លោកស្រី នុត សម្ផស្ស អគ្គនាយិកាក្រុមហ៊ុន LSV INDUSTRY (ក្រុមហ៊ុនសាប៊ូអូកា OKA)
NEWS 11 months agoទស្សនៈចាស់បុរាណខ្មែរ “កូនស្រីមុជមិនជ្រៅទៅមិនឆ្ងាយ” បានដើរក្នុងចរន្តបដិបក្ខនឹងតថភាពខ្សែ ជីវិតរបស់សហគ្រិនស្រ្តីខ្មែរក្នុងសម័យបច្ចុប្បន្នដែលកំពុងប្រឡូកក្នុងវិស័យការងារយ៉ាងសស្រាក់សស្រាំទាំងក្នុងផ្ទៃប្រទេសនិងនៅលើឆាកអន្តរជាតិមិនចាញ់សមត្ថភាពបុរសភេទឡើយ។ ជាក់ស្តែង លោកស្រី នុត សម្ផស្ស បានជម្នះនូវរាល់ពាក្យទិតៀនរិះគន់អវិជ្ជមានទាំងឡាយនៅជុំវិញខ្លួនហើយចំណាយពេលជាងមួយទសវត្សរ៍ដើម្បី អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនពីការចាប់ផ្តើមអាជីវកម្មលក្ខណៈគ្រួសាររហូតក្លាយជាអគ្គនាយិកាក្រុមហ៊ុន ឧស្សាហកម្មក្នុងស្រុកដ៏ឆ្នើមមួយរូបដែលមានការទទួលស្គាល់ជាបន្តបន្ទាប់ពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធនានា ព្រមទាំងកំណើនទំនុកចិត្តពីសំណាក់បណ្តាអតិថិជនប្រើប្រាស់ទាំងនៅក្នុងរាជធានីនិងនៅតាមបណ្តាខេត្ត។
ក្នុងនាមជាកុលស្រ្តីខ្មែរជំនាន់ក្រោយមួយរូបដែលមានទឹកចិត្តឈឺចាប់ចង់ជម្នះនូវសម្តីបន្ទុចបង្អាប់ពី មជ្ឈដ្ឋានបរទេសដែលមិនជឿថាខ្មែរមានសមត្ថភាពអាចបង្កើតផលិតផលឧស្សាហកម្មដោយខ្លួនឯងបាន លោក ស្រី នុត សម្ផស្ស បានប្រែក្លាយក្តីឈឺចាប់នេះឱ្យក្លាយជាផ្លែផ្កាពិតប្រាកដសម្រាប់វឌ្ឍនភាពវិស័យឧស្សាហកម្ម ជាតិតាមរយៈការខិតខំស្រាវជ្រាវបង្កើតរូបមន្តផលិតផលសម្ភារអនាម័យប្រើប្រាស់ក្នុងផ្ទះ ដែលត្រូវបានគេស្គាល់ ជាទូទៅថា«សាប៊ូអូកា» ។ រំព្ញកអំពីប្រវត្តិអាជីវកម្មសាប៊ូអូកានេះ លោកស្រីអគ្គនាយិកាមានប្រសាសន៍បញ្ជាក់ថា លោកស្រីបានចាប់ផ្តើមបើកអាជីវកម្មលក្ខណៈគ្រួសារដែលត្រូវចំណាយដើមទុនខ្ទង់ត្រឹម ៤០០០-៥០០០ដុល្លារ ហើយចេះតែវិវត្តរហូតក្លាយជាឧស្សាហកម្មពេញលេញដូចបច្ចុប្បន្ន។ ក្រុមហ៊ុន LSV Industry បានចាប់ផ្តើមផ្គត់ ផ្គង់ផលិតផលសាប៊ូម៉ាកយីហោ អូកា តាំងពីឆ្នាំ២០១៣មកម្ល៉េះ គិតមកដល់សព្វថ្ងៃមានអាយុកាលជាង ១០ ឆ្នាំ ហើយ បើរាប់ញ្ចូលទាំងពេលដែលចាប់ផ្តើមស្រាវជ្រាវអភិវឌ្ឍផលិតផលនិងសិក្សាផ្នែកទីផ្សារផងនោះ។
ការចាប់ផ្តើមដំបូងកាលពីទសវត្សរ៍មុនមានការលំបាកដោយសារប្រជាជនខ្មែរយើងជំនាន់នោះពុំទាន់ឱ្យតម្លៃផលិតផលជាតិហើយថែមទាំងដាក់ងារឱ្យផលិតផលទាំងនោះថា «របស់ភ្នំពេញ» បង្កប់ន័យថា ជាផលិតផល ធ្វើក្នុងស្រុកមានស្តង់ដារខុសដាច់ពីផលិតផលនាំចូល។ ទោះបីជាយ៉ាងនេះក្តី លោកស្រីនៅតែរក្សាគោលជំហរក្នុង ការបង្កើតជម្រើសផលិតផលថ្មីសម្រាប់អ្នកប្រើប្រាស់ជ្រើសរើស បន្ថែមលើវត្តមានផលិតផលបរទេសដែលដាក់ លក់យ៉ាងគគ្រឹកគគ្រេងនៅលើទីផ្សារ។ ជោគជ័យផ្នែកអាជីវកម្មរបស់លោកស្រីមិនមែនជាសុបិននិម្មិតនោះទេ ព្រោះក្រៅពីមានបំណងធ្វើវា លោកស្រីបានរៀបចំផែនការហិរញ្ញវត្ថុ ផែនការអភិវឌ្ឍគុណភាពផលិតផល ផែនការ ទីផ្សារ ផែនការគ្រប់គ្រងធនធានមនុស្ស ការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាឧស្សាហកម្ម និងចំណេះជំនាញបន្ថែមជាច្រើន ទៀតដើម្បីឆ្លើយតបនឹងសន្ទុះរីកចម្រើននៃសង្គមជាតិក៏ដូចជាបម្រែបម្រួលតម្រូវការអ្នកប្រើប្រាស់ជាក់ស្តែង។ គុណតម្លៃរបស់ផលិតផលដែលធ្វើឱ្យក្រុមហ៊ុនទទួលបាននូវការគាំទ្រដល់សព្វថ្ងៃគឺ តម្លៃ គុណភាព និងសោភណ ភាពនៃការវេចខ្ចប់។ សាប៊ូអូកាជាផលិតផលដែលអាចបោកជម្រះបានស្អាតល្អ មិនកាត់ដៃ មិនរោល រមាស់កន្ទួល លើស្បែក ហើយមានក្លិនក្រអូបប្រហើរ។ ជាពិសេស ក្រុមហ៊ុនមានគោលការណ៍ព្យាយាមប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព ដូចជា ទឹកឃ្មុំ អង្ករដំណើប និងក្រូចឆ្មារ ជាដើម។
ជាលទ្ធផល រហូតមកដល់ពេលនេះ ក្រុមហ៊ុន LSV Industry ដែលមានអាសយដ្ឋានស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានសម្រេចបាននូវការនាំចេញផលិតផលសំខាន់ៗចំនួនបីប្រភេទនៅលើទីផ្សារក្នុងស្រុក រួមមាន ផលិតផលប្រើប្រាស់ក្នុងផ្ទះ (សាប៊ូបោកសម្លៀកបំពាក់ ទឹកក្រអូបបន្ទន់សម្លៀកបំពាក់ សាប៊ូលាងចាន) ផលិតផលថែរក្សារាងកាយ (សាប៊ូកក់សក់ សាប៊ូដុសខ្លួន) និងផលិតផលគ្រឿងសម្អាងមួយចំនួនទៀតផង។ លើសពីនេះ ក្រុមហ៊ុនក៏ធ្លាប់ទទួលបានពានរង្វាន់និងវិញ្ញាបនបត្រទទួលស្គាល់គុណភាពគួរឱ្យកត់សម្គាល់ដែរ តួយ៉ាង ពានរង្វាន់ផលិតភាព និងវិញ្ញាបនបត្រជោគជ័យកម្មវិធី «ស៥» (The 5s Methodology) នៅក្នុងសហគ្រាសផលិតកម្មពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ពានរង្វាន់ ASEAN Outstanding Woman Entrepreneur និងពានរង្វាន់ ASEAN Women Entrepreneur Network។ ទន្ទឹមនឹងជោគជ័យអាជីវកម្ម លោកស្រីក៏តែងតែចូលរួមចំណែកជួយការងារសង្គមជាញឹកញាប់។ ជាក់ស្តែង លោកស្រីបានផលិតទឹកលាងដៃសម្លាប់មេរោគចែកជូនប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និងអង្គការក្នុងស្រុកមួយចំនួនដោយឥតគិតថ្លៃ ក្នុងគោលបំណងចូលរួមលើកស្ទួយសុខភាពសាធារណៈក៏ដូចជាសកម្មភាពសប្បុរសធម៌ក្នុងសង្គមស្របពេលដែលប្រទេសយើងកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺ កូវីដ១៩កាលពីពេលកន្លងទៅ។
ជាចុងក្រោយ លោកស្រីសូមផ្តែផ្តាំដល់អ្នកដែលមានបំណងចង់ក្លាយជាសហគ្រិនឲ្យលើកទឹកចិត្តខ្លួន ឯងកុំភ័យខ្លាចនឹងការចាប់ផ្តើមដើម្បីអ្វីដែលខ្លួនស្រឡាញ់។ ម្យ៉ាងវិញទៀត ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំគំរូមួយរូប យើងត្រូវស្វែងយល់ពីអ្វីដែលយើងចង់ធ្វើឱ្យបានច្រើន ទោះបីមិនអនុវត្តផ្ទាល់ក៏ដោយ ព្រោះអ្នកដឹកនាំត្រូវណែនាំ និងផ្តល់ដំណោះស្រាយឱ្យក្រុមការងារគ្រប់ផ្នែកគ្រប់ជាន់ថ្នាក់ ជាពិសេសត្រូវបង្កើតបរិយាកាសកន្លែងការងារឱ្យដូចផ្ទះទី២សម្រាប់ពួកគាត់៕
Article by SOVRIN