×

អ្នក​ច្នៃម៉ូដ​ បីរូប​ បង្អួត​ស្នាដៃ​គ្នា​ក្នុង​កម្មវិធី​ក្រមាអាយដល​អមដោយ​ការ​រចនាម៉ូដ​គួរ​ឱ្យ​ចាប់​អារម្មណ៍

FASHION & BEAUTY 6 years ago
 
 

          កាលពី​ល្ងាច​ថ្ងៃ​ទី១៤ ខែ​កក្កដា នេះ នៅ​ទីលានត្បាញក្រមា (វាល​ព្រះ​មេរុ) អ្នក​ច្នៃ​ម៉ូដ​កម្ពុជា​ ៣រូប បាន​បង្ហាញ​ឈុត​របស់​ខ្លួន​ដល់​អ្នក​ទស្សនា​យ៉ាង​ច្រើន​កុះករ ក្នុង​ការប្រឡង​ចម្រៀង​ក្រមាអាយដល(Idol)​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ចលនា Go Go Cambodia ទុក​ជាការ​អបអរ​ដល់​កម្មវិធី បំ​បែក​ឯកទត្តកម្មក្រមាវែង​ជាង​គេលើ​ពិភព​លោក ដែល​កម្ពុជា​ទើប​ទទួល​បាន​កំណត់​ត្រា​កាលពី​ថ្ងៃ​ទី០២ ខែមិថុនា នេះ។

          លោក KEN និស្សិត​ឆ្នាំ​ទី០២ ជំនាញ​ច្នៃ​ម៉ូដ​នៃ​សាកល​វិទ្យា​ល័យ លីមកុកវីង ដែល​ជា​ម្ចាស់​ Collection «Life of Cambodia» កម្រងឈុត​ស្តីពី​សម័យ​កាល​ដែល​កម្ពុជា​បាន​ឆ្លង​កាត់​តាំង​ពី​ដើម​រៀងមក​រហូត​ដល់​បច្ចុប្បន្ន។ ឈុត​ដែល​ប្រើ​ពេល​ផលិត​អស់​២សប្តាហ៍​នោះ បាន​ច្នៃ​លាយ​គ្នា​រវាង​ក្រណាត់​ពណ៌​មាស ខ្មៅ ស និង​ក្រហម ដេរភ្ជាប់​នឹង​ក្រមា​ដោយ​ផ្នែក​ខ្លះ ដែល Ken បាន​អះអាង​ថា បាន​ឆ្លុះបញ្ចាំង​ពី​សេរីភាព និង​ការតស៊ូ​របស់​ប្រជាជន​កម្ពុជា​ពី​សម័យ​កាល​មួយ​ទៅ​មួយ​បាន​យ៉ាង​ច្បាស់​លាស់។ ពោល​ដោយ​ក្តីរំភើប KEN ប្រាប់​ថា គាត់​រំភើប​ចង់​ស្រក់​ទឹក​ភ្នែក​និង​មាន​មោទនភាព​ណាស់​ដែល​បាន​បង្ហាញ​ឈុត​ខ្លួន​ជា​លើក​ទី១​នៅ​ក្នុង​កម្មវិធី បំ​បែក​ឯកទត្តកម្មក្រមាវែង​ជាង​គេលើ​ពិភព​លោក​​នេះ។

Collection "Life of Cambodia"

          ងាក​ទៅ​មើល Collection «Nation of Power» ដែល​យក​ផ្ការំដួល​និង​ពណ៌​ទង់​ជាតិ​ខ្មែរ​ទៅ​ប្រើ​ប្រាស់​លើការ​រចនា​ម៉ូដ​វិញ​ម្តង។ ឈុត​ទាំង​៥​នោះ រចនា​ដោយ​លោក គង់ សុធា និស្សិត​ឆ្នាំ​ទី៤ ជំនាញ​ច្នៃ​ម៉ូដ នៃ​សាកល​វិទ្យា​ល័យ លីមកុកវីង និង​ជា​ម្ចាស់​​រង្វាន់ច្នៃ​ម៉ូដម្នាក់​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍ម៉ាឡេ​ស៊ី Air Asia ។ មិន​ខុស​ពីឈុត​របស់ KEN ប៉ុន្មាន​​ដែរ ទោះ​គ្មាន​ក្រមា​រចនា​លើឈុត​ទាំង​០៥​ក៏​ដោយ ក៏​សម្លេង​ទះ​ដៃ​បាន​បន្លឺ​ឡើង​ថា ពួក​គេ​ក៏​ពេញ​ចិត្ត​នឹង​ឈុត​ផ្ការំដួល​នោះ​ដែរ។ ឈុត​ផ្ការំដួល​ដែល សុធា អះអាង​ថា ខ្លួន​មាន​ចេតនា​បង្ហាញ​ដល់ ស្ត្រី​ខ្មែរ​ពី​ជម្រើស​ម៉ូដស៊ិច​ស៊ី​ដែល​មើល​អាចសក្តិសម​នឹង​ស្រ្តី​ខ្មែរ​ពាក់​បាន។ ក្រៅ​ពីរំភើប​និង​ត្រេកអរ​ដែល​បាន​ក្លាយ​ជា​ចំណែក​នៃ​ព្រឹត្តិការណ៍​នេះ គង់ ក៏​បាន​លួច​ខ្សឹបថា ខ្លួន​កំពុង​បង្កើត​​ម៉ាក​សម្លៀក​បំពាក់​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ​ថា «គង់-KONG»។

Collection "Nation of Power"

          បាន​អានពី​អ្នក​ច្នៃ​ម៉ូដជា​បុរស​ហើយ ចុង​ក្រោយ​នេះ​ទៅ​ដឹងពី​អ្នក​ច្នៃ​ម៉ូតជា​នារី​ម្តង គឺ អ្នក​ជំនាញ​ច្នៃ​ម៉ូដក្រមា ឈុន ម៉ាលៀង នារី​វ័យ​២៣ឆ្នាំ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ទៀត បាន​ប្រើ​ពេល​វេលា​និង​មធ្យោបាយ​ផ្សេងៗ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​ក្រមា នៅ​កម្ពុជា​ឱ្យ​មាន​សន្ទុះ​ខ្លាំង​ឡើង។ Collection ថ្មី ដែល​មាន​ឈ្មោះ​ថា «ក្រមាចម្រុះ​ពណ៌» នេះ បាន​បង្ហាញ​ពីភាពសម្បូរ​បែប​របស់​ក្រមា​សម្រាប់​ប្រើ​ក្នុង​ផ្នែក​ម៉ូដ។ កម្រងឈុត​ដែល​ប្រើ​ពេល​ផលិត​មួយ​សប្តាហ៍​នេះ ទស្សនិកជន​បាន​ទះ​ដៃ​សាទរគ្រប់ៗ​គ្នា ជា​ពិសេស​ឈុត អប្សរាក្រមា តែ​ម្តង។ Collection នេះ ម៉ាលៀង បាន​ច្នៃ​ក្រមា​លាយជា​មួយ​ក្រណាត់​ផ្សេង​ទៀត ដែល​ខុស​ពីឈុត​មុនៗ ម៉ាលៀង បាន​ប្រើ​ក្រមា​ទាំង​អស់​តែ​ម្តង លើក​លែងឈុត អប្សរាក្រមា ចេញ​ដែល ម៉ាលៀង នៅ​រក្សា​ការ​ប្រើ​ក្រមា​ទាំង​អស់​ដ​ដែល។ អ្នក​ច្នៃ​ម៉ូត​ដែល​មាន​ឱកាស​បង្ហាញ​ឈុតក្រមា​របស់​ខ្លួន​ទាំង​អស់​ដល់​ទៅ​៦ដងមក​ហើយ​នេះ ក៏​រំភើប​និង​បាន​សម្តែង​មនោសញ្ចេតនា​អរគុណ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ដែរ ជា​ពិសេស​ឱកាស​ដែល​បាន​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍ បំ​បែក​ឯកទត្តកម្មក្រមាវែង​ជាង​គេលើ​ពិភព​លោក របស់​កម្ពុជា​នៅ​ពេល​នេះ​។ ក្រៅ​ពីតារា​បង្ហាញ​ម៉ូដ អ្នក​ច្នៃ​ម៉ូដ បេក្ខជន​ប្រឡង​ចម្រៀង កម្មវិធី​​នោះ​ក៏​មាន​សិល្បករល្បី​ផ្សេងៗ​ទៀត​ចូល​រួម​ជា​ច្រើន​ដូចជា កញ្ញា ចំរើន សុភា លោក ទីងតុង និម្មិត្ត លោក សេម រ៉ក់ខ័រ ហើយ​ជា​ពិសេស វីរសិល្បការិនី​ខ្មែរ លោក​ស្រី ឌី សាវ៉េត ក៏​បាន​ផ្តល់​កិត្តិយស​ធ្វើ​ជាគណៈកម្មា​ដាក់​ពិន្ទុ​ដល់​បេក្ខជន​ប្រឡង​ផង​ដែរ ​ហើយ​ពានរង្វាន់​ក្រមាអាយដល​បាន​ទៅ​លើ​បេក្ខជន ជា សេងហ័រ ច្រៀង​បទ អង្គុលីមាល៍៕

Collection "ក្រមាចម្រុះ​ពណ៌"

Article by SVAY LEEMENG


SUGGESTIONS