ព្រោះតែស្រលាញ់ អាណិតសត្វចិញ្ជឹម យុវជនមួយក្រុមបង្កើតមូលនិធិជួយ ស្ថាប័នសប្បុរសធម៌សង្គ្រោះសត្វដែលកំពុងខ្វះខាត
NEWS 5 months agoសមាជិកគ្រួសារដើរជើង ៤ ដែលមានភាពស្មោះត្រង់ មិនចេះសុំលុយ មិនចេះទាមទារអ្វីច្រើនក្រៅពីក្ដីស្រលាញ់ និងជួយកាត់បន្ថយស្ត្រេសដល់សមាជិកគ្រួសារផ្សេងទៀតពីការងារនោះគឺ គ្មានអ្នកណាក្រៅពីសត្វ សត្វចិញ្ចឹមដ៏គួរស្រលាញ់របស់យើង ឆ្កែ និង ឆ្មានេះឯង។ សមាជិកគ្រួសារទាំង ២ ប្រភេទនេះមានមនោសញ្ចេតនាខ្លាំងណាស់ជាមួយមនុស្ស ជាពិសេសជាមួយនឹងម្ចាស់របស់ពួកវា បើទោះបី ពេលខ្លះពួកវាត្រូវបានគេបោកបញ្ឆោត ធ្វើបាប ឬមិនខ្វាយខ្វល់យ៉ាងណាក៏ដោយ ក៏នៅក្នុងចិត្តពួកវានៅតែចាត់ទុកម្ចាស់ថាជានិមិត្តរូប ជាមនុស្សល្អ និងនៅតែគោរពស្រលាញ់ម្ចាស់រហូតដល់ដង្ហើមចុងក្រោយ។ យ៉ាងណាមិញភាពស្មោះត្រង់របស់ សត្វទាំងពីរប្រភេទនេះជារឿយៗបែរជារងនូវការតបស្នងមកវិញមិនស្មើរភាព ដោយការបោះបង់ចោលពីសំណាក់ម្ចាស់មួយចំនួន នៅពេលដែលពួកវាលែងមានប្រយោជន៍ លែងមានសម្រស់ និង លែងមានអ្នកត្រូវការនៅក្នុងក្រុមគ្រួសារ ហើយបានធ្លាក់ខ្លួនក្លាយជាសត្វអាណាថារស់នៅតាមចិញ្ចើមផ្លូវប្រកបដោយគ្រោះថ្នាក់គ្រប់ពេលវេលា។ ក៏ប៉ុន្តែ ជាសំណាងល្អ មនោសញ្ជេតនារបស់ពួកវាក៏ត្រូវបានមនុស្សល្អមើលឃើញ ហើយបានយកវាមកចិញ្ចឹមចងក្រងជាសហគមន៍មួយក្រោមឈ្មោះថា អង្គការ សមាគម និងស្ថាប័នសប្បុរសធម៌។ សព្វថ្ងៃនេះ នៅប្រទេសកម្ពុជាយើងចាប់ផ្ដើមមាន ស្ថាប័នសប្បុរសធម៌និង សមាគមសង្គ្រាះសត្វអាណាថាកាន់តែច្រើនឡើងៗបាននិងកំពុងដំណើរការ និងកំពុងចិញ្ចឹមឆ្កែឆ្មាអាណាថារាប់រយក្បាល។ បើទោះបីជាយ៉ាងនេះក្ដី ដោយសារតែមានបញ្ហាផ្នែកហិរញ្ញវត្ថុ ស្ថាប័នសប្បុរសធម៌ឬសមាគមមួយចំនួនកំពុងតែជួបផលលំបាកខ្លាំងក្នុងការចិញ្ចឹមសត្វដែលមានស្មោះត្រង់ជាមួយនឹងម្ចាស់ទាំងអស់នេះ។
ដោយមើលឃើញពីបញ្ហានេះ កញ្ញា ស៉ីទិត្យាដារីយ៉ា ដែលជានិស្សិតកំពុងរៀននៅសាកលវិទ្យាល័យមួយ ក៏ចាប់ផ្ដើមមានគំនិតបង្កើតនូវមូលនិធិដើម្បីស្វែងរកថវិការជួយដល់ស្ថាប័នសប្បុរសធម៌សង្គ្រោះសត្វចិញ្ចឹមដែលកំពុងតែខ្វះខាត។ ដោយមានការគាំទ្រពីមិត្តភក្កិ រៀមច្បង និងការផ្ដល់យោបល់ពីមនុស្សជុំវិញខ្លួន មូលនិធិមួយដែលមានឈ្មោះថា “សុនក” ក៏បានលេចរូបរាងឡើងនៅដើមឆ្នាំ ២០២៤ នេះ។ ស៉ី ទិត្យាដារីយ៉ា ដែលជាអ្នកផ្ដួចផ្ដើមគំនិត និងជាអ្នកស្រលាញ់សត្វមួយរូបដែរនោះ បង្កើតមូលនិធិ “សុនក” ដើម្បីគៀងគងថវិការពីសប្បុរជនតាមរយៈបណ្ដាញសង្គម រួចយកទៅបែងចែកឲ្យស្ថាប័នសប្បុរសធម៌នានានៅកម្ពុជា។ ស្ថាប័នសប្បុរសធម៌ដែលពួកគេបាន និងកំពុងជួយរួមមាន៖ Stay Animal Rescue, Dirty Paws, Paw Family Cambodia, Monich Loung ហើយក៏នឹងសិក្សាស្វែងរកបន្ថែមទៀតផងដែរ។ គិតរហូតមកដល់ដែលសូវរីនបានជួបជាមួយពួកគេ ថវិការដែលប្រមូលបានពេលនេះមានចំនួនជាង ២ ពាន់ដុល្លារ។ ដារីយ៉ា បានឲ្យដឹងថា ថវិការទាំងនេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការទិញចំណីសត្វ ថ្នាំសង្កូវ និងសម្ភារសត្វផ្សេងៗទៀតដែល ស្ថាប័នសប្បុរសធម៌ដៃគូ ខ្វះខាត។ លោក អ៊ុយ សុភាប្រាជ្ញា ដែលជាសមាជិកក្រុមមួយរូបដែរនោះ បានបង្ថែមថា “សុនក” បង្កើតឡើងមិនត្រឹមតែស្វែងរកថវិការដើម្បីជួយស្ថាប័នសប្បុរសធម៌តែប៉ុណ្ណោះទេ តែក្រុមការងារក៏មានបំណងចង់ធ្វើយុទ្ធាការផ្សព្វផ្សាយឲ្យប្រជាជនខ្មែរបញ្ឈប់ការបរិភោគសាច់ឆ្កែផងដែរ។ ឆ្លងកាត់ការចុះទៅមូលដ្ឋានដើម្បីសិក្សាពីការយល់ឃើញរបស់ប្រជាជន ប្រាជ្ញាបានសម្ដែងការខកចិត្តយ៉ាងខ្លាំងពីការយល់ឃើញខុសរបស់ប្រជាជនខ្មែរតាមជនបទទៅលើសត្វឆ្កែ ដែលជារឿយៗពួកគេបានបរិភោគសាច់វាដើម្បីតែចម្អែតក្រពះមួយពេលហើយលោកក៏សង្ឃឹមផងដែរថា តាមរយៈ “សុនក” អាចនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនមួយចំនួនឲ្យឈប់បរិភោគសាច់ឆ្កែតទៅទៀត។ យ៉ាងណាមិញដើម្បីឲ្យមានវិធានការកាន់តែមានប្រសិទ្ធិភាព ប្រាជ្ញា ក៏ចង់ឃើញផងដែរពីការចូលរួមរបស់រដ្ឋាភិបាលតាមរយៈការបង្កើតច្បាប់ហាមមិនឲ្យបរិភោគសាច់ឆ្កែនិងឆ្មាដូចតាមបណ្ដាប្រទេសជឿនលឿនជាច្រើននៅលើពិភពលោក។
មានសមាជិកចំនួន ៧ នាក់ដែលសុទ្ធសឹងតែជានិស្សិតកំពុងបន្តការសិក្សានិងជាអ្នកស្រលាញ់សត្វ ក៏ប៉ុន្តែពួកគេមានឆន្ទៈក្នុងការចូលរួមចំណែកជួយសង្គម ជាមួយនឹងគម្រោង“សុនក” មួយនេះហើយ ត្រូវបានបែងចែកការងារគ្នាផ្សព្វផ្សាយនិងទាក់ទាញចំណាប់អារម្មណ៍មហាជនឲ្យងាកមកជួយសត្វអានាថាដែលកំពុងតែរងទុក្ខវេទនា។ ចំពោះជំនួយឧបត្ថម្ភពីសប្បុរសជនទាំងអស់ត្រូវបានក្រុមការងារកត់ឈ្មោះ និងបង្ហាញជាសាធារណៈដើម្បីបញ្ជាក់ពីតម្លាភាពនិងសុច្ចរិតភាពទំនុកចិត្តពីម្ចាស់ជំនួយផងដែរ។ តាមរយៈហ្វេសប៊ុកផេកឈ្មោះថា “សុនក-Sonork” សប្បុរសជនអាចចូលរួមបរិច្ចាគថវិការតាមរយៈគណនីធនាគារដែលក្រុមការងារបានបង្ហោះ៕
Article by SONGK