ជោ ស្រីណាង ម្ចាស់ពានរង្វាន់លេខ១ ផ្នែកតែងនិពន្ធនៃទិវាជាតិអំណានឆ្នាំ២០២២
NEWS 9 months agoកញ្ញា ជោ ស្រីណាង ជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យ ហ៊ុន សែន ពងទឹក ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានក្លាយជាម្ចាស់ពានរង្វាន់ផ្នែកតែងនិពន្ធចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីទិវាជាតិ អំណានលើកទី៧ ក្រោមប្រធានបទ «អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល» គួរឲ្យ មានមោទកភាពបំផុត ជាការបើកទំព័រប្រវត្តិសាស្រ្តដំបូងបង្អស់សម្រាប់ខេត្តស្វាយរៀងទាំងមូល។
ស្ថិតក្នុងទឹកដីភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ចម្ងាយប្រមាណ៨គីឡូម៉ែត្រពីទីរួមស្រុក យុវតី ជោ ស្រីណាង បានផ្តល់បទសម្ភាសន៍ថា ក្នុងឆ្នាំសិក្សា២០២១-២០២២ ដែលជាឆ្នាំត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ នាងក៏មិនបានដឹងមុនថានាងត្រូវបានជ្រើសរើសឲ្យទៅចូលរួមប្រឡងរហូតដល់ថ្នាក់ខេត្តនិងបន្តដល់ថ្នាក់ជាតិដែរ។ នេះជាការជំរុញលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិដែលបានសម្លឹងមើលឃើញនូវទេពកោសល្យរបស់នាងក្នុងជំនាញអក្សរសាស្រ្តខ្មែរ ។ ការត្រៀមប្រឡងពីមួយដំណាក់កាលទៅមួយដំណាក់កាលមានគម្លាតខ្លីមែនទែនសម្រាប់ឲ្យនាងបានត្រៀមខ្លួនបត់បែនតាម។ ដំបូង នាងត្រូវប្រឡងជម្រើសថ្នាក់សាលាចំនួនពីរដងទើបត្រូវបានបញ្ជូនបន្តទៅប្រឡងជម្រុះថ្នាក់ស្រុកនិងថ្នាក់ខេត្ត។ ក្នុងជុំជម្រុះថ្នាក់ខេត្តកម្មវិធីត្រៀមរយៈពេល១ខែត្រូវបានកែប្រែកម្មវិធីមកនៅត្រឹមមួយសប្តាហ៍ប៉ុណ្ណោះសម្រាប់បេក្ខជនដែលធ្វើឲ្យនាងមានអារម្មណ៍ភិតភ័យ តែនាងបានខំប្រមូលអារម្មណ៍ធ្វើវារហូតបានសម្រេច។
មកដល់ដំណាក់បន្ទាប់ដែលជាវគ្គជម្រុះទូទាំងប្រទេស នាងបានបញ្ជាក់ថា តាមពិតទៅ នាងត្រូវឡើងមកភ្នំពេញដើម្បីប្រឡងទេ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ បេក្ខជនមកពីគ្រប់ខេត្ត-រាជធានីទាំងអស់ត្រូវក្រសួងតម្រូវឲ្យប្រឡងតាមប្រព័ន្ធកម្មវិធី Zoom ជំនួសវិញ។ នាងត្រូវប្រឡងប្រជែងជាមួយបេក្ខជន-បេក្ខនារីពូកែៗជាច្រើនរូបមកពី១០ខេត្ត-រាជធានីទូទាំងប្រទេស។ ក្នុងដំណាក់កាលដែលនាងបានជាប់វគ្គជម្រុះ១០នាក់ចុងក្រោយនេះឯងដែលហាក់បីដូចជាសម្ពាធធ្ងន់មួយសម្រាប់នាង ព្រោះអ្នកទាំងអស់គ្នារំពឹងទុកថានាងត្រូវតែជាប់ដើម្បីជាមុខមាត់សាលាក៏ដូចជាខេត្តទាំងមូល។ ទម្រាំតែបានជោគជ័យ នាងត្រូវឆ្លងកាត់ការធ្វើស្វ័យសិក្សាហ្វឹកហាត់សរសេរនិងទទួលការយកចិត្តទុកដាក់កែតម្រូវពីសំណាក់គ្រូទៅលើអត្ថន័យ អត្ថរូប និងអត្ថរស ព្រមទាំងអក្ខរាវិរុទ្ធ និងការប្រើប្រាស់ពាក្យពេចន៍កុំឲ្យច្រំដែល។
កំណាព្យជ័យលាភីនោះតែងជាបទពាក្យប្រាំពីរ ក្រោមប្រធានបទដែលក្រសួងបានកំណត់ ហើយដែលនាងធ្លាប់បានហ្វឹកហាត់កន្លងមកតាំងពីនៅសាលាម្ល៉េះ។ កំណាព្យផ្តាច់ព្រ័ត្រមាន១៣វគ្គ ដែលមានចំនួនវគ្គដូចនឹងកំណាព្យដែលនាងសរសេរជាប់ជ័យលាភីថ្នាក់ខេត្តដែរតែមានអត្ថន័យខុសគ្នាមិនមែនជាកំណាព្យដដែលឡើយ។ កំណាព្យ១៣វគ្គនេះបែងចែកជាបីផ្នែកសំខាន់ៗ គឺ សេចក្តីផ្តើមនិយាយអំពីមត៌កកំណាព្យដែលបន្សល់ទុកពីដូនតាខ្មែរ។ តួសេចក្តីនិយាយអំពីផលប្រយោជន៍នៃកំណាព្យនិងការអភិវឌ្ឍបែបឌីជីថលក្នុងបរិបទសង្គមខ្មែរ (ឧទា: ការប្រើប្រាស់បណ្តាញសង្គមក្នុងការអប់រំ) និងសេចក្តីបញ្ចប់និយាយអំពីភារកិច្ចរបស់កូនខ្មែរជំនាន់ក្រោយក្នុងការចូលរួមចំណែកអភិរក្សនិងលើកស្ទួយ។ ទោះជាយ៉ាងនេះក្តី ក៏នាងជួបបញ្ហាលំបាកខ្លះៗចៀសមិនផុតដូចជា ទីមួយ នាងមានអារម្មណ៍ភ័យ និងទីពីរ ពិបាករកនឹកពាក្យសរសេរ។
ជ័យលាភីចំណាត់ថ្នាក់លេខ ១ ទទួលបានប្រកាសនីយបត្រសរសើរពីក្រសួង ១សន្លឹក ពានរង្វាន់ ១គ្រឿង សៀវភៅនិពន្ធដោយ ឯកឧត្តមបណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុន ២ក្បាល ទឹកប្រាក់ ៦លានរៀល និង វត្ថុអនុស្សាវរីយ៍មួយចំនួនទៀត ជាពិសេសគឺ ការស្ញើចសរសើរនិងស្នាមញញឹមពីមនុស្សជុំវិញខ្លួន។
ម្ចាស់ពានរង្វាន់ខាងលើបានពន្យល់ថា ការចូលរួមប្រកួតនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្ស ព្រោះវាជួយធ្វើឲ្យយើងមានភាពក្លាហាន ស្គាល់មិត្តភក្តិថ្មីៗ ទទួលបានបទពិសោធន៍និងមតិរិះគន់កែលម្អ ព្រមទាំងជួយលើកកេរ្តិ៍ឈ្មោះដល់សាលានិងខេត្តរបស់យើង។ នាងសូមផ្តាំផ្ញើឲ្យសិស្សទាំងឡាយចូលរួមប្រឡងដើម្បីបញ្ចេញសមត្ថភាពហើយត្រូវតែអានឲ្យបានច្រើនដើម្បីមានគំនិតច្រើនក្នុងការសរសេរ។ ចំពោះគោលដៅទៅថ្ងៃអនាគត បន្ទាប់ពីប្រឡងជាប់ថ្នាក់ទី១២ នាងមានបំណងសិក្សាបន្តលើជំនាញអក្សរសាស្រ្តខ្មែរដើម្បីក្លាយជាគ្រូបង្រៀនដូចក្តីស្រមៃ៕
Article by SRIN SOKMEAN