×

លោក​ ​ព្រំ​ ​សំណាង​ ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​លំដាប់​កំពូល​កម្ពុជា​

NEWS 11 months ago
 
 

           បច្ចុប្បន្ន​បើ​យើង​និយាយ​ពី​ ​«​ប្រដាល់​គុន​ខ្មែរ​»​ ​ប្រហែលជា​លោកអ្នក​បាន​ស្គាល់​រួចមក​ហើយ​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​របស់​កីឡាករ​ ​លោក​ ​ព្រំ​ ​សំណាង​ ​ដែល​បាន​ផ្តួល​គូប្រកួត​ជាច្រើនលើក​រាប់មិនអស់​។​ ​ថ្មីៗ​នេះ​លោក​ក៏បាន​លើក​មុខមាត់​ប្រទេស​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​តាមរយៈ​ការ​ប្រកួត​ក្នុង​កម្មវិធី​ ​Thai​ ​Fight​ ​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ប្រទេស​ថៃ​ ​ដោយ​លោក​បាន​ទទួល​ជ័យ​ជម្នះ​ ​រួម​ជាមួយនឹង​ខ្សែក្រវាត់​ ​និង​មេដាយ​មាស​ផង​ដែរ​។​ ​ជា​ការពិត​ ​ជ័យ​ជម្នះ​កីឡាករ​រូប​នេះ​ ​បាន​ធ្វើឲ្យ​ពិភពលោក​កាន់តែ​ស្គាល់​ច្បាស់​នូវ​អ្វី​ដែល​ជា​គុន​ខ្មែរ​ ​និង​មហាជន​ខ្មែរ​គ្រប់រូប​កាន់តែ​ជួយ​លើក​តម្កើង​នូវ​មរតក​ដូនតា​ដែល​បាន​បន្សល់ទុក​ទ្វេ​ដង​។​ ​ថ្ងៃនេះ​ក្រុម​ការងារ​ ​សូវ​រី​ន​ ​បាន​ជំនួប​សម្ភាសន៍​ជាមួយនឹង​កីឡាករ​លំដាប់​កំពូល​រូប​នេះ​ ​បង្ហើប​អំពី​ជី​វប្រ​វ​តិ្ត ​ការហាត់​ប្រដាល់​គុន​ខ្មែរ​ ​ជាពិសេស​ការ​ត្រៀម​ខ្លួន​សម្រាប់​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣​២​ (32n​d​ ​SEA​ ​Game​s) ​ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។​

           ​ស្ថិតនៅ​ក្នុង​មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ​ ​កន្លែង​ហាត់​ប្រដាល់​គុន​ខ្មែរ​ ​កីឡាករ​លោក​ ​ព្រំ​ ​សំណាង​ ​ក្នុង​ឯកសណ្ឋាន​ប្រដាល់​គុន​ខ្មែរ​ ​អម​ជាមួយនឹង​ទឹកមុខ​ញញឹម​ស្រស់​ ​បាន​បង្ហើប​ពី​ចំណាប់អារម្មណ៍​បង្កប់​ទៅ​ដោយ​មោទកភាព​ចំពោះ​ព្រឹត្តិការណ៍​ដ៏​ធំ​លំដាប់​អន្តរជាតិ​នេះ​ ​ប្រាប់​មកកាន់​សូវ​រី​ន​ថា​ “​គ្រាន់តែ​ទទួល​បាន​ដំណឹង​ថា​ ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​នេះ​ ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ ​ព្រោះ​ធ្លាប់តែ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​គេ​។​ ​មួយវិញទៀត​សូមឲ្យ​យើង​ទាំងអស់គ្នា​ ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ ​ទទួល​ភ្ញៀវ​ដោយ​ភាព​រួសរាយ​រាក់ទាក់​ ​កុំ​មាន​ភាព​ឆ្មើងឆ្មៃ​ ​តែ​ពេល​ប្រកួត​ត្រូវតែ​មោះមុត​ ​ដូច​ពាក្យ​មួយ​ឃ្លា​ថា​ ​«​យើង​ទន់ភ្លន់​តែ​មិន​ទន់​ជ្រាយ​ឡើយ​»​។​ ​វេលា​នេះ​ហើយនឹង​ធ្វើឲ្យ​ពិភពលោក​កាន់តែ​ស្គាល់​ច្បាស់​អំពី​ប្រទេស​កម្ពុជា​យើង​។​”

           លោក​ថែមទាំង​លើកឡើង​បន្ថែម​ទៀត​ថា​ ​បច្ចុប្បន្ននេះ​ឃើញ​ថា​កីឡាករ​ ​កីឡា​ការិនី​យើង​ទាំងអស់​គឺ​មាន​សមត្ថភាព​​ច្រើន​ ​ព្រោះ​ពួកគាត់​ខិតខំ​ហ្វឹកហាត់​ណាស់​ទៅតាម​ប្រភេទ​កីឡា​រៀងៗខ្លួន​ ​ហើយក៏​ទទួល​បានការ​មើល​ថែទាំ​យ៉ាងល្អ​ពី​ខាង​សហ​ព័ន្ធ​ផង​ដែរ​។​ ​ជាក់ស្តែង​ ​រូបលោក​ផ្ទាល់​បាន​ព្យាយាម​ហ្វឹកហាត់​ ​ដុសខាត់​សមត្ថភាព​ដើម្បី​ត្រៀម​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម​​នេះ​ ​ដោយ​ក្នុង​១​ស​ប្តាហ៍​លោក​ហាត់​ចំនួន​៦​ថ្ងៃ​ឬ​៧​ថ្ងៃ​ពេញ​តែម្តង​ ​ដែល​ក្នុង​១​ថ្ងៃ​លោក​ហាត់​ចំនួន​៣​ពេល​គឺ​ ​ពេលព្រឹក​ ​ពេលល្ងាច​ ​និង​ពេលយប់​។​

           ​ងាក​មក​ជ្រាប​អំពី​ដំណើរ​ដើមទង​ដែល​កីឡាករ​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ​ ​ចូល​ប្រឡូក​ក្នុង​វិ​ស័​យ​ប្រដាល់​គុន​ខ្មែរ​វិញ​ ​ដ្បិត​ថា​លោក​ចង់​បំពេញ​បំណង​របស់​លោកឪពុក​ដែល​ចង់ឲ្យ​ខ្លួន​ចូល​ហាត់​ប្រដាល់​តាំងតែពី​តូច​មក​ម្ល៉េះ​។​ “​កាលនោះ​ខ្ញុំ​ដើររក​កន្លែង​សម្រាប់​ហាត់​ប្រដាល់​តាំងពីតូច​តែ​រក​មិនបានសោះ​ ​រហូតដល់​ឆ្នាំ​២​០​១​០​ ​ខ្ញុំ​មាន​អាយុ​ជាង​២​០​ឆ្នាំ​ទើបបាន​ចូល​ហាត់​។​” ​លោក​ក៏បាន​បន្ត​ថា​ “​ក្នុងរយៈ​ជាង​១​៣​ឆ្នាំ​មកនេះ​ ​ដំណើរ​ជីវិត​ខ្ញុំ​មាន​ភាព​ជូរចត់​ណាស់​ ​វា​ស្ទើរតែ​លិចលង់​ទៅ​ហើយ​ ​ដូច​ទូក​អ​ណ្តែ​ត​កណ្តាល​ទន្លេ​អ៊ីចឹង​ ​ហើយក៏​ជួប​ព្យុះភ្លៀង​មក​ច្រើន​ដែរ​។​ ​ព្រោះ​ការហាត់​ប្រដាល់​គុន​ខ្មែរ​នេះ​ ​មិនមែន​យើង​ចូល​ហាត់​ហើយ​បាន​ប្រកួត​ភ្លាម​ទេ​ ​ហើយ​បើ​ដាក់ចិត្ត​ចូល​ហាត់​ហើយ​មិនសូវ​មាន​ពេល​សម្រាប់​ធ្វើការ​ប្រកបរបរ​អ្វី​បាន​នោះ​ទេ​ ​គឺ​ត្រូវ​បុក​ហាត់​ពង្រឹង​សមត្ថភាព​តែម្តង​។​ ​ណាមួយ​ខ្ញុំ​ក៏​មិនសូវ​មាន​ធនធាន​ប៉ុន្មាន​ដែរ​ ​ទើប​រាង​ពិបាក​ ​ព្រោះ​ត្រូវ​ផ្គត់ផ្គង់​គ្រួសារ​ថែមទៀត​។​”

           ឆ្លងកាត់​បទពិសោធន៍​ដែល​មាន​គ្រប់​រសជាតិ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ក្នុង​វិ​ស័យ​នេះ​ ​តើ​លោក​ធ្លាប់​ទទួលរង​ការ​បង្អាក់​ទឹកចិត្ត​ ​ឬ​ចង់​ឈប់​ពី​អាជីព​នេះ​ដែរ​ឬទេ​? ​លោក​ ​ព្រំ​ ​សំណាង​ ​ដែល​មាន​រហស្សនាម​លើ​សង្វៀន​គុន​ខ្មែរ​ជា​ ​កីឡាករ​ជង្គង់​ពិ​ឃាត​ ​ឆ្លើយតប​ទាំង​មិន​លាក់លៀម​ថា​ “​មួយ​ជីវិត​ខ្ញុំ​នេះ​ ​ខ្ញុំ​ស្រលាញ់​គុន​ខ្មែរ​ណាស់​ ​បើ​ឲ្យ​ខ្ញុំ​បោះបង់​ខ្ញុំ​មិន​បោះបង់​ទេ​។​ ​ធ្លាប់​មាន​គេ​សួរ​ខ្ញុំ​ជាច្រើន​ដង​ថា​ ​អត់​ការងារ​ធ្វើ​មែន​បាន​ទៅ​ហាត់​ប្រដាល់​ចឹ​ង​? ​ខ្ញុំ​ក៏​តប​ទៅវិញ​ ​ទោះ​ខ្ញុំ​មិនបាន​រៀនសូត្រ​ច្រើន​ដូច​គេ​ ​ទោះ​ខ្ញុំ​មិន​អាច​ជួយ​ដល់​ប្រទេសជាតិ​ច្រើន​ដូច​គេ​ ​តែ​ហោច​ណាស់​ខ្ញុំ​បាន​ថែរក្សា​មរតក​ដូនតា​ដែល​បាន​បន្សល់ទុក​នេះ​ ​ហើយ​វាក៏​ជា​បំណង​របស់​ឪពុក​ខ្ញុំ​ដែរ​។​ ​តែ​អ្វី​ដែល​ខ្ញុំ​ស្តាយ​គឺឪពុក​ខ្ញុំ​បាន​លា​ចាកលោក​ ​មិនបាន​ឃើញ​ខ្ញុំ​មកដល់​ចំណុច​នេះ​ឡើយ​(​ទឹក​មុខស្រពោន​)! ​ចុះ​តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​លោក​​​មាន​មោទកភាព​ចំពោះខ្លួន​ឯង​ក្នុង​វិ​ស័យ​នេះ​? “​ពេលនេះ​ហើយដែល​ធ្វើឲ្យ​ខ្ញុំ​មាន​មោទកភាព​ចំពោះខ្លួន​ឯង​ ​ទោះ​វា​មិនទាន់​ជា​ជោគជ័យ​ធំដុំ​ ​តែ​យ៉ាងណា​ ​ខ្ញុំ​ឃើញ​ថា​ប្រជាជន​ខ្មែរយើង​ពេលនេះ​ងាក​មក​ចាប់អារម្មណ៍​នឹង​គុន​ខ្មែរ​ច្រើនជាង​ពីមុន​ ​ហើយ​បាន​លើក​តម្កើង​ប្រទេសជាតិ​យើង​លើឆាកអន្តរជាតិ​ ​និង​ពាំ​នាំ​ជ័យ​ជម្នះ​ជូន​ដល់​មាតុប្រទេស​របស់​ខ្ញុំ​។​”

           ​ទន្ទឹម​នឹង​នេះ​ ​កីឡាករ​ដែល​មាន​ស្រុកកំណើត​មកពី​ខេត្ត​ ​កំពង់ស្ពឺ​ ​រូប​នេះ​ ​ក្រៅពី​ទទួល​បាន​ជ័យ​ជម្នះ​ការ​ប្រកួត​ ​Thai​ ​Fight​ ​លោក​ក៏​ធ្លាប់​បាន​ចូលរួម​ប្រកួត​ទាំង​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ជាច្រើនលើក​ ​តួយ៉ាង​ ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣​១​នៅ​ប្រទេស​វៀតណាម​ទទួល​បាន​លេខ​៣​(​មេដាយ​សំរឹទ្ធ​) ​ប្រកួត​ថ្នាក់​ជាតិ​បាន​៤​ដង​បាន​មេដាយ​មាស​ទាំង​៤​ដង​ ​រួម​ទាំង​ការ​ប្រកួត​ជាច្រើន​ទៀត​ផង​ដែរ​។​ ​យ៉ាងណាមិញ​លោក​ ​ព្រំ​ ​សំណាង​ ​ក៏​នឹង​ត្រៀម​ទៅ​ប្រកួត​នៅ​ប្រទេស​អ៊ីតាលី​ ​និង​ប្រទេស​មួយ​ចំនួន​ទៀត​ក្រោយពេល​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ត្រូវ​បាន​បញ្ចប់​។​

           ​មួយវិញទៀត​ ​កីឡាករ​ដែល​មាន​ក​ម្ពស់​១​,​៨​៤​ម៉ែត្រ​រូប​នេះ​ ​ក៏បាន​បង្ហាញ​ពី​គុណប្រយោជន៍​នៃ​ការហាត់​ប្រដាល់​គុន​ខ្មែរ​ដែរ​ថា​ “​មែនទែន​ទៅ​ ​បើ​យើង​ចេះ​គុន​ខ្មែរ​ ​វា​ជួយ​ដល់​សុខភាព​បាន​ច្រើន​ ​កាយសម្បទា​រឹង​មាំ​ ​ហើយ​ទោះ​មិនបាន​ឡើង​ប្រកួត​ក៏​យើង​អាច​ការពារ​ខ្លួន​បាន​ខ្លះ​ៗ​ដែរ​។​ ​មួយវិញទៀត​នោះ​ ​ក្មេងៗ​បើ​គាត់​ចេះ​គុន​ខ្មែរ​ ​គឺ​ពួកគាត់​នឹង​មាន​ភាព​អំណត់​ ​មិន​ចេះ​ដើររក​រឿង​គេ​ឬ​វាយគ្នា​ផ្តេសផ្តាស​ទេ​។​ ​លោក​ក៏បាន​សង្កត់ធ្ងន់​បន្ថែម​ “​សូមឲ្យ​ពុក​ម៉ែ​បងប្អូន​ជួយ​បន្ត​ការ​គាំទ្រ​គុន​ខ្មែរយើង​បន្ថែម​ទៀត​។​ ​សំខាន់​ ​ក្មេងៗ​ជំនាន់​ក្រោយ​សូម​ងាក​មកលេង​កីឡា​ ​គឺ​ដើម្បី​សុខភាព​ ​ដើម្បី​ខ្លួនឯង​ ​គ្រួសារ​ ​និង​សង្គមជាតិ​យើង​។​”

           ជាចុងក្រោយ​ ​ចំពោះ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​នេះ​ ​កីឡាករ​ ​លោក​ ​ព្រំ​ ​សំណាង​ ​ក៏​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ដែរ​ថា​ ​លោក​​​មានចិត្ត​មោះមុត​ណាស់​ក្នុង​ការ​ប្រកួត​នេះ​ ​ហើយនឹង​យក​មេដាយ​ជូន​ជាតិ​ឲ្យបាន​ ​និង​ប្រឹង​ឲ្យអស់​ពី​សមត្ថភាព​។​ ​លោក​ក៏​សង្ឃឹម​ថា​ ​ប្រដាល់​គុន​ខ្មែរយើង​នឹង​កាន់តែ​ល្បី​រន្ទឺ​ ​ហើយ​លោក​ក៏​សូម​អរគុណ​ដល់​ជនរួមជាតិ​ទាំងអស់​ដែល​បាន​ជួយ​គាំទ្រ​ដល់​រូបលោក​ផង​ដែរ​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS