×

ជំនួប​ជាមួយ​ ​កីឡា​ការិនី​ ​ត្រឹង​ ​ផា​លីន​ ​ជម្រើស​ជាតិ​កីឡា​អា​នី​ស​កម្ពុជា​

NEWS 11 months ago
 
 

            កីឡា​អា​នី​ស​ (​Ar​n​i​s) ​ជា​ប្រភេទ​កីឡា​គុនដំបង​ ​ដែល​ឧបករណ៍​សម្រាប់​លេង​កីឡា​នេះ​មាន​ច្រើន​ប្រភេទ​ដូចជា​ ​ការ​ប្រើ​ដំបង​ (​មាន​ដំបង​១​ ​និង​ដំបង​ភ្លោះ​) ​ការ​ប្រើ​ដាវ​ដែល​មានមុខ​ផ្សេងៗ​ ​និង​ការ​ប្រើ​កាំបិត​ជាដើម​។​ ​កីឡា​នេះ​ដែរ​ ​មាន​ប្រភព​ដើម​មកពី​ប្រទេស​ហ្វីលីពីន​ ​ហើយ​មានវត្តមានក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​២​០​១​៩​។​ ​ជា​ការពិត​ ​ក្នុង​ការប្រកួតកីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣​២​ (32n​d​ ​SEA​ ​Game​s ) ​ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ ​ក្នុងចំណោម​វិញ្ញាសា​ជាច្រើន​ផ្សេងទៀត​ ​ប្រភេទ​កីឡា​អា​ត​នី​ស​កម្ពុជា​ក៏​ត្រូវ​បាន​ចាត់​បញ្ចូល​ក្នុង​វិញ្ញាសា​ការ​ប្រកួត​ផង​ដែរ​។​ ​ត្រឹង​ ​ផា​លីន​ ​កីឡា​ការិនី​អា​នី​ស​កម្ពុជា​ ​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ ​រួម​ទាំង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត​ដើម្បី​ដណ្តើមយក​មេដាយ​ជូន​ជាតិ​ក្នុង​ការចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។​

            “​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ពេល​បាន​ទទួល​ដំណឹង​ថា​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ ​ហើយ​កាន់តែ​រំភើប​ជាង​នេះ​ទៅទៀត​ពេល​ទទួល​ដំណឹង​ថា​ ​ខ្ញុំ​បាន​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​នេះ​ដែរ​។​ ​ខ្ញុំ​ក៏បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ ​ហើយក៏​ប្តេជ្ញា​ចិត្ត​ដែរ​ថា​នឹង​យក​មេដាយ​ជូន​ជាតិ​។​” ​កីឡា​ការិនី​វ័យ​២​១​ឆ្នាំ​រូប​នេះ​បាន​លើកឡើង​ជាមួយនឹង​គោលជំហរ​របស់​ខ្លួន​។​ ​មិន​ខុសគ្នា​ប៉ុន្មាន​ទៅ​នឹង​កីឡាករ​ ​កីឡា​ការិនី​ផ្សេងៗ​ទៀត​ ​បច្ចុប្បន្ន​ ​កញ្ញា​មាន​ភាព​មមាញឹក​ខ្លាំង​ទៅ​ការ​ហ្វឹកហាត់​ ​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ “​សម្រាប់​ការ​ហ្វឹក​ហា្វត់​ត្រៀម​ប្រកួត​ ​គឺ​ខ្ញុំ​ហ្វឹកហាត់​ក្នុង​១​ស​ប្តាហ៍​ចំនួន​៥​ទៅ​៦​ថ្ងៃ​ ​ក្នុង​១​ថ្ងៃ​ហាត់​៣​ពេល​ (​ព្រឹក​ ​ថ្ងៃ​ ​ល្ងាច​)​។​ ​មែនទែន​ទៅ​ ​មុន​ស៊ី​ហ្គេ​មក​៏​ពួក​ខ្ញុំ​ហ្វឹកហាត់​ច្រើន​ដែរ​ ​គ្រាន់តែ​ថា​យើង​ហាត់​ថែម​មួយ​ក​ម្រិ​ត​ទៀត​។​” ​កីឡា​ការិនី​ ​ត្រឹង​ ​ផា​លីន​ ​បញ្ជាក់​បន្ថែម​ដែរ​ថា​ ​មែនទែន​ទៅ​ ​សម្រាប់​កីឡា​អា​នី​ស​ ​កញ្ញា​ចាប់ផ្តើម​ហាត់​បាន​រយៈពេល​១​ឆ្នាំ​ហើយ​ ​ហើយ​មុន​ពេល​ហាត់​កីឡា​នេះ​ ​គឺ​កញ្ញា​ហ្វឹកហាត់​ទៅលើ​កីឡា​គុនល្បុក្កតោ​។

            រំលឹក​ទៅ​អតីតកាល​ ​អំពី​ដំណើរ​ដើមទង​របស់​កីឡា​ការិនី​រូប​នេះ​ដែល​បាន​ចូល​ហាត់​គុនល្បុក្កតោ​វិញ​ “​កាល​អំឡុង​ឆ្នាំ​២​០​១​៩​ ​ខ្ញុំ​ឃើញ​គេ​ផ្សព្វផ្សាយ​ល្បុក្កតោ​ច្រើន​ ​ហើយក៏​មាន​អារម្មណ៍​ថា​ស្រលាញ់​ ​គឺ​ដូច​មានអី​អូសទាញ​ទៅ​តែម្តង​ ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចូល​ហាត់​ជាមួយ​មិត្តភក្តិ​នៅ​សាលា​គុនល្បុក្កតោ​ខេត្ត​កំពង់ឆ្នាំង​។​ ​ពេល​នោះ​គេ​ផ្សេង​គិតថា​ខ្ញុំ​មិន​អាច​មកដល់​ចំណុច​នេះ​ទេ​ ​តែ​ខ្ញុំ​នៅតែ​តស៊ូ​រហូត​មកដល់ពេលនេះ​ ​ព្រោះ​ស្រលាញ់​ទៅ​ហើយ​” ​កញ្ញា​ ​ត្រឹង​ ​ផា​លីន​ ​រំលឹក​ប្រាប់​។​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ការ​ខិតខំ​ហ្វឹកហាត់​ព្រម​ជាមួយនឹង​ក្តី​ស្រលាញ់​ ​អស់​រយៈពេល​កន្លះ​ឆ្នាំ​ ​កញ្ញា​ក៏បាន​បង្ហាញ​សមត្ថភាព​ចូល​ប្រកួត​ជាលើកដំបូង​ក្នុង​ការ​កម្មវិធី​ប្រកួតជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ​ហើយ​កញ្ញា​ក៏បាន​ក្លាយ​ជា​កីឡា​ការិនី​គុនល្បុក្កតោ​ចាប់តាំង​ពី​ពេល​នោះ​មក​។​ ​យ៉ាងណាមិញ​ ​ក្រោយ​ជាប់​ជា​កីឡា​ការិនី​គុនល្បុក្កតោ​ជម្រើស​ជាតិ​កម្ពុជា​ ​កញ្ញា​ធ្លាប់​បាន​ចូលរួម​ប្រកួត​ជាច្រើនលើក​ ​តួយ៉ាង​ ​ធ្លាប់​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​២​០​២​១​ ​ទទួល​បាន​មេដាយ​សំរឹទ្ធ​ ​ជើងឯក​ថ្នាក់​ជាតិ​២​០​២​២​ទទួល​បាន​មេដាយ​ ​ប្រាក់​ ​និង​សំរឹទ្ធ​ ​ជើងឯក​ថ្នាក់​ជាតិ​២​០​២​៣​ ​ទទួល​បាន​មេដាយ​មាស​ ​ការប្រកួតកីឡា​ជាតិ​លើក​ទី​៣​ ​ទទួល​បាន​មេដាយ​មាស​ ​និង​មេដាយ​សំរឹទ្ធ​ ​និង​ការ​ប្រកួតជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២​០​២​៣​ ​ទទួល​បាន​មេដាយ​មាស​ ​និង​មេដាយ​ប្រាក់​។​

            ឆ្លើយតប​ទៅ​នឹង​សំនួរ​ដែល​សួរ​ថា​ ​តើ​សម្រាប់​កញ្ញា​ផ្ទាល់​មាន​ការលំបាក​ដែរ​ឬទេ​ ​ពេល​ផ្លាស់ប្តូរ​ពី​ការហាត់​គុនល្បុក្កតោ​ ​មក​ជា​ហាត់​កីឡា​អា​នី​ស​វិញ​? “​សម្រាប់​ខ្ញុំ​ផ្ទាល់​មិន​ជា​មាន​ការលំបាក​អ្វី​ច្រើន​នោះ​ទេ​ ​ព្រោះ​ដោយសារ​ធ្លាប់​ហាត់​ល្បុក្កតោ​ស្រាប់​ ​ហើយ​ការ​លេង​ក៏​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​ដែរ​ ​ល្បុក្កតោ​ក៏​លេង​មាន​ដំបង​ ​អា​នី​ស​ក៏មាន​ដំបង​ ​គ្រាន់តែ​ថា​ ​ខុស​ក្បាច់​គ្នា​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ​ ​អ៊ីចឹង​ហើយ​យើង​ត្រូវ​កែ​ទៅតាម​ហ្នឹង​ដែរ​ ​និង​ត្រូវ​មានសន្ទុះ​ខ្លាំង​ជាងមុន​។​” ​ចំពោះ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​ ​កីឡា​ការិនី​រូប​នេះ​ក៏​មិនបាន​បង្ហាញ​ការ​ព្រួយបារម្ភ​អ្វី​ជាដុំកំភួន​នោះ​ទេ​។​ “​ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ ​និង​ត្រៀម​រួចរាល់​ហើយក៏​មិន​មានការ​ភ័យខ្លាច​អ្វី​ដែរ​ ​គឺ​គិតតែ​ត្រូវធ្វើ​យ៉ាង​មិច​ដើម្បី​ប្រកួត​យក​មេដាយ​ជូន​ជាតិ​ឲ្យបាន​”​។​

            ឈាន​មកដល់​ចំណុច​នេះ​ ​តើ​កញ្ញា​ធ្លាប់​ទទួលរង​ការ​បាក់ទឹកចិត្ត​ឬ​ចង់​ឈប់​ពី​អាជីព​នេះ​ដែរ​ឬទេ​? ​ញញឹម​រួច​ឆ្លើយ​ “​មិន​លាក់លៀម​អ្វី​ឡើយ​ ​ទម្រាំ​បាន​ដល់​ថ្ងៃនេះ​ខ្ញុំ​ក៏​ធ្លាប់​រង​ការ​បាក់ទឹកចិត្ត​ក៏​ច្រើន​ដែរ​ ​ជាពិសេស​គឺ​គេ​បង្អាប់​ថា​រូបរាង​ខ្ញុំ​តូច​ ​វា​មិនទៅ​ជោគជ័យ​ស្អី​ទេ​ ​ចូល​ប្រកួត​ទៅ​នាំ​តែ​គេ​វាយ​បាក់ដៃ​បាក់ជើង​។​ ​ខ្ញុំ​មិន​តប​គេ​ទេ​ ​មានតែ​ដើរចេញ​ ​តែ​ខ្ញុំ​ចូលចិត្ត​យក​លទ្ធផល​ទៅ​បង្ហាញ​វិញ​។​ ​ខ្ញុំ​ក៏​គ្មាន​បំណង​ចង់​បោះបង់​ដែរ​ ​ព្រោះតែ​កីឡា​នេះ​ហើយដែល​ធ្វើឲ្យ​ខ្ញុំ​មានដល់​ថ្ងៃនេះ​ ​បាន​ទាំង​សុខភាព​ល្អ​ ​អាច​ជួយ​ផ្គត់ផ្គង់​ដល់​ការសិក្សា​របស់​ខ្ញុំ​ ​និង​ធ្វើឲ្យ​ខ្ញុំ​បាន​សម្រេច​បំណង​ខ្លួនឯង​។​” ​ឆ្លៀតឱកាស​នេះ​ ​កញ្ញា​ក៏​សូម​អរគុណ​ដល់​ជនរួមជាតិ​យើង​ទាំងអស់គ្នា​ដែល​បាន​ជួយ​គាំទ្រ​វិ​ស​័​យ​កីឡា​នៅ​ប្រទេស​យើង​ ​ហើយ​សូមឲ្យ​នៅតែ​មានការ​គាំទ្រ​ជា​បន្ត​ទៀត​ ​ព្រោះ​បច្ចុប្បន្ននេះ​ ​ឃើញ​ថា​មាន​បរទេស​ជាច្រើន​ក៏​ចាប់អារម្មណ៍​នឹង​កីឡា​កម្ពុជា​យើង​ច្រើន​ដែរ​។​ ​សំខាន់​មួយទៀត​នោះ​គឺ​ ​កញ្ញា​សូម​អរគុណ​ដល់​សហ​ព័ន្ធ​កីឡា​ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​កីឡាករ​ ​កីឡា​ការិនី​គ្រប់រូប​ ​ទាំង​ការហាត់​ ​ការ​គេង​ ​ជាពិសេស​របប​អាហារ​តែម្តង​ ​គឺ​ហាម​ផ្តាច់​អាហារ​ណា​ដែល​ប៉ះពាល់​ដល់​សុខភាព​។​

            មក​លម្អិត​ពី​ជីវប្រវត្តិ​របស់​កីឡា​ការិនី​រូប​នេះ​វិញ​ ​ត្រឹង​ ​ផា​លីន​ ​មាន​វ័យ​២​១​ឆ្នាំ​ ​មាន​ស្រុកកំណើត​មកពី​ខេត្ត​កំពង់ឆ្នាំង​។​ ​កញ្ញា​ជា​កូន​ទី​៣​ ​ក្នុងចំណោម​បង​ប្អូនស្រី​ចំនួន​៤​នាក់​។​ ​បច្ចុប្បន្ន​ ​កញ្ញា​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ​ឆ្នាំ​ទី​២​ ​លើ​ជំនាញ​គណនេយ្យ​៕​

Article by SOUNG SOKSAN


SUGGESTIONS