×

ជ័យ​លា​ភី​លេខ​១​ស្នាដៃ​សិល្បៈ​ស្តីពី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​កម្ពុជា​ដែល​ចុះ​ក្នុង​បញ្ជី​យូ​ណេស្កូ

NEWS a month ago
 
 

​          ការ​ប្រកួត​ស្នាដៃ​សិល្បៈ ​«​អប​អរសាទរ​បេតិកភណ្ឌ​វប្បធម៌​ទាំង​៥​របស់​កម្ពុជា​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេស្កូ​»​ ​គឺជា​កម្មវិធី​មួយ​ដែល​បាន​រៀបចំ​ឡើង​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​សហការ​ជាមួយ​ការិយាល័យ​អង្គការ​យូ​ណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា​។​ ​គោលបំណង​នៃ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ ​ដើម្បី​ជួយ​លើក​ក​ម្ពស់​វប្បធម៌​អរូបី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ចង់ឲ្យ​ប្រជាជន​ ​ក៏ដូចជា​សិស្ស​និស្សិត​មកពី​បណ្តា​សាកលវិទ្យាល័យ​ផ្សេងៗ​មានឱកាស​បញ្ចេញ​ទេពកោសល្យ​តាមរយៈ​ការ​បញ្ចេញស្នាដៃ​។​ ​ជា​លទ្ធផល​កាលពី​ថ្ងៃ​ទី​០​៤​ ​ខែ​ឧសភា​ ​នេះ​ ​កម្មវិធី​បាន​រក​ឃើញ​ជ័យ​លា​ភី​លេខ​១​ដែល​បាន​ទៅលើ​វិចិត្រករ​វ័យក្មេង​មួយ​រូប​នោះ​គឺ​ ​ងួន​ឡេង​ ​ម៉េង​ក័ង​។

          ​បរិយាយ​ពី​អារម្មណ៍​រំភើប​មិនទាន់​បាត់​នៅឡើយ​ ​ម៉េង​ក័​ង​ ​បាន​រៀបរាប់​មកកាន់​សូវ​រី​ន​ថា​ “​ខ្ញុំ​ពិតជា​រំភើបចិត្ត​ណាស់​ ​ក្រោយ​ដឹង​ថា​រូប​ខ្ញុំ​បាន​ឈ្នះ​ការ​ប្រកួត​ស្នាដៃ​នេះ​ ​ព្រោះ​ពេល​ប្រកួត​ខ្ញុំ​មិន​រំពឹង​ថា​អាច​ទទួល​បាន​លទ្ធផល​បែប​នេះ​ឡើយ​។​ អ្វីដែល​សំខាន់​អ្នកចូលរួម​ប្រកួត​សុទ្ធសឹងតែ​មាន​ស្នាដៃ​ខ្លាំង​ ​វា​ធ្វើឲ្យ​ខ្ញុំ​នឹកស្មាន​មិនដល់​ ​រំភើប​រក​ពាក្យ​អ្វី​និយាយ​ពុំបាន​។​”

          ​ម្ចាស់​ជ័យ​លា​ភី​បាន​បង្ហើប​ដែរ​ថា​ ​មូលហេតុ​ដែល​សម្រេច​ចិត្ត​ចូលរួម​ប្រកួត​កម្មវិធី​នេះ​ ​ក៏ដោយសារតែ​ការ​ស្រលាញ់​ផ្នែក​សិល្បៈគំនូរ​ ​ជាពិសេស​គឺ​សម្បត្តិ​វប្បធម៌​តែម្តង​។​ ​ម្យ៉ាង​ ​នេះ​ជា​ឱកាស​មួយ​ដែល​អាច​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ ​។​ ​ហេតុផល​សំខាន់​ទៀត​នោះ​គឺ​ដើម្បី​ទទួល​បាន​បទពិសោធន៍​ ​ព្រោះ​បើ​ឈ្នះ​អាច​នឹង​មាន​គេ​ស្គាល់​ស្នាដៃ​ច្រើន​។​ ​ចំណែក​ឯ​ប្រាក់​រង្វាន់​ក៏​អាច​​​យកមក​ផ្គត់ផ្គង់​ការសិក្សា​ផង​ដែរ​។​

          ​តាមរយៈ​គំនូរ​មួយ​ផ្ទាំង​ដែល​លម្អិត​ច្បាស់​ទាំង​ក្បាច់​ ​និង​រូបរាង​ ​ម៉េង​ក​័​ង​ ​បាន​ចំណាយ​ពេល​ធ្វើ​ត្រឹមតែ​១​ស​ប្តាហ៍​ប៉ុណ្ណោះ​ ​ដោយ​ចាប់ផ្តើម​ពី​ការ​គូរ​ព្រាង​នៅ​លើ​កំ​ព្យូរ​ទ​័​រ​ ​រួច​ទើប​សម្រេច​គូរ​នៅ​លើ​ក្រដាស​។​ ​គំនូរ​នេះ​បាន​ច្បិច​សិល្បៈ​គូរ​បែប​ ​Do​o​d​l​e​ ​មក​បំបែក​បញ្ចូលជាមួយ​ការ​ប្រើ​ក្បាច់​ខ្មែរ​ ​និង​លាយ​ជាមួយ​ការ​ប្រើ​ពណ៌​ទឹក​។​ ​លក្ខណៈ​ពិសេស​នៃ​គំនូរ​គឺ​ត្រូវ​បាន​គូរ​ដោយ​ការ​ប្រើ​ប៊ិ​ក​ពណ៌​ខ្មៅ​ ​និង​លម្អិត​ផ្ចិតផ្ចង់​ជាមួយ​ចំណុច​តូច​ៗ​មាន​សុស​ ​មាន​ស្កះ​ ​មាន​រង្វើល​ ​រហូត​បង្កើត​ជា​ស្រមោល​ ​ជា​រាងរៅ​យ៉ាងល្អ​វិចិត្រ​។​ ​ត្រង់​ចំណុច​នេះ​ ​ម៉េង​ក​័​ង​ ​និយាយ​ដែរ​ថា​ ​ការ​គូរ​ចំណុច​អុចៗ​បង្កើត​ជា​រូបរាង​នេះ​ ​បើ​ចុច​ខុស​តែ​បន្តិច​នឹង​ធ្វើឲ្យខូច​រូប​តែម្តង​។​ ​ដូច្នេះ​វា​ទាមទារ​ឲ្យ​មាន​ភាព​អត់ធ្មត់​ខ្លាំង​បំផុត​។​

          ​ជាមួយ​គំនូរ​ផ្តោត​លើ​ប្រធាន​បទ​បង្ហាញ​ពី​សម្បត្តិ​វប្បធម៌​អរូបី​ទាំង​៥​ ​ម៉េង​ក​័​ង​ ​បាន​ប្រើ​គំនិត​ច្នៃ​ប្រតិដ្ឋ​ដោយ​គិត​ចម្បង​ទៅ​តាមលំដាប់​ទម្រង់​សិល្បៈ ​តួយ៉ាង​ ​ល្ខោន​ស្រមោល​ស្បែក​ធំ​ ​របាំ​ក្បាច់​បុរាណ​ខ្មែរ​ ​និង​ល្ខោនខោល​វត្ត​ស្វាយ​អ​ណ្តែ​ត​ ​ដែល​សុទ្ធ​សឹង​ស្ថិត​ក្នុង​ទម្រង់​សិល្បៈ​ខ្ពង់ខ្ពស់​ ​ម្ចាស់​ស្នាដៃ​រូប​នេះ​សម្រេច​គូ​រដាក់​នៅ​ខាងលើ​។​ ​ចំណែក​ចាប៉ី​ដង​វែង​គេ​លេង​នៅ​លើ​ឆាក​ ​និង​អង្គុយលេង​លើ​ក្តារ​ងឿ​ ​គូ​រដាក់​នៅ​បន្ទាប់​ ​រីឯ​ល្បែង​ទាញព្រ័ត្រ​ដាក់​នៅ​ខាងក្រោម​គេ​ ​ដោយហេតុថា​គេ​លេង​នៅ​ផ្ទាល់​នឹង​ដី​។​
​ឆ្លងកាត់​បទពិសោធន៍​រួចមក​ ​ម៉េង​ក័ង​ ​ចែករំលែក​ថា​ “​ការ​ធ្វើអ្វី​មួយ​មិនមែន​សុទ្ធតែ​ទទួលជោគជ័យ​ឬ​សម្រេច​ជា​លទ្ធផល​ភ្លាម​ៗ​នោះ​ទេ​ ​គឺ​ត្រូវ​ចេះ​អត់ធ្មត់​ ​និង​សិក្សា​ពី​កំហុស​ដែល​នាំឲ្យ​ខ្លួន​យើង​បរាជ័យ​។​ ​ដូចជា​រូប​ខ្ញុំ​ពីមុន​ប្រឡង​ស្នាដៃ​អ្វី​ក៏​មិន​ទទួល​បាន​លទ្ធផល​ល្អ​ដែរ​ ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​កែតម្រូវ​ចំណុច​ដែល​ខ្វះខាត​ ​និង​បំពេញ​វា​បន្ថែម​។​ ​ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ក្រុម​គ្រួសារ​​​ដែល​តែងតែ​លើកទឹកចិត្ត​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ ​វា​ជា​កម្លាំងចិត្ត​ដ៏​ធំ​សម្រាប់​ខ្ញុំ​។​”

          ​គួរឲ្យ​ដឹង​ដែរ​ថា​ ​កន្លងមក​និស្សិត​ដែល​សិក្សា​ជំនាញ​ផ្នែក​គំនូរ​វិចិត្រកម្ម​រូប​នេះ​ក៏​ធ្លាប់​បាន​ចូលរួម​ប្រកួត​ស្នាដៃ​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​ផង​ដែរ​ ​ដូចជា​កម្មវិធី​ ​«​white​ ​canvas​ ​Cam​bo​d​i​a​»​និង​ ​ការ​ប្រកួត​ស្នាដៃ​ ​«​រចនា​ឯកសណ្ឋាន​និស្សិត​»​ ​ជាដើម​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN
 


SUGGESTIONS