×

យុ​វ​សិស្ស​ខេត្ត​កំពង់ស្ពឺ​មួយ​ក្រុម​នាំ​កិត្តិយស​មក​ជូន​សហគមន៍​របស់​ខ្លួន​តាមរយៈ​ការ​ប្រកួត​ផ្នែក​បរិស្ថាន​

NEWS 2 years ago
 
 

           ​បញ្ហា​បរិស្ថាន​ជា​បញ្ហា​សង្គម​មួយ​ដែល​យុវជន​សព្វថ្ងៃ​កំពុង​បង្កើត​យុទ្ធនាការ​ជាច្រើន​បន្តបន្ទាប់​ដើម្បី​ចូល​រួមចំណែក​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ ​និង​ ​លើក​សោភ័ណ​ភាព​សហគមន៍​ដែល​ខ្លួន​កំពុង​រស់នៅ​។​ ​ជាក់ស្តែង​ ​យុវជន​មួយ​ក្រុម​មកពី​ខេត្ត​កំពង់ស្ពឺ​បាន​ចាប់ដៃ​គ្នា​សហការ​បង្កើត​គម្រោង​ជួយ​បរិស្ថាន​នៃ​តំបន់​រមណីយដ្ឋាន​ទំនប់​ស្លា​នៅ​ក្នុង​ភូមិ​ស្រុក​របស់​ពួកគេ​រហូត​ទទួល​បាន​ពានរង្វាន់​ជ័យ​លា​ភី​គម្រោង​ឆ្នើម​រង​ប្រចាំ​ឆ្នាំ​ពី​កម្មវិធី​«​ការ​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​ខ្ញុំ​»​រៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ដើម្បី​ចូលរួម​អប​អរសាទរ​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត​។​

           ​​ក្នុង​ជំនួប​ជាមួយ​យុវជន​ ​សឿន​ ​ឧត្តម​ ​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​២​កំពុង​បន្ត​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​មាន​ប្រភព​មកពី​ស្រុក​គង​ពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​ជា​ប្រធាន​ក្រុម​«​ជំនោរ​យុវជន​ភ្នំ​ស្រង់​»​ ​យើង​បាន​ដឹង​ពី​ប្រវត្តិ​ត្រួសៗ​នៃ​ក្រុម​យុវជន​ស្ម័គ្រ​ច​ត្ត​ខាងលើ​នេះ​ថា​ ​ក្រុម​នេះ​មាន​សមាជិក​ចំនួន​៤​រូប​ (​១​.​លោក​ ​សឿន​ ​ឧត្តម​ ​២​. ​កញ្ញា​ ឌឿ​ង​ ​មួយ​គីម​ ​៣​. ​កញ្ញា​ ​សេង​ ​ឡេង​សោភា​ ​៤​. ​លោក​ ​ជឿន​ ​បញ្ញា​) ​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ក្នុង​គោលបំណង​ចំនួន​៦​សំខាន់​ៗ​ ​រួម​មាន​ ​ថែរក្សា​អនាម័យ​សហគមន៍​ ​អប់រំ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​បរិស្ថាន​ដល់​យុវជន​និង​អាជីវ​ ​ករ​ក្នុង​តំបន់​ ​ចុះ​ស​ម្អា​ត​បរិស្ថាន​ ​ដាក់​ធុងសំរាម​ ​លើក​ផ្ទាំង​ប៉ាណូ​និង​ពាក្យស្លោក​បរិស្ថាន​ ​និង​ ​លើកទឹកចិត្ត​យុវជន​ឲ្យ​ស្រឡាញ់​បរិស្ថាន​។​

           ​​មុននឹង​ឈាន​ដល់​ការចូលរួម​ប្រកួតប្រជែង​ខាងលើ​ ​ឧត្តម​ ​និង​ ​សមាជិក​ក្រុម​ទាំងអស់​ ​បាន​ចុះ​ធ្វើ​យុទ្ធនាការ​ ​បរិស្ថាន​ជា​ច្រើនយ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជា​សហគមន៍​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​ ​ស្រុក​គង​ពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​ដើម្បី​សិក្សា​អំពី​តម្រូវ​ការ​ផ្នែក​បរិស្ថាន​នៃ​សហគមន៍​ដោយ​ផ្ទាល់​ដែល​រង​ផល​ប៉ះពាល់​ពី​កំណើន​ទេសចរ​ដែល​មក​ក​ម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​សហគមន៍​ទំនប់​ស្លា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​គម្រោង​ដើម្បី​សហគមន៍​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​​ជាច្រើន​ដូចជា​ការ​បង្កើន​សមត្ថភាព​ទំនួល​ខុសត្រូវ​ក្នុង​ក្រុម​ ​ការ​អភិវឌ្ឍ​ជំនាញ​ទំនាក់ទំនង​សហគមន៍​ ​ការ​ហ្វឹកហាត់​រៀបចំ​សរសេរ​គម្រោង​ ​និង​ ​បង្កើន​ជំនាញ​ដោះស្រាយបញ្ហា​ផ្សេងៗ​ ​ព្រមទាំង​ចំណេះ​ដឹង​ថ្មីៗ​ស្តីពី​បច្ចេកវិទ្យា​ដែល​បណ្តុះបណ្តាល​ដោយ​កម្មវិធី​ ​ជាដើម​។​

           ​​«​តាមរយៈ​គម្រោង​ការ​អនុវត្ត​គម្រោង​ក្រោម​ប្រធាន​បទ​ ​«​សក្តានុពល​ទេសចរណ៍​ទំនប់​ស្លា​គ្មាន​កាកសំណល់​ប្លា​ស្ទិ​ច​»​គឺ​មាន​ប្រជាជន​ភាគច្រើន​ ​គាត់​បាន​សាទរ​និង​ចូល​រួមចំណែក​គាំទ្រ​ដល់​ក្រុម​របស់​យើងខ្ញុំ​បាន​យ៉ាង​ច្រើន​គួរសម​ ​តាម​រយៈ​ការ​ជួយ​ជា​ថវិកា​ ​ការ​លើកទឹកចិត្ត​ ​និង​ ​ការចូលរួម​ក្នុង​សកម្មភាព​ចុះ​ស​ម្អា​ត​បរិស្ថាន​ផង​ដែរ​»​ ​ឧត្តម​បាន​ ​បញ្ជាក់​។​ ​ទោះបីជា​មាន​ប្រជាជន​មួយ​ចំនួន​តូច​នៅ​មិនទាន់​បើក​ចិត្តទូលាយ​ចំពោះ​សកម្មភាព​ក្រុម​នេះ​ ​ក៏​ក្រុម​នៅតែ​ខិតខំ​ព្យាយាម​បន្ត​សកម្មភាព​របស់​ពួកគេ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលបំណង​របស់​ខ្លួន​ជាដរាប​។​

           ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​តំណាង​ក្រុម​ក៏បាន​បកស្រាយ​ពី​បញ្ហា​ប្រឈម​ដែល​ជា​ឧបសគ្គ​រាំង​ស្ទះ​ក្នុង​ពេល​បច្ចុប្បន្ន​ថា​ ​«​ដោយសារ​ពួក​ខ្ញុំ​មិន​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​សកម្មភាព​ទៅមុខ​បន្ត​ទៀត​ជាហេតុ​បណ្តាល​ឱ្យ​សកម្មភាព​ការងារ​ជួយ​សង្គម​របស់យើង​មិនបាន​សមប្រកប​ដូច​នឹង​ការ​គ្រោងទុក​នោះ​ទេ​»​។​ ​ក្នុង​ឆ្នាំ​២​០​២​២​នេះ​ ​បើ​មាន​ធនធាន​គ្រប់គ្រាន់​ ​ក្រុម​ ​«​ជំនោរ​យុវជន​ភ្នំ​ស្រង់​»​ ​នឹង​ពង្រីក​សកម្មភាព​ជួយ​ដល់​បរិស្ថាន​ក្នុង​សហគមន៍​បន្ថែម​ទៀត​តាមរយៈ​ ​យុទ្ធនាការ​បណ្តុះបណ្តាល​យុវជន​ ​បន្ថែមចំនួន​ធុងសំរាម​ ​បន្ត​ដំឡើង​ផ្ទាំង​ប៉ាណូ​និង​ស្លាក​អប់រំ​ផ្នែក​បរិស្ថាន​ ​និង​ ​ជួយ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ​ឱ្យ​ចូល​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​ទំនប់​ស្លា​កាន់តែ​ច្រើន​៕​

Article by SRIN SOKMEAN


SUGGESTIONS