×
Image Courtesy: SOVRIN

ស្បែក​ជើង​មិន​មែន​ជា​គ្រឿង​តែង​កាយ​បែប​សាមញ្ញ​នោះ​ទេ​ តែ​វា​ដូច​ជា​វត្ថុ​ទិព្វ​មួយ​ដែល​ជួយ​លើក​សម្រស់​ឲ្យ​នារីៗ​ឱ្យ​ពោរ​ពេញ​ដោយ​ភាព​លេច​ធ្លោ​

 
 

            ស្ត្រី​ដែល​ចូល​ចិត្ត​ស្លៀក​ពាក់​ស៊ី​វិល័យ និង​តែង​តែ​ចង់​បាន​ភាព​ស្រស់​ស្អាត​ជា​ស្រ្តី​ដែល​មិន​អាច​ខ្វះ​បាន​នូវ​ស្បែក​ជើង​ដ៏​ល្អ ពី​ព្រោះ​វា​ជា​គូ​នឹង​ការ​រៀបចំ​ខ្លួន​ឲ្យ​បាន​សក្តិសម។​ ជា​មួយ​នឹង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ស្រ្តី​ចូល​រួម​អភិវឌ្ឍន៍​សង្គម ឬ​រក​ចំណូល​ដោយ​ខ្លួន​ឯង​នោះ ការ​ចំណាយ​ទៅ​លើ​ការ​ទិញ​សម្លៀក​បំពាក់ កាបូប គ្រឿងអលង្ការ គ្រឿងសម្អាង ជា​ពិសេស​អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ​ស្បែក​ជើង​ដែល​ជា​គ្រឿង​លម្អ​របស់​នារី​មិន​អាច​ខាន​បាន។ ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវ​កាល ម៉ាក​នី​មួយៗ​តែង​តែ​ព្យាយាម​​ធ្វើ​ការ​ស្រាវ​ជ្រាវ​ចេញ​ម៉ូដ​ស្បែក​ជើង​ថ្មីៗ​ដែល​តម្រូវ​ទៅ​តាម​ព្រឹត្តិការណ៍ និង​កាលៈទេសៈ​ដែល​សម័យ​គេ​និយម។ ក្នុង​ថ្ងៃ​នេះ​ដែរ សូវរីន សូម​លើក​យក​ប្រធាន​បទ​មួយ​ដែល​និយាយ​អំពី​តើ​សុភាព​នារី​គួរ​ប្រើប្រាស់​ស្បែក​ជើង​អេស្កាប៉ាង​នៅ​ពេល​ណា​បាន​សក្តិសម!



            ស្បែក​ជើង​កែង​អេស្កាប៉ាង​ជា​ស្បែក​ជើង​កែង​ដែល​ស្ថិត​ក្នុង​ប្រភេទ​បែប​ក្លា​ស៊ីក។ វា​មាន​ចុង​កែង​ស្បែក​ជើង​ស្រឡូន (ស្ដើង) មូល​ឬ​ជ្រុង និង​ខ្ពស់។ ភាគ​ច្រើន​វា​មាន​កម្ពស់​ចាប់​ពី 4សង់ទីម៉ែត្រ​រហូត​ដល់ 10សង់ទីម៉ែត្រ (ខ្ពស់បំផុត) ហើយ​កម្ពស់​ដែល​ល្អ​បំផុត​គឺ​ត្រឹម 10សង់ទីម៉ែត្រ ដោយ​សារ​តែ​វា​មិន​ត្រូវ​ការ​ទ្រនាប់​កល់​មុខ​ខ្ពស់ (Platform)។ ជា​ទូទៅ​ផ្នែក​ខាង​មុខ ខាង​ក្រោយ និង​គែម​សង​ខាង​នៃ​ស្បែក​ជើង​គឺ​បិទ​ជិត។ ពេល​ដែល​ពាក់​ហើយ​អ្វី​ដែល​បង្ហាញ​ឲ្យ​ឃើញ​មាន​តែ​ខ្នង​ជើង​ប៉ុណ្ណោះ។ យោង​តាម​សម្ដី​របស់​អ្នក​ជំនាញ​ផ្នែក​រចនាម៉ូដ និង​តាម​ការ​ពិសោធន៍​ទៅលើ​ស្រ្តី​បង្ហាញ​ម៉ូដ​ពេល​ដែល​ពួក​គេ​ដើរ​ដោយ​ពាក់​ស្បែក​ជើង​កែង ជា​ពិសេស​ស្បែក​ជើង​កែង​អេស្កាប៉ាង​ និង​ក្រុម​នារី​មួយ​ក្រុម​ទៀត​ដែល​ពាក់​ស្បែក​ជើង​រាប​ស្មើ លទ្ធផល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ស្រ្តី​ដែល​ពាក់​ស្បែក​ជើង​​​​កែង​អេស្កាប៉ាង​មើល​ទៅ​មាន​ភាព​ទាក់​ទាញ និង​សិច​ស៊ី​ជាង ពី​ព្រោះ​ថា​ស្បែក​ជើង​បែប​នេះ​ធ្វើ​ឲ្យ​ជើង​របស់​នារី​មើល​ទៅ​ស្រឡូន​ (ខុស​ពី​ស្បែក​ជើង​កែង​ផ្សេង​ទៀត ដែល​មិន​សូវ​ធ្វើ​ឲ្យ​ឃើញ​សម្រស់​ជើង និង​សម្រស់​ទាំង​មូល​របស់​នារីលេច​ធ្លោទេ)។ ស្បែក​ជើង​បែប​នេះ​មើល​ទៅ​ដូច​ជា​បុរាណ និង​សាមញ្ញ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ពាក់​មាន​ភាព​ស្រស់​ឆើត​ឆាយ ហើយ​ប្រិយមិត្ត​ក៏​អាច​ជ្រើស​រើស​ពណ៌ និង​ការ​រចនា​ផ្សេងៗ​ដែល​ហាក់​បង្ហាញ​ថា​វា​ទាន់​សម័យ។ អ្វី​ដែល​រឹត​តែ​អស្ចារ្យ​ជា​មួយ​​​​​​​​​​​​​​ស្បែកជើង​ប្រភេទ​នេះ​គឺ​ថា​វា​មិន​រើស​សម្លៀក​បំពាក់​ទេ។ សម្លៀក​បំពាក់​បែប​ណា​ក៏​អាច​ត្រូវ​គ្នា និង​សក្តិសម​ជា​មួយ​វា​ដែរ។ ឧទាហរណ៍​ដូច​ជា​សំពត់​វែង ខ្លី ខោខូវប៊យវែង ឬ​ខោ​សាច់​ក្រណាត់​ត្រឹម​ភ្នែក​គោល​ក៏​បាន។ ក្រៅ​ពី​បង្ហាញ​ភាព​ទាក់​ទាញ លេច​ធ្លោ និង​សិច​ស៊ី វា​ក៏​ធ្វើ​ឲ្យ​នារី​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​មើល​ទៅ​ដូច​អ្នក​អាជីព (Professional) អ៊ី​ចឹង។ ភាគ​ច្រើន​នារីៗ ពាក់​ស្បែក​ជើង​កែង​អេស្កាប៉ាង​នេះ​ពេល​ទៅ​សម្ភាស​ការងារ ទៅ​ធ្វើ​ការ និង​ចូល​រួម​កម្មវិធី​​ពិសេស​ផ្សេងៗ​ដូច​ជា​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ ឬ​បញ្ចប់​ថ្ងៃ​ទទួល​សញ្ញាបត្រ​ជា​ដើម។

            ការ​និយម​តែង​តែ​ផ្លាស់​ប្ដូរ​ទៅ​តាម​សម័យ​កាល ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ប្រកាន់​ខ្ជាប់​នូវ​ការ​តែង​ខ្លួន​ជា​មួយ​ការ​រៀប​ចំ​ខ្លួន​ដោយ​ជ្រើស​នូវ​ម៉ូដ​ដដែលៗ​សម្រាប់​គ្រប់​ព្រឹត្តិការណ៍​នានា​នោះ​ទេ។ ដូច្នេះ​ ប្រិយមិត្ត​គួរ​តែ​ប្រើ​ជម្រើស​ដែល​ខ្លួន​មាន​ទៅ​ជ្រើស​ម៉ូដ​ប្លែក និង​ថ្មីៗ​នៃ​ស្បែក​ជើង​កែង​អេស្កាប៉ាង​នេះ។​ ប៉ុន្តែ​ក៏​មិន​ត្រូវ​ភ្លេច​ដែរ​ថា ពេល​សម្រេច​ចិត្ត​ទិញ​ម៉ូដ​បែប​ណា​នោះ​ត្រូវ​គិត​ពី​ផាសុកភាព​ពេល​ដែល​ពាក់​វា​ជា​ចម្បង៕ 




SUGGESTIONS