×

ខ្ចៅ​ ​ទូច​ ​សិល្ប​ការិនី​នៅ​ពីក្រោយ​ស្នាដៃ​គំនូរ​លើ​ក្រប​មុខ​ផ្លូវការ​នៃ​មហោស្រព​ភាពយន្ត​ C​IF​F​ 2022

NEWS 4 weeks ago
 
 

           ​អ្នកនាង​ ​ខ្ចៅ​ ​ទូច​ ​ជា​ស្រ្តី​វិចិត្រករ​វ័យ​កណ្តាល​ដ៏​សកម្ម​មួយ​រូប​ដែល​កំពុង​កសាង​ស្នាដៃ​គំនូរ​ទទួល​ ​បានការ​ពេញ​និយម​គួរសម​នៅ​លើទឹក​ដី​ក្រុង​បាត់​ដំបង​-​ជង្រុក​វប្បធម៌​បេតិកភណ្ឌ​នៃ​ប្រទេស​កម្ពុជា​។​គាត់​ត្រូវ​បាន​គេ​ទទួលស្គាល់​តាមរយៈ​អត្តសញ្ញាណ​ការងារ​សិល្បៈ​បែប​ ​«​ខៀវ​និយម​»​ ​ដ៏​ល្អឯក​ប្លែក​ខុស​ពី​ ​ស្នាដៃ​គំនូរ​របស់​វិចិត្រករ​ក្នុងស្រុក​ដទៃទៀត​។​ ​ពណ៌ខៀវ​នេះ​ហើយដែល​ត្រូវ​បាន​ប្រើ​ជាគោល​សម្រាប់​គូរ​ ​រំ​លេចចេញ​ជា​ស្នាដៃ​គំនូរ​មួយ​ផ្ទាំង​តាំងពី​ឆ្នាំ​២​០​២​០​ ​ក្រោម​ចំណងជើង​ថា​«​Just​ ​Born​»​ ​ដែល​មានន័យ​ថា​ ​«​ទើបនឹង​ចាប់កំណើត​»​ ​ហើយ​ត្រូវ​បាន​ផ្តល់​តម្លៃ​ខ្ពស់​រហូត​ត្រូវ​បាន​ប្រើ​ជា​ស្នាដៃ​សិល្បៈ​លើ​ក្រប​មុខ​ផ្លូវការ​ ​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១​១​ (11​t​h​ ​Cam​bo​d​i​a​ ​International​ ​Film​ ​Festival​) ​ហៅ​កាត់​ថា​ C​IF​F​ 2022 ​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២​៨​ ​ខែ​មិថុនា​ ​ដល់​ថ្ងៃ​ទី​០​៣​ ​ខែ​កក្កដា​ ​កន្លងទៅ​នេះ​។​ស្នាដៃ​វិចិត្រកម្ម​មួយ​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​កម្មវិធី​មហោស្រព​ខាងលើ​តាំងពី​ថ្ងៃ​ទី​២​៦​ ​ខែ​ឧសភា​ ​ម្ល៉េះ​ ​ដោយ​ប្រកាស​ថា​ជា​ក្រប​ទំព័រ​ផ្លូវការ​របស់​មហោស្រព​អន្តរជាតិ​កម្ពុជា​ ​លើក​ទី​១​១​ ​ឲ្យ​សាធារណជន​បាន​ជ្រាប​ជា​ព័ត៌មាន​។​

          ​សូវ​រី​ន​បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​សិល្ប​ការិនី​ ​ខ្ចៅ​ ​ទូច​ ​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​ក្រុង​បាត់​ដំបង​ ​ហើយ​បាន​ព័ត៌មាន​មក​​​ថា​ ​តាមពិត​ទៅ​ ​គំនូរ​មួយ​ផ្ទាំង​នេះ​ត្រូវ​ ​បាន​គូរ​សម្រាប់​ចូលរួម​កម្មវិធី​ពិព័រណ៍​មួយ​នៅ​ខេត្ត​សៀមរាប​ ​នៅ​ឯ​ទីតាំង​វិចិត្រសាល​ ​Mirage​ ​កាលពី​ពីរ​ ​ឆ្នាំមុន​។​ ​ក្រោយមក​ ​វា​ត្រូវ​បាន​យកមក​ដាក់​តាំង​ឯ​វិចិត្រសាល​មួយទៀត​ ​នៅ​ក្រុងភ្នំពេញ​ ​ឈ្មោះថា​ 282 ​Gallery​ ​ហើយ​ម្ចាស់​ទីតាំង​ពិព័រណ៍​នោះ​ក៏បាន​យក​ស្នាដៃ​របស់​អ្នកនាង​ ​ខ្ចៅ​ ​ទូច​ ​បង្ហាញ​ដល់​ក្រុម​ការងារ​ C​IF​F​។​ ​ពួកគេ​ក៏​សម្រេច​ជ្រើសរើស​យក​គំនូរ​មួយ​ផ្ទាំង​នេះ​ដែល​ប្រកបដោយ​អត្ថន័យ​ជ្រាលជ្រៅ​ទៅ​ប្រើ​ ​សម្រាប់​កម្មវិធី​ប្រចាំ​ឆ្នាំ​តែម្តង​។​

          ​តាម​ប្រសាសន៍​របស់​ម្ចាស់​គំនូរ​ផ្ទាល់​ ​ទស្សន​ទាន​ដែល​គាត់​ចង់​បង្ហាញ​ដល់​ទស្សនិកជន​ទាំង​ ​ឡាយ​នោះ​គឺ​បង្កប់​អត្ថន័យ​ទាំងស្រុង​ថា​ “ ​ខ្ញុំ​មាន​ម្តាយ​និង​ឪពុក​។​ ​ម្តាយ​របស់​ខ្ញុំ​លំបាក​យ៉ាង​ខ្លាំង​ពពោះ​ខ្ញុំ​ ​អស់​រយៈពេល​៩​ខែ​។​ ​រាងកាយ​របស់​ខ្ញុំ​បាន​វិវត្ត​ពី​ទារក​ទៅជា​ស្រ្តី​អាយុ​៣​៨​ឆ្នាំ​។​ ​ប៉ុន្តែ​មុនខ្ញុំកើត​មក​ ​តើ​ខ្ញុំ​ ​នៅឯណា​? ​សំណួរ​ដែល​ខ្ញុំ​សួរ​ខ្លួនឯង​រាល់ថ្ងៃ​÷ ​តើ​ខ្ញុំ​ទៅណា​? ​តើ​ខ្ញុំ​កំពុង​ធ្វើអ្វី​? ​ហេតុអ្វី​ខ្ញុំ​កើតមក​ ​ក្នុង​ ​ជីវិត​នេះ​ ​និង​ដើម្បីអ្វី​?... ​ពេល​ខ្ញុំ​ក្រឡេកមើល​ផ្កា​និង​ដើមឈើ​ ​មើលទៅ​ស្អាត​ណាស់​ ​កាន់តែ​មើល​កាន់តែ​ ​ស្អាត​ ​មើលទៅ​មាន​ក្តី​សុខ​ណាស់​ ​មើល​ទៅកាន់​តែ​ស្ងប់ស្ងាត់​ ​ពួកគេ​ក្រោក​ពីព្រលឹម​ ​ហើយ​ញញឹម​ ​ពួកគេ​ ​ញញឹម​រហូត​ដល់ស្លាប់​ ​ពេល​ស្លាប់​ក៏​ពួកគេ​នៅតែ​ញញឹម​ ​ពួកគេ​ក្លាយ​ជា​ដី​ ​ពួកគេ​ផ្តល់​ជីវិត​ដល់​រុក្ខជាតិ​ ​ដទៃ​អស់មួយជីវិត​ ​ពួកគេ​គ្រាន់តែ​ផ្តល់​ ​ពួកគេ​មិន​ត្រូវការ​អ្វី​ពី​ខ្ញុំ​ទេ​ ​នេះ​ជា​ធម្មជាតិ​? ​តើ​ខ្ញុំ​អាច​ដូច​ពួកគេ​ ​ទេ​? ” ​។​

          ចុះ​ស្នាដៃ​គំនូរ​ដែល​មាន​អត្ថន័យ​ដូច​ខាងលើ​នេះ​ពាក់ព័ន្ធ​នឹង​បរិ​បទ​វិ​ស​័​យ​ភាពយន្ត​យ៉ាងដូចម្តេច​ ​វិញ​? ​អ្នកតំណាង​កម្មវិធី​បាន​លើកឡើង​ថា​ ​នៅពេលដែល​ស្នាដៃ​របស់​គាត់​បាន​ដាក់​បង្ហាញ​ទៅ​មហាជន​ ​គំនូរ​ដដែល​នេះ​ត្រូវ​បាន​មើលឃើញ​និង​បកប្រែ​ទៅ​ក្នុង​អត្ថន័យ​ខុសៗគ្នា​។​ ​ការយល់​ឃើញ​ទាំងនោះ​ ​មិន​មាន​ត្រូវ​ឬ​ខុស​នោះ​ទេ​។​ ​វា​ជា​ការ​ផ្សារភ្ជាប់​របស់យើង​ទៅកាន់​គំនូរ​នោះ​។​ “​ដូចជា​គំនូរ​គម្រប​ទំព័រ​ផ្លូវការ​របស់​កម្មវិធី​យើង​នា​ឆ្នាំនេះ​ផ្ទាល់​ ​សម្រាប់​ពួកយើង​ជា​អ្នកធ្វើការ​នៅ​ក្នុង​វិ​ស​័​យ​ភាពយន្ត​គំនូរ​នេះ​ ​ប្រៀប​ដូចជា​សញ្ញា​បង្ហាញ​ការ​កកើត​រស់រាន​ជាថ្មី​នៃ​វិ​ស​័​យ​ភាពយន្ត​ក៏ដូចជា​វិ​ស​័​យ​សិល្បៈ​ទាំងមូល​បន្ទាប់ពី​ការ​ង​ផល​ប៉ះពាល់​ជាច្រើន​ពី​មេរោគ​ចង្រៃ​កូ​វី​ដ​១​៩​អស់​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​” ​។​

          ត្រឡប់​សំនួរ​ទៅកាន់​ម្ចាស់​រូប​វិញ​ ​ហេតុអ្វីបានជា​នឹកឃើញ​គូររូប​មួយ​ផ្ទាំង​នេះ​? ​អ្នកនាង​បាន​ឆ្លើយតប​ថា​ ​គាត់​ស្រឡាញ់​ផ្កា​និង​ធម្មជាតិ​។​ ​គាត់​បាន​ចំណាយ​ពេល​រហូត​៣​-​៤​ស​ប្តាហ៍​ទៅលើ​គំនូរ​មួយ​ផ្ទាំង​នេះ​ ​ហើយ​នេះ​ក៏​ជា​លើកទីមួយ​សម្រាប់​គាត់​ដែរ​ដែល​បាន​ចូលរួម​ជា​ចំណែក​មួយ​នៃ​កម្មវិធី​ C​IF​F​ ​។​ “​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​និង​អរគុណ​ចំពោះ​ការ​ផ្តល់​ឱកាស​នៅពេលដែល​ទទួល​បាន​សំណើ​គម្រោង​នេះ​ពី​ C​IF​F​ ​ភ្លាម​។​ ​ខ្ញុំ​ចាត់​ទុក​ការចូលរួម​ការងារ​ជាមួយ​ C​IF​F​ ​លើក​នេះ​ ​ជា​ឱកាស​មាន​សារៈសំខាន់​ក្នុង​អាជីព​ ​របស់​ខ្ញុំ​ ​ព្រោះ​គេ​អាច​ឃើញ​និង​ស្គាល់​ពី​គំនូរ​របស់​ខ្ញុំ​ ” ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ ​អ្នកនាង​ក៏បាន​បង្ហាញ​ ​ឆន្ទៈ​ចង់​ប្រឡូក​ការងារ​ជាមួយ​ C​IF​F​ ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ដែរ​ប្រសិនបើ​មានឱកាស​៕​

Article by SRINSOKMEAN


SUGGESTIONS