ពិព័រណ៍ប្រវត្តិសាស្រ្ត «ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ព្រះបាទ ស៊ីសុវត្ថិ» នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន
NEWS 2 years agoភ្នំពេញ៖ នៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៤ រសៀល នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ថា សារមន្ទីរ ស.ស.រ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០២ ចំហៀងប្រៃសណីយ៍កម្ពុជា ស្នាក់ការកណ្តាល មាន ការរៀបចំកម្មវិធីសម្ពោធផ្លូវការពិព័រណ៍ក្រោមប្រធានបទ «ព្រះរាជទស្សនកិច្ចទៅបារាំងរបស់ព្រះករុណា ព្រះស៊ីសុវត្ថិ គ្រាដំបូងនៃការស្វែងយល់គ្នារវាងខ្មែរ និងបារាំង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមានឥស្សរជនខ្មែរ-បារាំង និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។
លោក ប្លែស គីលីយ៉ង់ (Blaise Kilian) សហប្រធាននៃសារមន្ទីរ ស.ស.រ បានថ្លែងក្នុងឱកាសកម្មវិធីសម្ពោធពិព័រណ៍នោះថា “ ព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ព្រះបាទស៊ីសុវត្ថិក្នុងឆ្នាំ១៩០៦ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក៏ដូចជាក្នុងប្រវត្តិនៃទំនាក់ទំនងរវាងខ្មែរនិងបារាំង។ ជាលទ្ធផល ព្រះរាជដំណើរនេះបាននាំឲ្យព្រះរាជាណាចក្រកម្ពុជានិងវប្បធម៌ខ្មែរលេចធ្លោនៅលើឆាកអន្តរជាតិ ជាពិសេសនៅបស្ចិមប្រទេស ពីព្រោះថា ព្រះបាទស៊ីសុវត្ថិគឺជាព្រះមហាក្សត្រខ្មែរដំបូងគេបង្អស់ដែលបានយាងទៅដល់លោកខាងលិច […] ” ។
លោកក៏បានបញ្ជាក់អំពីបុព្វហេតុនៃកម្មវិធីនេះថា ពិព័រណ៍បណ្តោះអាសន្ននេះជាសមិទ្ធផលដំបូងនៃគម្រោងរៀបចំពិព័រណ៍បណ្តោះអាសន្នដែលនឹងត្រូវរៀបចំដាក់តាំងជាបន្តបន្ទាប់ជូនសាធារណជនចូលរួមទស្សនា ជាការបំពេញបន្ថែមទៅលើពិព័រណ៍អចិន្រ្តៃយ៍នៅក្នុងសារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នេះ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
យោងតាមរបាយការណ៍របស់សហប្រធានសារមន្ទីរ កម្មវិធីពិព័រណ៍មិនអចិន្ត្រៃយ៍នេះមានដាក់តាំងវត្ថុចំនួន៦៩មុខ រួមមានច្បាប់ដើមនៃប័ណ្ណ ប្រៃសណីយ៍ រូបថត កាសែត និងកាសមេដាយ ជាពិសេស កាសមេដាយប្រាក់ដែលវិទ្យាស្ថានបោះប្រាក់បារាំង La Monnaie de Paris បានបោះពុម្ពដើម្បីអបអរព្រះរាជទស្សនកិច្ចរបស់ព្រះបាទស៊ីសុវត្ថិ។ លើសពីនេះ ក៏មានរូបចម្លងពង្រីកចេញពីច្បាប់ដើមនៃឯកសារប្រវត្តិសាស្ត្រផងដែរ។
ចំពោះប្រភពសមុច្ច័យនៃពិព័រណ៍ខាងលើ វត្ថុតាំងភាគច្រើនជាសមុច្ច័យរបស់សារមន្ទីរ ស.ស.រ. ផ្ទាល់។ វត្ថុមួយចំនួនជាអំណោយរបស់អង្គការគ្រួសារថ្មីដល់សារមន្ទីរ ហើយមួយចំនួនទៀតជាកម្ចីពីសមុច្ច័យរបស់លោកសាស្ត្រាចារ្យ Olivier de Bernon។ ពិព័រណ៍បណ្ដោះអាសន្ននេះក៏មានបង្ហាញផងដែរនូវខ្សែភាពយន្តឯកសារខ្លីៗបួនរឿងដែលជាផលិតកម្មរបស់សារមន្ទីរផ្ទាល់។ ផ្ទាំងព័ត៌មាននៃពិព័រណ៍ត្រូវបានតាក់តែងជាពីរភាសា គឺ ភាសាខ្មែរ និងភាសាបារាំង ព្រមទាំងមានសៀវភៅណែនាំជាភាសាអង់ គ្លេសបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ការតាំងពិព័រណ៍នេះបើកទទួលឲ្យសាធារណជនចូលទស្សនាដោយសេរីចាប់ពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាច រៀងរាល់ថ្ងៃអង្គារដល់ថ្ងៃអាទិត្យ។ ចំពោះភ្ញៀវដែលមានបំណងចូលរួមទស្សនា សូមចូលតាមច្រកទ្វារក្រោយនៃសារមន្ទីរតាមផ្លូវលេខ ១០២ ហើយចូលទៅកាន់សាលពិព័រណ៍មិនអចិន្រ្តៃយ៍ដែលស្ថិតនៅខាងឆ្វេងដៃផ្ទាល់តែម្តង៕
Article by SRIN SOKMEAN