×

«​T​a​o ​Tin​g​»​ ​ភោជនីយដ្ឋាន​បង្កើត​ថ្មី​ផ្តល់​បទពិសោធន៍​ម្ហូបអាហារ​​​របស់​ជនជាតិ​តៃ​វ៉ាន់​

NEWS 2 years ago
 
 

           ​ភោជនីយដ្ឋាន​ដ៏​សម្បូរ​បែប​ជាច្រើន​កន្លែង​កំពុង​រីក​ស្កុ​ស​ស្កា​យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ខ្លះ​ជា​ភោជនីយដ្ឋាន​បម្រើ​ម្ហូប​បែប​ចិន​ ​ខ្លះ​ជា​ភោជនីយដ្ឋាន​បែប​អឺរ៉ុប​ ​រីឯ​ខ្លះទៀត​ជា​ភោជនីយដ្ឋាន​បម្រើ​ម្ហូបអាហារ​ប៉ែក​ភូមិភាគ​ឦសាន​ជាដើម​។​ ​ជាក់ស្តែង​ ​ប្រសិនបើ​យើង​និយាយ​ពី​ភោជនីយដ្ឋាន​បម្រើ​ម្ហូបអាហារ​រសជាតិ​ប្រពៃណី​របស់​ជ​ណ​ជាតិ​តៃ​វ៉ាន់​ឯណេះ​វិញ​ ​នៅ​ពុំទាន់​មាន​ច្រើន​កន្លែងនៅ​ឡើយ​នោះ​ទេ​ ​ដូច្នេះ​ ​ប្រសិនបើ​អ្នកចូលចិត្ត​ទទួលទាន​ម្ហូបអាហារ​រសជាតិ​តៃ​វ៉ាន់​អាច​នឹង​ពិបាក​បន្តិចបន្តួច​ក្នុង​ការស្វែងរក​ភោជនីយដ្ឋាន​បម្រើ​អាហារ​តៃ​វ៉ាន់​ដែល​ផ្តល់​នូវ​ឱជារស​ឈ្ងុយឆ្ងាញ់​ផ្ទាល់​តែម្តង​។​ ​ហេតុនេះ​ ​បាន​ធ្វើឲ្យ​ជនជាតិ​តៃ​វ៉ាន់​មួយ​ក្រុម​ចាប់ផ្តើម​បើក​ភោជនីយដ្ឋាន​មួយ​កន្លែង​ស្ថិតនៅ​ក្នុង​ប្លុក​បឹង​កេងកង​ទី​១​ ​ដែល​មាន​បម្រើ​ម្ហូបអាហារ​រសជាតិ​តៃ​វ៉ាន់​ផ្ទាល់​ដែល​ជា​ជម្រើស​មួយ​បន្ថែម​ទៀត​សម្រាប់​អ្នក​និយម​ចូលចិត្ត​ទទួលទាន​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែង​ភោជនីយដ្ឋាន​កៀក​បង្កើយ​ផង​ដែរ​។​

           ​​ផ្តើម​ចេញពី​ការផ្លាស់ប្តូរ​នៃ​របៀបរស់នៅ​ក្នុង​សង្គម​នៅ​អំឡុង​ពេល​រីក​រាលដាល​ពី​ជំងឺ​កូ​វី​ដ​ ​១​៩​ ​បាន​ក្លាយ​ជា​ឱកាស​មួយ​សម្រាប់​ជនជាតិ​តៃ​វ៉ាន់​ម្នាក់​អាច​រៀន​ច​ម្អិ​ន​មុខម្ហូប​ប្រពៃណី​របស់​ខ្លួន​យ៉ាង​ជំនាញ​។​ ​តាម​ការ​លើកឡើង​របស់​ជនជាតិ​តៃ​វ៉ាន់​រូប​នេះ​បានឲ្យ​ដឹងផង​ដែរ​ថា​មុខម្ហូប​ដែល​ខ្លួន​រៀន​ច​ម្អិ​ន​លើកដំបូង​នោះ​គឺ​ស៊ុប​មី​សាច់គោ​តៃ​វ៉ាន់​​ (​Traditional​ ​T​a​i​wane​s​e​ ​Beef​ ​No​o​d​l​e​) ​ដោយ​កន្លងមក​ពុំ​ដឹង​ពី​វិធី​នៃ​ការ​ច​ម្អិ​ន​មុខម្ហូប​នេះ​នៅឡើយ​ទេ​។​ ​បន្ទាប់ពី​បាន​សាកល្បង​ច​ម្អិ​ន​មុខម្ហូប​នោះ​ជាច្រើន​ដង​លោក​អាច​ច្បិច​នៅ​គ្រឿងផ្សំ​ដែល​ធ្វើឲ្យ​ទឹកស៊ុប​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។​ ​ជាមួយគ្នា​នេះ​ ​លោក​បាន​បង្ហើប​ឲ្យដឹង​ផង​ថា​ ​«​ចំណុច​ពិសេស​របស់​ស៊ុប​មី​សាច់គោ​តៃ​វ៉ាន់​នោះ​គឺជា​រស​ជាតិទឹក​ស៊ុប​ដោយ​ពួកយើង​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ម៉ោង​ក្នុង​ការ​រំងាស់​ទឹកស៊ុប​ ​ដើម្បី​ចម្រាញ់​ឱជារស​ចេញពី​សាច់គោ​ ​និង​គ្រឿងទេស​ចម្បង​ផ្សេងៗ​ទៀត​ ​ហើយ​យើង​ក៏​ត្រូវ​ប្រើ​ភ្លើង​ច​ម្អិ​ន​សន្សឹម​ៗ​ក្នុង​ការ​រំងាស់​ទឹកស៊ុប​នោះ​ដែរ​»​។​ ​ជជែក​បណ្តើរ​គយគន់​បរិវេណ​នៅ​ក្នុង​ភោជនីយដ្ឋាន​ដែល​មាន​ការរៀបចំ​ដេ​គ័រ​សាមញ្ញ​មិន​ចេះ​ស៊ាំ​ភ្នែក​បាន​នាំ​យក​នូវ​ទិដ្ឋភាព​របស់​ប្រជាជន​តៃ​វ៉ាន់​មកកាន់​ទីនេះ​មួយរំពេច​តែម្តង​ជាមួយនឹង​ស្នាម​ញញឹម​ ​និង​ការ​ទទួលស្វាគមន៍​អតិថិជន​ដ៏​កក់ក្តៅ​របស់​បុគ្គលិក​និង​ស្ថាបនិក​បាន​ទាក់ចិត្ត​អតិថិជន​ជិត​ឆ្ងាយ​ពុំ​ជិនណាយ​ឡើយ​ ​ពោល​ ​អតិថិជន​នឹង​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ ​ហើយ​ថែមទាំង​ទទួល​បាន​នូវ​ឱជារស​ម្ហូប​របស់​តៃ​វ៉ាន់​ផ្ទាល់​ថែមទៀត​។​

           ​«​តា​វ​ តី​ង​»​ (​T​a​o ​Tin​g​) ​គឺជា​ភាសា​តៃ​វ៉ាន់​បកប្រែ​ជា​ភាសាខ្មែរ​មានន័យ​ថា​ ​«​រួមគ្នា​»​ ​«​ការ​ជួបជុំ​»​ ​និង​ ​«​រួម​ដំណើរ​ជាមួយគ្នា​»​ ​ដូច្នេះ​ ​តា​វ​តី​ង​ ​គឺជា​ឈ្មោះ​ភោជនីយដ្ឋាន​ដែល​បញ្ជាក់​ពី​ការ​រួម​ ​ការ​ជួបជុំ​ ​និង​រួម​ដំណើរ​ជាមួយគ្នា​របស់​ជនជាតិ​តៃ​វ៉ាន់​មួយ​ក្រុមក្នុង​ការ​នាំ​យក​មុខម្ហូប​ប្រពៃណី​របស់​ខ្លួន​មកកាន់​ប្រទេស​កម្ពុជា​យ៉ាង​ដូច្នេះ​។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​យើង​និយាយ​ពី​តម្លៃ​ក្នុង​ភោជនីយដ្ឋាន​ទីនេះ​វិញ​គឺ​មាន​តម្លៃ​សមរម្យ​ដែល​អាហារ​ចម្បង​ (​Main​ ​Course​) ​ចាប់ពី​ ​១​០​០​០​០​ ​រៀល​ (2.5$) ​ឡើង​ទៅ​ ​តួយ៉ាង​ ​បច្ចុប្បន្ន​អាហារ​ដែល​កំពុង​ពេញ​និយម​នោះ​គឺ​បាយ​សាច់​មាន់​ ​និង​ស៊ុប​មី​សាច់គោ​តៃ​វ៉ាន់​ដែល​អតិថិជន​ភាគច្រើន​តែងតែ​ជាវ​មិន​ដាច់​សោះឡើយ​។​

           ​គួរ​ជម្រាប​ផង​ដែរ​ថា​ ​ភោជនីយដ្ឋាន​ ​តា​វ​តី​ង​ ​បាន​បើក​ដំណើរការ​នៅ​ក្នុង​អំឡុង​ខែ​មីនា​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​ដោយ​ចាប់ផ្តើម​សាកល្បង​ធ្វើការ​លក់​ដំបូង​តាមរយៈ​ ​A​p​p​s ​អន​ឡា​ញ​។​ ​ជាមួយគ្នា​នេះ​ ​ភោជនីយដ្ឋាន​ក៏បាន​បើក​ដំណើរការ​បម្រើ​អតិថិជន​ចាប់ពី​ម៉ោង​១​១​ ​ព្រឹក​ ​រហូតដល់​ ​ម៉ោង​ ​៨​ ​និង​៣​០​នាទី​យប់​៕​

Article by PAN SIVLY


SUGGESTIONS