ព្រឹត្តិការណ៍បើកជាផ្លូវការកម្មវិធី «មួយម៉ឺនអាល័យលើកទី៧» ឆ្នាំ២០២៣
NEWS 12 months agoនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្មវិធី «មួយម៉ឺនអាល័យលើកទី៧» រៀបចំដោយក្រុមព្រះសុរិយា បានបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ(CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)។ កម្មវិធីមួយម៉ឺនអាល័យលើកទី៧នេះ បានផ្តោតលើប្រធានបទសំខាន់គឺការ អបអរសាទរខួបលើកទី៧០ នៃទិវាឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ១៩៥៣ និងជាការអបអរសាទរ ព្រះរាជសម្ភពលើកទី៧០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត។ មិនតែប៉ុណ្ណោះ កម្មវិធីក៏មានការចាក់បញ្ចាំងភាពយន្តខ្មែរ ការតាំងពិព័រណ៍ព្រះរាជសកម្មភាព វង់តន្រ្តីរាជសង្គមខ្មែរ មហោស្រពចាប៉ីដងវែង និងមហោស្រពអាហារបួស រួមទាំងផ្សារសិប្បកម្មផលិតផលខ្មែរផងដែរ។
សូមជម្រាបជូនថា កម្មវិធី «មួយម៉ឺនអាល័យលើកទី៧» នឹងប្រព្រឹត្តឡើងមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ប្រិយមិត្តអាចចូលរួមទស្សនាផ្ទាំងទស្សនីយភាពនានា និងការចាក់បញ្ចាំងភាពយន្ត ក៏ដូចជាការសម្តែងផ្សេងៗទៅតាមកាលបរិច្ឆេទខាងលើនេះ ដោយសេរី ឥតគិតថ្លៃផងដែរ៕
Article by SOUNG SOKSAN