×

ទោះ​បី​ជា​រដូវ​ក្ដៅ​បាន​មក​ដល់​ក៏​ពិត​មែន​ ប៉ុន្តែ​សុភាព​នារី​មិន​គួរ​បោះបង់​នូវ​ការ​ផាត់​មុខ​ដើម្បី​បង្កើ​ន​ភាព​ស្រស់​ស្រាយ​នៅ​លើ​ផ្ទៃ​មុខ​ឡើយ​

FASHION & BEAUTY 1 month ago
 
 

          ជា​ការ​ពិត​ណាស់​នៅ​ពេល​ដែល​រដូវ​ក្ដៅ​បាន​ចូល​មក​ដល់ សុភាព​នារី​មួយ​ចំនួន​តែងតែ​ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​តុបតែង​ផ្ទៃ​មុខ​នោះ​ទេ ដោយ​ពួក​គាត់​លើក​អំណះ​អំណាង​ថា​ ផាត់​មុខ​ធ្វើ​អ្វី​បើ​ក្ដៅ​យ៉ាង​នេះ! ប្រសិន​បើ​អ្នក​មាន​ទម្លាប់​នៃ​ការ​គិត​បែប​នេះ អ្នក​នឹងធ្វើ​ឱ្យ​សម្រស់​​ផ្ទៃ​មុខ​របស់​ខ្លួន​កាន់​តែ​ធ្លាក់​ដុនដាប​ទៅ ហើយ​ពេលខ្លះ​​ធ្វើ​ឱ្យ​អ្នក​ដទៃ​​ដែល​នៅ​ជុំវិញ​​អ្នក ក្រឡេក​មក​ឃើញ​អ្នក​មាន​សភាព​ចាស់​ជាង​អាយុ​ថែម​ទៀត​ផង។ ប៉ុន្តែ​ពេល​ខ្លះ​សុភាព​នារី​​មួយ​ចំនួន​មិន​បាន​យល់​ដឹង​ពី​ការ​ផាត់​មុខ​សម្រាប់​រដូវកាល​នី​មួយ​ឡើយ បើ​តាម​អ្នក​ជំនាញ​​ខាង​​ផ្នែក​​ប្រាប់​មុខ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ការ​ផាត់មុខ​មិន​ធ្វើ​ឡើង​តែ​មួយ​របៀប​​ហើយ​ប្រើ​ក្នុង​​រដូវ​កាល​ណា​ក៏​បាន​នោះ​ទេ។ ជាក់​ស្ដែង​ការ​ផាត់​មុខ​ក៏​មាន​ការ​បែងចែក​រ​បៀប​​ផាត់​​ទៅ​​តាម​​រដូវ​កាល នឹង​កម្មវិធី​ដែល​អ្នក​ត្រូវ​ទៅ​ចូល​រួម​ផង​ដែរ។ ដូច​ដែល សូវរីន ធ្លាប់​​បាន​​ធ្វើ​ការ​​បង្ហាញ​​ជូន​​​ពី​របៀប​នៃ​ការ​ផាត់​ទៅ​តាម​កម្មវិធី​នីមួយៗ ដល់​ប្រិយមិត្ត​បាន​ជ្រាប​កាល​ពី​លេខ​មុនៗ​ កន្លង​មក​ហើយ ប៉ុន្តែ​ដោយ​ឡែក​សម្រាប់​លេខថ្មី​នេះ សូវរីន សូម​បង្ហាញ​ពី​​របៀប​នៃ​​ការ​ផាត់​​ក្នុង​​រដូវ​​ក្ដៅ ព្រម​ជា​មួយ​ការ​ធ្វើ​ម៉ូដ​សក់​បែប​សាមញ្ញៗ ប៉ុន្តែ​បង្កប់ទៅ​ដោយ​ភាព​ទាន់​​សម័យ​​ទៅ​​តាម​​​រដូវកាល​នេះ​ផង​ដែរ។

សម្រាប់​ទំនោរ​និយម​នៃ​ការ​ផាត់​មុខ​ក្នុង​រដូវ​ក្ដៅ​នេះ សុភាព​នារី​មិន​ចាំ​បាច់​លាប​​ម្សៅ​ទ្រនាប់ ឬ​ផាត់​ម្សៅ​​ក្រាស់ៗ​ពេក​នោះ​ទេ ព្រោះ​វា​អាច​បណ្ដាល​​ឱ្យ​​កកម្សៅ​មើល​​ទៅ​មិន​​ស្រស់​ស្រាយ​។ មុន​នឹង​ផាត់​ប្រើ​ម្សៅ​ទ្រនាប់ អ្នក​គួរតែ​លាប​ប្រភេទ​ក្រែម​ការ​ពារ​កម្ដៅ​ថ្ងៃ​ដើម្បីបង្កា​​ការ​​​កើត​រោល​​ឬ​​រមាស់​នៅ​លើ​ស្បែក​មុខ។ ដោយ​ឡែក​ចំពោះ​ការ​ផាត់​ពណ៌​ត្របកភ្នែក ជា​​ដំបូង​​អ្ន​ក​​ត្រូវ​យក​Concealer មក​លាប​ជុំវិញ​ត្របក​ភ្នែក​ខាង​លើ និង​ខាង​ក្រោម​ជា​​មុន​​សិន​​ដើម្បី​​បិទ​បាំង​ភាព​ស្លក់​ខ្មៅ​នៃ​រង្វង់​ភ្នែក។ បន្ទាប់​មក​ចូរ​អ្នក​យក​ពណ៌សាច់ ឬ​ពណ៌​ពងមាន់​ស្រាល​​ដែល​​មាន​​​ជាតិ​​ស្អិត​នឹង​ភ្លឺ​បន្តិច​មក​លាប​ពី​លើ​ត្របកភ្នែក និង​ក្រោម​ត្របក​ភ្នែក​ដូច​គ្នា​ហើយ​បន្ថែម​​ពី​លើ​នូវ​ពណ៌​ទឹកក្រូច​ស្រាល ព្រោះ​​ពណ៌​នេះ​​ហ្នឹង​​ធ្វើ​ឱ្យ​រង្វង់​ភ្នែក​របស់​អ្នក​​ពោរ​ពេញ​​ទៅ​​ដោយ​​ភាព​​ស្រស់ស្រាយ​ក្នុង​រដូវ​ក្ដៅ​នេះ។ បន្ទាប់​មក​សុភាព​នារី​អាច​បន្ថែមជា​មួយ​ការ​លាប​ម៉ាស្ការ៉ា​ ត្រង់​រោម​ភ្នែក​បន្តិច​ដើម្បី​​បង្កើន​​សោភ័ណ​ភាព និង​ភាពទាក់ទាញ​ត្រង់​រង្វង់​ភ្នែក​ឱ្យ​កាន់​​តែ​ស្រស់​ស្អាត​​ទេ្វ​ដង។ ដោយ​ឡែក​​សម្រាប់​​ការ​ផាត់​ពណ៌​ថ្ពាល់​ដ៏​​សក្តិសម​​សម្រាប់​​រដូវ​​កាល​​នេះ​ គឺ​យើង​ត្រូវ​ជ្រើសរើស​យក​​ពណ៌​​ពង់​មាន់​​ស្រាល ហើយ​ផាត់​អូស​ស្រមោល​ពណ៌​សូកូឡា​​ស្រាល​​ដើម្បី​បង្កើត​ត្រេ​មុខ​​ដ៏​​ស៊ីច​ស៊ី​​ពោរ​ពេញ​​ទៅ​ដោយ​ភាព​ស្រស់ស្រាយ​ក្នុង​រដូវ​ក្ដៅ​នេះ។ សម្រាប់​ពណ៌​បបូរមាត់​សុភាព​នារី​អាច​ជ្រើស​រើស​ពណ៌​ទឹកក្រូចស្រាល ព្រោះ​វា​ជា​ពណ៌​ដ៏​​សក្តិសម​បំផុត​ក្នុង​រដូវ​ក្ដៅ​នេះ នៅ​ពេល​ដែល​អ្នក​បាន​លាប​វា​នៅ​លើ​បបូរ​មាត់​ហើយ​នោះ​វា​​នឹង​​ធ្វើ​ឱ្យ​អ្នក​មាន​ទំនុក​ចិត្ត​ក្នុង​ការ​បញ្ចេញ​ស្នាម​ញញឹម​ទៅ​កាន់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន។

ម៉ូដ​​សក់​សម្រាប់​រដូវ​ក្ដៅ​នេះ​ហាក់​មិន​មាន​ភាព​សាំញុំា និង​ស្មុគស្មាញ​ដែល​នាំ​ឱ្យ​សុភាព​​នារី​ពិបាក​ក្នុង​ការ​តុបតែង​នោះ​ឡើយ​ពោល​គឺ សុភាព​នារី​គ្រាន់​តែ​ច្រូង​សក់​ទៅ​ក្រោយ​ឱ្យ​​អស់​ហើយ​បន្ថែម​​ជា​មួយ​ជែល​ដែល​ធ្វើឱ្យ​សក់​អ្នក​មើល​ទៅ​សើម​បន្តិចៗ វា​នឹង​បង្កើន​​ភាព​​លេចធ្លោ​ និង​ទាក់ទាញ​យ៉ាង​ខ្លាំង​ក្នុង​រដូវ​ក្ដៅ​នេះ៕​

Article by HENG CHANMAKARA



SUGGESTIONS