អំបុកសាច់យីហោ«អំបុកស្រីនិច» ផលិតផលចលនាភូមិមួយផលិតផលមួយប្រចាំខេត្តស្វាយរៀង
NEWS one year agoគ្មានជនជាតិខ្មែរណាម្នាក់ដែលពោលថាមិនស្គាល់ចំណីប្រពៃណីពីដូនតាមួយបែប គឺ អំបុក ដែលមានវត្តមានជាយូរយារ ណាស់មកហើយនៅតាមតំបន់ជនបទស្រុកស្រែទូទាំងប្រទេសនោះឡើយ។ ពាក់ព័ន្ធនឹងចំណី «អំបុក» នេះ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឆ្ពោះទៅកាន់ទីរួមខេត្តស្វាយរៀង ត្រូវបានអ្នកដំណើរស្គាល់ថាជាសហគមន៍ទីផ្សារអំបុកដ៏ធំមួយប្រចាំផ្លូវជាតិលេខ១។ ប៉ុន្តែជាទូទៅ យើងសង្កេតឃើញថា អ្នកតំបន់នេះដាល់តែអំបុកបែបបុរាណធម្មតាសម្រាប់លក់ជូនអ្នកដំណើរតាមដងផ្លូវប៉ុណ្ណោះ។ ដោយឡែក គ្រួសារកសិករមួយរស់នៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ ចុះពីផ្លូវជាតិលេខ១ តាមផ្លូវវាលស្រែ (ទល់មុខឆៀងខ្លោងទ្វារចូលវត្តឈើទាល) ទៅក្នុងប្រហែល២គីឡូម៉ែត្រ កំពុងសស្រាក់សស្រាំកែច្នៃអំបុកសាមញ្ញឲ្យទៅជាអាហារសម្រន់វេចខ្ចប់ក្នុងកញ្ចប់ទាន់សម័យនិងមានរសជាតិខុសប្លែកពីការផលិតរបស់គ្រួសារដទៃទៀតក្នុងតំបន់។ អំបុកបែបថ្មីយីហោ«អំបុកស្រីនិច»នេះត្រូវបានវាយតម្លៃជាប់ជាផលិតផលសក្តានុពលមួយក្នុងចំណោមផលិតផល៩មុខប្រចាំខេត្តដែលមានការទទួលស្គាល់ពីគណៈកម្មាធិការចលនាភូមិមួយផលិតផលមួយ។
កញ្ញា ហួន ស្រីនិច អាយុ២៤ឆ្នាំ ជាម្ចាស់សិប្បកម្មលក្ខណៈគ្រួសារ «អំបុកស្រីនិច» បានរំព្ញកអំពីប្រវត្តិអាជីវកម្មខ្នាតតូចនេះថា ដំបូងឡើយ មានខាងសមាគមស្រ្តីខេត្តស្វាយរៀងបានទាក់ទងអញ្ជើញឲ្យស្រ្តីក្នុងតំបន់ទៅសិក្សាវគ្គខ្លីបណ្តុះបណ្តាលជំនាញកែច្នៃកាលពីអំឡុងឆ្នាំ២០១៧-២០១៨។ វគ្គសិក្សានោះមានចំនួន៤វគ្គ ហើយក្នុងមួយវគ្គប្រព្រឹត្តទៅរយៈពេល២ថ្ងៃ។ ក្រោយពីទទួលបានការបណ្តុះបណ្តាលពីវគ្គសិក្សានោះ ម្តាយរបស់កញ្ញាបានសាកល្បងធ្វើទទួលទានខ្លួនឯងនិងចែកញាតិជិតខាងឲ្យសាកល្បងភ្លក្ស ហើយទទួលបាននូវការចាប់អារម្មណ៍និងកោតសរសើរ។ ទោះបីជាយ៉ាងនេះក្តី ក៏ពេលនោះគ្រួសាររបស់កញ្ញាពុំទាន់សម្រេចចិត្តធ្វើវាលក់ភ្លាមៗនោះដែរ។ លុះយូរក្រោយមកទៀត ទើបកញ្ញាយល់ឃើញថា គ្រួសារកញ្ញាមានសមត្ថភាពនិងលទ្ធភាពអាចកែច្នៃបានដើម្បីបង្កើតទីផ្សារថ្មីឲ្យខុសពីអ្នកភូមិផ្សេងទៀត ព្រោះថា សហគមន៍ឃុំក្រោលគោនេះមានអ្នកលក់អំបុកខ្ទង់៤០គ្រួសារឯណោះ ហើយផលិតផលរបស់គាត់មានលក្ខណៈដូចគ្នាទាំងអស់ ពោលគឺជាប្រភេទអំបុកប្រពៃណីធម្មតា ដែលលក់បានតម្លៃទាប។ អាស្រ័យហេតុនេះទើបកញ្ញាចង់សាកល្បងបង្កើតផលិតផលពិសេសដោយឡែកដែលមានការវេចខ្ចប់បានប្រសើរទាន់សម័យ ហើយមានជម្រើសច្រើនរសជាតិឲ្យអតិថិជនអាចជាវបានតាមចំណង់ចំណូលចិត្ត។
ជាការប្រៀបធៀប កញ្ញាបានពន្យល់ថា ចំពោះ អំបុកធម្មតាដែលអ្នកស្រុកទូទៅលក់នៅតាមដងផ្លូវ មានតម្លៃ ១៥០០រៀល-២០០០រៀល ក្នុងមួយកំប៉ុង។ រីឯ អំបុកកែច្នៃថ្មីម៉ាក «អំបុកស្រីនិច» អាចលក់បានតម្លៃរហូតដល់ ៥០០០រៀល/មួយកំប៉ុង ចំណុះដូចគ្នា។ ចុះហេតុអ្វីបានជាអ្នកភូមិមិនបែរមកធ្វើអំបុករសជាតិសាច់បែបកែច្នៃថ្មីដែលមានតម្លៃខ្ពស់ជាងនេះ? គ្រួសារស្រីនិចបានបកស្រាយថា ដោយសារអំបុកធម្មតាងាយស្រួលផលិតជាង។ ឯអំបុកសាច់វិញត្រូវចំណាយពេលយូរ និងចំណាយកម្លាំងពលកម្មខ្លាំង។ ជាក់ស្តែង ប្រសិនបើគេផលិតបានអំបុកធម្មតា៣០០កំប៉ុងក្នុងមួយថ្ងៃ គេអាចផលិតបានអំបុកប្រភេទសាច់នេះតែ ៦០-៧០ កំប៉ុងតែប៉ុណ្ណោះក្នុងមួយថ្ងៃដោយសារតែអំបុកសាច់ត្រូវការពេលចម្អិនសាច់ឲ្យស្រួយនិងស្ងួតល្អ ទើបមិនអាចធ្វើបានច្រើននិងលឿនទេក្នុងមួយថ្ងៃ។
ផលិតផលរបស់សិប្បកម្ម «អំបុកស្រីនិច» មាន៤ប្រភេទ គឺ អំបុកសាច់ជ្រូក អំបុកសាច់គោ អំបុកស្រូវដំណើប និង អំបុកស្រូវផ្ការំដួល។ ក្នុងចំណោមផលិតផលទាំងនេះ ផលិតផលអំបុកសាច់ជ្រូកលក់ដាច់ជាងគេ ឆ្លងតាមបទពិសោធន៍លក់ផ្ទាល់នាពេលកន្លងមក។ ចំពោះតម្លៃលក់អំបុកសាច់ដែលជាផលិតផលចំបងត្រូវបានគិតអាស្រ័យលើជម្រើសបរិមាណ។ អំបុកសាច់ជ្រូក ចំណុះ ១៥០ ក្រាម តម្លៃ ៥០០០រៀល, ៣០០ក្រាម តម្លៃ ១០០០០ រៀល, ៤៥០ក្រាម តម្លៃ ១៥០០០ រៀល។ រីឯ អំបុកសាច់គោ ចំណុះ ១៥០ក្រាម តម្លៃ១០០០០ រៀល, ៣០០ក្រាម តម្លៃ ២០០០០រៀល និង ៤៥០ក្រាម តម្លៃ ២៥០០០ រៀល។ សូមបញ្ជាក់ថា អំបុកខាងលើ បច្ចុប្បន្នផ្តោតលើការលក់អនឡាញ មិនទាន់មានទីផ្សារបែងចែកទូលំទូលាយក្រៅខេត្តនៅឡើយទេ។ ប៉ុន្តែ ទន្ទឹមនឹងនេះ ខាងមន្ទីរពាណិជ្ជកម្ម កសិកម្ម និងសិប្បកម្មខេត្តស្វាយរៀងក៏តែងតែជួយលើកស្ទួយផលិតផលនេះតាមរយៈការរៀបចំតាំងពិព័រណ៍ថ្នាក់ខេត្ត និងនៅរាជធានីភ្នំពេញជារឿយៗផងដែរ។
សិប្បកម្មនេះក៏កំពុងមានគម្រោងបង្កើតផលិតផលថ្មីបន្ថែមទៀត គឺ អំបុកសាច់មាន់ និងអំបុកផ្លែឈើ ក្នុងពេលឆាប់ៗ ខាងមុខនេះ។ ការជួយទិញផលិតផលចលនា «ភូមិមួយផលិតផលមួយ» តួយ៉ាង «អំបុកស្រីនិច» នេះគឺជាការ ផ្តល់កម្លាំងចិត្តដល់សហគ្រិនជនបទក៏ដូចជាជួយផ្តល់ឱកាសការងារដល់ស្រ្តីក្នុងន័យកាត់បន្ថយចំណាកស្រុកផង ដែរ។ សម្រាប់លោកអ្នកដែលចង់ជាវ សូមមេត្តាទាក់ទងតាមរយៈទំព័រហ្វេសប៊ុក Sreynich Houn ឬ លេខទូរសព្ទ ០៩៦ ៤៩៥ ៨៤ ០៧៕
Article by SRIN SOKMEAN