វង ចន្ថា កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា ម្ចាស់មេដាយមាសស៊ីហ្គេមរដូវកាលមុន
NEWS 4 weeks agoកញ្ញា វង ចន្ថា ស្ថិតក្នុងក្រុមកីឡាការិនីជម្រើសជាតិប៉េតង់កម្ពុជា ដែលនឹងត្រូវមានវត្តមានចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ ហើយកញ្ញាក៏ត្រូវបានមហាជនស្គាល់ដែរថាជាម្ចាស់មេដាយមាសប៉េតង់ វិញ្ញសាវាយគូចម្រុះ បុរស-នារី ២ ទល់ ២ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ (ប្រារព្ធធ្វើឡើងនៅឆ្នាំ ២០២២) នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ម្ចាស់មេដាយប៉េតង់ វង ចន្ថា បានលើកឡើងថា កត្តាជំរុញកញ្ញាឲ្យទទួលបានជោគជ័យក្នុងវិស័យនេះគឺដោយសារតែ ទីមួយ កត្តាប្រធាន ប្រតិភូល្អ, ទីពីរ កត្តាគ្រូបង្វឹកពូកែ និងទីបី កត្តាកីឡាករល្អ។ កញ្ញាបានពន្យល់បន្ថែមថា ចំពោះប្រធានប្រតិភូ គឺ ថ្នាក់ដឹកនាំ មានអភិបាលកិច្ចល្អ មានការឧបត្ថម្ភថវិកាគ្រប់គ្រាន់ មានការរៀបចំកម្មវិធីត្រឹមត្រូវច្បាស់លាស់ ព្រមទាំងមានវិធានការណ៍ គ្រប់គ្រងតឹងរ៉ឹង។ រីឯ គ្រូពូកែ មានន័យថា គ្រូបង្វឹកកីឡាករជម្រើសជាតិប៉េតង់តែងតែខិតខំយកចិត្តទុកដាក់ចំពោះកីឡាករ កីឡាការិនីគ្រប់រូបប្រកបដោយតម្លាភាព គោរពកម្មវិធីហ្វឹកហាត់ដែលថ្នាក់លើកំណត់ និងមានគំនិតច្នៃប្រតិដ្ឋខ្ពស់ក្នុងការបង្ហាត់បង្រៀន។ ស្របជាមួយគ្នានេះដែរ កីឡាករជម្រើសជាតិនីមួយៗសុទ្ធសឹងតែជាធនធានមានសមត្ថភាព មានទំនួលខុសត្រូវចំពោះតួនាទីរៀងៗខ្លួន ចេះវាយតម្លៃស្វែងរកចំណុចខ្វះខាតខ្លួនឯង និងចំណាយពេលហ្វឹកហាត់បន្ថែមដោយខ្លួនឯង មិនពឹងផ្អែកតែលើគ្រូមួយមុខ ដើម្បីពង្រឹងជំនាញអាជីពវិជ្ជាជីវៈផ្ទាល់ខ្លួនឲ្យកាន់តែខ្លាំងពូកែទ្វេដង។
កញ្ញា វង ចន្ថា
ងាកមករំព្ញកអំពីជីវប្រវត្តិអតីតកាល វង ចន្ថា កើតឆ្នាំ១៩៩២ នៅភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។ កញ្ញាបានឆ្លងកាត់ការសិក្សានៅសាលាបឋមសិក្សាកោះអណ្តែត និង វិទ្យាល័យ ហ៊ុន សែន កោះអណ្តែត ហើយបានប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០១២។ ក្រោយមកទៀត កញ្ញាបានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ហើយបានបញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០១៥។ ចំណែកការបោះជំហានចូលប្រឡូកវិស័យកីឡា គឺ កញ្ញាបានចាប់ផ្តើមហាត់លេងវាតាំងពីកំពុងសិក្សាថ្នាក់វិទ្យាល័យឯស្រុកកំណើតម្ល៉េះតាមរយៈការណែនាំនិងជួយជ្រោម ជ្រែងពីសំណាក់អ្នកគ្រូបន្ទុកថ្នាក់។ កញ្ញាបានតស៊ូឆ្លៀតពេលឡើងមកហ្វឹកហាត់នៅទីរួមខេត្តជារៀងរាល់ថ្ងៃចុងសប្តាហ៍។ ជាភ័ព្វសំណាងល្អ កញ្ញាបានប្រឡងជាប់ពានរង្វាន់កីឡាមហាជនថ្នាក់ខេត្ត ហើយបន្តឡើងមកហាត់នៅភ្នំពេញរហូតវិវឌ្ឍខ្លួនក្លាយជាកីឡាការិនីជម្រើសជាតិ។ ចន្លោះឆ្នាំ២០១៤-២០២០ កញ្ញាជាកីឡាការិនី ប្រចាំក្លឹបទីស្តីការគណៈរដ្ឋមន្រ្តី។ បច្ចុប្បន្ន កញ្ញាបានផ្លាស់មកលេងឲ្យក្លឹបកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ។
គួរបញ្ជាក់ថា ចាប់តាំងពីក្លាយជាក្រុមជម្រើសជាតិមក កីឡាការិនីរូបនេះដណ្តើមយកឈ្នះបានមេដាយថ្នាក់ជាតិនិងអន្តរជាតិជាច្រើនបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ន។ សម្រាប់ការប្រកួតនៅបរទេស កញ្ញាធ្លាប់ចេញទៅប្រកួតជាច្រើនលើកមក ហើយ ដូចជា ប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងវៀតណាម ។ មេដាយជ័យលាភីសំខាន់ៗដែលធ្លាប់ទទួលបាន រួមមានជាអាទិ៍ មេដាយមាស កម្មវិធី ASEAN University Games លើកទី១៨ ឆ្នាំ២០១៦, មេដាយមាស កម្មវិធី Asian Beach Games ឆ្នាំ ២០១៦, មេដាយប្រាក់ កម្មវិធី ASEAN University Games លើកទី១៩ ឆ្នាំ២០១៨, មេដាយប្រាក់ កម្មវិធី ABSC PETANQUE CHAMPIONSHIP លើកទី៣ ឆ្នាំ២០១៩ និងមេដាយមាស កម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ ព្រមទាំងមេដាយយ៉ាងហោចណាស់ក៏លើសពី១០គ្រឿងដែរដែលឈ្នះ ពីកម្មវិធីប្រកួតក្នុងស្រុកនានាផ្សេងៗទៀត។
ដោយឡែក ពាក់ព័ន្ធនឹងកម្មវិធីប្រកួតស៊ីហ្គេមឆ្នាំនេះវិញ ចន្ថាបានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងរំភើបថា “ពេលឮ ថាកម្ពុជាយើងទទួលធ្វើម្ចាស់ផ្ទះ នាងខ្ញុំមានសេចក្តីសោមនស្សរីករាយត្រេកអរជាខ្លាំង ព្រោះអីយើងធ្លាប់តែទៅប្រកួតស៊ីហ្គេម នៅស្រុកគេ។វាជាប្រវត្តិសាស្រ្តមួយដែលកម្ពុជាអាចទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ” ។ ម្យ៉ាងវិញទៀត កញ្ញាយល់ឃើញថា ចំពោះកីឡាប៊ូលនិងប៉េតង់នេះ នៅពេលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ វាជាឱកាសល្អដែលមានច្រើន វិញ្ញាសាប្រកួត អាចឲ្យកីឡាករ កីឡាការិនី ដែលជាសិស្សប្អូនជាច្រើននាក់បានចូលលេងបញ្ចេញសមត្ថភាពរបស់ពួកគេ ហើយកីឡាករចាស់ៗ ព្រមទាំងថ្នាក់ដឹកនាំធំៗក៏មានឱកាសចូលរួមទស្សនានិងផ្តល់កម្លាំងចិត្តចំពោះកីឡាករជាតិកាន់តែបានច្រើនកុះករ។ តាមរយៈនេះ ក្នុងនាមជាកីឡាការិនីជម្រើសជាតិមួយរូប មុនការប្រកួតមកដល់ កញ្ញាបានដាក់ចិត្តដាក់កាយហ្វឹកហាត់ជាលក្ខណៈក្រុមស្ទើរតែពេញមួយសប្តាហ៍ លើកលែងតែរសៀលថ្ងៃសៅរ៍និងថ្ងៃអាទិត្យប៉ុណ្ណោះ ក្នុងជំហរក្តីសង្ឃឹមថានឹងអាចស្វែងរកមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តនេះ៕
Article by SRINSOKMEAN