×

ចំរើន​ ​ដារ៉ា​ ​ចែករំលែក​បទពិសោធន៍​និង​តម្លៃ​នៃ​របាំ​សហសម័យ​

NEWS a month ago
 
 

           ​ដូចដែល​ធ្លាប់​បាន​ទស្សនា​ ​របាំ​សហសម័យ​គេ​ច្រើន​សម្តែង​បរិយាយ​អំពី​រឿងរ៉ាវ​នៅ​ក្នុង​សង្គម​ ​អារម្មណ៍​ ​និង​ខ្លះ​ទាក់ទង​នឹង​ធម្មជាតិ​ជាដើម​។​ ​របាំ​នេះ​ជាទូទៅ​មានការ​ច្របាច់​បញ្ចូល​គ្នា​ចម្រុះ​ទាំង​បែប​បុរាណ​និង​សម័យ​ ​អម​នឹង​កាយវិការ​រាំ​ ​ភ្លេង​ ​ច្រៀង​ ​មាន​លក្ខណៈ​គួរឲ្យ​ចាប់អារម្មណ៍​ប្លែក​ដោយឡែក​។​ ​បើក​ក្រឡេក​មក​អ្នក​អាជីព​របាំ​សហសម័យ​នៅ​កម្ពុជា​ ​ឃើញ​ថា​ចំនួន​អ្នក​ចាប់​ធ្វើជា​អាជីព​មិនសូវ​ជា​មាន​ច្រើន​ប៉ុន្មាន​នោះ​ទេ​ ​ដោយហេតុ​របាំ​នេះ​មានការ​ទទួលស្គាល់​នៅ​មាន​ក​ម្រិ​ត​នៅឡើយ​។​ ​ជាក់ស្តែង​ ​ដូចជា​ ​លោក​ ​ចំរើន​ ​ដារ៉ា​ ​ថ្វីបើ​ដឹង​ថា​អាជីព​មួយ​នេះ​ហាក់ដូច​មិនសូវ​មាន​ទី​ផ្សារ​ ​និង​ការ​គាំទ្រ​ ​តែ​ដោយ​មាននិស្ស័យ​និង​ចិត្ត​ស្រលាញ់​ ​លោក​បាន​ព្យាយាម​ហ្វឹកហាត់​រហូត​ក្លាយ​ជា​អ្នក​អាជីព​មកដល់​សព្វថ្ងៃ​។​

          ​មាន​ស្រុកកំណើត​នៅ​ទី​ក្រុងភ្នំពេញ​ ​លោក​ ​ចំរើន​ ​ដារ៉ា​ ​គឺជា​អ្នក​របាំ​សហសម័យ​ ​ជា​អ្នក​ចម្រៀង​ឯករាជ្យ​ ​ជា​អ្នក​រាំ​ ​និង​លេង​ភ្លេងបុរាណ​ដ៏​មាន​ទេពកោសល្យ​មួយ​រូប​។​ ​បើ​និយាយ​ពី​ដំណើរ​ដើមទង​មុន​ក្លាយ​ជា​អ្នក​របាំ​សហសម័យ​ ​លោក​បាន​រៀបរាប់​រំលឹក​មកកាន់​សូវ​រី​ន​ថា​ “ ​ដើមឡើយ​អំឡុង​ឆ្នាំ​២​០​១​១​ ​មាន​អង្គការ​សិល្បៈ​មួយ​មកពី​បរទេស​បាន​បង្កើត​កម្មវិធី​សម្តែង​ទម្រង់​សិល្បៈ​ជាច្រើន​ ​ហើយ​អ្នក​គ្រូ​ខ្ញុំ​បាន​យក​របាំ​សហសម័យ​ទៅ​ចូលរួម​សម្តែង​។​ ​ពេល​នោះ​អ្នក​គ្រូបា​ន​ជ្រើស​ខ្ញុំ​ហាត់​រៀន​ដើម្បី​សម្តែង​ក្នុង​កម្មវិធី​នោះ​។​ ​គាត់​បាន​បង្ហាត់បង្រៀន​ខ្ញុំ​រួម​នឹង​សិស្ស​ដទៃទៀត​អំពី​ប្រវត្តិ​របស់​របាំ​សហសម័យ​ ​ទ្រឹស្តី​ ​និង​កា​រដាក់​អារម្មណ៍​ ​រួម​ទាំង​បច្ចេកទេស​ជាច្រើន​។​ ​ហាត់​រៀន​បណ្តើរ​ ​សម្តែង​បណ្តើរ​បាន​ធ្វើឲ្យ​ខ្ញុំ​យល់​កាន់តែ​ច្បាស់​អំពី​របាំ​នេះ​ ​និង​ស្រលាញ់​ចាប់តាំង​ពី​ពេល​នោះ​មក​។​”

          ​លោក​ ​ចំរើន​ ​ដារ៉ា​ ​លើកឡើង​ថា​ ​របាំ​សហសម័យ​មាន​ចំណុច​ពិសេស​ច្រើន​ដែល​ធ្វើឲ្យ​លោក​ចូលចិត្ត​ ​តួយ៉ាង​ ​របាំ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​រាំ​លេង​បាន​ច្រើន​ទម្រង់​ ​ដោយមាន​លាយឡំ​ប្រើ​ក្បាច់​ចម្រុះ​ទាំង​បុរាណ​ ​និង​សម័យ​ ​ហើយ​ការ​រាំ​ទៀតសោត​បង្ហាញ​ពី​អារម្មណ៍​ ​និង​អាចឲ្យ​អ្នកទស្សនា​យល់ឃើញ​ទៅតាម​ការ​គិត​ផ្សេងៗ​របស់​ពួកគេ​។​ ​លោក​បន្ថែម​ទៀត​ថា​ ​ខុសប្លែក​ពី​របាំ​បុរាណ​ខ្មែរ​ដែល​តម្រូវ​រាំ​តាម​ក្បួនខ្នាត​ត្រឹមត្រូវ​ ​និង​មិន​អាច​រាំ​ខុស​ពី​ក្បួនខ្នាត​ដើម​ ​របាំ​សហសម័យ​អាច​រាំ​បាន​តាមរបៀប​ផ្សេងៗ​ដូចជា​ ​ការ​រាំ​តាម​ចង្វាក់​តន្ត្រី​(​Musical​) ​ការ​រាំ​ដោយ​ប្រាប់​ពី​រឿងហេតុ​ណាមួយ​(​Story​ ​telling​) ​ការ​រាំ​តាម​ប្រធាន​បទ​របស់​កម្មវិធី​(​Follow​ ​Concept​) ​និង​ការ​រាំ​បែប​ពន្យល់​ពី​អ្វីមួយ​ដែល​ផ្តល់​ជា​សារ​ឲ្យ​អ្នកទស្សនា​បាន​យល់​(​Conceptual​)​ជាដើម​។​

          ​ការ​សម្តែង​របាំ​សហសម័យ​ ​លើកដៃ​ ​លើកជើង​ ​បង្វិល​ខ្លួន​ ​ពត់​ពេន​ ​យើង​ឃើញ​ហើយ​អាច​គិតថា​ងាយស្រួល​ ​តែ​ធាតុ​ពិត​បើ​តាម​ការ​ឲ្យដឹង​ពី​អ្នក​របាំ​វ័យ​២​៦​ឆ្នាំ​រូប​នេះ​លោក​ថា​ ​វា​ទាមទារ​ឲ្យ​មានការ​ផ្តោត​អារម្មណ៍​ ​និង​មាន​ភាព​រហ័សរហួន​ ​ដូចជា​ការដកដង្ហើម​ ​ការផ្លាស់ប្តូរ​ចលនា​ ​ការ​បញ្ចូល​អារម្មណ៍​ ​កា​រដាក់​មនោសញ្ចេតនា​ ​មាន​សប្បាយ​ ​មាន​ខឹង​ ​មាន​ក​ម្សត់ ​ជួន​ទួញ​ទុក្ខសោក​ជាដើម​។​ ​លោក​លើក​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដូច្នេះ​ “​ពេល​មានការ​សម្តែង​ម្តងៗ​ខ្ញុំ​ត្រូវ​គិតគូរ​ឲ្យបាន​ល្អិតល្អន់​ ​ថា​ចង់​សម្តែង​អ្វី​ឲ្យ​គេ​មើល​ ​ទាំង​សោភ័ណ​ភាព​ ​រាប់​តាំងពី​ក្បាច់​រាំ​ ​ស​ម្លៀ​ក​បំពាក់​ ​ចលនា​ ​និង​អារម្មណ៍​ដែល​បាន​បញ្ចេញ​ទៅ​។​ ​សំខាន់​ទៀត​នោះ​គឺ​ត្រូវ​សិក្សា​ពី​ ​Concept​ ​និង​កម្មវិធី​ដែល​ត្រូវ​ទៅ​សម្តែង​នោះ​ ​ពិសេស​ក៏​ត្រូវ​យល់​ពី​អ្នកទស្សនា​ដែរ​ថា​ពួកគាត់​ជា​ប្រភេទ​បែប​ណា​។​ ​ពេល​សិក្សាស្រាវជ្រាវ​យល់​អស់ហើយ​ទើប​យើង​ចាប់ផ្តើម​ធ្វើការ​ហាត់​សម​ ​ឯ​រយៈពេល​នៃ​ការហាត់​សម​អាច​ចន្លោះ​ពី​១​ស​ប្តាហ៍​ទៅ​១​ខែ​ទៅតាម​ ​Concept​ ​នីមួយៗ​។​”

          ​ថ្វី​ដ្បិត​ ​ចំរើន​ ​ដារ៉ា​ ​អាច​រាំ​បាន​យ៉ាង​ស្ទាត់ជំនាញ​ ​និង​មាន​បទពិសោធន៍​ច្រើន​ក្តី​ ​តែ​លោក​ក៏​នៅតែ​ត្អូញត្អែរ​ពី​ផល​លំបាក​លើ​ចំណុច​មួយ​ចំនួន​ដែល​រមែង​ប្រឈម​ផង​ដែរ​។​ “​សម្រាប់​ខ្ញុំ​ការ​រាំ​របាំ​សហសម័យ​ជា​ក្រុម​វា​ជា​រឿង​ពិបាក​ ​ព្រោះ​យើង​ម្នាក់ៗ​មាន​ចរិត​នៃ​ការ​រាំ​ខុសៗគ្នា​ ​អ្នកខ្លះ​គាត់​ចូលចិត្ត​រាំ​បែប​ស្រទន់​ ​ខ្លះ​ចូលចិត្ត​រាំ​បែប​ខ្លាំង​ៗ​ ​ខ្លះ​បែប​សិចស៊ី​ ​និង​ខ្លះ​បែប​រមទម​ជាដើម​។​ ​ដូច្នេះ​ហើយ​ពេល​រាំ​ជា​ក្រុម​យើង​ត្រូវការ​ចំណុច​កណ្តាល​មួយ​ ​ដើម្បីឲ្យ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ ​ទើប​អាច​រាំ​រំលេច​អត្តចរិត​រៀងៗខ្លួន​ក្នុង​ការ​សម្តែង​បាន​។​ ​មួយវិញទៀត​ ​របាំ​នេះ​មាន​ការរៀនសូត្រ​ថ្មីៗ​ ​ក៏ដូចជា​ស្រាវជ្រាវ​អ្វី​ដែល​ថ្មី​មិន​ចេះ​អស់​ឡើយ​។​”
​ប្រឡូក​ក្នុង​អាជីព​របាំ​សហសម័យ​អស់​រយៈពេល​ប្រមាណ​ជាង​១​០​ឆ្នាំ​ ​អ្នក​របាំ​ដែល​ជា​និស្សិត​រៀន​ជំនាញ​ដឹកនាំ​រឿង​ដែល​នឹង​ត្រៀម​បញ្ចប់​ការសិក្សា​ឆ្នាំ​ទី​៤​រូប​នេះ​ ​ធ្លាប់​បាន​ចូលរួម​សម្តែង​របាំ​សហសម័យ​ក្នុង​វេទិកា​តូច​ធំ​ជាច្រើន​ទាំង​ក្នុងស្រុក​ ​និង​រហូត​ហោះហើរ​ទៅ​សម្តែង​ដល់​ក្រៅ​ប្រទេស​ដូចជា​ ​សហរដ្ឋអាមេរិក​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​ថៃ​ ​និង​ចិន​ផង​ដែរ​។​

          ​តាមរយៈ​សូវ​រី​ន​ ​សិល្បករ​ ​ចំរើន​ ​ដារ៉ា​ ​ក៏មាន​ពាក្យពេចន៍​ផ្តាំផ្ញើ​ដែរ​ថា​ “​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ ​បើសិនជា​គាត់​ស្រលាញ់​អ្វីមួយ​ហើយ​ ​សូម​កុំ​បោះបង់​ក្តី​ស្រមៃ​មួយ​នោះ​ ​ទោះ​គ្មាន​អ្នក​លើកទឹកចិត្ត​មានតែ​អ្នក​សើចចំអក​ក៏ដោយ​។​ ​មួយវិញទៀត​ខ្ញុំ​សូម​សំណូមពរ​ដល់​អ្នក​ដែល​គាត់​មិនទាន់​ស្គាល់​របាំ​សហសម័យ​ ​ឬ​ធ្លាប់​ទស្សនា​ហើយ​យល់ថា​របាំ​នេះ​មិនដឹងជា​អ្វី​ ​សូម​កុំ​បំ​បាក់ទឹកចិត្ត​ដល់​ក្មេងៗ​ដែល​គាត់​ស្រលាញ់​ ​ព្រោះ​របាំ​សហសម័យ​វាក​៏​អាច​បង្ហាញ​ទៅកាន់​ពិភពលោក​ឲ្យ​ស្គាល់​ពី​របាំ​បុរាណ​ខ្មែរ​តាមរយៈ​ការ​យក​ក្បាច់​របាំ​បុរាណ​យើង​ទៅ​បញ្ចូល​ក្នុង​នោះ​ផង​ដែរ​ ​ហើយ​វាក​៏​អាច​បញ្ជាក់​ថា​ប្រទេស​យើង​អាច​ដើរទៅ​មុខ​បាន​នឹងគេ​ផង​ដែរ​”​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​
 


SUGGESTIONS