×

ចាន់​ ​ទេព​ខេ​ម​រិន្ទ ​ប្រមូល​ជីវប្រវត្តិ​និង​ស្នាដៃ​បុគ្គល​ល្បី​ៗ​​ចងក្រង​ជា​ឯកសារ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​

NEWS a month ago
 
 

            អ្នកនិពន្ធ​សៀវភៅ​ជំនាន់​ថ្មី​ជាច្រើន​រូប​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​យ៉ាង​ផ្ចិតផ្ចង់​ប្រកបដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ ​ដើម្បី​ធ្វើឲ្យ​អ្នកអាន​កាន់តែ​ស្វែងយល់​ពី​កត្តា​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​ទិដ្ឋភាព​សង្គម​បច្ចុប្បន្ន​ ​ក៏ដូចជា​ជីវប្រវត្តិ​របស់​បុគ្គល​ឆ្នើម​ដែល​ជា​ធនធាន​ក​ម្រ​ដែល​ជា​គំរូ​ដ៏​អស្ចារ្យ​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ធ្វើ​តម្រាប់​តាម​ផង​ដែរ​។​ ​ជាក់ស្តែង​ ​អ្នកនិពន្ធ​​សៀវភៅ​វ័យក្មេងមួយ​រូប​មកពី​ខេត្ត​សៀមរាប​បាន​ធ្វើ​ការស្រាវជ្រាវ​ពី​ប្រភព​ព័ត៌​មានផ្លូវ​ការ​ផ្សេងៗ​ទាក់ទង​នឹង​ជីវប្រវត្តិ​ ​និង​ស្នាដៃ​របស់​បុគ្គល​ឆ្នើម​របស់​កម្ពុជា​មួយ​ចំនួន​ដែល​មនុស្ស​ជំនាន់​ថ្មី​ភាគច្រើន​ស្ទើរតែ​គ្មាន​អ្នក​ស្គាល់​នោះ​ឡើយ​។​

​            យុវជន​ ​ចាន់​ ​ទេព​ខេ​ម​រិន្ទ ​និស្សិត​ថ្នាក់​មូលដ្ឋាន​ ​សិក្សា​លើ​មុខជំនាញ​ស្ថាបត្យកម្ម​នៅ​ក្នុង​សាកលវិទ្យាល័យ​អក​ឡេ​ន​ ​នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ (​University​ o​f​ ​A​uck​land​ ​locate​d​ ​in​ ​New​ ​Zeal​and​) ​ជា​អ្នកនិពន្ធ​ជាន់​ថ្មី​ដែល​បាន​សរសេរ​ពី​ជីវប្រវត្តិសង្ខេប​របស់​បុគ្គល​ឆ្នើម​ដែល​បាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​របស់​កម្ពុជា​។​ ​ក្រោយ​ពី​ការ​បោះពុម្ពផ្សាយ​សៀវភៅ​ក​ម្រាស់ ​៥​៦​ ​ទំព័រ​ដែល​មាន​ពីរ​ភាសា​ពោល​ភាសាខ្មែរ​ ​និង​ភាសា​អង់គ្លេស​ ​អម​ដោយ​គំនូរ​រូបភាព​គូរ​ដោយ​យុវជន​រូប​នេះ​ផ្ទាល់​ ​គេ​សង្កេតឃើញ​ថា​មានការ​គាំទ្រ​អាន​សៀវភៅ​ជាច្រើន​ពី​ស្រទាប់​យុវវ័យ​ ​ជាពិសេស​ ​ស្ថិតនៅ​ខេត្ត​សៀមរាប​ដែល​ជា​កន្លែង​កំណើត​របស់​យុវជន​ ខេ​ម​រិន្ទ ​ផ្ទាល់​តែម្តង​។​ ​ទន្ទឹម​នឹង​ការពិភាក្សា​នៃ​ដំណើរ​ដើមទង​ជាមួយនឹង​អ្នកនិពន្ធ​វ័យ​២​០​ឆ្នាំ​រូប​នេះ​បានឲ្យ​ដឹងផង​ថា​ការ​និពន្ធ​ដំបូង​របស់​ខ្លួន​ផ្តើម​ចេញ​មិត្តភក្តិ​ដែល​បាន​និពន្ធ​សៀវភៅ​ជា​ភាសា​អង់គ្លេស​បណ្តាល​ចិត្ត​របស់​ខ្លួន​ប្រឡូក​ក្នុង​វិ​ស​័​យ​នេះ​តែម្តង​។​ ​នៅ​ក្នុង​អំឡុង​ពេល​នោះ​ដែរ​ ​អ្នកនិពន្ធ​វ័យក្មេង​នេះ​បាន​បង្ហើប​ឲ្យដឹង​ផង​ថា​ ​«​ខ្ញុំ​មាន​ផលវិបាក​គួរសម​ ​ជាពិសេស​ ​ពេល​ដែល​ខ្ញុំ​ធ្វើការ​ទំនាក់ទំនង​ដើម្បី​សាកសួរ​ព័ត៌មាន​ពី​បុគ្គល​ម្នាក់​ ​ទៅ​បុគ្គល​ម្នាក់ទៀត​ ​ហើយ​មួយវិញទៀត​ខ្ញុំ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ជាមួយនឹង​ឆ្នាំ​កំណើត​របស់​គាត់​ ​ប្រសិនបើ​ខ្ញុំ​ពុំ​ដឹង​ច្បាស់​ពី​ឆ្នាំ​ទេ​នោះ​ ​ខ្ញុំ​នឹង​ប្រើ​ទសវត្សរ៍​ជំនួស​វិញ​។​»​ ​ជា​ការពិត​ណាស់​ ​ស្នាដៃ​របស់​ឥស្សរជន​ខ្មែរ​ដែល​ត្រូវ​បាន​ចងក្រង​ ​និង​ធ្វើការ​សង្ខេបត្រួសៗ​មាន​ចំនួន​២​០​ម្នាក់​ដែល​មកពី​វិ​ស័​យ​ផ្សេងៗ​គ្នា​ ​តួយ៉ាង​ ​ស្ថិតនៅ​ក្នុង​វិ​ស័​យ​ខ្សែ​ភាព​យន្តរបស់​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ​៦​០​ ​អ្នកស្រី​ ​ឌី​ ​សា​វ៉េ​ត​ ​ជាតា​រា​សម្តែង​ស្រី​ឆ្នើម​ម្នាក់​ពី​យុគ​សម័យ​មាស​ជាដើម​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា​ ​«​បុគ្គល​ឆ្នើម​របស់​កម្ពុជា​»​ ​ឬ​ “​Extraordinary​ ​People​ o​f​ ​Cam​bo​d​i​a​” ​ក៏បាន​រៀបរាប់​ពី​ជីវប្រវត្តិសង្ខេប​ជនបរទេស​ ​៣​ ​រូប​ដែល​ជា​គំរូ​ដ៏​ល្អឯក​សម្រាប់​ប្រជាជន​ខ្មែរ​ដូចជា​៖​ ​លោកស្រី​ អេ​ន​ជើ​លី​ណា​ ជោ​លី​ ​លោក​ ស្កុ​ត​ ​នី​សិន​ ​និង​លោក​វេជ្ជបណ្ឌិត​ ​បេ​អា​ត​ រិ​ចន​័​រ​ ​ដូច្នេះ​ដែរ​។​ ​យ៉ាងណាមិញ​ ​ក្រោយ​ពី​បញ្ចប់​ការ​បោះពុម្ពផ្សាយ​ជាលើកដំបូង​របស់​ខ្លួន​ ​យុវជន​ ​ចាន់​ ​ទេព​ខេ​ម​រិន្ទ ​ក៏​បានឲ្យ​ដឹង​ថា​នឹង​ពុំ​បន្ត​ស្នាដៃ​និពន្ធ​របស់​ខ្លួន​ទៀត​នោះ​ទេ​ ​ក៏​ព្រោះតែ​មាន​កត្តា​មួយ​ចំនួន​​ ​ម៉្យាងវិញទៀត​ ខេ​ម​រិន្ទ ​ត្រូវ​បន្ត​ការសិក្សា​របស់​ខ្លួន​នា​ក្រៅ​ប្រទេស​ឆាប់ៗ​នេះ​។​

​            គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​«​បុគ្គល​ឆ្នើម​របស់​កម្ពុជា​»​ ​ឬ​ “​Extraordinary​ ​People​ o​f​ ​Cam​bo​d​i​a​” ​បាន​បញ្ចប់​ការ​ចងក្រង​ ​និង​បោះពុម្ពផ្សាយ​សម្រេច​ជា​ផ្លូវ​កា​លើកដំបូង​នៅ​ចុង​ឆ្នាំ២​០​២​១​ ​ដែល​មាន​ចំនួន​ត្រឹមតែ​ ​៣​០​០​ ​ច្បាប់​ប៉ុណ្ណោះ​ ​ដោយ​បច្ចុប្បន្ន​អ្នក​អាច​ជាវ​ស្ថិតនៅ​ ​«​ស្រឡាញ់​សៀវភៅ​»​ ​ផង​ដែរ​៕​

Article by PAN SIVLY

Image Courtesy: ចាន់​ ​ទេព​ខេ​ម​រិន្ទ ​


SUGGESTIONS