លេង​ការ​បុរាណ​ ​វង់​ភ្លេងអារក្ស​ ​និង​ ​វង់​ភ្លេងមហោរី​ ​ជាដើម​។​ ​ដោយសារតែ​ឧបករណ៍​ត​ន្រ្តី​មួយ​នេះ​ផ្សារភ្ជាប់​ទៅ​នឹង​ជីវិត​រស់នៅ​ ​ទំនៀមទម្លាប់​ប្រពៃណី​ ​និង​ ​ជំនឿ​ ​សាសនា​របស់​ខ្មែរយើង​ ​បម្រើ​ទាំង​ការ​ក​ម្សាន្ត ​ការផ្ទេរ​ចំណេះ​ដឹង​ ​និង​ ​ទំនាក់ទំនង​សង្គម​យ៉ាង​សម្បូរ​បែប​ ​ប្រកបដោយ​គុណ​តម្លៃ​ខ្ពស់​បែប​នេះ​ហើយ​ ​ទើប​ចាប៉ី​ដង​វែង​ខ្មែរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ ​ពិភពលោក​ដែល​ត្រូវការ​ការ​អភិ​រក្ស​បន្ទាន់​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​១​៦​ ​ដោយ​អង្គការ​យូ​ណេស្កូ (UN​E​S​CO​)​។​ ​សិល្បករ​ផ្នែក​ចាប៉ី​ដង​វែង​នៅ​កម្ពុជា​ដែល​ល្បីឈ្មោះ​តាំងពី​ ​សម័យ​មុន​និង​សម័យ​ក្រោយៗ​មក​មាន​តិចតួច​ណាស់​ ​ជាអាទិ៍​រួម​មាន​ ​លោក​ព្រឹទ្ធាចារ្យ​ ​ប្រាជ្ញ​ ​ឈួន​ ​លោក​ព្រឹទ្ធាចារ្យ​ ​ម៉ម​ សុ​ន​ ​លោក​ព្រឹទ្ធាចារ្យ​ ​គង់​ ណៃ ​លោក​ព្រឹទ្ធាចារ្យ​ ​ឯ​ល​ ​បៀ​ន​ (​លោកតា​កំពូល​ពេជ្រ​) ​ស្មៀន​ នេ​ត​ ប៉េ ​ស្មៀន​ ​យស​ ​សាត​ ​។​ល​។​ ​ដោយឡែក​ ​លោក​គង់​ ញ៉េ ​ជា​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ម្នាក់​ ​ដែល​បាន​និង​កំពុង​ចំណាយ​ពេលវេលា​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ទម្រង់​ឯកទេស​សិល្បៈ​ចាប៉ី​ដង​វែង​ស្នង​ ​តំណែង​ព្រឹទ្ធាចារ្យ​ល្បី​មុន​ៗ​ដែល​ខ្លះ​បាន​បាត់បង់ជីវិត​ទៅ​ហើយ​ហើយ​ខ្លះទៀត​ក៏​ជរា​ទ្រុឌទ្រោម​តាម​ ​អាយុកាល​ផង​ដែរ​។​

          ​សម្ភាសន៍​តាម​ទូរសព្ទ​ជាមួយ​ក្រុម​ការងារ​សូវ​រី​ន​ ​លោក​ ​គង់​ ញ៉េ ​បាន​រំ​ព្ញ​ក​ពី​ប្រវត្តិរូប​ត្រួសៗ​ប្រាប់​ ​សូវ​រី​ន​ថា​ ​លោក​​​មាន​ស្រុកកំណើត​នៅ​ភូមិ​ជប់​ ​ឃុំ​កណ្តៀង​រាយ​ ​ស្រុក​ស្វាយ​ទាប​ ​ខេត្ត​ស្វាយរៀង​។​ ​កាល​ ​ពីក្មេង​ ​លោក​​​មាន​ចំណង់ចំណូលចិត្ត​ខាង​ផ្នែក​ចាប៉ី​ដង​វែង​នេះ​តាំងពី​នៅ​ឯ​ស្រុកកំណើត​ម្ល៉េះ​។​ ​លោក​ ​បាន​សិក្សា​រហូតដល់​បញ្ចប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ក្នុង​ឆ្នាំ​២​០​១​០​។​ ​ក្នុង​អំឡុង​ឆ្នាំ​២​០​១​១​ ​នៅ​ ​ពេល​លោក​កំពុង​សិក្សា​ជំនាញ​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​នោះ​ឯង​ ​ដែល​លោក​ទទួល​បាន​ដំណឹង​ពី​មិត្តភក្តិ​ទាក់ទង​នឹង​ការសិក្សា​ផ្នែក​ចាប៉ី​ដង​វែង​នៅ​អង្គការ​សិល្បៈ​ខ្មែរ​អម​តៈ (Cambodian​ ​Living​ ​Art​s) ​ហើយ​លោក​ក៏បាន​ចុះឈ្មោះ​ចូលរៀន​នៅ​ទីនោះ​ដោយសារតែ​លោក​ ​មាន​ទឹក​ចិត្តស្រឡាញ់​ជំនាញ​នេះ​តាំងពី​ដើម​រៀងមក​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​ដំបូង​ឡើយ​ ​លោក​ចាប់​ ​ផ្តើម​រៀន​ដោយមាន​លោក​ព្រឹទ្ធាចារ្យ​ ​គង់​ ណៃ ​ជា​គ្រូ​បណ្តុះបណ្តាល​ជំនាញ​ចាប៉ី​ដង​វែង​នៅ​ទីនោះ​ជា​អ្នក​ ​បង្រៀន​ឲ្យ​លោក​រៀន​ដេញចាប៉ី​ឲ្យត្រូវតាម​ដៃ​របស់​គាត់​អស់​រយៈពេល​កន្លះ​ឆ្នាំ​។​ ​ក្រោយមក​ទៀត​ ​លោក​ ​បាន​បន្ត​ការសិក្សា​នៅ​ទីនោះ​ដដែល​ជាមួយ​លោកគ្រូ​ ​ពេជ្រ​ ​សារ៉ាត់​ ​ដែល​ជា​គ្រូបង្រៀន​ចាប៉ី​មួយ​រូប​ទៀត​ ​ប្រចាំ​អង្គការ​នោះ​។​ ​លោក​ចំណាយ​ពេល​សិក្សា​ឈ្វេងយល់​ពី​ចាប៉ី​ដង​វែង​តាម​សៀវភៅ​ដែល​សាលា​បាន​ចងក្រង​ជាមួយ​លោកគ្រូ​ទីពីរ​នេះ​អស់​រយៈពេល​៤​ឆ្នាំ​បន្ថែម​ទៀត​។​

          ​តើ​ការសិក្សា​ជំនាញ​ចាប៉ី​ដង​វែង​ងាយស្រួល​ដែរ​ឬទេ​? ​លោក​បាន​ឆ្លើយតប​ថា​ ​ការ​ហ្វឹកហាត់​ច្រៀង​ ​ចាប៉ី​មិនមែន​ជា​រឿង​ស្រួល​នោះ​ទេ​។​ ​លោក​បាន​ចាំ​ថា​ ​កាល​លោក​ចូលរៀន​ដំបូង​ ​មាន​សិស្ស​រួម​ជំនាន់​ ​ប្រហែល​ ​៤​-​៥​នាក់​ ​ប៉ុន្តែ​ក្រោយមក​ពួក​គេជាច្រើន​បាន​សម្រេច​ចិត្ត​បោះបង់​ជំនាញ​បុរាណ​នេះ​ចោល​ព្រោះ​អ្នកខ្លះ​រៀន​ចេះ​ដេញ​ ​តែ​ពួកគេ​មិន​ចេះ​ច្រៀង​ ​ខណៈ​ដែល​សិល្បករ​ចាប៉ី​ដង​វែង​ ​ខុស​ពី​ត​ន្រ្តី​ក​រលេ​ង​ ​ឧបករណ៍​បុរាណ​ផ្សេងៗ​ ​ពោល​គឺ​ ​ត្រូវតែ​ចេះ​លេង​ចាប៉ី​និង​ច្រៀង​ជាមួយគ្នា​តែម្តង​។​ ​លោក​បាន​បន្ថែម​ថា​ ​បញ្ហា​ប្រឈម​សម្រាប់​ការ​រៀន​ចាប៉ី​ ​គឺ​ ​សិល្បករ​ត្រូវ​ចំណាយ​ពេល​សិក្សាស្រាវជ្រាវ​ពី​ក្បួនខ្នាត​កំណាព្យ​ ​និង​ ​ស្រាវជ្រាវ​ពី​ប្រធាន​បទ​ផ្សេងៗ​ឲ្យបាន​។​ ​ដើម្បី​ក្លាយ​ខ្លួន​ជា​សិល្បករ​ចាប៉ី​ដង​វែង​ដ៏​ចំណាន​ម្នាក់​ ​លុះ​ ​ត្រាតែ​បុគ្គល​នោះ​មាន​អំណោយផល​សំឡេង​ពី​ធម្មជាតិ​ ​រៀន​ហាត់​ពត់​លើកដាក់​សំឡេង​ ​មានចំណេះ​ដឹង​ ​ទូទៅ​ទូលំទូលាយ​ ​ជាពិសេស​ពូកែ​ខាង​កំណាព្យ​ឃ្លោង​ឃ្លា​រណ្តំ​ណែងណង​។​ ​អ្វី​ដែល​សំខាន់​មួយទៀត​ ​នោះ​គឺ​ ​ត្រូវ​ចេះ​មាន​វិ​ន័យ​គោរព​ពេលវេលា​ទើប​ម្ចាស់​កម្មវិធី​មានទំនុក​ចំពោះ​ការងារ​របស់យើង​ ​និង​ត្រូវ​ ​ចេះ​រៀបចំខ្លួនប្រាណ​តាម​បែបផែន​បុរាណ​ឲ្យបាន​សមរម្យ​ប្រកបដោយ​វិជ្ជាជីវៈ​ ​តួយ៉ាង​ ​ពាក់អាវ​ពណ៌​ស​ ​អាវកត្រង់​ ​ឬ​ ​អាវ​ហូល​ផាមួង​ ​ជាដើម​ ​ទើប​ជាទី​គាប់​ភ្នែក​នៃ​មហាជន​។​

          ចំពោះ​កត្តា​ទី​ផ្សារ​ការងារ​ ​ដូចដែល​លោកអ្នក​ជ្រាបស្រាប់​មក​ហើយ​ ​ទី​ផ្សារ​សិល្បករ​បុរាណ​នៅ​ ​មាន​ក​ម្រិ​ត​នៅឡើយ​។​ ​សព្វថ្ងៃនេះ​ ​លោក​ ​គង់​ ញ៉េ ​កំពុង​បម្រើ​ការ​នៅ​ក្នុង​អគ្គនាយកដ្ឋាន​នយោបាយ​ ​និង​ ​ការបរទេស​នៃ​ក្រសួង​ការពារ​ជាតិ​។​ ​នៅ​ពេលទំនេរ​ពី​ការងារ​ ​ទើប​លោក​​​មាន​ពេល​ឆ្លៀត​ទៅ​សម្តែង​ចាប៉ី​ដង​វែង​ឲ្យ​កម្មវិធី​ទូរទស្សន៍​ ​ឬ​ ​បុណ្យទាន​ផ្សេងៗ​តាម​គេ​អញ្ជើញ​ម្តងម្កាល​។​ ​លោក​បាន​អះអាង​ថា​ ​ក្នុង​ ​មួយ​ខែ​ ​លោក​ទទួល​បានការ​ងារ​តែ​ពីរ​ឬ​បី​រោង​តែប៉ុណ្ណោះ​។​ ​កម្មវិធី​ដែល​សិល្បករ​ចាប៉ី​ដូចជា​រូបលោក​ ​អាច​ត្រូវ​បាន​គេ​ជួល​ទៅ​ច្រៀង​មាន​ដូចជា​ ​បុណ្យផ្កា​ ​បុណ្យ​កឋិន​ទាន​ ​បុណ្យឆ្លងព្រះវិហារ​ ​ឬ​ ​សមិទ្ធផល​ ​សាសនា​ផ្សេងៗ​ ​និង​ ​ពិធីបុណ្យ​ជាតិ​នានា​តាម​រដូវ​កាល​។​ ​ប៉ុន្តែ​ជាទូទៅ​ ​លោក​ច្រើនតែ​ទៅ​សម្តែង​ពេល​ ​ល្ងាច​បន្ទាប់ពី​ចេញពី​ធ្វើការ​ ​ឬ​ ​ទៅ​សម្តែង​នៅ​តាម​ខេត្ត​ម្តងម្កាល​ ​ជាពិសេស​នៅ​ខេត្ត​ស្វាយរៀង​ ​ដែល​ជា​ ​ស្រុកកំណើត​ ​ហើយ​មាន​អ្នក​ស្គាល់​គាំទ្រ​ច្រើនជាង​គេ​។​ ​ទី​ផ្សារ​សំខាន់​ជាងគេ​សម្រាប់​លោក​នោះ​ ​គឺ​ ​ជនជាតិ​បរទេស​ ​ព្រោះ​លោក​ចេះ​ច្រៀង​ចាប៉ី​លាយ​ជាមួយ​ភាសា​អង់គ្លេស​ដែល​ពីមុន​មក​មិន​មាន​សិល្ប​ ​ករ​រៀមច្បង​ណា​ម្នាក់​ច្រៀង​បាន​ដូចនេះ​ឡើយ​។​ ​ដូចនេះ​ហើយ​ ​ទើប​លោក​​​មានឱកាស​ច្រៀង​ឲ្យ​បរទេស​ ​ស្តាប់​តាំងតែពី​ជំនាន់​នៅ​រៀន​នៅ​អង្គការ​សិល្បៈ​ខ្មែរ​អម​តៈ​រហូតមកដល់​បច្ចុប្បន្ននេះ​។​

          ​ជាចុងក្រោយ​ ​លោក​បាន​បញ្ចេញយោបល់​ផ្ទាល់ខ្លួន​ថា​ ​ថ្វី​ដ្បិតតែ​សព្វថ្ងៃនេះ​យុវជន​ខ្មែរយើង​មិន​ ​សូវ​មាន​ទំនោរ ចាប់ អារម្មណ៍​ខ្លាំង​ចំពោះ​ទម្រង់​សិល្បៈ​បុរាណ​តួយ៉ាង​ចាប៉ី​ដង​វែង​ក៏​ពិតមែន​ ​តែ​វា​មិនមែន​ ​ជា​បញ្ហា​ចោទ​នោះ​ទេ​ព្រោះ​មនុស្សម្នាក់​ៗ​មាន​ចំណង់ចំណូលចិត្ត​រៀងៗខ្លួន​តែ​ក៏​នៅ​មាន​អ្នក​ដែល​ស្រឡាញ់​ហើយ​កំពុង​បន្ត​សកម្មភាព​អភិ​រក្ស​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​លោក​ក៏​មិន​មាន​មហិច្ឆតា​ចង់បើ​ក​សាលា​បណ្តុះ​ ​បណ្តាល​ជំនាញ​នេះ​ឲ្យ​ធំដុំ​អ្វី​ដែរ​ ​តែ​បើ​មាន​សិស្ស​ណា​ទាក់ទង​មក​ចង់​រៀនសូត្រ​ពី​លោក​លោក​ក៏​នឹង​ ​ទទួលស្វាគមន៍​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​លោក​សូម​ថ្លែង​អំណរគុណ​ចំពោះ​ទស្សនាវដ្តី​សូវ​រី​ន​ដែល​បាន​ ​អញ្ជើញ​លោក​ផ្តល់​បទសម្ភាសន៍​ឲ្យ​មហាជន​បាន​ស្គាល់​ ​ហើយ​អ្វី​ដែល​លោក​រំពឹង​ទុក​គឺ​ ​សិល្បករ​ចាប៉ី​ ​ក្មេងៗ​ជំនាន់​ក្រោយ​ទាំងអស់​មាន​ពហុ​ជំនាញ​ដែល​អាច​​​រក្សា​ជីវភាព​របស់​ខ្លួន​ឲ្យបាន​កាន់តែ​ប្រសើរ​៕

Article by SRINSOKMEAN


SUGGESTIONS