×

វ៉ា​ ​មិថុនា​ ​កីឡាករ​ជម្រើស​ជាតិ​តេក្វាន់ដូ

NEWS 12 months ago
 
 

            កីឡាករ​តេក្វាន់ដូ ​លោក​ ​វ៉ា​ ​មិថុនា​ ​ដែល​ទទួលការ​ប្រោស​ព្រះរាជទាន​ព្រះអគ្គី​ជ័យ​កីឡា​ពី​ព្រះមហាក្សត្រ​ ​នៅ​ខេត្ត​សៀមរាប​ ​កាលពី​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣​២​នេះ​ ​បាន​ទទួល​ការចាប់អារម្មណ៍​ជា​ខ្លាំង​ពីសំណាក់​មហាជន​។​ ​មួយវិញទៀត​ ​លោក​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​តេក្វាន់ដូ​ផ្នែក​បុរស​ដំបូង​បំផុត​ដែល​ឈ្នះ​មេដាយ​មាស​ជូន​ជាតិ​ ​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​២​ ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ ​លើក​ទី​៣​១​ ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​។​ ​ជាមួយគ្នា​នេះ​ផង​ដែរ​ ​លោក​ក៏​ទទួល​បាន​មេដាយ​មាស​គួរឲ្យ​មាន​មោទកភាព​ជាទីបំផុត​ក្នុង​ឱកាស​ប្រកួត​បន្ទាប់​ក្នុង​គ​ម្លា​ត​រយៈពេល​តែ​ប៉ុន្មាន​ខែក្រោយ​មក​ ​ពី​ការប្រកួតកីឡា​នគរបាល​និង​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ពិភពលោក​ (​World​ ​Police​ & ​Fire​ ​Game​s 2022) ​នៅ​ប្រទេស​ហូឡង់​។​ ​បច្ចុប្បន្ន​ ​កីឡាករ​រូប​នេះ​កំពុងតែ​ជាប់​ត្រៀម​ខ្លួន​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ក្នុង​មហា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​ ​នៅ​លើទឹក​ដី​ព្រះរាជាណាចក្រកម្ពុជា​ដ៏​អ​ច្ឆរិយៈ​ក្នុង​ខែ​ឧសភា​នេះ​។​

Image Courtesy: Cambodian 2023 / Va Mithona

            តើ​លោក​បាន​ត្រៀម​ខ្លួន​អ្វីខ្លះ​សម្រាប់​ការ​ហ្វឹកហាត់​ដើម្បី​ចូលរួម​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នា​ពេល​ខាងមុខនេះ​? ​កីឡាករ​តេក្វាន់ដូ ​វ៉ា​ ​មិថុនា​ ​បាន​ឆ្លើយ​ទាំង​មិន​ស្ទាក់ស្ទើរ​ថា​ “​សម្រាប់​ការ​ត្រៀម​ខ្លួន​ ​ខ្ញុំ​បាន​ត្រៀម​ជានិច្ច​ ​ហើយក៏​បាន​តាំងចិត្ត​រួចជាស្រេច​ចំពោះ​ការ​ការពារ​តំណែង​ដដែល​នៅ​ឆ្នាំ​២​០​២​៣​នេះ​ផង​ដែរ​។​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ​ខ្ញុំ​បាន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​រយៈពេល​មួយ​ខែ​ជាង​តែម្ដង​ ​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២​៧​ ​ខែ​មីនា​ ​រហូតដល់​ ​ថ្ងៃ​ទី​៣​០​ ​ខែ​មេសា​ ​ទើប​ខ្ញុំ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​ ​ក្នុង​ការ​ហ្វឹកហាត់​នៅ​ទីនោះ​ ​គឺ​ធ្វើឲ្យ​ខ្ញុំ​ស្គាល់​ ​និង​បាន​ផ្លាស់ប្ដូរបទពិសោធន៍​ជាច្រើន​។​ ​ដោយសារ​នៅ​ប្រទេស​កូរ៉េ​ ​មាន​បច្ចេកវិទ្យា​ទំនើប​ច្រើន​ ​ហើយ​ចំពោះ​ការ​សម​ជាមួយ​ដៃគូ​ក៏​មានការ​ប្លែក​ ​ដែល​ធ្វើឲ្យ​ខ្ញុំ​ស្គាល់​ពី​យុទ្ធ​សា​ស្រ្ត​ថ្មីៗ​” ​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នេះ​ដែរ​ ​គ្រូ​បង្វឹក​នៃ​សហ​ព័ន្ធ​កីឡា​តេក្វាន់ដូ​កម្ពុជា​ក៏​ខំប្រឹង​បង្វឹក​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ជាង​ការ​ប្រកួត​មុន​ៗ​ទ្វេ​ដង ​ដើម្បីឲ្យ​កីឡាករ​ទទួលជោគជ័យ​ ​និង​កិត្តិយស​មុខមាត់​ជូន​ជាតិ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​តែម្ដង​។​

            រំឮក​អំពី​ជីវប្រវត្តិ​របស់​កីឡាករ​ខាងលើ​ ​លោ​កកើត​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​០​០​ ​ដែល​សព្វថ្ងៃ​ជា​កីឡាករ​ប្រភេទ​កីឡា​តេក្វាន់ដូ​W​T​ ​វិញ្ញាសា​ប្រយុទ្ធ​។​ ​លោក​បាន​ចូល​ហ្វឹកហាត់​នៅ​ឆ្នាំ​២​០​១​៥​ ​និង​ចូល​ជា​ជម្រើស​ជាតិ​នៅ​ឆ្នាំ​២​០​១​៧​។​ ​ក្រោយពេល​ចូល​ជា​កីឡាករ​ជម្រើស​ជាតិ​ ​លោក​បាន​ទៅ​ចូលរួម​កម្មវិធី​លើឆាកអន្តរជាតិ​ដំបូង​នៅ​ក្នុង​កម្មវិធី​ ​SEA​ ​Game​s 2017 ​លើក​ទី​ ​២​៨​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​ ​ក្រោយមក​ ​លោក​ឈ្នះ​បាន​មេដាយ​មាស​ក្នុង​កម្មវិធី​ប្រកួត​ ​SEA​ ​Game​s 2021 (​លើក​មក​ធ្វើ​ ​ឆ្នាំ​២​០​២​២​) ​លើក​ទី​៣​១​ ​នៅ​ប្រទេស​វៀតណាម​។​ ​ជាពិសេស​ ​កម្មវិធី​ប្រកួត​កីឡា​នគរបាល​និង​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ពិភពលោក​(​World​ ​Police​ & ​Fire​ ​Game​s 2022) ​នៅ​ប្រទេស​ហូឡង់​ ​ដោយ​ទទួល​បាន​មេដាយ​មាស​ទៀត​ផង​។​

            ចំពោះ​កម្មវិធី​ស៊ី​ហ្គេ​ម​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ពេល​ខាងមុខនេះ​ ​កីឡាករ​ ​វ៉ា​ ​មិថុនា​ ​សូម​លើកទឹកចិត្ត​ដល់​កីឡាករ​ ​កីឡា​ការិនី​ទាំងអស់​ ​នៅ​ពេល​ប្រកួត​សូម​បញ្ចេញ​ឲ្យអស់​ពី​សមត្ថភាព​ ​ព្រោះ​កីឡាករ​របស់យើង​ភាគច្រើន​បាន​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ ​ហើយក៏​បាន​ចំណាយ​ពេល​ហាត់​ត្រៀម​សម្រាប់​ការ​ប្រកួត​នេះ​យូរណាស់​មក​ហើយ​។​ ​ដូច្នេះ​សូមឲ្យ​បងប្អូន​ធ្វើ​វា​ឲ្យបាន​ល្អ​ ​ដើម្បី​ដណ្ដើម​មេដាយ​ជូន​ជាតិ​មាតុប្រទេស​ ​សង្គម​ ​និង​គ្រួសារ​របស់យើង​៕​

Article by NI CHANNIKA

Image Courtesy: Cambodian 2023 / Va Mithona


SUGGESTIONS