×

វិចិត្រករ​លោក​ ​រៀម​ ​មុនី​ស៊ី​ឡុង​ ​កែច្នៃ​សំណល់​ប្លា​ស្ទិ​ច​ក្លាយទៅជា​រូប​តាំង​លម្អ​ដ៏​ប្លែកភ្នែក​

NEWS 9 months ago
 
 

           ​យើង​ដឹង​ហើយ​ថា​ ​បច្ចុប្បន្ន​មាន​សិល្បករ​វ័យក្មេង​ ​និង​វ័យ​ចំណាស់​ជាច្រើន​ដែល​សុទ្ធសឹងតែ​មាន​ទេពកោសល្យ​ ​និង​កំពុង​វឹក​ហាត់​ដុសខាត់​ស​មត្ថភាព​បន្ថែម​ទៅលើ​ស្នាដៃ​របស់​ខ្លួន​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​ ​ហើយក៏​បាន​គិតគូរ​បន្ថែម​ទៅលើ​បរិស្ថាន​ផង​ដែរ​។​ ​ដោយឡែក​ ​វិចិត្រករ​វ័យ​ជាង​៣​០​ឆ្នាំ​ម្នាក់​ ​ដែល​មាន​ឈាម​ជ័​រ​ជា​អ្នក​សៀមរាប​ ​និង​មាន​ប្រវត្តិ​រងគ្រោះ​ដោយសារ​ផ្សែង​សំរាម​ផ្ទាល់​បាន​ប្រមូល​សំរាម​ចម្រុះ​ប្រភេទ​ក្នុង​តំបន់​ដែល​គាត់​រស់នៅ​យកមក​កែច្នៃ​ ​ដើម្បី​ឱ្យ​ពិភពលោក​ស្រស់​ស្អាត​ជាង​មុន​ ​ព្រមទាំង​ចូល​រួមចំណែក​លើកស្ទួយ​ការងារ​សិល្បៈ​កែច្នៃ​នៅ​ក្នុងស្រុក​ឱ្យ​មាន​តម្លៃ​ដូច​នៅ​បរទេស​ផង​ដែរ​។​

           ​លោក​ ​រៀម​ ​មុនី​ស៊ី​ឡុង​ ​គឺជា​វិចិត្រករ​ដ៏​ចំណាន​មួយ​រូប​ ​ដែល​បាន​យក​សំរាម​ជាច្រើន​ប្រភេទ​ ​តួយ៉ាង​ ​កាកសំណល់​ផ្ទះបាយ​ ​សំណល់​សរីរា​ង្គ ​ថង់​ប្លាស្ទិច​ ​ដប​ទឹក​សុទ្ធ​ ​គម្រប​ដប​ រពាក់ ​និង​បំពង់បឺត​ជាដើម​។​ ​លោក​បាន​រំលឹក​ប្រាប់​មកកាន់​សូវ​រី​ន​អំពី​មូលហេតុ​ដែល​ជំរុញ​ឱ្យ​លោក​ផ្តោត​សំខាន់​លើ​ការងារ​កែច្នៃ​សំរាម​នេះ​ថា​ “​ដំបូង​ឡើយ​ ​ខ្ញុំ​ជា​អតីត​វិចិត្រករ​គំនូរ​តាម​វត្តអារាម​មួយ​រូប​នៅ​ខេត្ត​សៀមរាប​ ​ប៉ុន្តែ​ជាអកុសល​ ​ថ្ងៃមួយ​ខ្ញុំ​បាន​ជួប​ឧបទ្ទវហេតុ​​ដែល​ធ្វើ​ឱ្យ​ធ្លាក់ខ្លួន​ពិការ​ម្រាមដៃ​មិន​អា​ចចាប់​អាជីព​ជា​ជាងគំនូរ​ដូចមុន​ទៀត​បាន​។​ ​បន្ទាប់ពី​គ្រោះថ្នាក់​នោះ​មក​ ​ក្នុង​ឆ្នាំ​២​០​០​៩​ ​ខ្ញុំ​បាន​ចូល​ធ្វើការងារ​ស្ម័គ្រចិត្ត​ក្នុង​អង្គការ​មួយ​ឈ្មោះ​ ​«​អង្គការ​ខ្មែរ​ជីវិត​ឯករាជ្យ​»​ ​ក្នុង​ជំនាញ​ឯកទេស​កែច្នៃ​ ​ហើយ​ខ្ញុំ​ក៏​បន្ត​ការងារ​នៅ​ទីនោះ​រហូតដល់​ឆ្នាំ​២​០​១​៤​។​ ​ដោយសារតែ​កត្តា​ទី​ផ្សារ​ ​ខ្ញុំ​ក៏​ត្រឡប់ទៅ​ប្រកបរបរ​កសិកម្ម​មួយ​រយៈ​វិញ​ ​ហើយ​ពេល​នោះ​ ​ខ្ញុំ​ក៏បាន​ពុល​ផ្សែង​សំរាម​ដែល​ភរិយា​របស់​ខ្ញុំ​ដុត​ចោល​នៅមុខ​ផ្ទះ​។​ ​ខ្ញុំ​ក៏​ដឹង​ច្បាស់​ថា​ការប្រើប្រាស់​ប្លា​ស្ទិ​ច​ហើយ​មិន​ចេះ​ទុកដាក់​បាន​ល្អ​នោះ​ ​វា​នឹង​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅលើ​ជី​វ​ចម្រុះ​ ​និង​ខ្លួន​យើង​ផ្ទាល់​តែម្ដង​ ​ព្រោះ​វា​មាន​ចំហេះ​ ​និង​ជាតិ​ឧស្ម័ន​កា​បូ​និ​ក​ខ្លាំង​ ​ដែល​បំពុល​បរិស្ថាន​ ​ហើយ​ធ្វើ​ឱ្យ​ស្រទាប់​អូ​ហ្សូ​ន​កាន់តែ​ក្ដៅ​មក​លើ​ភព​​​ផែនដី​ផង​ដែរ​។​”

           ​​ដោយសារតែ​មាន​ផ្នត់គំនិត​បែប​នេះ​ ​លោក​ក៏បាន​សាកល្បង​រើស​យក​ស្លឹកឈើ​មក​ច្នៃ​ជា​ក្រដាស​ ​ហើយ​ក្រោយមក​លោក​ក៏បាន​ប្រមែប្រមូល​វត្ថុ​កាកសំណល់​ផ្សេងៗ​ទៀត​ម​កលា​យ​បញ្ចូល​គ្នា​ ​មក​រំលេច​ជា​រូបរាង​ផ្សេងៗ​ដែល​ពោរពេញ​ទៅ​ដោយសិល្បៈ​នៃ​ការ​ច្នៃប្រតិដ្ឋ​។​ ​គួរ​បញ្ជាក់​ថា​ ​វត្ថុ​សិល្បៈ​ដែល​លោក​ផលិត​នៅ​ពេល​កន្លងមក​រួម​មាន​ ​អាវ​កែច្នៃ​ ផ្ទាំង​​គំនូរ​កែច្នៃ​ ​និង​រូប​សត្វ​កែច្នៃ​ដូចជា​ ​រូប​ចា​បុី​ដង​វែង​ ​សត្វ​ត្រី​ ​សត្វ​តុកកែ​ ​សត្វ​ឃ្មុំ​ ​និង​ថ្មីៗ​នេះ​លោក​បាន​បង្កើត​ជា​រូប​មនុស្ស​យានអវកាស​ដែល​កំពុង​ចុះ​ស្រាវជ្រាវ​នៅ​ភព​ព្រះចន្ទ​ ​ព្រម​ជាមួយ​នឹង​អាវ​ដែល​ច្នៃ​ពី​សំបកខ្យង​ផង​ដែរ​។​ ​ផលិតផល​ទាំងនោះ​ត្រូវ​បាន​ដាក់​តាំង​ប​ង្ហើ​ញ​នៅ​វិទ្យាស្ថាន​ ​Inst​it​u​t​ ​f​r​an​ç​a​i​s ​d​u ​Cam​bo​d​g​e​ ​ស្ថានទូត​បារាំង​ ​ក្រសួង​បរិស្ថាន​ ​និង​ក្រសួង​វប្បធម៌​​។​

           ​​ជា​ការពិត ​ទម្រាំតែ​បាន​សមិទ្ធផល​នីមួយៗ​រមែងតែ​ជួប​នូវ​ផល​ពិបាក​ ​ជាក់ស្ដែង​ ​លោក​បាន​លើកឡើង​ថា​ “​ក្នុង​មួយ​រូប​ៗ​ ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​រហូត​ទៅដល់​ពីរ​ស​ប្ដាហ៍ ​ទៅ​ប្រាំ​ស​ប្ដាហ៍​អាស្រ័យ​ទៅលើ​រូប​តូច​ ​ឬ​ធំ​។​ ​មួយវិញទៀត​ ​ដោយសារ​វា​គឺជា​សំណល់​ដូច្នេះ​វា​មាន​សភាព​មិន​ស្អាត​នោះ​​ទេ​ ​ហេតុ​នេះ​ហើយ​ ​មុននឹង​ទទួល​បាន​សមិទ្ធផល​ជោគជ័យ​នីមួយៗ​គឺ​ត្រូវ​យក​សំណល់​ទាំងនោះ​ទៅ​លាង​ស​ម្អា​ត​ជាមុន​សិន​ ​រួច​យកទៅ​សម្លាប់​មេរោគ​ ​បន្ទាប់មក​យកទៅ​ស​ម្ងួ​ត​ទើប​អាច​​​យកទៅ​ប្រើ​ជា​ឧបករណ៍​បាន​។​”

           ​​ឱប​ជាប់​នូវ​ជំនឿ​ចិត្ត​ចំពោះ​វិ​ស័​យ​កែច្នៃ​លោក​រំពឹង​ថា​ ​នឹង​អាច​អភិវឌ្ឍ​លើស​ពី​អ្នក​កែច្នៃ​សំណល់​ឯករាជ្យ​ ​ដោយ​វិវដ្ដ​ក្លាយ​ជា​សហគមន៍​កែច្នៃ​មួយ​នា​ថ្ងៃ​អនាគត​។​ ​ជាចុងក្រោយ​ ​លោក​រៀម​ ​មុនី​ស៊ី​ឡុង​ ​បាន​ផ្ដាំផ្ញើ​ទៅកាន់​ប្រ​ជា​ជន​ខ្មែរ​​​ថា​ “​សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​រួមគ្នា​ថែរក្សា​បរិស្ថាន​កាត់បន្ថយ​ប្លាស្ទិច​ ​និង​ជួយ​គាំទ្រ​នូវ​ស្នាដៃ​កូនខ្មែរ​ ​ដែល​ជា​ការ​លើកស្ទួយ​ឱ្យ​បងប្អូន​វិចិត្រករ​ ​និង​សិប្បករ​ខ្មែរ​ទាំងឡាយ​ឱ្យ​ខិតខំ​ស្វែងរក​នូវ​ការ​បង្កើត​ថ្មី​នៃ​ស្នាដៃ​របស់​ខ្លួន​ ​ដែល​ជា​មុខមាត់​ ​និង​កិត្តិយស​សម្រាប់​ជនជាតិ​យើង​ ​ហើយក៏​ជា​ការ​រួមចំណែក​ក្នុង​ការ​បង្កើន​ផលិតកម្ម​ក្នុងស្រុក​គ្រប់​វិ​ស័​​យ​ផង​ដែរ​៕​

​Article​ ​by​ N​I​ C​H​AN​N​I​K​A


SUGGESTIONS