×

P​i​z​z​a​ 4​P​’s ​ហាង​ភី​ហ្សា​ក្នុង​ក្រុងភ្នំពេញ​ដែល​មាន​ចក្ខុវិស័យ​ឈាន​ទៅ​ភាព​គ្មាន​កាកសំណល់​

NEWS 4 weeks ago
 
 

           ​ស្ថិតនៅ​ជាន់​ទី​២​ ​ចំទើត​ខ្លួន​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ីសុវត្ថិ​ ​P​i​z​z​a​ 4​P​’s ​គឺជា​ភោជនីយដ្ឋាន​ទើប​បង្កើត​ថ្មី​មួយ​លើទឹក​ដី​រាជធានី​ ​ហើយក៏​ជា​សាខា​ដំបូង​បំផុត​នៅ​កម្ពុជា​បន្ទាប់ពី​ផ្តើម​កំណើត​ដើមឡើយ​តាំងពី​ឆ្នាំ​២​០​១​១​នៅ​ឯ​ប្រទេស​វៀតណាម​។​ ​ក្នុង​គោលគំនិត​បង្កើត​កន្លែង​ដើម្បី​ចែកចាយ​ស្នាម​ញញឹម​ទៅកាន់​ពិភពលោក​ ​ស្ថាបនិក​ ​Ma​suko ​បាន​បង្កើត​សាខា​ភោជនីយដ្ឋាន​នេះ​បន្តបន្ទាប់​មិន​ក្រោម​១​០​កន្លែង​ ​និង​មកដល់​បច្ចុប្បន្ន​បាន​បោះជំហាន​មកកាន់​កម្ពុជា​។​

          ​ជំនួប​ជាមួយ​លោក​ K​a​z​u​y​a​ Kubo​t​a​ ​ប្រធាន​គ្រប់គ្រង​ភោជនីយដ្ឋាន​ ​P​i​z​z​a​ 4​P​’s ​ប្រចាំ​នៅ​កម្ពុជា​ ​លោក​បានឲ្យ​ដឹង​ថា​ “​ជាមួយ​ចក្ខុវិស័យ​នឹង​ពាក្យ​មួយ​ឃ្លា​ ​«​Make​ ​T​h​e​ ​World​ ​Smile​ ​for​ ​Peace​»​ ​ឬ​«​ធ្វើឲ្យ​ពិភពលោក​ញញឹម​ឆ្ពោះទៅ​សន្តិភាព​»​ ​យើង​ចង់​ចែកចាយ​ទៅកាន់​ពិភពលោក​ដែល​មិន​ត្រឹមតែ​នៅ​ប្រទេស​វៀតណាម​នោះ​ទេ​។​ ​យើង​ចង់​ពង្រីក​ជំនួញ​របស់យើង​ទៅកាន់​ប្រទេស​ដទៃ​ ​និង​ចង់​ផ្តល់​បទពិសោធន៍​ទៅកាន់​ប្រទេស​ដទៃ​។​ ​យើង​ចង់ឲ្យ​គ្រប់គ្នា​បាន​ស្គាល់​រសជាតិ​ឈី​ស​(​Cheese​)​ដែល​យើង​ធ្វើ​ដោយខ្លួនឯង​ ​អ្វី​ដែល​សំខាន់​បំផុត​យើង​មិនមែន​ត្រឹមតែ​ជា​ភោជនីយដ្ឋាន​ប៉ុណ្ណោះ​ទេ​ ​យើង​ថែមទាំង​ដើរតួ​ជា​អ្នក​ខ្វាយខ្វល់​អំពី​បរិស្ថាន​និង​ការរស់នៅ​បែប​និរន្តរភាព​ផង​ដែរ​។​” ​ជាក់ស្តែង​បេសកកម្ម​របស់​ ​P​i​z​z​a​ 4​P​’s ​គឺ​ ​«​Delivery​ ​W​o​w​, ​Sharing​ ​Happiness​ ​»​ ​ដែល​ផ្តោត​ទៅលើ​ការ​តាំងចិត្ត​ខ្ពស់​ដើម្បី​ក្លាយ​ជា​ភោជនីយដ្ឋាន​គ្មាន​កាកសំណល់​។​ “​ខ្ញុំ​បាន​ធ្វើ​ការស្រាវជ្រាវ​អំពី​បញ្ហា​សង្គម​ផ្សេងៗ​នៅ​កម្ពុជា​ ​ដែល​ជា​លទ្ធផល​ឃើញ​ថា​មាន​បញ្ហា​ទាក់ទង​នឹង​ការ​ចោលសំរាម​ ​ដូច្នេះ​ហើយ​ទើប​យើង​ចាប់ផ្តើម​ជាមួយ​គម្រោង​ ​Zero​ ​Waste​ ​ឬ​គ្មាន​កាកសំណល់​។​ ​នេះ​ក៏​ជា​មូលហេតុ​មួយ​មកកាន់​ភោជនីយដ្ឋាន​ដែល​ធ្វើឲ្យ​យើង​ចង់​ផ្លាស់ប្តូរ​អ្វីមួយ​ឲ្យ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​។​” ​លោក​ K​a​z​u​y​a​ Kubo​t​a​ ​លើកឡើង​។​

          អំណោយផល​ទីតាំង​បែរមុខ​ទៅ​មាត់ទន្លេ​ ​ស្រស់ស្រាយ​នឹង​ជំនោរ​រហើយ​ៗ​បោកបក់​មក​អង្អែល​កាយា​យ៉ាង​បរិសុទ្ធ​ ​ភោជនីយដ្ឋាន​ ​P​i​z​z​a​ 4​P​’s ​បាន​រៀប​ចំកន្លែង​បដិសណ្ឋារកិច្ច​មាន​លក្ខណៈ​សាមញ្ញ​និយម​ ​តែ​ប្រជុំ​ទៅ​ដោយ​ប្រណីតភាព​ ​និង​មាន​លម្អិត​សិល្បៈ​ស្ថាបត្យកម្ម​គួរឲ្យ​ចោទ​ជា​ច​ម្ងល់​។​ ​បើ​តាម​ការ​ឲ្យដឹង​ពី​ប្រធាន​ភោជនីយដ្ឋាន​ ​ការរចនា​ឡើង​ក្នុង​ទម្រង់​ធរណី​មាត្រ​លាត​ទៅ​ដោយ​ពណ៌​ស៊ីម៉ងត៍​ ​លាយឡំ​ឡាយ​នឹង​ឈើ​បង្អួច​ទាញ​ពន្លឺ​ទាញ​ខ្យល់​នេះ​គឺជា​ការ​បំ​ផុសគំនិត​ដកស្រង់​ពី​និម្មាបនកម្ម​សំណង់​របស់​បិតា​ស្ថាបត្យកម្ម​ខ្មែរ​ ​លោកតា​ ​វណ្ណ​ ម៉ូ​លី​វណ្ណ​ ​និង​ចង​ភ្ជាប់​ជាមួយ​រចនាបថ​ទំនើប​ ​បង្កើត​បានជា​កន្លែង​ពិសា​ភោជនាហារ​មួយ​មាន​លក្ខណៈ​ទាន់សម័យ​ ​និង​អាច​មើលឃើញ​ពី​ការ​សម្រប​ខ្លួន​ទៅ​ពេល​អនាគត​។​ ​ចំកណ្តាល​ភោជនីយដ្ឋាន​ក៏បាន​ដំឡើង​ឡ​ដុត​ភី​ហ្សា​ចំនួន​២​ ​ភ្ជាប់​មក​ជាមួយ​តុកៅអី​អង្គុយ​ទល់មុខ​ឡ​ស្រាប់​ ​ដែល​នេះ​ក៏​ជា​ ​Concept​ ​ទាក់ទង​នឹង​រឿងរ៉ាវ​របស់​ស្ថាបនិក​ដែល​បង្កើត​ម៉ាក​យីហោ​ភោជនីយដ្ឋាន​ដូច​បាន​រៀបរាប់​នៅ​ខាងដើម​ផង​ដែរ​។​ ​បើ​និយាយ​អំពី​មុខម្ហូប​វិញ​ទីនេះ​មាន​បម្រើ​តាំងពី​ ​អាហារសម្រន់​ ​សាលាដ​ ​ប៉ា​ស្តា​ ស្ពាហ្គេ​ទី​ ​ពិសេស​នោះ​គឺ​ភី​ហ្សា​តែម្តង​។​ ​សម្រាប់​ភី​ហ្សា​មាន​ច្រើន​រសជាតិ​សុទ្ធ​សឹង​ជា​រសជាតិ​បង្កើត​ផ្ទាល់ខ្លួន​ ​និង​មាន​រសជាតិ​បែប​ជប៉ុន​ផង​ដែរ​។​ ​បើ​បាន​ទៅដល់​សូម​កុំ​ភ្លេច​ភ្លក់​ភី​ហ្សា​ប៉ុន្មាន​មុខ​នេះ​ដូចជា​ ​ភី​ហ្សា​ត្រី​សា​ម៉ុ​ន​រសជាតិ​ក្រែម​ ​M​i​so​ ​ភី​ហ្សា​សាច់​មាន់​ ​T​e​r​i​y​a​k​i​ ​និង​ភី​ហ្សា​បង្គា​ ​May​onn​a​i​s​e​ ​ធានា​ថា​ឆ្ងាញ់​ជាប់ចិត្ត​។​ ​រីឯ​ភេសជ្ជៈ​មាន​ជា​ប្រភេទ​ ​Craft​ ​beer​ ​ស្រា​ធម្មជាតិ​ ​និង​ភេសជ្ជៈ​ស្រស់​ៗ​ជាច្រើន​ទៀត​។​ ​លោក​ ​Ma​suko ​និយាយ​ថា​ទីនេះ​ជា​ភោជនីយដ្ឋាន​បែប​ ​Farm​ ​to​ ​Table​ ​ដូច្នេះ​រាល់​គ្រឿងផ្សំ​សុទ្ធ​សឹង​ដាំ​ដុះ​បែប​ធម្មជាតិ​គ្មាន​ជាតិគីមី​ ​និង​ព្យាយាម​ប្រើប្រាស់​គ្រឿងផ្សំ​ក្នុងស្រុក​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​

          ​សាងសង់​ឡើង​រួម​ជាមួយ​ការ​តាំងចិត្ត​ខ្ពស់​ដើម្បី​ក្លាយ​ជា​ភោជនីយដ្ឋាន​គ្មាន​កាកសំណល់​ ​P​i​z​z​a​ 4​P​’s ​បាន​សហការ​ជាមួយ​ដៃគូ​កែច្នៃ​ ​និង​កែ​សម្រួល​កាកសំណល់​ទៅជា​សម្ភារ​ក្នុង​ភោជនីយដ្ឋាន​។​ ​មែនទែន​ទៅ​ ​ទីនេះ​មិន​មាន​ប្រើ​សម្ភារ​ប្លាស្ទិក​ជូន​ភ្ញៀវ​នោះ​ទេ​ ​តែ​មាន​ជា​សម្ភារ​ប្លាស្ទិក​ប្រភេទ​កែច្នៃ​ឡើងវិញ​ដែល​មាន​លក្ខណៈ​ប្រណីត​ ​និង​ទាន់សម័យ​ដូចជា​ ​តុ​ ​កៅអី​ ​ធុង​ ​គ្រឿង​តុបតែង​ ​និង​ប្រដាប់​ដាក់​សម​ស្លាបព្រា​ជាដើម​។​ ​លើស​ពី​នេះ​ ​ភោជនីយដ្ឋាន​មាន​បន្ទប់​សម្រាប់​បែងចែក​កាកសំណល់​ ​ដែល​ក្នុង​នោះ​កាកសំណល់​ត្រូវ​បាន​បែងចែក​ដល់ទៅ​២​០​ប្រភេទ​ឯណោះ​។​ ​កាកសំណល់​កែច្នៃ​រួម​មាន​ ​កាកសំណល់​ម្ហូប​ទៅជា​ចំណី​សត្វ​ចិញ្ចឹម​ ​កែវ​កែច្នៃ​ប្រើ​ឡើងវិញ​ ​ប្លាស្ទិក​កែច្នៃ​ជា​សម្ភារ​សង្ហារិម​ ​ម្សៅ​ភី​ហ្សា​សម្រាប់​ចំណី​ចង្រិត​ ​ក្រដាស​ប្រើ​សម្រាប់​ដី​មាន​ជីវជាតិ​ ​សំបកលៀស​កិន​ទៅជា​ម្សៅ​សម្រាប់​ចិញ្ចឹម​មាន់​ ​ដែក​ ​ដប​ប្លាស្ទិក​ ​ដប​ទឹកដោះគោ​ ​អាលុយមីញ៉ូម​ ​កំប៉ុង​ ​និង​ក្រដាស​ឡាំង​កែច្នៃ​ឡើងវិញ​ ​ប្រអប់​ស្នោ​កែច្នៃ​ឡើងវិញ​សម្រាប់​សម្ភារ​សំណង់​ ​និង​បាវ​ម្សៅ​ភី​ហ្សា​ច្នៃ​ឡើងវិញ​ជា​ថង់​បរិស្ថាន​។​ ​និយាយរួម​ភោជនីយដ្ឋាន​បាន​គិតគូរ​ចម្បង​អំពី​បរិស្ថាន​ ​និង​ការ​អភិវឌ្ឍន៍​បៃតង​ដើម្បី​ផ្តល់​ផល​វិជ្ជមាន​ចំពោះ​ការរស់នៅ​ក៏ដូចជា​ភព​​​ផែនដី​ទាំង​ពេល​បច្ចុប្បន្ន​ ​និង​ពេល​អនាគត​។​

​Article​ ​by​ ​HEM​ ​SO​KK​HIM​


 


SUGGESTIONS